ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម គាំទ្រ​កម្ពុជា​ជុំវិញ​បញ្ហា​វិបត្តិ​មីយ៉ាន់ម៉ា


រូបឯកសារ៖ ទង់ជាតិ​កម្ពុជា និង​ទង់ជាតិ​វៀតណាម នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម នៅក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០១៦។ (ហ៊ាន សុជា​តា​/វីអូអេ)
រូបឯកសារ៖ ទង់ជាតិ​កម្ពុជា និង​ទង់ជាតិ​វៀតណាម នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម នៅក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០១៦។ (ហ៊ាន សុជា​តា​/វីអូអេ)

កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​រដ្ឋា​ភិបាល​ក្រុងហាណូយ ​បាន​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្នុង​ការ​ដឹកនាំ​កិច្ច​ខិត​ខំ​របស់​អាស៊ាន​លើ​បញ្ហា​ជម្លោះ​មីយ៉ាន់ម៉ា​ នៅ​ចំពោះ​មុខ​នៃ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​រដ្ឋ​សមាជិក​អាស៊ាន​លើ​អភិក្រម​របស់​អង្គការ​ថ្នាក់​តំបន់​នេះ​ ទៅ​នឹង​ជម្លោះ​នេះ។

ការណ៍​នេះ ​នាំ​ឱ្យ​អ្នក​វិភាគ ​មើល​ឃើញ​ថា​ វា​ជា​ការ​យក​ចិត្ត​កម្ពុជា​ ​ដើម្បី​រក្សា​មិត្ត​ភាព និង​ទាញ​ការ​គាំ​ទ្រ​ពាក់​ព័ន្ធរឿង​សមុទ្រ​ចិន​ខាង​ត្បូង ស្រប​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​។

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​រៀប​រាប់​ពី​ជំនួប​រវាង​រូបលោក ​និង​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាមលោក Bui Thanh Son ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ថា៖

«ទាក់ទង​ទៅ​នឹង​ដំណើរ​បំពេញ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេល​កន្លង​ទៅ​នេះ ​ឯកឧត្តម ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) បាន​អបអរ​សាទរ​ចំពោះ​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​សម្តេច​តេជោ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ឯកឧត្តម​ចាត់​ទុក​ថា​ ទស្សន​កិច្ច​នេះ គឺ​មាន​សារៈ​សំខាន់​សម្រាប់​ការងារ​អាស៊ាន​ ហើយ​ឯកឧត្តម​មាន​ការ​គាំទ្រ​ចំពោះ​សកម្មភាព​ដែល​សម្ដេច​តេជោ​ បាន​ចូល​រួម​ចំណែក​ជួយ​ដល់​មីយ៉ាន់ម៉ា​នោះ»។

រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ទទួល​ញញួរ​ប្រធាន​ប្តូរវេន​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​ ជា​លើក​ទី​៣ បន្ត​ពី​ប្រទេស​ព្រុយណេ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួននៅ​ឆ្នាំ​២០២១​នេះ។ (ហ្វេសប៊ុក/ទំព័រ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)
រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ទទួល​ញញួរ​ប្រធាន​ប្តូរវេន​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​ ជា​លើក​ទី​៣ បន្ត​ពី​ប្រទេស​ព្រុយណេ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួននៅ​ឆ្នាំ​២០២១​នេះ។ (ហ្វេសប៊ុក/ទំព័រ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)

ដោយ​ឡែក​ លោក ហ៊ុន សែន ដែល​ជា​ប្រធានប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០​២២​នេះ​ នៅ​តែ​បន្ត​លើក​ឡើង​ថា ​នៅ​មាន​ការ​ងារ​ជា​ច្រើន​ទៀត​ដែល​អាស៊ាន​ត្រូវ​យក​មកធ្វើ​ ​ខណៈ​អាស៊ាន​មិន​មែន​ជា​ចំណាប់​ខ្មាំង​នៃ​មីយ៉ាន់​ម៉ា​ឡើយ​។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​បង្ហោះសារ​លើ​គណ​នី​យ​ហ្វេស​ប៊ុក​របស់​លោកថា៖ ​«​អាស៊ាន​ មាន​ការងារ​ធ្វើជា​ច្រើន​ មិនមែន​មានតែរឿង​មីយ៉ាន់​ម៉ា​នោះទេ​។ ​អាស៊ាន​ មិនមែន​ជាចំណាប់ខ្មាំង​នៃ​មីយ៉ាន់​ម៉ា​ឡើយ តែយើង​នៅតែ​បន្តខិត​ខំជួយ​ដល់​មីយ៉ាន់​ម៉ា​ តែការងារ​ដែល​អាស៊ាន​ត្រូវ​ធ្វើ​ គឺ​មាន​ជា​ច្រើន​ទៀត»។

កាលពី​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០២២ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ទៅ​ជួប​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​បន្ទាប់​ពី​របប​យោធា​ភូមា ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ កាល​ពី​ដើម​ឆ្នាំ​២០២១ ហើយ​លោក​ ក៏​បាន​បង្ហាញ​ជំហរ​ចង់​នាំ​មេដឹកនាំ​របប​សឹក​ចូល​ប្រជុំ​អាស៊ាន​វិញ​ផង​ដែរ។ ជំហរ​នេះ​ ហាក់​បាន​រង​ការ​ជំទាស់​ពី​បណ្ដា​រដ្ឋ​សមាជិក​មួយ​ចំនួន។

លោក វណ្ណ ប៊ុន​ណា អ្នក​ស្រាវជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព ​មើល​ឃើញ​ថា ការ​ប្រកាស​គាំ​ទ្រ​របស់​វៀត​ណាម​នេះ គឺ​ដោយ​សារ​តែ​ប្រទេស​វៀត​ណាម ព្យាយាម​យក​ចិត្ត​កម្ពុជា​ ស្រប​ពេល​កម្ពុជា​មា​ន​ទំនោរ​ងាក​ទៅ​ចិន​ និង​ព្យាយាម​ងាក​ចេញ​ពី​ឥទ្ធិ​ពល​របស់​ខ្លួន​។ ​

ម្យ៉ាង​វិញ​ទៀត​ គោល​នយោ​បាយ​យូរ​អង្វែង​របស់​វៀត​ណាម ​មើល​ឃើញថា​ កម្ពុជា​ជា​ដែន​ឥទ្ធិ​ពលដ៏សំខាន់​របស់​ខ្លួន​នៅ​ក្នុង​ភូមិសាស្រ្ត​នយោ​បាយ​តំបន់​ឥណ្ឌូ​ចិន​ ដើម្បី​ព្យាយាម​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន និង​ទប់​ទល់​ឥទ្ធិ​ពល​ចិ​ន ខណៈកម្ពុជា​ ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ អាច​នឹងយក​រឿងសមុទ្រ​ចិន​ខាង​ត្បូង​មក​ចរចា​។ នេះ​បើ​តាម​លោក វណ្ណ ប៊ុនណា។

លោក​ថ្លែង​ថា​៖ «​ចង់​មិនចង់​ ដើម្បី​ទប់​ទល់​ឥទ្ធិ​ពល​ចិ​នមួយ​ចំនួន អ៊ីចឹង​វៀត​ណាម​ត្រូវ​តែព្យាយាម​ពង្រឹង​ឥទ្ធិពលរបស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​ហ្នឹង​។ អ៊ឺចឹង​ទេ កម្ពុជា​ ជា​សម្ព័ន្ធ​មិត្ត​ចាស់ ​ត្រូវ​តែ​រក្សាទំនាក់​ទំនង​ល្អ ហើយ​ចង់​មិនចង់ វៀត​ណាម​ត្រូវ​តែ​គាំ​ទ្រ​គោល​នយោបាយ​របស់​កម្ពុជា ទៅលើ​ដំណោះ​ស្រាយ​វិបត្តិ​ភូមា​»។

លោក​ថ្លែង​បន្ត​ប្រាប់​វីអូអេ​ថា៖ «​អ៊ឺចឹង​ទេ ​ចង់​មិនចង់ វៀត​ណាម ​គឺ​ចង់​ស្តារទំនាក់​ទំនង​កម្ពុជា​ឲ្យ​ល្អ​ឡើង​វិញ​ផង​ដែរ​ ជាមួយ​គណបក្ស​កាន់​អំណាច​។ ​ជា​ពិសេស ​អ្វី​ដែលកត់​សម្គាល់​ គឺ​ទាក់​ទង[ការ​ដែល​]ឲ្យ​មាន​ជំនួប​រវាង​កូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​មេដឹកនាំ​កំពូល​ៗ​របស់​វៀត​ណាម​។ អ៊ីចឹង​ស​ឲ្យ​ឃើញ​ថា​ វៀត​ណាម​ ហើយ​កម្ពុជា​ ព្យាយាម​បង្ហាញ​ទំនាក់​ទំនង​ល្អ ក៏​ប៉ុន្តែ​កម្ពុជាក្នុង​ន័យ​ហ្នឹង ​គឺព្យាយាម​ចាប់​ទាំង​វៀត​ណាម​ផង​ ចាប់ទាំង​ចិនផង​ ធ្វើ​ម៉េច​ឲ្យមាន​តុល្យការ​រវាង​អំណាច​ពេល​ថ្មីហ្នឹង​»។

លោក​សង្កត់​ធ្ងន់​ថា​ កម្ពុជា ​ត្រូវ​តែ​ពង្រឹង​តួនាទី​របស់​ខ្លួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ដោយ​ធ្វើ​ឲ្យ​មាន​សាម​គ្តី​ភាព ​ឯក​ភាព​ និង​ការរួប​រួម​គ្នា ​ខណៈអាស៊ាន​កំពុង​មាន​ការ​បែក​បាក់​ដោយ​សារ​ការខ្វែង​គំនិត​គ្នា ​ជុំវិញ​ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ទៅ​ប្រទេសមីយ៉ាន់​ម៉ា​ ដែល​គ្រប់គ្រង​ដោយ​របប​យោធា​នោះ។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AFP)

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ប្រាប់​វីអូអេ​ថា ជំហរ​ដែល​វៀត​ណាម​គាំ​ទ្រ​កម្ពុជា ​ពាក់​ព័ន្ធ​ប្រទេសមីយ៉ាន់​ម៉ានេះ​ គឺដោយ​សារ​តែការ​យក​ចិត្ត​របស់​កម្ពុជា​ក្នុងការ​បញ្ចប់​អំពើ​ហិង្សា​នៅ​ភូមា។ ហើយ​ទាក់​ទិន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង លោក​ថា​ កម្ពុជា​ គ្មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ទេ​។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «វៀត​ណាម​បាន​បង្ហាញ​ជំហរ ការ​គាំទ្រ​ នៃ​ការ​ប្រឹង​ប្រែង​របស់​សម្តេច​តេជោ​ ក៏ដូចជា​កម្ពុជាក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​សន្តិ​ភាព យក​ចិត្ត​ទុកដាក់​អំពី​ការ​បញ្ចប់​អំពើ​ហិង្សានៅ​ភូមា​។ ហើយ​ជំហរ​អាស៊ាន ដែល​ក្មួយ​និយាយ​អំពីឈូង​សមុទ្យ​ចិន​ខាង​ត្បូង​ គឺ​ប្រធានអាស៊ាន​ គឺអត់​មាន​អំណាច​ណា ទៅ​ចង្អុល​យ៉ាង​ម៉េច​នោះទេ​។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ប្រធាន​អាស៊ាន រៀប​ចំនូវ​ការ​អនុវត្ត​ នូវ​ក្រម​ប្រតិបត្តិ​នៃ​ដំណោះស្រា​យ នៃ​វិបត្តិ​ឈូងសមុទ្រចិនខាង​ត្បូង តាម​រយៈ​វេទិកា​ជជែកគ្នា​»។

លោកបញ្ជាក់​ថា ប្រទេស​កម្ពុជា គឺ​តែងតែប្រើ​«គោល​នយោ​បាយ​មិត្ត​ជិត​ខាង​ល្អ» និង​ «គោល​ការណ៍​សន្តិ​សហ​វិជ្ជ​មាន» ជា​មួយ​បណ្តាប្រទេស​ទាំង​អស់ ដោយគោរពគ្នា​ទៅវិញ​ទៅមក​ និងមិនលូក​ចូល​ផ្ទៃ​ក្នុង​ប្រទេស​ណា​មួយ​នោះ​ទេ។​

វីអូអេ ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​តាម​សារ​អ៊ីម៉ែល​ពី ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​កម្ពុជា ​បាន​នៅឡើយ​ទេ។​

អ្នក​វិភាគ​នយោ​បាយ​ លោក សេង សារី ក៏បាន​មើល​ឃើញ​ដំណើរ​ទស្ស​នកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ទៅ​មីយ៉ាន់ម៉ា​នេះ មានមតិ​ពីរ​ផ្ទុយ​គ្នា​ ​ដោយមតិ​ខ្លះ​គាំ​ទ្រ​ និ​ង​មតិ​ខ្លះ​រិះគន់ខ្លាំង​ៗ​។​

ប៉ុន្តែលោកថា ​បញ្ហាមីយ៉ាន់​ម៉ានេះ គឺជាកិច្ច​កា​រមួយ​ដ៏​ធំ​ដែល​សមាជិក​អាស៊ាន​គួរ​តែ​យកមកជជែក​គ្នា​ រក​ដំណោះ​ស្រាយ ​ជា​ជាង​ការស្តី​បន្ទោស និងយក​តែ​ភាព​អាត្មា​និយម​រៀង​ៗ​ខ្លួន​។ ​ម្យ៉ាង​ទៀត​អាស៊ាន ត្រូវ​តែផ្តល់​តម្លៃ​ឲ្យ​ស្មើ​មុខគ្នា​ចំពោះប្រទេស​តូច​ៗ​ ឬ​ប្រទេសអន់ថយក្នុង​តំបន់​ និង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការផ្តួច​ផ្តើម​គំនិត​ថ្មី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ។

លោក​ថ្លែង​ថា៖ «បញ្ហា​របស់​ភូមា​ មិន​គួរ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​អាស៊ាន​បែក​បាក់​ទេ។ បញ្ហា​របស់​ភូមា​ ត្រូវ​តែមាន​ដំណោះ​ស្រាយ​ ហើយ​តាម​មធ្យោបាយ​ណា​មួយ​ គឺ​គួរតែ​ជជែក​គ្នា​ក្នុង​កម្រិត​តំបន់​»​។

​នៅ​ចំពោះ​មុខ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​នេះ ភ្លាមៗ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​សៀមរាប ​ត្រូវ​បាន​លើក​ពេល ដែល​ការ​ខក​ខាន​មិន​បាន​រៀប​ចំ​ប្រជុំ​នេះ ​នាំ​ទៅ​ដល់​ការ​ពន្យារ​ពេល​ប្រថាប់ត្រា​តែង​តាំង​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ធ្វើ​ជា​ប្រេសិត​ថ្មី​របស់​ប្រធាន​អាស៊ាន​លើ​បញ្ហា​ភូមា​ផង​ដែរ៕

XS
SM
MD
LG