លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា នឹងទទួលបានកម្ចីបន្ថែមពីប្រទេសចិនដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា នៅពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាពេលខាងមុខ។ អ្នកតាមដានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះបំណុលចិន។
ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុង ខេត្តក្រចេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា នឹងមានឱកាស ដែលពេលនេះកំពុងសម្របសម្រួលគ្នា ដើម្បីទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅពេលខាងមុខនេះ ហើយពេលនោះច្បាស់ណាស់ថា នឹងមានគម្រោងថ្មីនៅក្នុងដំណើរទស្សនកិច្ចនោះ រាប់ទាំងផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ពីភ្នំពេញទៅកាន់ព្រំដែនវៀតណាម»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកសាទរចំពោះការដែលរដ្ឋាភិបាលកម្ពុជាទទួលបានកម្ចីពីរដ្ឋបរទេស ប៉ុន្តែលោកជំរុញឱ្យពិនិត្យមើលឡើងវិញពាក់ព័ន្ធជាមួយអត្រាការប្រាក់ ជាពិសេសពាក់ព័ន្ធជាមួយគុណភាពហេដ្ឋារចនាសម្ព័ន្ធដែលកើតចេញពីកម្ចីលុយបរទេស។ លោកបន្ថែមថាកម្ចីដែលកម្ពុជាបានខ្ចីគឺត្រូវតែយកមកប្រើប្រាស់ប្រកបដោយតម្លាភាព និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជារួមពិតប្រាកដ។
លោកបញ្ជាក់ថា៖ «កុំឱ្យយកមកក្នុងលក្ខណៈមួយខ្វះការដឹងឮឬក៏ខ្វះតម្លាភាពដែលធ្វើឱ្យខាតនូវផលប្រយោជន៍ជាតិ ហើយប្រជាពលរដ្ឋជាអ្នកប៉ះប៉ូវសងនូវក្នុងបំណុលបរទេសនេះ»។
សាស្ត្រាចារ្យរូបនេះអះអាងថា ជាធម្មតានៅពេលដែលរដ្ឋមួយទទួលបានជំនួយឬក៏កម្ចីពីរដ្ឋមួយ ឥទ្ធិពលរបស់ប្រទេសដែលឱ្យគេខ្ចីតែងតែមានទៅលើប្រទេសមួយទៀត។ ទោះយ៉ាងណាលោកព្រមានថា កុំឱ្យធ្លាក់ចូលទៅក្នុងឥទ្ធិពលរបស់រដ្ឋនោះ រហូតនាំឱ្យផុងខ្លួនដកមិនរួចដូចកាលពីអតីតកាល។
លោក ឯម សុវណ្ណារ៉ា លើកឡើងថា ស្ថានភាពបច្ចុប្បន្នកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលមួយល្អ ដែលមានន័យថា កម្ពុជានៅអាចគ្រប់គ្រងបំណុលរបស់ខ្លួនបានដោយការសងវិញ។
សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា៖ «ខ្ញុំគិតថា ទី១ដែលយើងគួរប្រយ័ត្នគឺយើងធ្វើឱ្យមានតម្លាភាព។ អាហ្នឹងយើងកាត់បន្ថយនូវអំពើពុករលួយ សំណូកក្រោមតុហ្នឹងឱ្យបានទី១។ ចំណុចទី២ ចង់ឱ្យយើងមាននូវតុល្យភាពគ្នានៅក្នុងកម្ចីដែលយើងខ្ចីពីលោកខាងកើតខាងចិននេះ ឱ្យមានតុល្យភាពជាមួយលោកខាងកើតដទៃទៀតដូចជាកូរ៉េខាងត្បូង ជប៉ុន និងលោកខាងលិចដែរ»។
យោងតាមព្រឹត្តិបត្រដែលបានចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមិថុនា ឆ្នាំ២០២២ ទំហំបំណុលសាធារណៈដែលកម្ពុជាកំពុងជំពាក់បរទេសបានកើនឡើងដល់៩,៨ពាន់លានដុល្លារ ឬស្មើប្រមាណជាង២៣%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្នុងនោះបំណុលជាង៤០% កម្ពុជាជំពាក់ប្រទេសចិន ហើយបំណុលជាង៣០%ផ្សេងទៀត កម្ពុជាជំពាក់ដៃគូអភិវឌ្ឍន៍នានា។
លោក លឹម ឆាយ ប្រធានគ្រប់គ្រងកម្មវិធីនយោបាយការបរទេសនៃមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ (Konrad-Adenauer-Stiftung Cambodia) ប្រចាំនៅកម្ពុជា ប្រាប់វីអូអេថា បំណុលកម្ពុជាជំពាក់បរទេសសព្វថ្ងៃនេះនៅមិនទាន់ឈានដល់បន្ទាត់ក្រហមឡើយ ដែលមានន័យថាកម្ពុជានៅអាចគ្រប់គ្រងបំណុលទាំងនោះបានល្អ។ ទោះជាយ៉ាងណា ដើម្បីចៀសពីហានិភ័យនាពេលខាងមុខ លោក លឹម ឆាយ បានផ្តល់យោបល់ថា រដ្ឋាភិបាលកម្ពុជាគួរតែបន្តធ្វើយ៉ាងណាដើម្បីឱ្យកំណើនសេដ្ឋកិច្ចនៅតែមានស្ថិរភាព ជាពិសេសនៅតែបន្តអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចចម្រុះពណ៌ឬហៅថា ពិពិធកម្មសេដ្ឋកិច្ច ដោយមិនពឹងផ្អែកទាំងស្រុងតែទៅលើមហាយក្សចិននោះឡើយ។
លោក លឹម ឆាយ បញ្ជាក់ថា៖ «គម្រោង BRI (Belt and Road Initiative) បច្ចុប្បន្នមិនទាន់ក្លាយជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលគ្របដណ្ដប់គម្រោងទាំងអស់ក្នុងប្រទេសកម្ពុជានោះទេ ផ្ទុយទៅវិញយើងមិនគួរមើលរំលងតួនាទីដ៏សំខាន់របស់ជប៉ុន និងកូរ៉េឡើយ។ ហេតុអ្វីខ្ញុំគិតបែបនេះ ព្រោះថាយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ចក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសព្វថ្ងៃ កម្ពុជាបែងចែកទៅតាមតំបន់ ថា តើប្រទេសណាគួរវិនិយោគ និងជួយលើផ្លូវខ្សែមួយណា ឧទាហរណ៍ជាក់ស្ដែងដូចស្ពានជ្រោយចង្វារ ជប៉ុន និងចិន នៅឈរទន្ទឹមនឹងគ្នា ខណៈដែលកូរ៉េនឹងជួយសង់ស្ពានមួយទៀតក្នុងឆ្នាំ២០២៣នេះ»។
លោក លឹម ឆាយ ជំរុញឱ្យអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ទប់ស្កាត់អំពើពុករលួយនៅតាមថ្នាក់លើនិងថ្នាក់មូលដ្ឋាន ជាពិសេសត្រូវមានគោលការណ៍ជាក់លាក់នៅក្នុងការដាក់ស្នើកម្ចី។ លោកបន្តថា ឥទ្ធិពលចិនមានការកើនឡើងខ្លាំងនៅក្នុងរយៈកាលចុងក្រោយនេះ ដោយសារតែចិនជាប្រទេសទី១ដែលបានវិនិយោគច្រើន និងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយការបរទេសចម្រុះពណ៌របស់កម្ពុជាទើបជាគោលនយោបាយដែលល្អបំផុតក្នុងការចៀសវាងឥទ្ធិពលជ្រុលហួសរបស់មហាអំណាចតែមួយ ផ្ទុយទៅវិញ យើងគួរមានគោលការណ៍ច្បាស់លាស់ដែលធានាបានថា ឥទ្ធិពលរបស់ចិនត្រូវផ្ដល់ផលប្រយោជន៍ដល់ប្រជាជនប្រកបដោយបរិយាបន្ន ខណៈដែលយើងនៅបន្តរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយមហាអំណាចផ្សេងៗផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល លោកបណ្ឌិត គី សេរីវឌ្ឍ ថ្លែងថា កម្ចីរបស់ចិនបានជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា ខណៈកម្ពុជាមិនអាចធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលរបស់ចិនឡើយ។
លោកបញ្ជាក់ថា៖ «ក្រៅពីបំណុលរបស់ចិន គឺយើងមានជំនួយពីបណ្តាប្រទេសដូចជាពីជប៉ុន ពីសហរដ្ឋអាមេរិក ពីអូស្ត្រាលី ដែលរួមចំណែក ដែលមិនធ្វើឱ្យអន្ទាក់បំណុលរបស់ចិនមានភាពមាំទាំនៅក្នុងបំណុលសរុបរបស់ប្រទេសកម្ពុជានោះទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា រដ្ឋាភិបាលកម្ពុជាមានគោលការណ៍ច្បាស់លាស់នៅក្នុងការខ្ចីប្រាក់ពីរដ្ឋបរទេស ខណៈថា កម្ចីនេះទៀតសោតមិនមែនធ្វើឡើងតែជាមួយរដ្ឋាភិបាលចិនឡើយ។
លោកថ្លែងថា៖ «ដូច្នេះហើយគឺមិនឱ្យគាត់ព្រួយបារម្ភជំនួសរាជរដ្ឋាភិបាលទេ ពីព្រោះការខ្ចីនេះ នៅពេលនេះ ឥឡូវនេះដែលគាត់ថាច្រើនៗ ឥឡូវនេះទើបតែបាន៣០%នៃ GDP របស់កម្ពុជាទេ ហើយចំនួនអត្រាហ្នឹងជាចំនួនដែលអាចគ្រប់គ្រង ដែលរាជរដ្ឋាភិបាលលោកអាចគ្រប់គ្រងបំណុលអន្តរជាតិនេះបាន»។
គួរបញ្ជាក់ថាអ្នកតាមដានអន្តរជាតិមួយចំនួនបានរិះគន់គម្រោងអភិវឌ្ឍន៍«ក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ Belt & Road Initiative » ហៅកាត់ BRI របស់ចិនដោយលើកឡើងថា ប្រទេសមួយចំនួនអាចធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិន។ ទោះជាយ៉ាងណា កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បានអះអាងថា គម្រោង BRI បានផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត៕