សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយក្រុមបានស្នើ ច្បាប់មួយដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាខណៈសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះហើយឥទ្ធិពលចិនកំពុងតែកើនឡើងជាលំដាប់។
សេចក្តីស្នើច្បាប់នេះហៅថា«ច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងការវិលត្រឡប់វិញនូវការវិនិយោគ» ឆ្នាំ២០១៩ (ហៅកាត់ថា CARI Act ឬS.1468) ត្រូវបានស្នើឡើងវិញជាថ្មីដោយសមាជិកព្រឹទ្ធសភាចំនួន៣រូបដែលមកពីគណបក្សទាំងពីរ គឺលោក លីនស៊ី ហ្ក្រែម (Lindsey Graham) នៃគណបក្សសាធារណរដ្ឋ លោក ឌីក ដឺប៊ីន (Dick Durbin) នៃគណបក្សប្រជាធិបតេយ្យនិងលោក ម៉ាកូ រូប៊ីអូ (Marco Rubio) នៃគណបក្សសាធារណរដ្ឋ កាលពីពាក់កណ្តាលខែឧសភាដើម្បីជំរុញឱ្យអនុវត្តឱ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលកម្ពុជាបានចុះហត្ថលេខាជាមួយនឹងសហគមន៍អន្តរជាតិនៅឆ្នាំ១៩៩១។
ខុសពីសេចក្តីស្នើច្បាប់លើកមុនដែលសហរដ្ឋអាមេរិកផ្តោតការព្រួយបារម្ភខ្លាំងលើបញ្ហាសិទ្ធិមនុស្សនិងបញ្ហាសមុទ្រចិនខាងត្បូង សេចក្តីស្នើច្បាប់ថ្មីនេះបានបញ្ជាក់យ៉ាងច្បាស់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពីឥទ្ធិពលចិននៅកម្ពុជាផងដែរ។
លោក លីនស៊ី ហ្ក្រែម (Lindsey Graham) ប្រធានគណៈកម្មាធិការនីតិកម្មនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកនិងជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ South Carolina បានបញ្ជាក់ប្រាប់វីអូអេថាលោក«ព្រួយបារម្ភខ្លាំង»ពីឥទ្ធិពលចិននៅកម្ពុជានិងថារដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកនយោបាយប្រឆាំង។
លោកបានបន្ថែមថា៖
«វាជាការសំខាន់ណាស់ដែលត្រូវតែជំរុញឱ្យថយក្រោយវិញ»។
សេចក្តីស្នើច្បាប់CARI Act នេះតម្រូវឱ្យប្រទេសកម្ពុជា «ការពារអធិបតេយ្យខ្លួនពីការចូលជ្រៀតជ្រែក» ពីប្រទេសកុម្មុយនិស្តចិនហើយក៏ទាមទារឱ្យដោះលែងនិងទម្លាក់ចោលការចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំងក្នុងលំនៅដ្ឋាននិងខ្លះកំពុងនីរទេសខ្លួននៅក្រៅប្រទេស។
សេចក្តីស្នើច្បាប់ចែងថា៖
«ដោះលែងលោកកឹមសុខា អ្នកនយោបាយប្រឆាំងឱ្យរួចផុតពីការឃុំឃាំងនៅលំនៅដ្ឋានជាបន្ទាន់និងគ្មានលក្ខខណ្ឌហើយទម្លាក់ចោលរាល់ការចោទប្រកាន់ដែលមានលក្ខណៈនយោបាយប្រឆាំងនឹងលោក»។
សេចក្តីស្នើច្បាប់នោះបន្ថែមទៀតថា៖
«ទម្លាក់ចោលការចោទប្រកាន់ព្រហ្មទណ្ឌដែលមានលក្ខណៈនយោបាយប្រឆាំងនឹងអ្នកនយោបាយបក្សប្រឆាំងដទៃទៀតដែលក្នុងនោះមានលោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាលជាច្រើនរូបទៀតនិងអ្នកសារព័ត៌មានដោយរួមទាំងអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី គឺលោក អ៊ួន ឈិន និងលោកយាង សុធារិន្ទ»។
សេចក្តីស្នើច្បាប់នេះក៏បានទាមទារឱ្យដោះលែងដោយឥតលក្ខខណ្ឌនិងជាបន្ទាន់សមាជិកគណបក្សនយោបាយដទៃទៀតនិងសកម្មជនអង្គការសង្គមស៊ីវិលហើយលុបចោលការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលបានធ្វើឡើងកាលពីឆ្នាំ២០១៧និង២០១៩។
សេចក្តីស្នើច្បាប់CARI Act ក៏តម្រូវឱ្យបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលមានទ្រព្យធនរក្សាទុកនៅសហរដ្ឋអាមេរិកនិងក៏ទាមទារឱ្យសហរដ្ឋអាមេរិកប្រឆាំងជំទាស់រាល់ប្រាក់កម្ចីទៅប្រទេសកម្ពុជាផងដែរ។
ក្រៅពីច្បាប់នេះនៅមានសេចក្តីស្នើច្បាប់ចំនួនបីទៀតដែលសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកបានស្នើឡើងដែលពាក់ព័ន្ធនឹងកម្ពុជាក្នុងនោះគឺ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» (HR526) និងច្បាប់ពីរដែលស្នើឡើងដោយសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាដូចគ្នាដើម្បីពិនិត្យមើលឋានៈអនុគ្រោះពន្ធដែលកម្ពុជាទទួលបានគឺ«ច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា»។ ច្បាប់ទាំងនេះមានគោលដៅស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញដោយសារតែបានធ្លាក់ចុះក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧ដោយអំណាចតុលាការកំពូលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
រហូតមកដល់ពេលនេះមានអតីតមន្ត្រីថ្នាក់មូលដ្ឋាននៃគណបក្សសង្គ្រោះជាតិចំនួន១៤០នាក់ហើយត្រូវបានតុលាការនិងនគរបាលកោះហៅទៅសាកសួរពាក់ព័ន្ធនឹងការរំលោភសាលដីកាតុលាការកំពូលនិងជាអ្វីដែលអាជ្ញាធរចាត់ទុកថាជាវិធានការទាក់ទងនឹងកិច្ចការសន្តិសុខជាតិ។
លោក ស្ទីវ ឆាបុត អ្នកតំណាងរាស្រ្តនៃគណបក្សសាធារណរដ្ឋដែលមកពីរដ្ឋអូហៃយូបានប្តេជ្ញាថានឹងខិតខំបន្ថែមទៀតដើម្បីទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ឆាបុត បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា៖
«នឹងមានផលវិបាកចំពោះលោកហ៊ុន សែនចំពោះការបន្តយាយីរំខានអ្នកប្រឆាំង។ ផ្អែកលើសកម្មភាពនាពេលថ្មីៗរបស់គាត់គឺជាការណ៍សំខាន់ថែមទៀតដែលរដ្ឋសភាត្រូវតែអនុម័តច្បាប់ដូចជា«ច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា»។ យើងសង្ឃឹមថានេះគឺជាអ្វីដែលគណៈកម្មាធិការហិរញ្ញវត្ថុនឹងពិនិត្យមើលចំណុចខ្លះដើម្បី ឆ្លើយតបនឹងចំណាត់ការនាពេលថ្មីៗនេះរបស់លោកហ៊ុន សែន»។
យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាចាត់ទុកថាការលើកឡើងរបស់អ្នកតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភាធ្វើឡើងគឺ«គ្រាន់តែជានិន្នាការនយោបាយ»ដែលមិន«ឆ្លើយនឹងការពិត»នៅកម្ពុជាទេហើយថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានផុតសុពលភាពហើយ។
លោកផៃ ស៊ីផានរដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖
«ដូច្នេះការលើកឡើងគ្រាន់ជាការស្រមើស្រម៉ៃជ្រៀតជ្រែកចូលក្នុងការត្រួតត្រាលើកម្ពុជានោះទេ»។
លោកផៃស៊ីផានបានបន្ថែមថាសំណុំរឿងមេបក្សប្រឆាំងស្ថិតនៅក្នុងដៃតុលាការដែលត្រូវតស៊ូតាមផ្លូវច្បាប់៖
«បើសិនជាអ្នកនយោបាយហ្នុងដែលពេញចិត្តថាជួយកឹម សុខាគួរតែស្វែងរកមូលនិធិណាដើម្បីរកមេធាវីត្រឹមត្រូវក្នុងការតតាំងខាងរឿងក្តីដែលជាដំណើរការយុត្តិធម៌ហើយខ្លួនខ្ញុំផ្ទាល់សូមជម្រាបជូនដល់សមាជិកព្រឹទ្ធសភាមួយចំនួននោះបន្ថយសកម្មភាពដើម្បីកុំឱ្យមានជាបន្ទុកបន្ថែមទៅលើការសង្ស័យទៅលើកឹម សុខាដែលគេចោទប្រកាន់ថាអាយ៉ងរបស់បរទេសឬក៏ធ្វើការជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីលទ្ធផលនៃការបោះឆ្នោត»។
លោកផៃ ស៊ីផានបានអះអាងថាកម្ពុជាមិនក្រោមឥទ្ធិពលរបស់ចិនទេ ហើយនៅតែជាមិត្តល្អនិងគោរពអ្វីដែលជាផលប្រយោជន៍សហរដ្ឋអាមេរិក។
ប្រទេសចិនគឺជាអ្នកវិនិយោគទុន អ្នកផ្តល់ជំនួយ ដៃគូពាណិជ្ជកម្មនិងជាប្រភពទេសចរណ៍ដ៏ធំជាងគេបំផុតរបស់កម្ពុជា។ រីឯទំនាក់ទំនងយោធានិងយោធាវិញគឺប្រទេសទាំងពីរកាន់តែឈានចូលមកកៀកគ្នាជាលំដាប់ចាប់តាំងពីឆ្នាំ២០១០មក។ ប៉ុន្តែទំនាក់ទំនងយោធាជាមួយនឹងសហរដ្ឋអាមេរិកមិនដំណើរការល្អចាប់តាំងពីឆ្នាំ២០១៧មកដោយកម្ពុជាបានប្រកាសផ្អាកសមយុទ្ធយោធាប្រចាំឆ្នាំរវាងប្រទេសទាំងពីរដោយគ្មានពេលកំណត់។ សហរដ្ឋអាមេរិកក៏ព្រួយបារម្ភថាចិននឹងប្រើប្រាស់កម្ពុជាធ្វើជាមូលដ្ឋានទ័ពជើងទឹកនៅក្នុងពេលអនាគតផងដែរ។
សកម្មជនគណបក្សសង្គ្រោះជាតិដែលនៅក្រៅប្រទេសបានស្វាគមន៍សេចក្តីស្នើច្បាប់CARI Act នេះហើយថាវាជាច្រកដែលនឹងជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា។
លោកប៉ុន សៅរី អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិក្រៅប្រទេសដែលទើបបង្កើតឡើងកាលពីពេលថ្មីៗនេះសម្តែងក្តីសង្ឃឹមថាច្បាប់នេះនឹងត្រូវបានអនុម័តនៅឆ្នាំ២០១៩នេះ៖
«ច្បាប់នេះមិនមែនត្រឹមតែបម្រើនូវផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យហើយនាំត្រឡប់មកវិញនូវគណបក្សសង្គ្រោះជាតិក៏ដូចជានាំឱ្យមានការដោះលែងលោកប្រធានកឹម សុខានិងការទម្លាក់ចោលការចោទប្រកាន់ដ៏ផ្តេសផ្តាសទៅលើលោកប្រធានស្តីទីសមរង្ស៊ី ពីសំណាក់របបផ្តាច់ការនិងតុលាការដែលជាឧបករណ៍នយោបាយរបស់ជនផ្តាច់ការហ៊ុន សែនប៉ុណ្ណោះទេ ហើយច្បាប់នេះក៏នឹងធ្វើឱ្យមានវិសាលភាពហើយជាផែនការសកម្មភាពមួយក្នុងចំណោមផែនការសកម្មភាពធំៗដើម្បីសម្រេចគោលដៅសហរដ្ឋអាមេរិកផងនិងដើម្បីសម្រេចគោលដៅក្នុងការនាំត្រឡប់លទ្ធិប្រជាធិបតេយ្យមកប្រទេសកម្ពុជាផង»។
លោកសម រង្ស៊ីសហស្ថាបនិកគណបក្សសង្គ្រោះជាតិនិងជាប្រធានស្តីទីកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសបានប្តេជ្ញាជាថ្មីថានឹងវិលត្រឡប់ទៅវិញនៅឆ្នាំ២០១៩នេះ។ លោកធ្លាប់បានប្តេជ្ញាថាលោកនឹងរកវិធីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៨នៅមុនការបោះឆ្នោតសាកលប៉ុន្តែត្រូវបានខកខាន៕