ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​កម្ពុជា​ប្រតិកម្ម​នឹង​អត្ថបទ​​វីអូអេ​ដែល​ចុះ​ផ្សាយ​អំពី​កម្ចី​របស់​ចិន​


លោក​ អាន សុខខឿន ​អ្នកនាំ​ពាក្យ​ថ្មី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា នា​ថ្ងៃ​​ទី​៦ ខែ​កុម្ភ: ឆ្នាំ​២០២៣ ​បានប្រតិកម្ម​នឹង​អត្ថបទ​​វីអូអេ​។
លោក​ អាន សុខខឿន ​អ្នកនាំ​ពាក្យ​ថ្មី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា នា​ថ្ងៃ​​ទី​៦ ខែ​កុម្ភ: ឆ្នាំ​២០២៣ ​បានប្រតិកម្ម​នឹង​អត្ថបទ​​វីអូអេ​។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​ព័ត៌មាន​របស់​វីអូអេ​(VOA)​ដែល​ចុះ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ទៅ​ប្រទេស​ចិន​នឹង​សម្លឹង​មើល​កម្ចី​របស់​ចិន​បន្ថែម​ទៀត​ ដែល​ក្នុង​នោះ​មាន​ការ​សាងសង់​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​ផង​ដែរ។​

កាល​ពីថ្ងៃ​ទី​៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ ​វីអូអេ​បាន​ផ្សាយ​អត្ថបទ​មួយ ​ក្រោម​ចំណង​ជើង​ថា​ «កម្ពុជា​ស្វែង​រក​ជំនួយ​បន្ថែម​ពី​ចិន​ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​អន្ទាក់​បំណុល»​ ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នា​សប្តាហ៍​នេះ។​

នៅ​ក្នុង​ការ​ថ្លែង​ជា​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​សារ​ព័ត៌មាន​ Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ​នា​ថ្ងៃ​ច័ន្ទ​នេះ ​លោក​ អាន សុខខឿន ​អ្នកនាំ​ពាក្យ​ថ្មី​ដែល​ទើប​ចូល​កាន់​តំណែង​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ហៅ​ការ​ផ្សាយ​ព័ត៌មាន​នេះ​ថា​ «ខុស​ពី​ការណ៍​ពិត ​និង​បំភាន់​សាធារណ​ជន​ក្រោម​ហេតុ​ផល​នយោបាយ»។​

លោក​បញ្ជាក់​ថា​ ទឹក​ប្រាក់​សម្រាប់​សាង​សង់​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​មិន​មែន​ជា​កម្ចី​ទេ​ ប៉ុន្តែ​គឺ​ជា​ការ​វិនិយោគ​ក្នុង​រូបភាព ​BOT ​(Build, Operate and Transfer)​ មាន​ន័យ​ថា​ កសាង​ ប្រតិបត្តិ ​និង​ផ្ទេរ។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បញ្ជាក់​បន្ថែម​ថា៖​ «រាជ​រដ្ឋាភិបាល​ពុំ​មាន​បំណង​ខ្ចី​ទឹក​ប្រាក់​ឱ្យ​ច្រើន​លើស​លប់​ទៅ​លើ​គម្រោង​បែប​នេះ​ទេ។​ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​តែង​តែ​មាន​ភាព​ម៉ឺង​ម៉ាត់​នៅ​ក្នុង​ការ​គ្រប់​គ្រង​បំណុល​បរទេស ​ក៏​ដូច​ជា​ផ្តល់​នូវ​អាទិភាព​ដល់​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​បន្ទាន់​និង​ចាំបាច់ ​ដូច​ជា​ផ្លូវ​ថ្នល់»។​

លោកក៏​បាន​ចោទ​ប្រកាន់​ថា​ អ្នក​សារព័ត៌មាន ​VOA​ បាន​ «ព្រងើយ​កន្តើយ​ដោយ​ចេតនា»​ ចំពោះ​ការ​ពន្យល់​ទាំង​អស់​នោះ ​និង​បន្ត​ប្រើ​ប្រាស់​«នយោបាយ​កខ្វក់ ​(dirty politics)​ចំពោះ​ទំនាក់​ទំនង​កម្ពុជា-ចិន»។​

គម្រោង​ផ្លូវ​ដែក​ប្រវែង​៣៨៣​គីឡូ​ម៉ែត្រ ​ដែល​អាច​រត់​ក្នុង​ល្បឿន​១៦០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ត្រូវ​បាន​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ China Road and Bridge Corporation (CRBC)។ ​គម្រោង​នេះ​មាន​តម្លៃ​ជាង​៤​ពាន់​លាន​ដុល្លារ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ចុះ​ថ្ងៃ​ទី២៣ ​ខែ​មករា​ ឆ្នាំ​២០២៣។​

ទោះ​ជា​យ៉ាងណា ​កម្ចី​របស់​ចិន​បាន​ក្លាយ​ជា​ចំណុច​ក្តៅ​ចុង​ក្រោយ​នៃ​ការ​ពិភាក្សា​លើ​គម្រោង​ក្រវាត់​ពាណិជ្ជកម្ម​ចិន​ ឬ​ Belt and Road Initiative (BRI)​ ដែល​អ្នក​តាម​ដាន​អះអាង​ថា ​អាច​ជា​អន្ទាក់​សម្រាប់​ប្រទេស​ផ្សេងៗ​ដើរ​តាម​អ្វី​ដែល​ចិន​ចង់​បាន ​ជា​ពិសេស​ប្រសិន​បើ​ការ​សង​ត្រឡប់​វិញ​មិន​អាច​ទៅ​រួច ​ដូច​ការ​រំពឹង​ទុក។​

បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​កើន​ដល់​ជិត​១០​ពាន់​លាន​ដុល្លារ ​ហើយ​៤១%​ជា​បំណុល​ជំពាក់​រដ្ឋាភិបាល​ចិន។ ​នេះ​បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២២។​

គួរ​បញ្ជាក់​ថា ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន បាន​សរសើរ​ជំនួយ​របស់​ចិន​ថា​ មិន​មាន​ការ​ភ្ជាប់​លក្ខខណ្ឌ​អ្វី​ឡើយ​ដល់​រដ្ឋាភិបាល​របស់​លោក​ ​ខណៈ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច​បាន​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ ក្រោយ​មាន​ការ​បង្រ្កាប​នយោបាយ​លើ​ក្រុម​ប្រឆាំង​ និង​ការ​ប្រើប្រាស់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​គណបក្ស​ប្រឆាំង៕​

XS
SM
MD
LG