លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានបដិសេធមិនឆ្លើយតបសំណួរអ្នកសារព័ត៌មានមួយរូប ដែលបានចោទសួរទាក់ទងសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិកស្តីពីជំនួបរបស់លោកជាមួយប្រធានាធិបតីអាមេរិក ដែលមានការជំរុញឲ្យគោរពសិទ្ធិមនុស្ស និងបើកលម្ហសេរីភាពស៊ីវិល និងនយោបាយ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅគ្រាដែលលោក Biden បានមកចូលរួមកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ក្រោយពីជំនួបនេះ សេតវិមានអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា លោក Biden បានជំរុញឱ្យកម្ពុជាដោះលែងសកម្មជន ដែលត្រូវបានឃុំខ្លួន ក្នុងនោះមានកញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរអាមេរិកាំង និងបើកចំហសេរីភាពស៊ីវិល និងនយោបាយ នៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ លោកប្រធានាធិបតីបានលើកឡើងអំពីការព្រួយបារម្ភទាក់ទងនឹងស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងសង្កត់ធ្ងន់ពីសារៈសំខាន់នៃតម្លាភាពពេញលេញអំពីសកម្មភាពរបស់យោធាចិននៅមូលដ្ឋានកងទ័ពជើងទឹករាមផងដែរ។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធសំណួររបស់អ្នកសារព័ត៌មានម្នាក់ដែលសួរអំពីការជំរុញការបើកលម្ហសេរីភាពស៊ីវិល និងនយោបាយពីសំណាក់ប្រធានាធិបតីអាមេរិក។
លោក ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានដែលចោទជាសំណួរឱ្យទៅសួរសហរដ្ឋអាមេរិកវិញ។ លោកបញ្ជាក់ថា ក្នុងជំនួបរវាងលោក និងលោកJoe Biden ប្រធានាធិបតីអាមេរិក ភាគីទាំងពីរបានពិភាក្សាជាទូទៅ ដែលរួមមានការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានៅឆ្នាំក្រោយជាដើម។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មតបថា៖ «ទាក់ទងអាមេរិកប្រកាសអី អាហ្នឹងទៅសួរអាមេរិកខ្លួនឯងទៅ! សួរអាមេរិកខ្លួនឯងទៅ! ខ្ញុំអត់ឆ្លើយទេ ព្រោះខ្ញុំអត់ដឹងថា អាមេរិកនិយាយពីអីផង ព្រោះ Joe Biden គាត់អត់និយាយអីជាមួយខ្ញុំច្រើនទេ។ ...ស្ថានទូតអាមេរិកមាន! សួរទៅ! Email ទៅ! សួរអាមេរិកទៅ។ កុំមកសួរខ្ញុំ ព្រោះខ្ញុំដឹងតែធ្វើកិច្ចការងារប្រទេសខ្ញុំតែប៉ុណ្ណឹង»។
លោកបន្តថា៖ «ហើយខ្ញុំក៏បានប្រាប់នៅពេលគាត់និយាយពីបញ្ហានេះ បញ្ហានោះ។ ក្នុងពេលសន្ទនាជាមួយគ្នា ខ្ញុំក៏បានលើក គាត់ក៏និយាយពីដំណើរការបោះឆ្នោតឆ្នាំក្រោយ។ ខ្ញុំក៏បាននិយាយពីដំណើរការបោះឆ្នោតជាហូរហែ ហើយអំពីការព្យាករទុកនៅឆ្នាំក្រោយនេះវាយ៉ាងម៉េច។ បន្ថែមពីលើនេះ យើងក៏មាននិយាយពីបញ្ហានេះ បញ្ហានោះទៀត។ វាមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែក...។ Joe Biden មកនេះ មិនមែននិយាយរឿងផ្ទៃក្នុងកម្ពុជាទេ មកនិយាយពីបញ្ហាសកល។ អានេះខ្ញុំគ្រាន់បញ្ជាក់ជូនប៉ុណ្ណឹង»។
អ្នកសារព័ត៌មានរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវីអូឌីមិនត្រូវបានអនុញ្ញាតឲ្យចូលរួមសន្និសីទសារព័ត៌មានរបស់លោក ហ៊ុន សែន ឡើយ ក្រោមហេតុផលថា ស្ថាប័នសារព័ត៌មានទាំងពីរត្រូវបានមន្រ្តីថ្នាក់លើមិនអនុញ្ញាតឲ្យទទួលកាតដើម្បីចូលរួមក្នុងសន្និសីទ ដូចអ្នកសារព័ត៌មានផ្សេងទៀត រួមទាំងអ្នកសារព័ត៌មានបរទេសផងដែរ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថ្លែងថា កម្ពុជាគួរតែបញ្ជាក់ការណ៍ពិតឱ្យប្រជាជនបានដឹងដើម្បីធានាថា កម្ពុជាពិតជាប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយត្រូវពិចារណារាល់ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការបើកលម្ហលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសឡើងវិញដើម្បីជាផលប្រយោជន៍រួមរបស់កម្ពុជា។
លោកថ្លែងថា៖ «អ៊ីចឹងគួរតែកម្ពុជាមានការនូវអ្វីដែលជាការថ្លែងលើកឡើង។ ហើយបញ្ហាទាំងអស់នេះ បើកាលណាយើងមានការជជែកពិភាក្សា ហើយសូម្បីការណ៍ពិតមួយ យើងមិនអាចបង្ហាញសាធារណជនបាន! ហើយសម្រាប់ការលើកឡើងទាំងអស់នេះ សម្រាប់ខ្ញុំ ខ្ញុំមានការព្រួយបារម្ភ ព្រោះការលើកឡើងទាំងអស់នេះក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក គេមិនចេះតែលើកមកនិយាយចោលនោះទេ។ អ៊ីចឹងយើងខ្លាចថា ការលើកឡើងហ្នឹង យើងមិនយកចិត្តទុកដាក់ ហើយយើងបែរជាច្រានចោល ហើយមិនមានការបញ្ជាក់ឱ្យមានភាពច្បាស់លាស់»។
គួរបញ្ជាក់ថា កាលពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២២ លោកក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា សេង ធារី និងបើកលម្ហសេរីភាពក្នុងប្រទេសកម្ពុជាផងដែរ៕