សេដ្ឋីមួយចំនួននៅកម្ពុជាបានរងការរិះគន់ចំពោះការលក់អចលនទ្រព្យបែបបោកប្រាស់ទៅឱ្យពលរដ្ឋរាប់ពាន់នាក់ ដែលកំពុងប្រឈមនឹងការលំបាកក្នុងការសងបំណុលដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារចំពោះកម្ចីដែលបានប្រើដើម្បីវិនិយោគលើគម្រោងដីធ្លីឬគម្រោងសំណង់ក្នុងសហគមន៍ផ្សេងៗ។
នៅក្នុងករណីលេចធ្លោមួយចំនួន ឧកញ៉ាពីររូបត្រូវបានចាប់ខ្លួននិងរងការចោទប្រកាន់ពីបទឆបោកនៅក្នុងគម្រោងដាច់ដោយឡែកពីគ្នា បន្ទាប់ពីគ្រួសារពលរដ្ឋនៅតាមខេត្តមួយចំនួនបានចោទប្រកាន់ឧកញ៉ាទាំងពីររូបនោះថា មិនបានគោរពតាមពាក្យសន្យាក្នុងការផ្តល់ភាគលាភប្រចាំខែពីគម្រោងវិនិយោគដីធ្លីឬគេហដ្ឋានក្នុងគម្រោងសាងសង់ដែលសន្យាថានឹងផ្តល់ឱ្យ។
លោក ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និងលោក ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជាសារ៉នរៀលធី អាចប្រឈមនឹងការជាប់ពន្ធនាគារពីពីរទៅប្រាំឆ្នាំ ប្រសិនបើតុលាការរកឃើញថាមានទោស។
យ៉ាងហោចណាស់សេដ្ឋីពីររូបទៀតគឺផលិតករតន្រ្តីលោក ឡេង ណាវ៉ាត្រា និងលោក នួន អក បានប្រឈមនឹងការរិះគន់ឬបណ្តឹងទៅកាន់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងគម្រោងអចលនទ្រព្យដែលវិនិយោគិនដែលមានអារម្មណ៍មួរហ្មងនិយាយថា មានភាពយឺតយ៉ាវក្នុងការសម្រេចឡើង។
នៅខេត្តកំពត លោក គីមហុង ដែលជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMZ ផងដែរ កំពុងប្រឈមនឹងពាក្យបណ្តឹងជាង ១.០០០ ដែលបានចោទប្រកាន់ថា ក្រុមហ៊ុនពិភពដីមាសបានឆបោកគ្រួសារពលរដ្ឋក្នុងទឹកប្រាក់សរុប ២១ លានដុល្លារ។ ពលរដ្ឋនៅស្រុកឈូកខេត្តកំពតបានប្រាប់វីអូអេថា បុគ្គលិកក្រុមហ៊ុនពិភពដីមាសបានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយយ៉ាងហោចណាស់ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយសន្យាផ្តល់ភាគលាភចំពោះការវិនិយោគនៅក្នុងគម្រោងដីធ្លី។
លោក អយ ចាន់ថា វ័យ ៦២ ឆ្នាំ បានខ្ចីប្រាក់ ២០.០០០ ដុល្លារពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យកូនប្រុសរបស់លោកដើម្បីវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស។ ដំបូង ពួកគេទទួលបានភាគលាភជាប្រចាំ ដែលជួយបន្ថែមប្រាក់ចំណូលពីលើការលក់នំអន្សមចេក និងជួយលោក ចាន់ថា ឱ្យអាចសងប្រាក់កម្ចីចំនួន ៥០០ ដុល្លារជារៀងរាល់ខែ។
នៅស្រុកឈូក កសិករនិងអាជីវករដែលបានវិនិយោគបានទទួលប្រាក់ដើម្បីចាយវាយភ្លាមៗ។ ពួកគេបានទិញរថយន្តនិងម៉ូតូថ្មី។ ពួកគេបានឈប់លក់ដូរនៅតាមផ្សារ។ ពួកគេបានធ្វើពិធីជប់លៀង។ ប៉ុន្តែនៅខែមេសា លំហូរសាច់ប្រាក់ផ្តល់ឱ្យគឺលែងមានតទៅទៀត។
ឥឡូវនេះ លោក ចាន់ថា និយាយថា លោកកំពុងពិចារណាលក់គោនិងម៉ូតូដើម្បីសងបំណុល។ លោកថា ប្រសិនបើលោកមិនធ្វើដូច្នេះ លោកបារម្ភថាផ្ទះនិងដីស្រែដែលលោកបានដាក់ជាទ្រព្យបញ្ចាំអាចនឹងត្រូវរឹបអូស។
លោកថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំដេកមិនលក់នោះទេ។ ខ្ញុំជាអ្នកត្រូវសងប្រាក់។ ...ខ្ញុំនឹងមិនអាចសល់អ្វីទាំងអស់»។
លោក គីមហុង នៅតែប្រកាន់ជំហរថា លោកមិនបានប្រព្រឹត្តកំហុសនោះទេ។ កាលពីថ្ងៃទី ៧ ខែសីហា លោកត្រូវបានចាប់ខ្លួនជាមួយនឹងសហការីចំនួន ១៣ នាក់ផ្សេងទៀត ប៉ុន្តែវីដេអូបង្ហោះលើបណ្តាញសង្គមអនឡាញហេ្វសប៊ុក (Facebook) ដែលត្រូវបានចែកផ្សាយយ៉ាងទូលំទូលាយ បានបង្ហាញរូបលោកដែលកំពុងជាប់ខ្នោះនិយាយទៅកាន់ប៉ូលិសថា៖ «ខ្ញុំនៅតែគិតថា ខ្ញុំអាចដោះស្រាយវាបាន» ដែលនេះមានន័យថា លោកនៅតែគិតថា លោកអាចផ្តល់ប្រាក់ភាគលាភដល់ពលរដ្ឋវិញក្នុងពេលឆាប់ៗនេះ។
លោក គីមហុង បាននិយាយនៅក្នុងវីដេអូនោះថា៖ «ពាក្យថា «ឆបោក» គឺមិនត្រឹមត្រូវនោះទេ អាចនិយាយថា ពន្យារទៅវិញ»។
លោកបានបន្តថា៖ «នេះជាការពន្យារ។ …. យើងនឹងធ្វើឱ្យរលូនឡើងវិញនៅខែសីហា»។
តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMZ មិនបានឆ្លើយតបចំពោះការហៅទូរស័ព្ទពីវីអូអេនោះទេ ហើយក្រុមហ៊ុនពិភពដីមាសបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី ៨ ខែសីហាថា បុគ្គលិករបស់ខ្លួនផ្អាកការងារជាបណ្តោះអាសន្ន។
នៅក្នុងករណីមួយផ្សេងទៀតនៅខេត្តកំពតនិងខេត្តតាកែវ ពលរដ្ឋយ៉ាងហោចណាស់ ២.០០០ គ្រួសារបានចោទប្រកាន់លោកសេដ្ឋី ជា សារ៉ន អគ្គនាយកក្រុមហ៊ុនជាសារ៉នរៀលធី ពីបទឆបោក ក្នុងការបញ្ចុះបញ្ចូលឱ្យទិញគម្រោងបុរីនិងគម្រោងដីឡូតិ៍ ដែលពួកគេនិយាយថាមិនបានលេចចេញជារូបរាង។
អ្នកស្រី ហេង អ៊ិត វ័យ ៦៥ ឆ្នាំ បានវិនិយោគប្រាក់ ១០.០០០ ដុល្លារកាលពីឆ្នាំ ២០២០ ក្រោមការសន្យាថានឹងទទួលបានកន្លែងមួយនៅក្នុងបុរី ហើយអ្នកស្រីបានចាប់ផ្តើមទទួលបានប្រាក់ចំនួន ២៥០ ដុល្លារត្រឡប់មកវិញជារៀងរាល់ខែក្នុងទម្រង់ជាភាគលាភ។ ដោយសារការជំរុលទឹកចិត្តពីលំហូរសាច់ប្រាក់ជាប្រចាំ និងដោយសារក្រុមការងារ «ប៉ិនប្រសព្វផ្នែកបញ្ចុះបញ្ចូល» របស់លោក សារ៉ន អ្នកស្រីបានថ្លែងប្រាប់វីអូអេថា អ្នកស្រីសម្រេចដាក់ប្រាក់វិនិយោគកាន់តែច្រើនថែមទៀត។
អ្នកស្រីបាននិយាយថា បុគ្គលិករបស់ក្រុមហ៊ុនរបស់លោក សារ៉ន បានដឹកអ្នកស្រីទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារផ្សេងៗដូចជាគ្រឹះស្ថាន BNK គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងធនាគារហត្ថាជាដើម ដើម្បីទទួលបានកម្ចី ហើយបន្ទាប់មកនាំអ្នកស្រីទៅកាន់ការិយាល័យសាខាក្រុមហ៊ុនរបស់លោក សារ៉ន។
ប៉ុន្តែបុរី ដែលពលរដ្ឋកត់សម្គាល់ថាជាបណ្តុំសំណង់អគារពណ៌ខៀវដែលមិនត្រូវបានសាងសង់រួចនៅជាប់នឹងផ្លូវមមាញឹកមួយកន្លែងនៅស្រុកខាងលើ បានបញ្ឈប់ការសាងសង់កាលពីប៉ុន្មានខែមុន ហើយកាលពីខែធ្នូឆ្នាំមុន វិនិយោគិនដូចជាអ្នកស្រី ហេង អ៊ិត ជាដើមបានឈប់ទទួលបានប្រាក់ភាគលាភ។ បន្ទាប់មកនៅខែមេសា លោក សារ៉ន និងសហការី ៨ នាក់ទៀតត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទឆបោកក្នុងទឹកប្រាក់សរុបប្រមាណ ៤០ លានដុល្លារ។
អ្នកស្រី ហេង អ៊ិត នៅជាប់កម្ចីចំនួន ៥៧.០០០ ដុល្លារពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយអ្នកស្រីបានដាក់ផ្ទះជាទ្រព្យបញ្ចាំនិងបានលក់គ្រឿងអលង្ការដើម្បីអាចបង់ប្រាក់ត្រឡប់ទៅវិញ។ មន្រ្តីផ្តល់កម្ចីបានលែងទៅរកអ្នកស្រីជាប្រចាំចាប់តាំងពីលោក សារ៉ន ត្រូវបានចាប់ខ្លួនមក។
អ្នកស្រីថ្លែងថា៖ «ប្រសិនបើពួកគេចង់ស្រុះយើង [ទាំងរស់] ឬពួកគេចង់ធ្វើអ្វី គឺតាមតែពួកគេទៅចុះ។ តើយើងអាចរកលុយពីណាមក?»។
ការចោទប្រកាន់ពីការឆបោកផ្នែកអចលនទ្រព្យមិនមែនជារឿងថ្មីនៅកម្ពុជានោះទេ ដែលការអនុវត្តច្បាប់មិនសូវតឹងរ៉ឹងនាំឱ្យមានការកើតចេញជាគម្រោង «ឆាប់មានរហ័ស» និងគម្រោងប្រកបដោយមហិច្ឆតាធំៗផ្សេងទៀតដែលមានបំណងពង្រឹងកេរិ៍្តឈ្មោះរបស់សេដ្ឋី។ គម្រោងមួយចំនួនបានខកខានលេចចេញជារូបរាងឡើងក្នុងពេលប៉ុន្មានឆ្នាំមកនេះ ដែលក្នុងនោះរួមមានទាំងគម្រោងអគារខ្ពស់ជាងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍និងគម្រោងរមណីយដ្ឋានតាមបណ្តោយតំបន់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសផងដែរ។
អ្នកស្រី Sylvia Nam អតីតសាស្រ្តាចារ្យជំនួយនៃសាកលវិទ្យាល័យ University of California, Irvine ដែលបានសិក្សាអំពីការព្យាករណ៍លើវិស័យអចលនទ្រព្យនៅកម្ពុជា បានប្រាប់វីអូអេថា ឧកញ៉ាមិនសូវល្បីឈ្មោះអាចចាប់ផ្តើមគម្រោងអចលនទ្រព្យដើម្បីជំរុញកេរ្តិ៍ឈ្មោះរបស់ខ្លួន ប៉ុន្តែខ្វះថវិកានិងបទពិសោធន៍។
អ្នកស្រីថ្លែងដូច្នេះថា៖ «ពលរដ្ឋទិញគម្រោងដែលលក់ដោយបុគ្គលដែលមានបណ្តាញទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមអ្នកមានអំណាច ឬបុគ្គលដែលតាំងខ្លួនហាក់ដូចជាមានបណ្តាញទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមអ្នកមានអំណាច ប៉ុន្តែប្រហែលជាបណ្តាញទំនាក់ទំនងនោះមិនសូវជាជិតស្និទ្ធដូច្នេះនោះទេ»។
អ្នកស្រីបានបន្ថែមថា៖ «បន្ទាត់ព្រំដែនរវាងអ្វីដែលស្របច្បាប់និងអ្វីដែលមិនស្របច្បាប់គឺកើតមាននៅពេលណាដែលមានភាពជោគជ័យតែប៉ុណ្ណោះ។ ហើយសូម្បីតែពេលណាដែលមានភាពជោគជ័យក៏ដោយគឺនៅតែមិនច្បាស់»។
ការចោទប្រកាន់ទាំងនេះក៏បានកើតឡើងផងដែរនៅពេលមានភាពជាប់គាំងជាទូទៅនៅក្នុងវិស័យសំណង់។
លោក Ross Wheble ប្រធានតំណាងប្រទេសប្រចាំក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Knight Frank Cambodia បានប្រាប់វីអូអេថា អតិផរណាខ្ពស់និងការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលសហរដ្ឋអាមេរិកមាន «ផលប៉ះពាល់ដោយផ្ទាល់» លើវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសគម្រោងបុរី ដែលអ្នកទិញប្រឈមនឹងការលំបាកក្នុងការបង់ប្រាក់សំណងលើអចលនទ្រព្យ។
លោក Wheble ថ្លែងថា៖ «នេះនាំឱ្យមានការធ្លាក់ចុះនៅក្នុងវិស័យសំណង់ ជាពិសេសនៅក្នុងវិស័យលំនៅដ្ឋាន ដោយក្រុមហ៊ុនសំណង់មួយចំនួនឥឡូវនេះកំពុងប្រឈមនឹងការលំបាកផ្នែកលំហូរសាច់ប្រាក់»។
លោក អ៊ឹង ឆាយ ដែលជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពតនិងជាអភិបាលរងខេត្តកំពត បានថ្លែងប្រាប់វីអូអេថា លោកមិនអាចប៉ាន់ស្មានថា ពលរដ្ឋប៉ុន្មាននាក់បានរងគ្រោះដោយសារគម្រោងវិនិយោគដីធ្លីឆបោកនោះទេ ប៉ុន្តែលោកថា «គ្រួសារជាច្រើន» បានរងគ្រោះ។ ជនរងគ្រោះក៏មាននៅតាមបណ្តាខេត្តមួយចំនួនដទៃទៀតផងដែរ។
លោកថ្លែងដូច្នេះថា៖ «យើងបានចាត់ចំណាត់ការដោយស្នើឱ្យស្ថាប័នហិរញ្ញវត្ថុនានាដូចជាធនាគារជាដើមមានការយោគយល់។ ខាងធនាគារបានយោគយល់ ហើយបានសម្រួលចំណាត់ការរបស់ពួកគេ [ក្នុងការប្រមូលកម្ចី] ខណៈយើងរង់ចាំការដោះស្រាយ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា
សេដ្ឋីមួយចំនួននៅកម្ពុជារងការរិះគន់ពាក់ព័ន្ធនឹងការឆបោកក្នុងគម្រោងអចលនទ្រព្យ
ភ្នំពេញ —