ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ទំនាក់​ទំនង​កម្ពុជា​និង​វៀតណាម​ឈាន​ដល់​របត់​ថ្មី ខណៈ​ព្រមាន​ឥទ្ធិពល​ចិន​នៅ​កម្ពុជា


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​វៀតណាមលោក Pham Minh Chinh ក្នុង​អំឡុងពេល​នៃ​ជំនួប​រវាង​ពួកគេ​ទាំង​ពីរ​នៅ​វិមាន​សន្ដិភាព​ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (Kok KY / CAMBODIA'S GOVERNMENT CABINET / AFP)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​វៀតណាមលោក Pham Minh Chinh ក្នុង​អំឡុងពេល​នៃ​ជំនួប​រវាង​ពួកគេ​ទាំង​ពីរ​នៅ​វិមាន​សន្ដិភាព​ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (Kok KY / CAMBODIA'S GOVERNMENT CABINET / AFP)

អ្នក​វិភាគនិង​អ្នក​តាមដាន​បញ្ហា​សង្គម​យល់​ឃើញ​ថា​ ទំនាក់​ទំនង​កម្ពុជា​និង​វៀត​ណាម​បាន​ឈាន​ដល់​ដំណាក់កាលល្អប្រសើរ ខណៈព្រមានពី​ទំនាក់​ទំនង​ស្អិត​រមួត​រវាង​កម្ពុជា​និង​ប្រទេស​ចិន​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​ដល់​ប្រទេស​ចិន ដែល​អាច​ជាការគំរាម​កំហែង​ដល់​សន្តិសុខនៃ​ប្រទេស​វៀតណាម។

ប្រទេស​ចិន​និង​វៀតណាម​កំពុង​មាន​ជម្លោះ​ដែន​ទឹក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​ទាមទារ​ស្ទើរ​តែ​ទាំងស្រុង​ពី​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ ក្នុង​នោះ​ក៏​មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដូចជា ហ្វីលីពីន និង​ព្រុយណេ​ផង​ដែរ។ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ ក៏​នឹង​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​សប្តាហ៍​នេះ​ផង​ដែរ។

កាលពី​ថ្ងៃ​អង្គារ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និង​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន​ បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី ក្នុង​ដំណើរ​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន​ និង​លោក ផាម មិញជិញ​ ក៏​បានធ្វើ​ជា​សាក្សី​នៃពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ស្តិ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​ចំនួន​ ១១​ ឯកសារ​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ចាប់​ដៃ​គ្នា​នៅ​វិមាន​សន្ដិភាព ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (Kok KY / CAMBODIA'S GOVERNMENT CABINET / AFP)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ចាប់​ដៃ​គ្នា​នៅ​វិមាន​សន្ដិភាព ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (Kok KY / CAMBODIA'S GOVERNMENT CABINET / AFP)

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ប្រាប់វីអូអេ​នៅថ្ងៃពុធ​នេះ​ថា​ ទំនាក់​ទំនង​កម្ពុជា​និង​វៀតណាម មាន​ភាពល្អប្រសើរ​នា​ពេល​នេះ។

សាស្ត្រាចារ្យ​រូបនេះ​បន្តថា ​កម្ពុជា​ត្រូវ​ធ្វើ​ឱ្យមាន​តុល្យភាព​គ្នា​រវាង​ទំនាក់​ទំនង​ជាមួយ​ចិន និង​វៀតណាម​ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ ខណៈ​ជំរុញ​ឱ្យនៅ​តែមាន​ប្រើ​គោល​នយោបាយ​ចម្រុះ​ក្នុង​ទំនាក់ទំនង​ការបរទេស​របស់ខ្លួន។

បើ​តាម​លោក ឯម សុវណ្ណារ៉ា ទំនាក់ទំនង​ស្អិត​រមួត​រវាង​កម្ពុជា​និង​ចិន ដែល​ជា​មិត្ត​ដែក​ថែប​នឹង​គ្នា មិន​មែន​ត្រឹម​តែ​បង្ក​ជា​ក្តី​បារម្ភ​សម្រាប់​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងបង្ក​ជា​ការ​ព្រួយបារម្ភ​ចំពោះ​សន្តិសុខ​ក្នុង​តំបន់ ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ថា​ កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​ដាក់​ទ័ព​នៅទឹក​ដី​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «បន្ទាត់​ក្រហម​កម្ពុជា-វៀតណាម មាន​ពីរ។ ទី​ ១ ពាក់ព័ន្ធ​ជាមួយ​អព្យាក្រឹតភាព​របស់​កម្ពុជា ថា​តើ​កម្ពុជា​ឈរ​បាន​ដូច​មាន​ចែង​នៅក្នុង​ស្មារតី​ ឬក៏​ខ្លឹម​សារ​នៃ​សន្ធិសញ្ញា​អន្តរជាតិ​នានា​ ដែលកម្ពុជាបាន​ឈរ​និង​វៀតណាម​ឈរ​គ្រប់​ខាង​ណា​មួយ​ ឧទាហរណ៍​ដូច​ជា​នៅក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស​ជាដើម។ ចំណុច​ទី ២ ពាក់ព័ន្ធ​ជាមួយ​ការ​គោរពគ្នា​ទៅ​វិញ​ទៅ​មក​ជា​សមភាគី ភាគី​ស្មើភាពគ្នា​ គ្មាន​នរណា​មាន​ឥទ្ធិពល​ជាង​នរណា​ទេ គឺ​ភាគី​វៀតណាម​-កម្ពុជា គោរព​គ្នា​ទៅវិញ​ទៅមក​ទាំង​អធិបតេយ្យភាព ទាំង​បូរណភាព​ទឹក​ដី»។

ចំណែក​លោក រ៉ឹម សុខវី សហស្ថាបនិក The Thinker Cambodia ដែល​ជា​វេទិកា​វិភាគ​គោលនយោបាយ ហើយ​លោក​ក៏​ជា​អ្នក​វិភាគ​មួយ​រូប ប្រាប់​វីអូអេ​ថា ទំនាក់​ទំនង​រវាង​ទីក្រុង​ហាណូយ និង​ទីក្រុង​ភ្នំពេញ ដើរដល់​ចំណុច​ល្អូក​ល្អើន​ជាមួយ​គ្នា​ ខណៈថា​ឥទ្ធិពល​ខាង​ក្រៅ​អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាព​រកាំ​រកូស។

លោក សុខវី បញ្ជាក់​ថា ទំនាក់​ទំនងកម្ពុជា​និងវៀតណាម​ នឹង​ល្អក់​កករ​ខ្លាំង​ កាល​ណា​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​រវាង​ចិន និង​អាមេរិក​កាន់​តែ​ឡើង​កម្តៅ​ ហើយ​ថា​វៀតណាម​មិន​ចង់​ចាប់​សហរដ្ឋ​អាមេរិក​ឡើយ ប៉ុន្តែ​ដើម្បី​ការ​ពារ​សន្តិសុខ​របស់​ខ្លួន​ ដែល​អាច​កើត​ចេញ​ពី​ទំនាក់​ទំនង​ល្អូកល្អើ​នរ​បស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ចិន។

លោក​ថ្លែង​ថា៖ «យើងមើល​ទៅ​ថ្ងៃ​អនាគត វា​អាច​មាន​ប្រយោជន៍​ផ្ទុយ​គ្នា​រវាង​វៀតណាម​ហើយ​និង​ចិន ពីព្រោះ​មែន​ទែន​ទៅ​ ប្រទេស​ទាំង​ពី​រគេ​ព្រួយ​បារម្ភ​ចំពោះ​កម្ពុជា​ តែ​ទៅលើ​រឿង​ផ្នែក​យុទ្ធសាស្ត្រហ្នឹងហ្មង ពីព្រោះ​ចិន​អាច​ប្រើប្រាស់​កម្ពុជា​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​វៀតណាម​អ៊ីចឹង។ អាហ្នឹង​ជារឿង​មួយ​ដែល​វៀត​ណាម​ព្រួយ​បារម្ភ។ ពេល​ខ្លះ​ទៅ​ដាក់សម្ពាធ​ ឬក៏​អាច​ប្រើ​ប្រាស់​ទៅ​ជា​កន្លែង​មួយ ដើម្បី​ស៊ើប​អង្កេត។ អ៊ីចឹង​អាហ្នឹង​ជា​រឿង​មួយ​ដែល​វៀតណាម​ព្រួយ​បារម្ភ»។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​បើ​ទោះ​បី​ជា​កម្ពុជា​ងាក​ទៅរកចិន​ខ្លាំង​ក៏ដោយ ក៏​ប៉ុន្តែ​បើ​កម្ពុជា​មិន​បាន​បម្រើ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​ឱ្យ​ចិន អ៊ីចឹង​ដរាប​នោះ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​វៀតណាម គឺ​វា​នៅ​តែ​ល្អ​ធម្មតា​ អត់​អីទេ​»។

លោក គិន ភា ចំណែក​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា ប្រាប់វីអូអេ​ថា ទំនាក់​ទំនង​កម្ពុជា​និង​វៀតណាម​កាន់​តែ​ប្រសើរ​ឡើង ដោយ​សារ​តែ​ប្រទេស​ទាំង​ពី​របាន​ចុះ​អនុសារណៈ​យោគ​យល់​គ្នា​ជា​បន្តបន្ទាប់។ លោក​បន្ថែម​ថា​ ការគោរព​នយោបាយ​ការបរទេស​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជិត​ខាង គឺ​ជា​ការ​រស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សន្តិ​សហវិជ្ជមាន។

លោក គិន ភា លើកឡើង​ថា បញ្ហា​ខាង​ក្រៅ​អាច​ជះ​ឥទ្ធិ​ពល​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា និង​វៀតណាម​ ដោយហេតុ​ថា​កន្លង​មក ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ល្អប្រសើរ ​ឬ​អន់ថយ​ ក៏​ដោយ​សារ​តែ​កត្តា​ខាង​ក្រៅ។

លោកថ្លែង​ថា៖ «ខ្ញុំគិត​ថា ទាំង​ចិន​ក្តី​ ទាំង​វៀតណាម​ក្តី​ នឹង​ប្រទេស​ផ្សេង​ទៀតក្តី​គឺ​ជាប្រទេស​ដែល​កម្ពុជា​តែងប្រាថ្នា ចង់​មាន​ទំនាក់ទំនង​ល្អ​ដោយ​ឈរលើ​គោល​ការណ៍​ គោរព​អធិបតេយ្យ ឯករាជ្យ បូរណភាពទឹក​ដី​ គោរព​នូវ​ផល​ប្រយោជន៍​របស់​ផង​គ្នា​ទៅ​វិញ​ទៅមក។ដូច្នេះ​គេ​មិនគួរ​មាន​គំនិត​ទុទិ​ដ្ឋិ​និយម ឬ​គំនិត​អវិជ្ជមាន​ដោយ​គ្រាន់​តែ​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន​ ហើយ​នាំ​ឱ្យ​ខូច​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ផ្សេង​នោះ​ទេ»។

វីអូអេមិន​អាច​សុំការ​អត្ថាធិប្បាយ​ពីលោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃពុធ​នេះ។ ប៉ុន្តែ​កន្លងទៅ កម្ពុជា​ធ្លាប់​អះអាង​ថា ​ប្រទេស​មួយនេះ​រាប់​អាន​មិត្ត​ជាមួយ​ប្រទេស​ទាំង​អស់។ កម្ពុជា​ក៏អះអាង​ថា​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ​ដាក់​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ។

គួរ​បញ្ជាក់​ថា​ ប្រទេស​ចិន​កំពុង​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹករាម​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​សហរដ្ឋអាមេរិក​ដែល​សង្ស័យ​ថា​ ចិន​នឹង​ប្រើប្រាស់​ជា​មូលដ្ឋាន​កងទ័ព​នា​ពេល​ណាមួយ៕

XS
SM
MD
LG