ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​ចូល​រួម​ថ្លែង​ក្នុង​​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អនាគត​អាស៊ី​នៅ​​ជប៉ុន 


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្មចិន​ ជា​លើក​ទី២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA Khmer)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្មចិន​ ជា​លើក​ទី២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA Khmer)

អ្នក​វិភាគ​យល់​ឃើញ​ថា​ វត្តមាន​​​របស់​លោក​ហ៊ុន សែន ​នៅ​​ជប៉ុន ​គឺ​ដើម្បី​បង្ហាញ​ថា​ កម្ពុជា​មិន​លម្អៀង​ទៅ​ខាង​ប្រទេស​ណា​មួយ​ឡើយ។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែននឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ដើម្បី​ចូល​រួម​ និង​ថ្លែងក្នុងសន្និសីទ​អន្តរជាតិ​ប្រ​ចាំ​ឆ្នាំ​លើក​ទី​២៥​ស្តី​ពី​អនាគត​របស់​អាស៊ី។ ​នេះ​បើ​យោង​តាម​គេហ​ទំព័រ​កម្ពុជា​ទស្សនៈ​ថ្មី​នៃ​ខុទ្ទកាល័យ​របស់​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន។​

សន្និសីទ​អន្តរជាតិ​ប្រ​ចាំ​ឆ្នាំ​លើក​ទី​២៥​ស្តី​ពី​អនាគត​របស់​អាស៊ី​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣០​ដល់​៣១ឧសភា​ឆ្នាំ​២០១៩​ដែល​ក្នុង​នោះ​សន្និសីទ​នេះ​នឹង​លើក​យក​បញ្ហា​ជា​ច្រើន​ដូច​ជា​សង្គ្រាម​ពាណិជ្ជ​កម្មរវាង​ចិន​ និង​អាមេរិក ​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​យក​ឧត្តមភាព​ខាង​បច្ចេក​វិទ្យា​យោធា ​និង​ការ​កើន​ឡើង​នៃ​ការ​គាំពារ​និយម​ខាង​ពាណិជ្ជ​កម្ម។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បានបញ្ជាក់​ប្រាប់ ​VOA ​អំពី​សារៈ​សំខាន់​នៃវត្តមាន​លោក​ហ៊ុន សែន​នៅ​ក្នុង​សន្និសីទ​នៅប្រទេស​ជប៉ុន​ ដោយ​លើក​ឡើង​ថា៖​

«ទី​មួយ​មាន​ប្រយោជន៍​ជា​កិត្តិយស​ដែល​សម្តេច​ជា​បេក្ខជន​មួយ​ដែល​ខាន​មិន​បាន ​ដែល​ជា​អ្នក​នាំ​មុខ​ ​ ប្រជាប្រិយ​ទាំង​ផ្នែកនយោបាយ​នៅ​តំបន់​អាស៊ាន​ ជា​ថ្នាក់ដឹក​នាំ​ផ្លូវការ​នៅ​ក្នុង​អាស៊ាន»។​

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ​ទាំង​លោកផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​រដ្ឋាភិបាល​កម្ពុជា ​និង​ស្ថានទូត​ជប៉ុន ​នៅ​ថ្ងៃ​សុក្រ​នេះ ​មិន​ទាន់អាច​បញ្ជាក់ថា​ លោកហ៊ុន សែននឹង​ជួប​ជាមួយ​មន្ត្រី​ណា​ខ្លះ​នៅ​ឡើយ​ទេ​ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​នេះ។​

សន្និសីទ​អន្តរជាតិ​ប្រ​ចាំ​ឆ្នាំ​លើក​ទី​២៥​ស្តី​ពី​អនាគត​របស់​អាស៊ីគឺ​ជា​ជំនួប​រវាង​មេដឹក​នាំ​ក្នុង​វិស័យ​នយោបាយ ​សេដ្ឋកិច្ច​ អប់រំ​ មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដើម្បី​ចែក​រំលែក​និង​ពិភាក្សាលើ​បញ្ហា​ក្នុង​តំបន់​និង​តួនាទី​របស់​អាស៊ី​ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៥​ ដោយ​ក្រុមហ៊ុន ​Nikkei ​របស់​ជប៉ុន។​

យោង​តាម​គេហទំព័រ​របស់​សន្និសីទ​ស្តីពី​អនាគត​របស់​អាស៊ី លោកហ៊ុន​ សែននឹង​ថ្លែង​សុន្ទរកថា​នៅ​ព្រឹកថ្ងៃទី​៣០​ខែ​ឧសភា​ បន្ទាប់​ពី​នាយករដ្ឋ​មន្ត្រី​បង់ក្លាដែស​លោកស្រី ​Sheikh Hasina​ និង​នាយករដ្ឋ​មន្ត្រី​ប្រទេស​ម៉ាឡេស៊ី ​លោក Mahathir bin​ Mohamad។​

កញ្ញា​ ពេជ្រ ចារ៉ាឌីន​ ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅវិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​ និង​សន្តិភាព​ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ​វត្តមាន​របស់​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នេះ​ គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទនង​ជាមួយ​ជប៉ុន ​រួម​ទាំង​បង្ហាញ​ឲ្យ​ប្រទេស​សម្ព័ន្ធ​មិត្ត​ផ្សេង​ឃើញ​ថា ​កម្ពុជា​មិនមែន​ផ្តោត​លើ​ដៃគូ​តែមួយ​ទេ​ ​ខណៈ​មាន​ការ​យល់​ឃើញ​ថា ​កម្ពុជា​កំពុង​ងាក​ទៅ​រកប្រទេស​ចិន។

កញ្ញា ពេជ្រ ចារ៉ាឌីន​បាន​ប្រាប់ ​VOA ​ថា៖​

«ក្នុង​នាម​សម្តេច​ផ្ទាល់​ដែល​ជា​វាគ្មិន​នៅ​ក្នុង​សន្និសីទ​ហ្នឹង ​វា​កាន់តែ​ផ្តល់​សារៈ​សំខាន់​បន្ថែម​ទៀត​ហើយ​ថា​ ​ការ​មើលឃើញ​ទាំង​អស់​ហ្នឹង​គឺ​វា​ភ្ជាប់​គ្នា​ដើម្បី​ឲ្យ​ចៀស​ឲ្យ​ផុតថា​ ​យើង​មិន​មែន​មាន​តែ​សម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស​មួយ​ហើយ​មិនផ្តោត​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ ​ដូច​ដែល​អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ទេ»។​

លោក​ឈាង​ វណ្ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ ក៏​បាន​លើក​ឡើង​ស្រដៀងនេះ​ដែរ​ថា កម្ពុជា​កំពុង​ព្យាយាម​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ជប៉ុន​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់។​

លោក​បាន​និយាយ​ថា៖​

«ដូច្នេះ​អាហ្នឹង​ជា​សញ្ញា​វិជ្ជមាន​មួយ​ដើម្បី​បញ្ជាក់​ថា​ ​កម្ពុជា​ចង់បាន​មិត្ត​ភក្តិ​ច្រើន ​ហើយ​យើងឃើញ​ថា​ ​ខែ​បួន​គឺ​នៅ​ប៉េកាំង ​ខែ​ប្រាំ​គឺ​នៅតូក្យូ ​អ៊ីចឹង​ទេ​ អាហ្នឹង​គឺ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ ​កម្ពុជា​កំពុងតែ​អនុវត្ត​នូវ​គោល​នយោបាយ​ diversification ចម្រុះ ​និង​ balancing strategies ​យុទ្ធសាស្ត្រ​តុល្យភាព​ ​ហើយ​គឺ​ចិន​និង​ជប៉ុន​ហ្នឹង​ជាដៃគូ​យុទ្ធ​សាស្ត្រ​សំខាន់​របស់​កម្ពុជាហ្នឹងបាទ»។​

លោក​ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​ទទួល​ស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​ជប៉ុន​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​បាន​និយាយ​ប្រាប់ ​VOA ​ថា៖ ​«ដូចច្នេះ​យើង​មើល​ទៅ​ប្រជាជាតិ​ជប៉ុនជា​ប្រជាជាតិ​មួយ​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា​គ្រប់​សម័យ​កាល​ ជាពិសេស​កម្ពុជាតែង​ទទួល​បាន​ការ​ផ្តល់កិត្តិ​យស​ហើយ​នឹង​មេត្រីភាព​ពី​ជប៉ុន​នេះ​ឯង​បាទ»។​

ប្រទេស​កម្ពុជា​គឺស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​គោលដៅ​វិនិយោគ​នាំ​មុខ​របស់​ជប៉ុន ​តាម​រយៈ​គម្រោង​បើក​ផ្លូវ​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​ ​ឬ​ ​Japan Inc។​ គម្រោង​នេះ​បើក​លទ្ធភាព​ដល់​គ្រឹះ​ស្ថាន​ឯកជន​ ​និង​ទុន​វិនិយោគ​គិន​ជប៉ុន​ឆ្ពោះ​មក​កាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

យោងតាម​សារ​អេឡិចត្រូនិក ​ដែល​ VOA​ បាន​ទទួល​ពី​លោក​ ​Suzuki​ ​Hironori​ ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​ស្ថានទូត​ជប៉ុន ​ក្រុមហ៊ុន​ជប៉ុន​នឹង​នៅ​តែ​បន្ត​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ចូល​រួម​ចំណែក​ក្នុង​វិស័យ​អភិវឌ្ឍន៍ ​និង​ទាក់ទាញ​ការ​វិនិយោគពី​ជប៉ុន​ឲ្យ​កាន់តែ​ច្រើន​ជាង​មុន។​

ទាក់ទិន​នឹង​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រីហ៊ុន សែនទៅ​ប្រទេស​ជប៉ុន​នេះ​ សកម្មជន​និង​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ជប៉ុន​គ្រោងនឹង​ធ្វើការប្រមូល​ផ្តុំ​លើក​បដារ​ផ្សេងៗ ​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ចរបស់​លោក​ហ៊ុន សែន​ ​នៅ​ចុង​ខែ​ឧសភា​នេះ។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់ចលនា​សង្រ្គោះ​ជាតិ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ​ដែល​ VOA ​ទទួល​បាន។​

ប៉ុន្តែ​លោកផៃ ស៊ីផានមិន​បាន​បង្ហាញ​ពី​ការ​បារម្ភ​អ្វី​ឡើយ​ចំពោះ​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​នេះ ​ហើយលោក​ថា​ ​វា​ក៏​នឹងមិន​ប៉ះពាល់​ដល់​ដំណើរ​របស់​លោក​ហ៊ុន​ សែន​ទៅ​កាន់​ប្រទេស​ជប៉ុន​នេះ​ដែរ៕

XS
SM
MD
LG