ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​​ដោយ​ហោះត្រង់​មក​ខេត្តព្រះសីហនុ​វិញ​ បន្ទាប់ពី​ខកខាន​​​​ជាង​បី​ឆ្នាំ​ដោយសារ​​​កូវីដ​១៩


ជនជាតិចិនមួយក្រុមបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាលើកដំបូង ក្នុងអំឡុងពេលបីឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩
ជនជាតិចិនមួយក្រុមបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាលើកដំបូង ក្នុងអំឡុងពេលបីឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩

ភ្ញៀវទេសចរ​និង​អ្នកវិនិយោគជនជាតិ​ចិន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ហោះត្រង់មកកាន់​ខេត្ត​ព្រះសីហនុ​វិញ​នៅ​ថ្ងៃ​សុក្រនេះ​ បន្ទាប់​ពី​ខកខាន​អស់​រយៈពេលជាង​បី​ឆ្នាំ​ដោយ​សារការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ ប្រាប់​ VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នៅ​ថ្ងៃ​សុក្រ​នេះ ជនជាតិ​ចិន​ដែល​មាន​ទាំង​ភ្ញៀវទេសចរ និង​អ្នកវិនិយោគធ្វើ​ដំណើរ​តាមជើង​យន្តហោះ ដោយ​ហោះ​ត្រង់​ពី​ខេត្តគុនមីង ប្រទេស​ចិន មក​កាន់​ខេត្តព្រះ​សីហនុ។ លោក​ថា ជើង​ហោះហើរ​នៅ​ថ្ងៃ​សុក្រ​នេះ គឺជា​ជើង​ដំបូង​ដែល​មាន​អ្នក​ទេសចរ និង​អ្នក​វិនិយោគ​ចិន​ចំនួន​ ១១៩ ​នាក់​មក​កាន់​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ចិន​បានរឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ខ្លួន​អស់​រយៈពេល​ប្រមាណ​ជា​បី​ឆ្នាំ​ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។​

លោក​ថ្លែង​ថា៖ «រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ យើង​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​ យើង​នឹង​រៀបចំ​ពិធីមួយ​ក្នុង​ការទទួលស្វាគមន៍​ដំណើរ​ត្រឡប់​មកវិញ​របស់​អ្នក​ទេសចរ អ្នកវិនិយោគ​ចិន ហើយ​ដែល​ហោះ​តាម​ជើង​យន្ត​ហោះពីគុនមីង​មកត្រង់ direct មក​កាន់​ព្រលាន​យន្តហោះ​ខេត្ត​ព្រះ​សីហនុ​របស់​យើង​នេះ ដែល​យើងអាចថា​ជា​ព្រឹត្តិការណ៍​មួយ​ដែលខកខាន ដោយសារ​កូវីដ​១៩​ ហ្នឹង ខកខានក្នុងការ​ដែល​មាន​ភ្ញៀវ​ទេសចរ​មកពី​ចិន​ក្នុង​រយៈពេល​បីឆ្នាំ​នេះ»។

បើតាម​លោក ឡុង ឌីម៉ង់ការ​ត្រឡប់​មកវិញ​នូវ​អ្នកទេសចរ​និង​អ្នក​វិនិយោគ​ជនជាតិ​ចិន​នេះ​ នឹង​ជំរុញ​ឱ្យកំណើន​សេដ្ឋកិច្ច​កម្ពុជាមាន​ភាព​ល្អ​ប្រសើរ។

លោក​ថ្លែង​បន្ថែម​ថា៖ «កុំថា​តែ​ជនជាតិ​ចិន ជនជាតិ​ណាក៏​ដោយ ​នៅពេល​ដែល​យើង​ទទួល​ទេសចរ​ពីគ្រប់​ជនជាតិ​ទាំងអស់​នៅលើ​ពិភពលោក គឺថា​ឱ្យតែ​ទេសចរ​មកលេង​កម្សាន្ត ឬក៏​មកធ្វើ​អាជីវកម្ម​មកធ្វើ​វិនិយោគ​ គឺសុទ្ធតែ​ការ​ផ្តល់នូវ​កំណើន​សេដ្ឋកិច្ច ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​យើងឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ»។​

កាលពី​ថ្ងៃទី​ ២ ខែ​មករា ឆ្នាំ​ ២០២៣ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ប្រកាសបើកទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិនដោយ​មិនតម្រូវឱ្យ​ពួកគេ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ និង​មិនមានការ​រឹតត្បិត​ផ្នែក​សុខាភិបាល​ណាមួយ​ឡើយ។​ លោក​ថ្លែង​បន្ថែម​ដោយរំពឹងថានឹង​អាច​ទទួលបាន​ទេសចរ​ចិន​ប្រមាណ ២ ​លាន​នាក់​ក្នុង​ឆ្នាំ ២០២៣ នេះ ស្រប​ពេល​ដែលប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ ​ បាន​ដាក់​ចេញ​វិធានការ​ទាក់ទង​នឹង​ការ​ធ្វើដំណើរ​របស់​ជនជាតិ​ចិន​ ដោយ​បារម្ភ​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ ឡើង​វិញ។​

បើទោះបី​មិនមាន​ការ​ធ្វើ​តេស្ត​លើ​អ្នកដំណើរ​ជនជាតិ​ចិន​ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា អាជ្ញាធរ​បន្ត​អនុវត្ត​តាម​វិធានការសុខាភិបាលបី​កុំ និង​បីការពារ​ដដែល។​

លោក​បណ្ឌិត មាស នី អ្នក​សិក្សា​ពី​ការ​វិវឌ្ឍ​សង្គម​លើក​ឡើង​ថា ការ​ដែល​មាន​អ្នក​ទេសចរ​ច្រើន នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ។ ទោះ​យ៉ាង​ណា​ក្តី លោក​ថា រដ្ឋាភិបាល​គួរ​មានការ​ប្រុង​ប្រយ័ត្នអំពីជំងឺ​រាតត្បាត និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់​លើ​អំពើ​ជួញដូរ​ផ្សេងៗ និង​ភាពអសន្តិសុខសង្គម​ក្នុង​ខេត្ត​ព្រះ​សីហនុ។

លោកប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រនេះ​ថា៖ «ចៀសវាង​ការលាង​លុយ​កង្វក់​ផ្សេងៗ​ ហើយ​ទី ២ ក៏ធ្វើ​ម៉េច​កុំ​ឱ្យ​ស្ថានភាព​នៃវត្តមាន​របស់​ពលរដ្ឋ​ចិន​ហ្នឹង ​វា​ក្លាយទៅ​ជា​បរិបទ​មួយ​ដែល​យើងធ្លាប់​ឃើញនៅ​មុន​ពេលកូវីដ ដែល​មានការ​បាញ់​បោះ​កាន់តែ​ច្រើន​ ហើយ​អំពើ​ហិង្សា​ក្នុង​ចំណោម​ជនជាតិ​ចិន​ហ្នឹង​ក៏​មាន​ច្រើន​ដែរ​។ បើមាន​អ៊ីចឹង​ទៀត​ វាធ្វើ​ឱ្យ​ពលរដ្ឋខ្មែរ​ភ័យ​ខ្លាច​ផង ហើយ​ក៏​ធ្វើ​ឱ្យ​កិត្តិយស​របស់​ប្រទេស​ចិន ​ពលរដ្ឋ​ចិន​ក្នុង​ប្រទេស​ខ្មែរ​អាច​ទទួលការរើសអើង​ពីពលរដ្ឋកម្ពុ​ជា​ផងដែរ​ បើ​សិន​ជា​យើង​គ្រប់គ្រង​ស្ថានភាព​អសន្តិសុខ​ហ្នឹង​មិនអស់»។​

បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២២​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណជា​ ២,២៨ លាននាក់។ ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​មាន​ប្រមាណជា​ ១០៦.៨៧៥ នាក់៕

XS
SM
MD
LG