ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតិថិជន​បុរីពិភពថ្មី​ស្នើសុំ​ចរចា​ជាមួយ​អ្នក​ឧកញ៉ា​ ហុង ពីវ​ ដើម្បី​បញ្ចប់​វិវាទ​ទិញដូរ​ផ្ទះ


ពលរដ្ឋធ្វើដំណើរឆ្លងកាត់ការិយាល័យបុរីពិភពថ្មី ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)
ពលរដ្ឋធ្វើដំណើរឆ្លងកាត់ការិយាល័យបុរីពិភពថ្មី ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

អតិថិជន​របស់​ក្រុមហ៊ុន​បុរីពិភពថ្មីជាង​៣០នាក់​បាន​ចេញ​តវ៉ា​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ទទួល​ទិញ​ផ្ទះ​របស់​ពួកគេ​វិញ​ជាមួយ​នឹង​ទឹក​ប្រាក់​៥០​ភាគរយ​នៃ​ប្រាក់​បង់​ប្រចាំ​ខែ​ឱ្យ​ទៅ​ក្រុមហ៊ុន។ ពួក​គេ​ក៏បាន​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ជំនួប​រវាង​ពលរដ្ឋ ​និង​អ្នក​ឧកញ៉ា ហុង ពីវ​ ដើម្បី​ជជែក​រក​ដំណោះស្រាយ។

ក្រុមហ៊ុន​បុរីពិភព​ថ្មី​ ដែល​ជា​របស់​អ្នកឧកញ៉ា​ ហុង ពីវ​ គឺ​ជា​ក្រុមហ៊ុន​ដែល​បណ្តាក់ទុន​លើ​ការ​សាងសង់​គេហដ្ឋាន​រស់នៅ​ និង​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា។ ​ក្រុមហ៊ុន​នេះ​មាន​គម្រោង​សាងសង់​ជាច្រើន​ក្នុង​ និង​ជាយ​ទីក្រុង​ភ្នំពេញ។

នៅ​ឯ​គម្រោង​មួយ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ ប្រជាពលរដ្ឋ​ដែល​ចូលរួម​ការ​តវ៉ា​ បាន​ប្រាប់​វីអូអេ​ថា ពួក​គាត់​មិន​អាច​ធ្វើ​ទៅ​តាម​គោលការណ៍​ថ្មី​មួយ ​ដែលកំណត់​ដោយ​ក្រុមហ៊ុន​បុរីពិភពថ្មី​ ក្រោយ​ជួប​ពិភាក្សា​គ្នា​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឡើយ។

លោក ហេង តារា អាយុ​៤៣​ឆ្នាំ តំណាងឱ្យ​ពលរដ្ឋ​ដែល​មក​តវ៉ា​នៅ​មុខ​ការិយាល័យ​លក់​គម្រោងបុរីពិភពថ្មីកំបូល​ ប្រាប់​វីអូអេថា អតិថិជនចង់​ដឹង​អំពី​ដំណោះស្រាយ​បន្ថែម​ទៀត​ និង​ទាមទារ​ឱ្យ​បុរីពិភពថ្មី​ទិញ​ផ្ទះ​ពី​អតិថិជន​ដែល​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​និង​ចង់​លក់​ផ្ទះ​ឱ្យ​បុរី​វិញ ក្នុង​ទំហំ​ទឹក​ប្រាក់​៥០%​នៃ​ប្រាក់បង់​ប្រចាំខែ និង​ប្រាក់​ទម្លាក់​ដើម​ ​ទៅ​តាមគោលការណ៍បុរីដែល​ធ្លាប់​មាន។

លោក ហេង តារា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូអេ នៅជិតការិយាល័យបុរីពិភពថ្មី ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)
លោក ហេង តារា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូអេ នៅជិតការិយាល័យបុរីពិភពថ្មី ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

លោក​បញ្ជាក់​ថា៖ ​«ប្រជាពលរដ្ឋ​ទាមទារ​គោលការណ៍​៥០% នៃ​ប្រាក់​បង់​ប្រចាំខែ បើ​សិន​ប្រាក់​បង់​ប្រចាំខែ​១.០០០ [ដុល្លារ​អាមេរិក] គឺ​ទារ​៥០០ ​[ដុល្លារ​អាមេរិក]​ បូក​នឹង​ប្រាក់​សង​ថែម ឬ​ទម្លាក់​ដើម»។

លោក​បន្ថែម​ថា​ អតិថិជនដែល​ទិញ​បុរី ​មិន​តិច​ជាង២០០​នាក់​នោះ​ទេ ដែល​កំពុង​ប្រឈម​បញ្ហា​មួយ​នេះ​ ហើយ​ពួក​គេ​ចង់​ជួប​ជាមួយ​ឧកញ៉ា ហុង ពីវ ​ដែល​ជា​ម្ចាស់​បុរី​ ដើម្បី​ជជែក​រក​ដំណោះស្រាយលើ​វិវាទ​ដែល​កើត​មាន​ជាង​មួយ​ឆ្នាំ​មក​នេះ​ និង​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​អតិថិជន​ ក៏​ដូច​ជា​បុរី​បន្ត​ទៀត។

លោក​ថ្លែងថា៖ ​«ប្រជាពលរដ្ឋ រួម​ទាំង​រូប​ខ្ញុំ គឺ​ចង់​បាន​ខ្លាំង​ណាស់ ការ​ណាត់ ឬ​ការ​ធ្វើ​លិខិត​អញ្ជើញ​ទៅ​ដល់​អ្នក​ឧកញ៉ា ​ហុង ពីវ ​ឬ​ក៏​ក្រុមហ៊ុន​បុរីពិភពថ្មី ធ្វើការ​សម្រេច​ដោះស្រាយ​រួម ក្នុង​តុ​ចរចា​ ឬ​អង្គ​ប្រជុំ​ហ្នឹង។ ចង់​បាន​ខ្លាំង​១០០%»។

ក្រោយ​ការ​សម្របសម្រួល​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្រសួង​ដែនដី ដោយ​មាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ​លោក​ សាយ សំអាល់​ ក្រុមហ៊ុន​បុរីពិភពថ្មី​បាន​ចេញ​គោលការណ៍​សម្របសម្រួល​ចំនួន​៣​ដល់​អតិថិជន​ដែល​បាន​បង់​រម្លស់មាន​ការ​យឺតយ៉ាវ​ ដូច​ជា​អតិថិជន​អាច​បង់​តែ​ការ​ប្រាក់រយៈពេល​៣ឆ្នាំ ឬក៏​អតិថិជន​អាច​ប្តូរ​រយៈ​ពេល​បង់​រម្លស់​រហូត​ដល់​៣០​ឆ្នាំ។

អតិថិជន​ម្នាក់​ទៀត​ ដែល​ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ​លោក ​ជៀម សីហា ​អាយុ​៣១​ឆ្នាំ ​អះអាង​ថា​ លោកបាន​ទិញ​ផ្ទះ​បង់​រម្លស់​ជាមួយ​បុរីពិភពថ្មី​កំបូល​ តាំង​ពី​ខែតុលា ​ឆ្នាំ​២០២២ ​ដោយ​បង់​ប្រាក់ប្រចាំខែ​ចំនួន៦៤២​ដុល្លារ​អាមេរិកនៃផ្ទះ​ដែល​លោក​ទិញ​ ពេល​បុក​គ្រឹះ​តម្លៃ​ជាង​៦ម៉ឺន​ដុល្លារ​អាមរិក។ ​នៅ​ពេល​លោក​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ លោក​សម្រេច​ថា​នឹងលក់​ផ្ទះ​នោះ​វិញ​ក្នុង​ទំហំ​ទឹក​ប្រាក់​៥០%​ដែល​លោក​បង់​រួច​ តែ​ខាង​ភាគី​ក្រុមហ៊ុន​ថា មិន​មាន​គោលការណ៍​ទិញ​ចូល ដែល​ធ្វើ​ឱ្យ​លោក​មិន​ទទួល​បាន​លុយ​មកវិញ​សូម្បី​តែ​១០០​រៀល។

លោក ជៀម សីហា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូអេ នៅជិតការិយាល័យបុរីពិភពថ្មី ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)
លោក ជៀម សីហា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូអេ នៅជិតការិយាល័យបុរីពិភពថ្មី ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

​លោក​ថ្លែង​ថា៖ ​«ខ្ញុំ​សោកស្តាយ​ខ្លាំង​បង​ ពីព្រោះ​កម្លាំង​ញើស​ឈាម​ដែល​ខ្ញុំ​ខំ​រក​រាប់​ឆ្នាំ ហើយ​ដល់​ពេល​យើង​បង់​[រម្លស់​]​គេ​អស់​ហើយ យើង​សង្ឃឹមថា​ទិញ​បុរី​ហើយ ពេល​ដែល​អស់​សមត្ថភាព​គេ​នឹង​ទិញ​ចូល​វិញ​ ដល់​ពេល​ចុង​ក្រោយ​គាត់​គន្លាស់​ពាក់​សន្យា​ខ្លួនឯង​អ៊ីចឹង​ ហើយ​យើង​ត្រូវការ​លក់​វិញ​បែរ​ជា​អត់​មាន​ ហើយ​ឱ្យ​ចេញ​ទាំង​មិន​[មាន]​សំណង​ សូម្បី​១០០​លុយ​ខ្មែរ​ ក៏​អត់​មាន​ដែរ»។ ​

អ្នក​ស្រី ​ជាង​ បញ្ញា​ អាយុ​៣៥​ឆ្នាំ អ្នក​តវ៉ា​ម្នាក់​ទៀត​បានបដិសេធ​មិន​យក​គោលការណ៍​ថ្មី​របស់​ក្រុមហ៊ុន​បុរីពិភពថ្មី​ ​ដែល​បាន​ជជែក​ជាមួយ​ក្រសួង​ដែនដី​ដែល​តម្រូវ​ឱ្យ​ម្ចាស់​ផ្ទះ​ទាំង​អស់​បង់​តែ​ការ​ប្រាក់​។ អ្នក​ស្រី​ថា​ អ្វី​ដែល​អ្នក​ស្រី​ចង់​បាន​នោះគឺ​សុំ​ឱ្យ​បុរី​ទទួល​ទិញ​ផ្ទះ​វិញ​ក្នុង​តម្លៃ​៥០% នៃ​ប្រាក់​ដែល​បាន​បង់។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ពួក​ខ្ញុំ​អស់​លទ្ធភាព​គាត់​[បុរី]​គិត​តែ​ពី​ឱ្យ​ពួក​ខ្ញុំ​បង់ ហើយ​ឱ្យ​បន្ត​បង់​ការ​ប្រាក់ ហើយ​ការ​ប្រាក់​គិត​ទៅ​ ក្នុង​មួយ​ខែ​ដូច​ផ្ទះ​ខ្ញុំ​ ៥៦៦​ដុល្លារ គ្រាន់​តែ​ការ​ប្រាក់​៤០០​ជាង​ ហើយ​ឱ្យ​ខ្ញុំ​បង់​ការ​ប្រាក់​រយៈពេល​៣​ឆ្នាំ អញ្ចឹង​បាន​ន័យ​ថា ​ម៉េច​ឱ្យ​ខ្ញុំ​ជំពាក់​បុរី​ត​រហូត​ហ្នឹង។ ហើយ​លុយ​ដែល​ខ្ញុំ​ខាន​បង់​រយៈ​ពេល​១០ខែ បុរី​ឱ្យ​ខ្ញុំ​ជំពាក់​រយៈពេល​៣​ឆ្នាំ។ អ៊ីចឹង៣​ឆ្នាំ​ទៀត​ខ្ញុំ​ត្រូវ​សង​គេ​គុណ​ថែម​ទៀត​ អញ្ចឹង​ខ្ញុំ​អត់​មាន​លទ្ធភាព​ទេ»។

អ្នក​សារព័ត៌មាន​វីអូអេ​ បាន​ចូល​ទៅ​ក្នុង​ការិយាល័យ​លក់​បុរីពិភពថ្មី​កំបូល ដើម្បី​សុំ​ការ​បញ្ជាក់​ តែ​បុគ្គលិក​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ។

ក្រុមហ៊ុនបុរីពិភពថ្មី បិទលិខិតព្រមានដកហូតផ្ទះ នៅពេលអតិថិជនមិនមានលទ្ធភាពទូទាត់ និងបង់រំលោះបន្ត ដែលរូបភាពនេះ ថតនៅទីតាំងបុរីពិភពថ្មី ខណ្ឌកំបូល រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)
ក្រុមហ៊ុនបុរីពិភពថ្មី បិទលិខិតព្រមានដកហូតផ្ទះ នៅពេលអតិថិជនមិនមានលទ្ធភាពទូទាត់ និងបង់រំលោះបន្ត ដែលរូបភាពនេះ ថតនៅទីតាំងបុរីពិភពថ្មី ខណ្ឌកំបូល រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/ វីអូអេ)

ចាប់​តាំង​ពី​ឆ្នាំ​២០២៣​ គម្រោង​សាង​សង់​មួយ​ចំនួនរបស់​បុរីពិភពថ្មី​បាន​ប្រឈម​នឹង​ការ​តវ៉ា​ ព្រោះ​អតិថិជន​ខ្លះ​ មិន​មាន​ប្រាក់​បង់ ទាន់​កាល​កំណត់​សម្រាប់​ផ្ទះ​ដែល​ពួកគេ​បាន​ទិញ​ ដោយសារ​ស្ថានភាព​សេដ្ឋ​កិច្ច​ជាសាកល​មិន​ទាន់​អំណោយផល​ ហើយ​អតិថិជន​ទាំងនោះ​ត្រូវ​បង្ខំ​ចិត្ត​លក់​ផ្ទះ​ចេញ​វិញ។

ក្រុមហ៊ុន​បាន​បដិសេធ​មិន​ទិញ​ចូល​វិញ​ ដោយ​លើក​ហេតុផល​ថា មិន​មានចែង​ក្នុង​កិច្ចសន្យា។ ប៉ុន្តែ​ក្រោយ​មាន​ការ​តវ៉ា​របស់​អតិថិជន​ ក្រុមហ៊ុន​ក៏​ព្រម​ទទួល​ទិញ​ ទៅ​តាម​លក្ខខណ្ឌ​កំណត់​របស់​ក្រុម​ហ៊ុន​ ពាក់ព័ន្ធ​នឹង​ការ​ប្រាក់​ និង​ប្រាក់​សង​ដើមដែល​បាន​បង់​រួច។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​ឧកញ៉ា​ ហុង ពីវ​ ម្ចាស់​ក្រុមហ៊ុនបុរីពិភព​ថ្មី និងអ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក សេង ឡូត ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។ ​

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក សេក សុជាតិ​ ​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ ​លុះត្រាតែ​ភាគី​ក្រុមហ៊ុន ​ភាគី​អតិថិជន ​រួម​ទាំង​មេធាវី​ទាំង​សងខាង ដាក់​បញ្ហា​លើ​តុ ដើម្បី​ជជែក​រកដំណោះ​ស្រាយ​រួមគ្នា នៅ​ចំពោះ​មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច ហើយ​អាជ្ញាធរ​ត្រូវ​ប្រកាន់​ខ្ជាប់​គោលជំហរអព្យាក្រឹតភាព​ផង​ដែរ។

លោក​បន្ថែម​ថា ​ប្រសិន​បើភាគី​ទាំង​អស់ មិន​ដាក់​បញ្ហា​លើ​តុ​ដើម្បី​ជជែក​រក​ដំណោះស្រាយ​នោះ​ទេ នោះ​បញ្ហា​នេះ នឹង​នៅតែ​អូស​បន្លាយ ហើយរីក​រាលដាល​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ទាំង​ក្រុមហ៊ុន និង​ពលរដ្ឋ​ទាំង​នោះ។ ម្យ៉ាងទៀត លោក​ថា ​បើ​បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន​ នោះ​វា​ក៏​អាច​ក្លាយ​ជា​មេរៀន​មួយ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លាច​រអា​ក្នុង​ការ​ទិញ​បុរី​ ឬ​ទិញ​អចលនទ្រព្យ​ផ្សេងៗ​នា​ពេល​អនាគត​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG