លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បង្ហាញ«ការព្រួយបារម្ភយ៉ាងខ្លាំង»អំពីអំពើហិង្សាដែលបន្តកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា និងស្នើជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ដែលមេដឹកនាំអាស៊ាន បានឯកភាព កាលពីខែមេសា ឆ្នាំមុន។
ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបលើកទីពីរ ដែលធ្វើតាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃពុធ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ដែលបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត កាលពីដើមខែកុម្ភៈ ឆ្នាំមុន។
លទ្ធផលនៃជំនួបខាងលើនេះ រួមមានការជំរុញអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ការស្នើឲ្យអាជ្ញាធរមីយ៉ាន់ម៉ាសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា ការបញ្ឈប់អំពើហិង្សា និងគោរពតាមបទឈប់បាញ់គ្នា និងកិច្ចសហប្រតិបត្តិការក្នុងការនាំយកជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញអំពើហិង្សាដែលបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា…»។
វីអូអេ មិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជានៅឡើយទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
កាលពីថ្ងៃទី៧ ខែមករា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយជួបជាមួយមេដឹកនាំយោធា។ ប៉ុន្តែដំណើរទស្សនកិច្ចនេះ ត្រូវបានរិះគន់ថា មិនបានពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានផ្សេងទៀត និងបង្ហាញការទទួលស្គាល់មេដឹកនាំយោធាដែលបានធ្វើរដ្ឋប្រហារ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាមីយ៉ាន់ម៉ា បានបង្កជាឧបសគ្គមួយចំនួនសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ដោយសារបញ្ហានេះ ជះឥទ្ធិពលអវិជ្ជមានដល់អាស៊ាន ស្របពេលមានការខ្វែងគំនិតគ្នាក្នុងចំណោមមេដឹកនាំអាស៊ានលើយន្តការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
យ៉ាងណាក្តី លោកសង្កត់ធ្ងន់ពីសារៈសំខាន់នៃការជំរុញលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងសុច្ឆន្ទៈរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ានៅក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេសខ្លួន។
លោកថ្លែងថា៖ «បញ្ហានេះ គឺវាចំណុះលើមេដឹកនាំយោធាភូមាខ្លួនឯងផ្ទាល់ថា តើមានការប្តេជ្ញាចិត្ត សុឆន្ទៈ និងភាពស្មោះត្រង់កម្រិតណានៅក្នុងការអនុវត្តកិច្ចព្រមព្រៀងកុងសង់ស៊ីសទាំង៥ចំណុច ដែលមេដឹកនាំយោធាភូមាលោក Min Aung Hlaing ខ្លួនឯងបានចុះហត្ថលេខាជាមួយនឹងមេដឹកនាំដទៃទៀត»។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) លោក ឈាង វណ្ណារិទ្ធ លើកឡើងស្រដៀងគ្នានេះផងដែរថា ទោះបីជាមានការសម្របសម្រួលពីកម្ពុជាក៏ដោយ ក៏ស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ា នឹងមិនមានភាពប្រសើរឡើងនោះទេ ប្រសិនបើមេដឹកនាំយោធា មិនបង្ហាញឆន្ទៈក្នុងការស្វែងរកដំណោះស្រាយ។
លោកថ្លែងថា៖ «អាហ្នឹងវាទាមទារឲ្យមានភាពស្មោះត្រង់ ឲ្យមានឆន្ទៈពិតប្រាកដពីរបបសឹកយោធាដែរ។ កម្ពុជា និយាយឲ្យចំ ខំប្រឹងជួយអស់ហើយ។ អ៊ីចឹង ប្រសិនបើរបបសឹកយោធាមិនជួយខ្លួនឯងទេ មិនដឹងជាធ្វើម៉េចទេ។ អ៊ីចឹង វាអាចធ្លាក់ក្នុងសង្រ្គាមស៊ីវិលយូរឆ្នាំ ហើយវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ នៅតែបន្ត ហើយប្រជាជនភូមាខ្លួនឯងទេ ដែលជាអ្នកទទួលផលលំបាកខ្លាំង»។
លោកបន្តថា ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជា នឹងបន្តជួយជ្រោមជ្រែង យ៉ាងហោចណាស់លើផ្នែកមនុស្សធម៌ ប្រសិនបើ ទោះបីជា មិនអាចទប់ស្កាត់នូវអំពើហិង្សា ឬរក្សាបទឈប់បាញ់គ្នានៅប្រទេសមីយ៉ាន់ម៉ាបាននោះក៏ដោយ។
កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ ចំណុច។ ទី១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
នៅក្នុងជំនួបមួយជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងមិនត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ ប្រសិនបើមិនមានការវិវឌ្ឍ ៥ ចំណុច ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នា កាលពីខែមេសា ឆ្នាំមុន។ លោក ហ៊ុន សែន ធ្លាប់អះអាងថា លោកនឹងព្យាយាមនាំប្រទេសមីយ៉ាន់ម៉ាឲ្យបានចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ ដោយថា អាស៊ានត្រូវមាន១០ប្រទេស។
ក្រោយពីបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេន បានការពារថា ការចរចារបស់លោកជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺផ្តោតលើចំណុចទាំង ៥ ដែលបានឯកភាពគ្នា កាលពីពេលកន្លងទៅ ហើយលោកចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការ«បើកផ្លូវ»សម្រាប់ដំណោះស្រាយក្នុងក្របខណ្ឌអាស៊ាន។
គួរកត់សម្គាល់ផងដែរបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ស្រាប់តែមានការកាត់ទោសឱ្យមេដឹកនាំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត គឺអ្នកស្រី Aung San Suu Kyi ជាប់ពន្ធនាគារ៤ឆ្នាំ និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា៕