ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្វះស្វែង​រក​​​ហិរញ្ញប្បទាន​ថ្មី​ពី​ចិន ​ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​«អន្ទាក់​បំណុល»


រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។

កំណត់​និពន្ធ៖ អត្ថបទ​ដើម​ដែល​បាន​ចុះ​ផ្សាយជា​ភាសា​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ត្រូវ​បាន​កែ​សម្រួល ដើម្បី​បញ្ជាក់​អំពី​លក្ខណៈ​នៃ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដែល​អាច​នឹង​កើត​មាន​ឡើង រវាង​ចិន​និង​កម្ពុជា​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ដែក​ល្បឿន​លឿន​មួយ​នៅ​កម្ពុជា។

ភ្នំពេញ — លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ​ដើម្បី​ស្វះ​ស្វែង​រក​ការ​ផ្តល់ហិរញ្ញប្បទាន​ជាង​៤.០០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ​ដែល​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ប៉ោយ​ប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​ប្រទេស​ថៃ ​ដែល​ជា​តំបន់​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​ និង​កាស៊ីណូ។

កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ក្លាយ​ជា​និមិត្តសញ្ញា​ថ្មី​បំផុត​មួយ​ទៀត​នៃ​ទំនាក់ទំនង​មិត្តភាព​«ដែកថែប»​រវាង​ប្រទេស​ទាំង​ពីរ ​ដែល​អ្នក​តាម​ដាន​បារម្ភ​អំពី​កំណើន​នៃ​ការ​ពឹង​ផ្អែក​របស់​កម្ពុជា​ទៅ​លើ​ទឹក​ប្រាក់​របស់​ប្រទេស​ចិន ​ដែល​អាច​នាំ​ទៅ​ធ្លាក់​ចូល​«អន្ទាក់​បំណុល» ​និង​មាន​ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច ​និង​ឥទ្ធិពល​ភូមិសាស្រ្ត​នយោបាយ​រយៈ​ពេល​វែង។​

លោក ​ហ៊ុន សែន ​ដែល​រដ្ឋាភិបាល​របស់​លោក​កាន់​តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន ​បាន​ថ្លែង​កាល​ពី​ថ្ងៃទី​១៤ ​ខែ​មករា ​ឆ្នាំ​២០២៣​ ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ថា៖​

«ទស្សន​កិច្ច​របស់​ខ្ញុំ​នៅ​ពេល​ខាង​មុខ​នឹង​មាន​គម្រោង​ថ្មីៗ​ថែម​ទៀត ​ដែល​យើង​ត្រូវ​ពឹង​ពាក់​ពី​មិត្ត​ចិន​ដើម្បី​អភិវឌ្ឍ​កម្ពុជា ​ក្នុង​ហ្នឹង​ប្រហែល​ជា​យើង​ត្រូវ​រៀប​ចំ​គម្រោង​ទាក់​ទិន​ទៅ​នឹង​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​ ដោយ​សារ​យើង​មាន​ផ្លូវ​រថភ្លើង​រួច​ហើយ​ ក៏​ប៉ុន្តែ​ផ្លូវ​របស់​យើង​មិន​អាច​ប្រើប្រាស់​ទាន់​ពេល​ទេ»។​

ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ហ៊ុន សែន​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៩ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​អត្ថបទ​ដើម​របស់​វីអូអេ​ថា​ហិរញ្ញប្បទាន​ផ្លូវ​ដែក​ល្បឿន​លឿន​នេះ​ជា​កម្ចី​របស់​ចិន ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​បក​ស្រាយ​ថា​ នេះ​ជា​ការ​វិនិយោគ​ក្នុង​រូបភាព​នៃ​កិច្ច​ព្រមព្រៀង​ BOT​ (Build Operate Transfer) ​ដែល​មាន​ន័យ​ថា ​«កសាង ប្រតិបត្តិ និង​ផ្ទេរ»។​ ក្នុង​ន័យ​នេះ ​ហិរញ្ញប្បទានពី​ចិន​ត្រូវ​ទូទាត់សង​វិញ​តាម​រយៈ​ចំណូល​ដែល​រក​បាន​ពី​គម្រោង​មួយ​នេះ​ មុន​ពេល​ក្រុមហ៊ុន​វិនិយោគផ្ទេរ​ការ​គ្រប់​គ្រងឱ្យ​កម្ពុជា។ ​រដ្ឋាភិបាល​កម្ពុជា​ហៅ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ទម្រង់​នេះ​ថា ​«ការ​វិនិយោគ»។

លោក អាន សុខខឿន អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា ​បាន​រិះគន់​អត្ថបទ​ដើម​របស់​វីអូអេ ​ដោយ​ចោទថា ការ​ចុះ​ផ្សាយ​«មិន​ត្រឹម​តែ​ពុំ​មាន​លក្ខណ:​វិជ្ជា​ជីវៈ​ទេ ​គឺ​ថែម​ទាំង​បំភាន់​សាធារណ​មតិ​ដើម្បី​បម្រើ​ហេតុផល​នយោបាយ»។

លោក​បញ្ជាក់​ថា៖ ​«ការ​ថ្លែង​ថា​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​របស់​សម្ដេច​តេជោ ហ៊ុន សែន ​នា​សប្ដាហ៍​ក្រោយ​ធ្វើ​ឡើង​“ដោយ​សម្លឹង​មើល​កម្ចី….​ដើម្បី​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន…..” ​គឺ​ជា​ព័ត៌មាន​ខុស​ពី​ការណ៍​ពិត។ ការណ៍​ពិត​គឺ​ថា​ គម្រោង​នេះ​នឹង​មិន​ត្រូវ​គាំទ្រ​ដោយ​ប្រាក់​កម្ចី​ទេ។​ គម្រោង​នេះ​នឹងបើក​ផ្លូវ​សម្រាប់​ការ​វិនិយោគ ​ក្នុង​រូបភាព ​BOT»។​

អ្នក​នាំ​ពាក្យ​រូប​នោះ​ក៏​បាន​ចោទ​ប្រកាន់​ថា ​អ្នក​សារព័ត៌មាន​វីអូអេ«បាន​ព្រងើយ​កន្តើយ ​ដោយ​ចេតនា​ចំពោះ​ការបំភ្លឺទាំង​អស់​នោះ ​និង​បន្តលេង​នូវ​អ្វី​ដែល​គេ​ហៅ​ថា​នយោបាយ​កខ្វក់ ​(dirty politics) ​ចំពោះ​ទំនាក់​ទំនង​កម្ពុជា-ចិន»។

គម្រោង​ផ្លូវ​ដែក​ប្រវែង​៣៨២​គីឡូ​ម៉ែត្រ ​ដែល​អាច​រត់​ក្នុងល្បឿន​១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ត្រូវ​បាន​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ China Road and Bridge Corporation (CRBC)។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ចុះ​ថ្ងៃ​ទី២៣ ​ខែ​មករា​ ឆ្នាំ​២០២៣។​ ទស្សន​វិស័យ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​កំណើន​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា ​ដែល​បំណុល​បរទេស​កើន​ដល់​ជិត​១០​ពាន់​លាន​ដុល្លារ ​ហើយ​៤១%​ជា​បំណុល​ជំពាក់​រដ្ឋាភិបាល​ចិន។ ​នេះ​បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២២។ ​ទោះ​ជា​យ៉ាងណា ​វា​បាន​ក្លាយ​ជា​ចំណុច​ក្តៅ​ចុង​ក្រោយ​នៃ​ការ​ពិភាក្សា​លើ​គម្រោង​ក្រវាត់​ពាណិជ្ជកម្ម​ចិន ឬ​ Belt and Road Initiative (BRI)​ ដែល​អ្នក​តាម​ដាន​អះអាង​ថា ​អាច​ជា​អន្ទាក់​សម្រាប់​ប្រទេស​ផ្សេងៗ​ដើរ​តាម​អ្វី​ដែល​ចិន​ចង់​បាន ​ជា​ពិសេស​ប្រសិន​បើ​ការ​សង​ត្រឡប់​វិញ​មិន​អាច​ទៅ​រួច ​ដូច​ការ​រំពឹង​ទុក។​

រូបឯកសារ៖ ពលរដ្ឋ​បើក​ម៉ូតូ​នៅ​លើ​ផ្លូវ Mombasa ដែល​ស្ថិត​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​មហាវិថី Nairobi Expressway ដែល​សាងសង់​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​ កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១។
រូបឯកសារ៖ ពលរដ្ឋ​បើក​ម៉ូតូ​នៅ​លើ​ផ្លូវ Mombasa ដែល​ស្ថិត​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​មហាវិថី Nairobi Expressway ដែល​សាងសង់​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​ កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១។

លោក​បណ្ឌិត​ អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​នៃ​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ ​និង​ការ​អភិវឌ្ឍ​នៃ​សាកលវិទ្យាល័យ ​Arizona State University ​ប្រាប់​វីអូអេតាម​សារ​អ៊ីមែល​ថា៖​

«ការ​បន្ត​ពឹង​ផ្អែក​លើ​រដ្ឋ​ណាមួយ​គឺ​ជា​ហានិភ័យ។ ​អ្នក​មិន​ចង់​ដាក់​ស៊ុត​ទាំង​អស់​នៅ​ក្នុង​កន្ត្រក​តែ​មួយ​ទេ។ ​កម្ពុជា​នៅ​បន្ត​ធ្វើ​ដូច​នេះ។​ ជំពាក់​លុយ​ប្រទេស​ចិន​ជិត​៥០%​នៃ​បំណុល​សាធារណៈ​ វាមិន​ល្អ​ឡើយ»។​

លោក​បន្ថែម​ថា៖​ «វា​ពិត​ជា​ច្រើន​មែន​ទែន ​ហើយ​គាត់​ [លោក ហ៊ុន សែន] ​កំពុង​តែ​ចង​ភ្ជាប់​អនាគត​នយោបាយ​របស់​គាត់​ទៅ​កាន់​ប្រទេស​ចិន។ ​គាត់​បាន​ធ្វើ​ដូច​នេះ​ច្រើន​មក​ហើយ ​ហើយ​នឹង​បន្ត​ធ្វើ​កាន់​តែ​ខ្លាំង​បំផុត​នៅ​ពេល​ខាង​មុខ»។​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​កំពុង​មាន​ជម្លោះ​ជា​សាកល​ជាមួយ​ប្រទេស​ចិន​ បាន​ព្រមាន​ប្រទេស​នានា​ប្រឆាំង​នឹង​ការ​ខ្ចី​បំណុល​យ៉ាង​ច្រើន​សម្បើម ​ក្រោម​យុទ្ធសាស្ត្រ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង ​BRI​ របស់​ប្រទេសចិន។ ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​ គំនិត​ផ្តួច​ផ្តើម ​BRI ​គឺ​ជា​អន្ទាក់​បំណុល ​និង​អាច​នាំ​ឲ្យ​ប្រទេស​ទាំង​នោះ​បាត់​បង់​ការ​គ្រប់គ្រង​ទៅ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​ដាក់​ជាទ្រព្យ​បញ្ចាំ​ ដោយ​លើក​ឡើង​ករណី​នៅ​ប្រទេស​ស្រីលង្កា ​ដែល​ធ្លាក់​ក្នុង​អន្ទាក់​ នៅ​ពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គ្រប់គ្រង​កំពង់​ផែ​សំខាន់ ​ក្រោយមិន​អាច​បង់​សង​ត្រឡប់​មកវិញ។​

រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ បាន​ការពារ​ថា​ ការ​ខ្ចី​អាច​គ្រប់គ្រង​បាន។ ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ផ្លូវ​ការ​របស់​ខ្លួន​ថា ​បំណុល​បរទេស​បច្ចុប្បន្ន​មាន​ចំនួន​៩.៤៧០​លាន​ដុល្លារ ​ប្រមាណ​៣៥%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)​ដែល​មាន​ប្រមាណ​២៧​ពាន់​លាន​ដុល្លារ។​ រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ​កម្ពុជាអាច​បន្ត​ខ្ចី​ទៅ​ដល់​ជាង​១២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣។​

របាយការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ Kiel Institute ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​កាល​ពីឆ្នាំ​២០១៩ ​បាន​ប៉ាន់​ប្រមាណ​ថា ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី​៦​ក្នុង​ចំណោម​ប្រទេស​៥០ ​ដែល​ជំពាក់​បំណុលប្រទេស​ចិន​ច្រើន​ ដោយ​គិត​ទាំង​កម្ចី​ផ្លូវការ​រវាង​រដ្ឋ​និង​រដ្ឋ ​និង​បំណុល​ឯកជន។​ អ្នក​ស្រាវជ្រាវ​នៃ​របាយ​ការណ៍​នេះ​បាន​លើក​ឡើង​ថា ​ប្រទេស​កម្ពុជា ​និង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ​ដូច​ជា​ប្រទេស​ឡាវ ​និង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ​(Kyrgyzstan)​ មាន​សេដ្ឋកិច្ច​តូច​នៅ​ឡើយ​ ហើយ​មាន​ទីតាំង​ភូមិ​សាស្ត្រ​ស្ថិត​នៅ​ជិត​ប្រទេស​ចិន​ ដែល​ងាយ​នឹង​រង​គ្រោះ​ដោយសារ​បំណុល​ចិន។​

របាយការណ៍​ដដែល​បាន​បង្ហាញ​កង្វល់​អំពី​កំណើន​យ៉ាង​លឿន​នៃ​អត្រា​បំណុល​ដែល​ប្រទេស​ទាំង​នោះ​ជំពាក់​ចិន​ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​លើក​ឡើង​ថា​ វា​អាចមាន​ទាំងហានិភ័យ ​ការ​ប្រាក់​ខ្ពស់ ​និង​កង្វះ​តម្លាភាព។​

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល VOA ​បានសួរ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​នោះ​ទេ។​

ស្ថានទូត​ចិន​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៩​បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ ​និង​ស្ពាន​ចំនួន​៨​សម្រាប់​ប្រទេស​កម្ពុជា ​ដែល​មាន​ប្រវែង​សរុប​ជាង​៣​ពាន់​គីឡូ​ម៉ែត្រ។ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ទំហំ​បំណុល​សរុប​សម្រាប់​គម្រោង​ទាំង​នោះ​ទេ។​

គម្រោង​ផ្លូវ​ល្បឿន​លឿន​ដែល​កំពុង​ដំណើរ​ការ ​ហើយ​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​ពី​អ្នក​ធ្វើ​ដំណើរ​ មាន​តម្លៃ​សាង​សង់​សរុប​ប្រមាណ​១.៩០០​លាន​ដុល្លារ​អាមេរិក ​ដែល​ជា​កម្ចី​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន​ ហើយ​ជួល​ក្រុមហ៊ុន​ China Road and Bridge Corporation​ (CRBC) ​ដើម្បី​ស្ថាបនា​ផ្លូវ​ដែល​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ​ដែល​សម្បូរ​ទៅ​ដោយ​ការ​វិនិយោគ​របស់​ចិន​ ដូចជា​កាស៊ីណូ ​សំណង់​អគារ​ជាដើម។ ​ប៉ុន្តែ​វា​ក៏​បង្ក​ជាឧក្រិដ្ឋកម្ម​នានា​ដែល​កើត​ឡើង​ពី​សំណាក់​ជនជាតិ​ចិន ​នៅ​ពេល​មាន​កំណើន​វិនិយោគ​បរទេស។​

អ្នក​ស្រាវជ្រាវ​ឈ្មោះ​ Jing Jing Luo ​និង​ Kheang Un ​បាន​សរសេរ​កាល​ពី​ឆ្នាំ​មុន ​នៅ​ក្នុង​ឯកសារ​សិក្សា​មួយ​ឈ្មោះ​ Contemporary Southeast Asia​ ថា​ ការ​វិនិយោគ​និង​ជំនួយ​របស់​ចិន​គឺ​ជា​កាំបិត​មុខ​ពីរ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ ​

ពួកគេ​សរសេរ​ថា៖ ​«ការ​ភ្ជាប់​ទំនាក់​ទំនង​របស់​ចិន​អាច​ពង្រឹង ​និង​ធ្វើ​ឲ្យ​មាន​កម្សោយ​ភាព​នៃ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ថា​ វា​អាច​ជួយ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ​តែ​ការ​វិនិយោគ​របស់​ចិន​ខ្លះ​មាន​ឥទ្ធិ​ពល​អវិជ្ជមាន​ផ្នែក​សេដ្ឋ​កិច្ច​សង្គម​លើ​សាធារណ​ជន​កម្ពុជា ​ដូច្នេះ​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។​

នា​ដើម​ខែ​មករា​នេះ​ លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា ​លោក​មាន​គម្រោង​ទៅ​ប្រទេស​ចិន​ដើម្បី​ចុះ​ហត្ថលេខា​លើ​ការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ​ទីក្រុង​បាវិត ​ក្នុង​ខេត្ត​ស្វាយរៀង ​ជាប់​ព្រំដែន​វៀតណាម​ ដោយ​មាន​ការ​ចំណាយ​ប្រមាណ​១.៦៣០​លាន​ដុល្លារ​អាមេរិក។

រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ​ត្រូវ​បាន​រិះគន់​ថា ​ការ​ពារ​ប្រទេស​ចិន​លើ​ឆាក​អន្តរជាតិ​ទាក់ទង​នឹង​បញ្ហា​ប្រឈម​នឹង​ចិន ​ដូច​ជា​សមុទ្រ​ចិន​ខាង​ត្បូង ​និង​កោះ​តៃវ៉ាន់​ជាដើម។​

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ឈរ​ស្ដាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែលជា​ជំនួយ​របស់​សមភាគី​ចិន នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ (Lon Jadina/Pool Photo via AP)
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ឈរ​ស្ដាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែលជា​ជំនួយ​របស់​សមភាគី​ចិន នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ (Lon Jadina/Pool Photo via AP)

កាលពី​ខែ​សីហា​ ឆ្នាំ​មុន ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ចិន ​លោក​ ហ៊ុន សែន​បាន​សង្កត់​ធ្ងន់​ថា ​កម្ពុជា​ប្តេជ្ញា​ពេញ​ទំហឹង​ទៅ​នឹង​គោល​នយោបាយ​ចិន​តែ​មួយ ​និង​បញ្ជាក់​ថា​ កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។​

លោក​ ឯម សុវណ្ណារ៉ា ​សាស្រ្តាចារ្យ ​និង​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​នៅ​កម្ពុជា ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​តម្លា​ភាព​ទៅ​លើ​បំណុល​ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​វា​ផ្តល់​ប្រយោជន៍​ដល់​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​កម្ពុជា​ពិត​ប្រាកដ។ ​លោក​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ផង​ដែរ​នៃ​បំណុល​បរទេស។​

លោក​ថ្លែង​ថា៖ ​«ចង់​ឲ្យ​យើង​មាន​តុល្យភាព​គ្នា​នៅ​ក្នុង​កម្ចី​ដែល​យើង​ខ្ចី​ពី​លោក​ខាង​កើត ​ចិន​នេះ ​ឲ្យ​មាន​តុល្យភាព​ពី​លោក​ខាង​កើត​ដទៃ​ទៀត ​ដូច​ជា​កូរ៉េ​ខាងត្បូង​ ដូចជា​ជប៉ុន ​ហើយ​នឹង​លោក​ខាង​លិច​ដែរ»។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​ សុខ ឥសាន ​បាន​ការពារ​ថា រដ្ឋាភិបាល​មាន​គោលការណ៍​ច្បាស់​លាស់​ក្នុង​ការ​ខ្ចី​បំណុល​ពី​ប្រទេស​ផ្សេង។​ ដូច្នេះ​មិន​គួរ​មាន​ការ​ព្រួយ​បារម្ភ​ថា សង​មិន​រួច​ឡើយ។​

លោក​ថ្លែង​ថា៖ ​«គាត់ ​[អ្នក​រិះគន់]​ ថា​ច្រើនៗ​ហ្នឹង​ ឥឡូវ​ទើប​បាន​ប្រមាណ​៣៦%​នៃ​ GDP ​របស់​កម្ពុជា​ទេ ​ហើយ​ដែល​ជា​ចំនួន​អត្រា​ដែល​អាច​គ្រប់គ្រង ​ដែល​រាជ​រដ្ឋាភិបាល​លោក​អាច​គ្រប់គ្រង​បំណុល​អន្តរ​ជាតិ​ហ្នឹង​បាន​ ហើយ​យើង​ក៏​មាន​លទ្ធភាព​សង​ទៅ​បណ្តា​ប្រទេស​ជា​មិត្ត​ដែល​ជា​ម្ចាស់​ជំនួយ​ហ្នឹង​ដែរ ​អត់​មាន​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ»។​

គួរ​បញ្ជាក់​ថា ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​ បាន​សរសើរ​ជំនួយ​របស់​ចិន​ថា​ មិន​មាន​ការ ភ្ជាប់​លក្ខខណ្ឌ​អ្វី​ឡើយ​ដល់​រដ្ឋាភិបាល​របស់​លោក​ ​ខណៈ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច​បាន​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ ក្រោយ​មាន​ការ​បង្រ្កាប​នយោបាយ​លើ​ក្រុម​ប្រឆាំង​ និង​ការ​ប្រើប្រាស់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​គណបក្ស​ប្រឆាំង៕​

លោក​ ហាន ណូយ​ រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះពី​រាជធានី​ភ្នំពេញ​

XS
SM
MD
LG