ដើម្បីរក្សាជំនឿទុកចិត្តរបស់អតិថិជន ម្ចាស់គម្រោងបុរីឡេង ណាវ៉ាត្រា បានជូនដំណឹងទៅអតិថិជនរបស់ខ្លួនថា អតិថិជនអាចសម្រេចយកដីជំនួយឱ្យផ្ទះ ដែលសង់មិនទាន់រួច។
ការជូនដំណឹងនោះសំដៅទៅលើគម្រោង៦A របស់ក្រុមហ៊ុន ដែលស្ថិតនៅតាមផ្លូវជាតិលេខ៦A ហើយមានចម្ងាយ១៩គីឡូម៉ែត្រពីរង្វង់មូលវត្តភ្នំ ក្នុងទីក្រុងភ្នំពេញ។
ក្រុមហ៊ុន បានផ្តល់ជម្រើសពីរឱ្យអតិថិជនក្នុងការប្តូរផ្ទះយកដី ដោយគិតតាមតម្លៃផ្ទះតួយ៉ាង ផ្ទះ១ដែលស្ថិតនៅគម្រោងផ្លូវ៦Aមានតម្លៃជិត៤ ម៉ឺនដុល្លារ($៣៩.៨០០០) អាចដូរបានដីខ្នាតវិឡា២ ប្លង់តម្លៃ$៦០.០០០។
ទំព័រហ្វេសប៊ុករបស់លោកឡេង ណាវ៉ាត្រា បានចេញផ្សាយសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៩ខែមេសាថា ការដោះដូរនេះ ជាដំណោះស្រាយមួយផ្នែក តាមការសំណូមពរពីអតិថិជន។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់បន្ថែមក្នុងន័យដើមថា៖«ខ្ញុំបាទសម្រេចចិត្តកាត់ដីមួយផ្នែកដើម្បីដោះដូរខ្លះ និងបំបែកប័ណ្ណប្លង់រឹងជូនចន្លោះពី៤៥ថ្ងៃទៅ៩០ថ្ងៃ ដែលជួយសម្រួលតម្រូវការចាំបាច់បងប្អូនយកទ្រព្យសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន»។
ក្រោយការប្រកាសនេះ អ្នកតាមដានមួយចំនួន មានមតិចម្រុះថា នៅក្នុងករណីនេះ អាជ្ញាធរត្រូវតែពិនិត្យមើលឱ្យច្បាស់លាស់ថា នីតិវិធីដោះដូរនេះ អាចបង្កផលវិបាក ឬការខាតបង់យ៉ាងណាដល់អតិថិជន ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងដើម្បីកុំឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែរងសម្ពាធខ្លាំង ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។
អ្នកជំនាញផ្នែកច្បាប់លោក វ៉ន ចាន់ឡូត យល់ថា អាជ្ញាររដ្ឋត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ចំពោះករណីនៃការប្តូរផ្ទះយកដីនេះ ព្រោះវាស្ថិតក្នុងការទទួលខុសត្រូវដែលមានចែងក្នុងកិច្ចសន្យារវាងអតិថិជន និងក្រុមហ៊ុន ដើម្បីបញ្ចៀសការខូចខាតរបស់អតិថិជន និងការគេចវេះរបស់ក្រុមហ៊ុនពីការមិនបំពេញកាតព្វកិច្ចរបស់ខ្លួន។
លោកថ្លែងថា៖«អាជ្ញាធររដ្ឋ អាចមានតុលាការគឺ គួរតែចេញនូវដីកាបង្ខំអនុវត្តឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវអនុវត្តកាតព្វកិច្ចក្នុងករណីទី១។
ប្រសិនជា ការចាប់បង្ខំឱ្យអនុវត្តកាតព្វកិច្ច នៅតែមិនអាចទទួលបានផ្លែផ្កា ជំហានទី២គឺត្រូវមើលទៅលើបទល្មើសផ្សេងៗទៀត វាអាចពាក់ព័ន្ធទេ ជាមួយនឹងការឆបោក វាអាចពាក់ព័ន្ធទេជាមួយនឹងការមិនអនុវត្តកាតព្វកិច្ច ដោយចេតនាគេចវេះពីការទទួលខុសត្រូវ»។
លោកបន្ថែមថា ប្រសិនបើការអនុវត្តច្បាប់មិនមានការបែងចែកឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការទិញដូរអចលនទ្រព្យនេះទេ នោះប្រព័ន្ធយុត្តិធម៌អាចទទួលរងការរិះគន់ ហើយអ្នកដែលរងគ្រោះគឺមានតែប្រជាពលរដ្ឋដែលជាអតិថិជនតែប៉ុណ្ណោះ។
បើតាមលោក វ៉ន ចាន់ឡូត បើសិនមានភាពមិនប្រក្រតីណាមួយកើតឡើងក្នុងការដោះដូរផ្ទះយកដីនោះ ទំនុកចិត្តក្នុងវិស័យអចលនទ្រព្យក៏អាចរងផលប៉ះពាល់។
លោកថ្លែងថា៖ «ករណីទាំងអស់នេះនឹងនាំឱ្យប៉ះពាល់ទំនុកចិត្តរវាងប្រជាពលរដ្ឋទៅនឹងប្រព័ន្ធយុត្តិធម៌ហើយនិងរដ្ឋអំណាច និងមួយទៀតក៏វាអាចជះផលអាក្រក់ទៅកាន់សហគមន៍អន្តរជាតិជាពិសេសអ្នកវិនិយោគិនអន្តរជាតិដែលគេមានបំណងចង់ដាក់ទុនវិនិយោគនៅកម្ពុជា»។
ជាមួយគ្នានេះដែរ នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជាលោក អ៊ឹម នរិន្ទមើលឃើញថា ក្នុងករណីដែលក្រុមហ៊ុនឱ្យអតិថិជនយកដីជំនួសឱ្យផ្ទះនេះ ប្រជាពលរដ្ឋអាចនៅតែងាយនឹងទទួលរងគ្រោះ ដោយសារតែពួកគេអាចធ្វើតែទៅតាមសំណើរបស់ភាគីម្ចាស់បុរី ខណៈប្រជាពលរដ្ឋនៅខ្វះការការពារតាមផ្លូវច្បាប់ក្នុងវិស័យអចលនទ្រព្យដែលកំពុងជួបបញ្ហាប្រឈមមួយនេះ។
លោកប្រាប់វីអូអេថា៖«ជារួមមិនគួររដ្ឋាភិបាលបន្ត បណ្តោយឱ្យប្រជាពលរដ្ឋរងគ្រោះពីបញ្ហាទាក់ទងនឹងបញ្ហាអចលនទ្រព្យហ្នឹងទេ។ គួរតែមានវិធានការស្របស្រមជួយសម្រួលដើម្បីឱ្យប្រជាពលរដ្ឋគាត់មានលំនឹងក្នុងគ្រួសារគាត់ គាត់មានជម្រកគ្រួសាររបស់គាត់»។
លោកឱ្យដឹងទៀតថា វិស័យអចលនទ្រព្យក៏ជាវិស័យមួយសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ តែបើរដ្ឋាភិបាលមិនចូលរួមពិនិត្យមើលលើជុំវិញករណីទាំងអស់នោះទេ វានឹងធ្វើឱ្យវិស័យនេះកាន់តែធ្លាក់ចុះទៅ។
លោកបន្ថែមថា៖«ដឹងថា វិស័យអចលនទ្រព្យជាវិស័យមួយសំខាន់សម្រាប់សេដ្ឋកិច្ច ឥឡូវនេះវិស័យអចលនទ្រព្យអាចថា មានកំណើនទាបឬមិនសូវកំណើន។ អ៊ីចឹងបើសិនជាពលរដ្ឋអត់មានទំនុកចិត្តទេ គឺគាត់នឹងបញ្ឈប់ឬក៏កាត់បន្ថយការទិញ។ អ៊ីចឹងធ្វើឱ្យវិស័យហ្នឹងកាត់បន្ថយនូវចលនានៃវិស័យហ្នឹងកាន់តែថមថយទៅទៀតដែរ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោកឡេង ណាវ៉ាត្រា តាមលេខទូរសព្ទដែលមានលើទំព័រហ្វេសប៊ុករបស់លោក។
យ៉ាងណាមិញ ទំព័រហ្វេសប៊ុករបស់ឡេង ណាវ៉ាត្រា បានអះអាងថា មធ្យោបាយប្រគល់ដីជំនួសឱ្យផ្ទះដល់អតិថិជនគឺជាផ្នែកមួយនៃការទទួលខុសត្រូវរបស់គម្រោងបុរីឡេង ណាវ៉ាត្រា និងជាវិធានការប្រកបដោយសមធម៌ដើម្បីកុំឱ្យអថិតិជនមានការខាតបង់។
ក្នុងឃ្លីបវីដេអូមួយចេញផ្សាយកាលពីថ្ងៃទី២៣ ខែមេសាក្នុងបណ្តាញសង្គមហ្វេសប៊ុក លោកឡេង ណាវ៉ាត្រា បានលើកឡើងថា៖ «ដូច្នេះដើម្បីជាសមធម៍ ខ្ញុំគិតដោះដូរឱ្យទំហំដី ឱ្យបានសមាមាត្រនឹងថវិកាកុំឱ្យមានការខាតបង់ នឹងរៀបចំរចនាសម្ព័ន្ធជាមួយបុរី ភ្លើង ទឹក ផ្លូវបេតុង លូ និងការចាក់ដីបំពេញកូដឱ្យដូចគ្នា ហើយនឹងប្រឹងប្រែងបំបែកប័ណ្ណរឹងឱ្យបានលឿន តាមដែលអាចធ្វើបាន»។
លោកបន្ថែមថា ការដោះដូរផ្ទះយកដីនេះ នឹងធ្វើឡើងសម្រាប់តែអតិថិជនស្ម័គ្រចិត្តដែលគាត់មានតម្រូវការចាំបាច់ ខណៈក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការសាងសង់។ ចំណែកគម្រោងបុរីនៅតែប្រកាន់គោលជំហរបញ្ចប់ទាំងស្រុងដដែល។
លោកលើកឡើងថា៖«បច្ចុប្បន្នមានក្រុមហ៊ុនជាង ២០០ ក្រុមហ៊ុនដែលមានការយឺតយ៉ាវ មិនមែនតែបុរីនឹងក្រុមហ៊ុនយើងទេ។ ខ្ញុំនឹងខិតខំបញ្ចប់គម្រោង ខណៈនេះ ខ្ញុំប្រឹងលក់ដីច្រើនកន្លែងលក់បានខ្លះ ដើម្បីប្រមែប្រមូលយកនឹងកំពុងតែធ្វើការជាមួយក្រសួងដើម្បី ដោះស្រាយបំបែកបណ្ណរឹងឱ្យបានលឿន និងឱ្យបានគ្រប់គ្នា»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត បានទេនៅថ្ងៃពុធនេះ។
វិស័យអចនទ្រព្យប្រទេសកម្ពុជាបានប្រឈមបញ្ហាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សេដ្ឋីមួយចំនួននៅកម្ពុជាត្រូវបានគេរាយការណ៍ថា បានរងការរិះគន់ចំពោះការលក់អចលនទ្រព្យបែបបោកប្រាស់ទៅឱ្យពលរដ្ឋរាប់ពាន់នាក់ ដែលកំពុងប្រឈមនឹងការលំបាកក្នុងការសងបំណុលដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារចំពោះកម្ចីដែលបានប្រើដើម្បីវិនិយោគលើគម្រោងដីធ្លីឬគម្រោងសំណង់ក្នុងសហគមន៍ផ្សេងៗ។
នៅក្នុងករណីលេចធ្លោខ្លះ ឧកញ៉ាដែលរកស៊ីក្នុងវិស័យអចនទ្រព្យត្រូវបានចាប់ខ្លួននិងរងការចោទប្រកាន់ពីបទឆបោកនៅក្នុងគម្រោងដាច់ដោយឡែកពីគ្នា បន្ទាប់ពីពលរដ្ឋនៅតាមខេត្តមួយចំនួនបានចោទប្រកាន់ថា ឧកញ៉ាទាំងនោះ មិនបានគោរពតាមពាក្យសន្យាក្នុងការផ្តល់ភាគលាភប្រចាំខែពីគម្រោងវិនិយោគដីធ្លីឬគេហដ្ឋានក្នុងគម្រោងសាងសង់ដែលសន្យាថានឹងផ្តល់ឱ្យ។
កាលពីពេលថ្មីៗនេះ សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធីវើល៍ និងបក្ខពួក ពីបទឆបោកមានស្ថានទម្ងន់ទោស មិនបំពេញ«កាតព្វកិច្ចឧបករណ៍អាចជួញដូរបាន» និងសម្អាតប្រាក់ ដែលសំដៅលើកាតព្វកិច្ចសងប្រាក់ ក្រោយពីមានការទាមទារ ពីពលរដ្ឋដែលអះអាងថា ខ្លួនជាអ្នករងគ្រោះចាញ់បោកក្នុងការវិនិយោគមួយជាមួយក្រុមហ៊ុនមួយនេះ។ តែទោះជាយ៉ាងណាក្តី ពលរដ្ឋដែលរងគ្រោះមិនទាន់មានការទូទាត់សងប្រាក់ដល់ខ្លួនវិញនោះទេ។
លោក មាស សំអុល ប្រធានគ្រប់គ្រងគម្រោងអចលនទ្រព្យបែបឌីជីថលក្នុងប្រទេសកម្ពុជា(BAYONAPP) ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការដោះដូរផ្ទះយកដីនៃគម្រោងអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាដំណោះស្រាយមួយដែលម្ចាស់អចលនទ្រព្យនេះព្យាយាមរកដំណោះស្រាយជូនប្រជាពលរដ្ឋ ខណៈជួបប្រទះការលំបាក និងថាករណីរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា មិនដូចទៅនឹងករណីរបស់អតីតឧកញ៉ាឡេង ចាន់ណាឡើយ។
លោកថ្លែងថា៖«គម្រោងរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនជាការចូលហ៊ុនចូលអីវិនិយោគអីទេ។ វាជាការទិញគម្រោងដី ប៉ុន្តែគាត់មិនទាន់បានបំពេញលក្ខខណ្ឌជូនអតិថជនបាន។ ចំពោះគម្រោងនោះវិញ មានលក្ខណៈដូចចូលហ៊ុនកៀរគរឱ្យអតិថជនមកទិញដីជាលក្ខណៈចូលហ៊ុនដោយសន្យាថា ទទួលបានប្រាក់ចំណេញអីផ្សេង អ៊ីចឹងគឺវាមានលក្ខណៈខុសគ្នា»៕
វេទិកាបញ្ចេញមតិ