ក្រុមមេធាវីអាមេរិកាំងរបស់កញ្ញា សេង ធារី បានសម្តែងការពេញចិត្តនឹងជំហររបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានស្នើដោយផ្ទាល់កាលពីថ្ងៃសៅរ៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងរូបនេះ។
លោក Jared Genser បានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាស៍តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា៖ «យើងសប្បាយរីករាយនិងដឹងគុណដែលសេចក្តីប្រកាសពីកិច្ចប្រជុំរបស់លោក[Biden]ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថាលោកប្រធានាធិបតីBidenបានស្នើឱ្យលោកហ៊ុន សែន ដោះលែងអ្នកទោសនយោបាយកម្ពុជាទាំងអស់ក្នុងនោះមានកញ្ញា សេង ធារី ផងដែរ»។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបប្រជុំទ្វេភាគីកាលពីថ្ងៃសៅរ៍ជាមួយនឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឋានៈជាប្រធានប្តូរវេនសមាគមអាស៊ាននៅរាជធានីភ្នំពេញ។ លោក Biden បានយកឱកាសនោះទទូចឱ្យកម្ពុជាបើកឡើងវិញនូវលំហនយោបាយនិងសង្គមស៊ីវិលនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានដែលបានចេញផ្សាយក្រោយពីជំនួបនោះហើយត្រូវបានចែកចាយដល់បណ្តាញសារព័ត៌មាននានា។
សេចក្តីប្រកាសនោះបានបន្ថែមថា៖ «លោកប្រធានាធិបតីអំពាវនាវឱ្យដោះលែងសកម្មជនដែលត្រូវបានចោទប្រកាន់ដោយហេតុផលនយោបាយក្នុងនោះមានកញ្ញា សេង ធារី ដែលជាពលរដ្ឋខ្មែរអាមេរិកាំង»។
តុលាការក្រុងភ្នំពេញកាត់ទោសកញ្ញា សេង ធារី កាលពីខែមិថុនាឱ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលមានទំនាក់ទំនងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ីប្រ ធានស្តីទីគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៩។ អតីតសកម្មជនគណបក្សប្រឆាំងយ៉ាងហោចណាស់៥០នាក់ទៀតក៏ត្រូវបានតុលាការផ្តន្ទាទោស ពីបទរួមគំនិតក្បត់និងបទញុះញង់ក្នុងពេលជាមួយគ្នាផងដែរ។
ក្រោយការប្រកាសសាលក្រមភ្លាម ប៉ូលិសបានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សរូបនេះហើយបានយកទៅដាក់ពន្ធនាគារនៅខេត្តព្រះវិហារដែលជាតំបន់ដាច់ស្រយ៉ាលពីរាជធានីភ្នំពេញនិងជាប់ព្រំដែនកម្ពុជា ថៃ។
ក្រុមមេធាវីអន្តរជាតិរបស់កញ្ញា សេង ធារី បានចាត់ទុកថានេះជាករណី«ឃុំឃាំងមនុស្សដោយខុស ច្បាប់»ដោយសារតែមន្ត្រីពន្ធនាគារបានបដិសេធមិនផ្តល់សិទ្ធិបដិបត្តិសាសនា និងមិនអាចទូរស័ព្ទទំនាក់ទំនងនឹងអ្នកខាងក្រៅពន្ធនាគារបាន។ នៅពេលនេះ កញ្ញា សេង ធារី កំពុងធ្វើកូដកម្មបង្អត់អាហារចំនួន១សប្តាហ៍ដើម្បីតវ៉ានឹងការឃុំឃាំងនិងដកហូតសិទ្ធិទាំងនេះ។
ក្រុមមេធាវីអន្តរជាតិរបស់កញ្ញា សេង ធាវី ក៏ស្នើឱ្យដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាដោយដាក់ទណ្ឌកម្មដោយផ្ទាល់លើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា សើរើពិនិត្យមើលឡើងវិញលើជំនួយសហរដ្ឋអាមេរិកទៅកម្ពុជានិងទាមទារឱ្យព្រឹទ្ធសភាអនុម័តសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជាដែលមានគោលបំណងស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
លោក Jared Genser បានបញ្ជាក់ប្រាប់វីអូអេថា៖ «ដូច្នេះខ្ញុំគិតថា បើលោក ហ៊ុន សែន កាន់តែបដិសេធមិនសហការជាមួយនឹងសហគមន៍អន្តរជាតិ ហើយនៅបន្តធ្វើបាបអ្នកប្រឆាំងគឺនឹងមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលច្រើនទៀតនឹងរងទណ្ឌកម្មចំពោះការរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្ស»។
ប៉ុន្តែនៅពេលនេះលោក Jared Genser រង់ចាំមើលចំណាត់ការពីរដ្ឋាភិបាលកម្ពុជា។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា យើងបានល្អប្រសើរដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក មិនត្រឹមតែនិយាយជាលក្ខណៈឯកជនប៉ុណ្ណោះទេ ប៉ុន្តែបានទទួលស្គាល់ជាសាធារណៈថាលោកបានអំពាវនាវឱ្យដោះ លែង ហើយរួមទាំងអ្នកទោសនយោបាយនានា។ ហើយឥឡូវនេះត្រូវតាមដានសកម្មភាពដើម្បីធានាថា លោកហ៊ុន សែនយល់ថា នេះមិនមែនគ្រាន់តែជាកង្វល់មួយលើកដែលសហរដ្ឋអាមេរិកលើកឡើងនោះទេ ប៉ុន្តែរឿងនេះនឹងត្រូវបានអនុវត្តតាមសកម្មភាពជាក់លាក់ដែលនឹងមានផលវិបាកពិតប្រាកដសម្រាប់អ្នកដែលប្រព្រឹត្តការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានរបស់សេតវិមានក៏បានបន្ថែមថា លោកប្រធានាធិបតី Joe Biden ក៏បានបញ្ជាក់ប្រាប់មេដឹកនាំកម្ពុជាពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកចំពោះពលរដ្ឋកម្ពុជានិងស្មារតីពួកគេចង់បានប្រទេសកម្ពុជាមួយដែលមានភាពចម្រុងចម្រើនប្រកបដោយប្រជាធិបតេយ្យនិងឯករាជ្យ។
លោក Joe Biden បានទៅដល់ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយនឹង មេដឹកនាំអាស៊ានមុននឹងចាកចេញទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអាទិត្យ៕