ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ និង​ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ឯកសារ​ចំនួន​១៨ ​ខណៈ​នាយក​រដ្ឋមន្រ្តី​ចិន​មក​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ចាប់​ដៃ​គ្នា​នៅ​វិមាន​សន្ដិភាព ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (Kok KY / CAMBODIA'S GOVERNMENT CABINET / AFP)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ចាប់​ដៃ​គ្នា​នៅ​វិមាន​សន្ដិភាព ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (Kok KY / CAMBODIA'S GOVERNMENT CABINET / AFP)

ភាគី​កម្ពុជា​និង​ចិន ​កាលពី​ថ្ងៃពុធ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀម​លើ​ឯក​សារ​ចំនួន​១៨​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី ​ហើយ​ភាគី​ចិន​ក៏​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ផង​ដែរ​ ដើម្បី​អភិវឌ្ឍ​វិស័យ​ផ្សេងៗ។ ​នេះ​បើ​យោង​តាម​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​

ឯកសារ​ដែល​ភាគី​ទាំង​ពី​របាន​ចុះ​ហត្ថលេ​ខា ​កាល​ពី​ថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ ​នោះ​រួម​មាន ​អនុស្សរណៈ​យោគ​យល់​គ្នា​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ពាណិជ្ជ​កម្ម​កសិកម្ម​រវាង​ក្រសួង​ពាណិ​ជ្ជ​កម្ម​កម្ពុជា ​និង​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​ និង​អនុស្សរណៈ​យោគ​យល់​គ្នា ​ក្នុង​ការ​អភិវឌ្ឍ​រួម​គា្ន​លើ​កម្ម​វិធី​រៀន​ភាសា​ចិន​ នៅ​តាម​គ្រឹះ​ស្ថាន​មធ្យម​សិក្សា​សាធារណៈ ​នៅ​កម្ពុជា​ ជាដើម​។ល។​

ក្រៅ​ពីនេះ​ ចិន​ក៏​បានផ្តល់​ជំនួយ​ជា​ប្រាក់​ចំនួន​២០០​លាន​យ័ន្ត ​ឬ​ប្រមាណ​២៧​លាន​ដុល្លារ​អាមេរិក ​ដែល​រដ្ឋាភិបាល​ប្រកាស​ថា​ សម្រាប់ជួយ​កែ​លម្អ​ជីវភាព​ប្រជា​ពលរដ្ឋ។​

ភាគី​ចិន​នឹង​បន្ត​ជួយ​ដល់​ការ​ស្តារ​ឡើង​វិញ​នូវ​បេតិ​កភណ្ឌ​កម្ពុជា ​បង្កើន​ចំនួន​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន​ ជួយ​ដល់​សកម្មភាព​ដោះ​មីន ​ជួយ​ដល់​ការ​រៀប​ចំការ​ប្រកួត​ស៊ីហ្គេម​នៅ​ឆ្នាំ​ខាង​មុខ។​

ពិធី​ចុះ​ហត្ថលេខា​លើ​ជំនួយ​ទាំង​នោះ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​ចិន​ លោក ​លី ខឺឈាង​ កាល​ពី​ថ្ងៃទី៩​ ខែ​វិច្ឆិកា ​ក្នុង​ពេល​មេ​ដឹកនាំ​ចិន​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​ មាន​ភាពស្និទ្ធ​ស្នាល​ទៅ​កាន់​ប្រទេស​ចិន​ដែល​បាន​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​កម្ពុជា។ ​ប៉ុន្តែ​ប្រទេស​មួយ​នេះ​ក៏​បាន​ក្លាយ​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​សម្រាប់​កម្ពុជា​ផង​ដែរ។​

បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី៣ ​ក្នុង​ឆ្នាំ​២០២២​នេះ ​កម្ពុជា​ជំពាក់​បំណុល​បរទេស​ប្រមាណ​៩៦០០​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​កម្ពុជា​ជំពាក់ប្រទេស​ចិន​ចំនួន​៤១%​នៃ​បំណុល​សរុប។​

អ្នក​ស្រាវ​ជ្រាវ​នៅវិ​ទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិ​បត្តិការ​និង​សន្តិ​ភាព ​លោក ​វណ្ណ ប៊ុនណា​ យល់​ថា​ ទំនាក់​ទំនង​កម្ពុជា​និង​ចិន​បាន​ឈាន​ដល់​កម្រិត​កំពូល ​បើ​ប្រៀប​ធៀប​ជាមួយ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ ដោយ​ហេតុ​ថា​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​តែង​តែ​បង្ហាញ​នូវ​ភាព​ល្អូក​ល្អើន​ និង​ស្អិត​ល្មួត​ជាមួយ​គ្នា។​

ទោះជា​យ៉ាង​ណា ​បើ​តាម​លោក​ វណ្ណ ប៊ុនណា​ ការ​ងាក​ខ្លាំង​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​អាច​ជះ​ផល​អាក្រក់​ដល់​ខ្លួន​ឯង​ ពី​ព្រោះ​ថា​ ការ​ប្រកួត​ប្រជែង​រវាង​មហា​អំណាច​អាមេរិក​ និង​ចិន​កំពុង​តែ​ឡើង​កំដៅ។ ​ហេតុ​នេះ​កម្ពុជា​មិន​ត្រូវ​ធ្វើ​ឱ្យ​ល្អក់​កករ​ខ្លាំង​ក្នុង​ទំនាក់​ទំនង​ជាមួយ​អាមេរិក​ឡើយ​ ជា​ពិសេស​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទិស​ដៅ​គោល​នយោ​បាយ​ការ​បរទេស​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ទេ ​កម្ពុជា​ក្នុង​នាម​ជា​រដ្ឋតូច ​បើ​ទោះ​ជា​មាន​ទំនាក់​ទំនង​ជាមួយ​ចិន​ល្អ​យ៉ាង​ណា​ក៏​ដោយ ​ក៏​ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ទំនាក់​ទំនង​រកាំ​រកូស​ខ្លាំង​ជា​មួយ​នឹង​សហ​រដ្ឋ​អាមេរិក។ ​ដ្បិត​សហ​រដ្ឋ​អាមេរិក​អាច​ប្រើ​ប្រាស់​វិធី​សាស្ត្រ​គ្រប់​យ៉ាង​ក្នុង​ការ​ធ្វើ​ឱ្យ​កម្ពុជា​មាន​ផល​វិបាក​ផង​ដែរ។ ​ដូច្នេះ​ក្នុង​នាម​ជា​រដ្ឋតូច​ កម្ពុជា​គួរ​តែ​ក្លាយ​ទៅ​ជា​រដ្ឋ​មួយ​ដែល​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​សហ​រដ្ឋ​អាមេរិក​និង​ចិន។​ អ្វី​ដែល​សំខាន់​គឺ​កម្ពុជា​ផ្អែក​ទៅ​លើ​មាត្រា​ ៥៣ ​នៃ​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន​អំពី​គុណ​តម្លៃ​នៃទំនាក់​ទំនង​ ឬ​ក៏​ការ​កាន់​គោល​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​នៅ​ក្នុង​ទំនាក់​ទំនង​ការ​បរទេស»។

ទោះ​ជាយ៉ាង​ណា​ មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ ឥសាន​ ​ធ្លាប់​បាន​អះ​អាង​ថា ​មិត្ត​ភាព​រវាង​កម្ពុជា​ និង​ចិនគឺ​ជា​មិត្ត​ភាព​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ​ ហើយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ល្អ​ប្រសើរ​ ក្រោម​កា​រដឹក​នាំ​របស់​លោក​ Xi និង​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។ ​

បើ​តាម​លោក ​សុខ ឥសាន ​កម្ពុជា​គោរព​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ក៏ដូច​ជា​គោល​នយោ​បាយ​ការ​បរទេស​របស់​ខ្លួន​ ដោយ​មិន​លម្អៀង​ទៅ​កាន់​ប្រទេស​ណា​តែ​មួយ​ឡើយ​ ជា​ពិសេស​វា​ដើ​រ​ស្រប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ ដែល​ថា ​កម្ពុជា​មិន​យក​ប្រទេស​ណា​មួយ​ជា​សត្រូវ៕​

XS
SM
MD
LG