ក្រុមហ៊ុនអាមេរិកាំងភាគច្រើននៅក្នុងប្រទេសចិនកំពុងរងគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដោយសង្គ្រាមពាណិជ្ជកម្មនេះបានបង្ខំឲ្យក្រុមហ៊ុនមួយចំនួនប្ដូរទីតាំងរបស់ខ្លួនទៅប្រទេសផ្សេង ឬក៏ពិចារណាឡើងវិញលើការធ្វើអាជីវកម្មរបស់ខ្លួន។ នេះបើយោងតាមការស្ទង់មតិមួយដែលបានបង្ហាញនៅថ្ងៃពុធនេះ។
ការស្ទង់មតិនាពេលថ្មីៗនេះរបស់សភាពាណិជ្ជកម្មអាមេរិកាំងនៅក្នុងប្រទេសចិន និងរបស់អង្គការមួយទៀតនៅក្នុងទីក្រុងសៀងហៃ បានបង្ហាញឲ្យឃើញនូវបរិយាកាសអាជីវកម្មអាប់អួរសម្រាប់ក្រុមហ៊ុនអាមេរិកាំង។
ការស្ទង់មតិនេះបង្ហាញថា ៧៥ ភាគរយនៃអ្នកចូលរួមឆ្លើយសំណួរស្ទង់មតិទាំង ២៥០ នាក់ បាននិយាយថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក និងចិនកំពុងជះ «ផលអវិជ្ជមាន» ដល់អាជីវកម្មរបស់ពួកគេ ដោយសារការបញ្ជាទិញធ្លាក់ចុះខ្លាំងដោយសារតែមានការកើនឡើងនូវថ្លៃផលិតកម្ម។
ប្រហែលជិតពាក់កណ្ដាលនៃអ្នកឆ្លើយសំណួរស្ទង់មតិទាំងនេះ បានបញ្ជាក់ថា ពួកគេបានជួបប្រទះនូវវិធានការសងសឹកវិញរបស់ចិនដែលមិនពាក់ព័ន្ធនឹងពន្ធគយតាំងពីឆ្នាំមុនមក ដោយក្នុងនោះអ្នកឆ្លើយសំណួរម្នាក់ក្នុងចំណោម ៥ នាក់ បានបញ្ជាក់ថា ការបង្កើនការត្រួតពិនិត្យទំនិញបានធ្វើឲ្យមានការយឺតយ៉ាវនៅក្នុងដំណើរការប្រកាសពន្ធគយលើទំនិញ។
កន្លងមក សហរដ្ឋអាមេរិក និងប្រទេសចិនបានយកពន្ធគយពីគ្នាទៅវិញទៅមកលើទំនិញរវាងប្រទេសទាំងពីរក្នុងទឹកប្រាក់ជាង ៣៦០ ពាន់លានដុល្លារអាមេរិក។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងពីថ្ងៃទី ១៦ ដល់ទី ២០ ខែឧសភាកន្លងទៅនេះ គឺក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងពន្ធគយពី ១០ ទៅ ២៥ ភាគរយលើទំនិញចិនដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លារ ហើយចិនសងសឹកវិញដោយដំឡើងពន្ធគយលើទំនិញសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ ៦០ ពាន់លានដុល្លារ៕