ការស្ទង់មតិមួយក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១ពាន់នាក់បង្ហាញថា ប្រជាពលរដ្ឋកម្ពុជាចង់ឱ្យកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ខណៈពួកគេគិតថារដ្ឋាភិបាលគណបក្សកុម្មុយនីស្តចិនជាដៃគូដ៏ស្អិតល្មួតបំផុតរបស់កម្ពុជានៅក្នុងទំនាក់ទំនងការបរទេស។
នេះជាលទ្ធផលនៃការស្ទង់មតិដោយមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ (Konrad Adenauer) និងក្រុមហ៊ុនស្រាវជ្រាវ SPEAR INSIGHTS ក្នុងចំណោមពលរដ្ឋកម្ពុជា១ពាន់នាក់ អាយុចន្លោះពី១៨ឆ្នាំទៅ៦៤ឆ្នាំនៅទូទាំងរាជធានី/ខេត្តនៃប្រទេសកម្ពុជា។
បើតាមការស្ទង់មតិ ៧៣%នៃអ្នកចូលរួមស្ទង់មតិបានចាត់ទុកមហាយក្សចិនជាដៃគូដ៏ល្អបំផុត ខណៈ៥%ជ្រើសរើសយកប្រទេសវៀតណាម ២%ជប៉ុន ១%ប្រទេសថៃ និង១% សហរដ្ឋអាមេរិក។
បន្ថែមពីនេះ ពួកគេក៏ចង់ឱ្យរឹតចំណងការទូតល្អជាមួយមហាអំណាចចិន។ លទ្ធផលនៃការស្ទង់មតិបង្ហាញថា ៣៩%ចង់ឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ១៤%សហរដ្ឋអាមេរិក និង១៣%ជប៉ុន។
ការស្ទង់មតិដដែលបានលើកឡើងថា ជាមួយនឹងការវិនិយោគរបស់ចិនជាបន្តបន្ទាប់ចូលក្នុងប្រទេសកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែខិតជិតគ្នាជាលំដាប់។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅអំឡុងពេលវិបត្តិកូវីដ១៩។ នៅចន្លោះពីខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ចុងខែកក្កដា ឆ្នាំ២០២១ នៅអំឡុងពេលកូវីដ១៩ រាតត្បាតយ៉ាងខ្លាំងនោះ ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩មកកាន់ប្រទេសកម្ពុជា។ ការណ៍នេះបានជួយកម្ពុជាឱ្យក្លាយជាប្រទេសដែលបានចាក់ វ៉ាក់ សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនច្រើនជាងគេបង្អស់នៅក្នុងពិភពលោក។ នេះបើតាមរបាយការណ៍នៃការស្ទង់មតិនេះ។
នៅក្នុងកិច្ចពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ស្ទង់មតិខាងលើ កាលពីថ្ងៃអង្គារ លោក លឹម ឆាយ ប្រធានគ្រប់គ្រងកម្មវិធីនយោបាយការបរទេសនៃមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំនៅកម្ពុជា បានលើកឡើងថា វាមិនមែនជារឿងពិបាកយល់ទេ ការណ៍ដែលប្រជាជនកម្ពុជាដែលចូលរួមការស្ទង់មតិនេះយល់ថា ចិនជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់កម្ពុជា ខណៈចិនបានវិនិយោគនៅកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធច្រើន ដែលជាតម្រូវការដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។ លោកបន្តថាពាក់ព័ន្ធនឹងគោលនយោបាយការបរទេសវិញ មេដឹកនាំចិននិងមេដឹកនាំកម្ពុជាបានធ្វើដំណើរទស្សនកិច្ចការទូតទៅវិញទៅមកច្រើនជាងគេ បើប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា គឺជាមនុស្សដំបូងគេបង្អស់ដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅអំឡុងពេលដែលកូវីដ១៩ ទើបតែចាប់ផ្តើមផ្ទុះឡើង។
លោកបញ្ជាក់ថា៖ «ដូច្នេះវាជាទំនាក់ទំនងដែលមានកម្រិតខ្ពស់។ ប្រជាពលរដ្ឋជាច្រើនមើលឃើញថា ចិនជាដៃគូដ៏ជិតស្និទ្ធ ដោយហេតុថា យើងស្រឡាញ់គេ គេក៏ស្រឡាញ់យើងវិញដែរ។ ដូច្នេះវាគឺជាព័ត៌មានពិត»។
លោក លឹម ឆាយ បានអះអាងថា ទំនុកចិត្តរបស់ប្រជាជនកម្ពុជាទៅលើចិនមានការកើនឡើងបើប្រៀបធៀបនឹងការស្ទង់មតិ កាលពីឆ្នាំមុន ដោយសារតែជោគជ័យនៃការទូតវ៉ាក់សាំងរបស់ចិននៅកម្ពុជា និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត។
ទោះជាយ៉ាងណា បើតាមលោក លឹម ឆាយ ចិននៅមិនទាន់ចាក់ជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាទេ។
លោក លឹម ឆាយ បានបញ្ជាក់ទៀតថា អ្វីដែលចិនត្រូវការខ្លាំងពីកម្ពុជានោះ គឺមិនមែនឥទ្ធិពលជ្រៀតជ្រែកផ្ទៃក្នុងប្រទេសរបស់កម្ពុជាឡើយ ខណៈថាកម្ពុជាគឺជាប្រទេសដែលគាំទ្រខ្លាំងទៅលើគោលនយោបាយចិននៅលើឆាកអន្តរជាតិ។
លោក លឹម ឆាយ លើកឡើងថា កម្ពុជានឹងព្យាយាមតាមដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យទំនាក់ទំនងមានតុល្យភាព ខណៈថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបាននិងកំពុងតែព្យាយាមងាកចេញពីការពឹងតែទៅលើប្រទេសចិន ដោយសារតែកត្តាបរិយាកាសនយោបាយអន្តរជាតិផ្លាស់ប្តូរ និងនយោបាយក្នុងស្រុក។
គួរបញ្ជាក់ថាកម្ពុជាត្រូវបានមើលឃើញថា មានភាពស្និទ្ធស្នាលទៅកាន់ប្រទេសចិនដែលបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា។ ប៉ុន្តែប្រទេសមួយនេះក៏បានក្លាយជាម្ចាស់បំណុលធំជាងគេសម្រាប់កម្ពុជាផងដែរ។
អ្នកតាមដាននយោបាយនិងសន្តិសុខអន្តរជាតិធ្លាប់បានព្រមានពីការដែលកម្ពុជាមានទំនាក់ទំនងស្អិតល្មួតជាមួយចិន ដែលជាមិត្តដែកថែបនឹងគ្នាថា មិនមែនត្រឹមតែបង្កជាក្តីបារម្ភសម្រាប់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែថែមទាំងបង្កជាការព្រួយបារម្ភចំពោះសន្តិសុខក្នុងតំបន់ ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានថា កម្ពុជាអនុញ្ញាតឱ្យចិនដាក់ទ័ពនៅទឹកដីរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយរបស់កងទ័ពចិន។ ទោះជាយ៉ាងណា កម្ពុជាបានបដិសេធជាបន្តបន្ទាប់ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកលើមូលដ្ឋានកងទ័ពរាមនេះ៕