បើអ្នកបានចូលក្នុងហាងលក់នំដូណាត់ជាច្រើននៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា អ្នកនឹងកត់សម្គាល់ឃើញប្រអប់ខ្ចប់នំពីរពណ៌ មួយគឺពណ៌ស និងមួយគឺពណ៌ផ្កាឈូក។ ប្រអប់ពណ៌ផ្កាឈូកត្រូវបានអាជីវករលក់នំដូណាត់ដែលភាគច្រើនជាជនភៀសខ្លួនខ្មែរ យកមកប្រើប្រាស់ដោយសារតែវាមានតម្លៃថោកជាងប្រអប់ពណ៌ស។ នេះបើតាមការពន្យល់របស់អ្នកស្រី Phung Huynh ដែលជាសិល្បៈករផ្នែកគំនូរ និងសាស្ត្រាចារ្យផ្នែកសិល្បៈនៅមហាវិទ្យាល័យ Los Angeles Valley។
កាលពីពេលថ្មីៗនេះ អ្នកស្រីបានយកប្រអប់ខ្ចប់នំដូណាត់ពណ៌ផ្កាឈូកនេះ មកធ្វើជានិមិត្តរូបតំណាងឲ្យការចងចាំនិងឧទ្ទិសដល់ដំណើរជីវិតរបស់ជនភៀសខ្លួនខ្មែរពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅក្នុងពិព័រណ៍ «Donut Whole at Self Help Graphics & Art» នៅទីក្រុង East Los Angeles ដែលបានដំណើការកាលពីចន្លោះខែមីនាដល់ខែឧសភា ឆ្នាំ ២០២២។ អ្នកស្រី Phung Huynh បានគូររូបគំនូរដែលអ្នកស្រីបានចងចាំកាលពីវ័យកុមារ រូបឪពុកម្តាយរបស់អ្នកស្រី រូបជនជាតិខ្មែរ និងវៀតណាមមួយចំនួន នៅលើប្រអប់ខ្ចប់នំដូណាត់ពណ៌ផ្កាឈូកនេះ ដែលជាស្នូលដ៏សំខាន់នៃពិព័រណ៍មួយនេះរបស់អ្នកស្រី។
សាស្ត្រាចារ្យផ្នែកសិល្បៈអាមេរិកាំងរូបនេះ ដែលមានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិវៀតណាម បានរៀបរាប់ប្រាប់វីអូអេក្នុងសម្តីដើម ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«វាជារឿងមិនគួរឲ្យនឹកស្មានដល់ ដែលនំដូណាត់និងប្រអប់ពណ៌ផ្កាឈូក ដែលមើលទៅដូចជាមានភាពផ្អែមល្ហែម ទន់ភ្លន់ និងសប្បាយរីករាយ ប៉ុន្តែអ្នកដែលធ្វើការនៅពីខាងក្រោយនំដូណាត់នោះ គឺជាជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខ្មែរ ដែលបានរួចផុតពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ក្នុងប្រទេសរបស់ខ្លួន ហើយថែមទាំងបានឆ្លងកាត់ការឈឺចាប់ ទុក្ខវេទនា ការចាកចេញពីក្រុមគ្រួសារ និងតស៊ូបង្កើតជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិកនេះ»។
អ្នកស្រី Phung Huynh ជាកូនស្រីរបស់អ្នករស់រានមានជីវិតម្នាក់ ពីរបបខ្មែរក្រហម ហើយអ្នកស្រីនិងក្រុមគ្រួសារ បានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៨។ អ្នកស្រីបានកើតនៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំ ១៩៧៧ ពីរឆ្នាំបន្ទាប់ពីឪពុករបស់អ្នកស្រី ដែលជាជនជាតិខ្មែរនៅខេត្តកំពត បានភៀសខ្លួនទៅប្រទេសវៀតណាម ហើយបានកសាងជីវិតគ្រួសារជាមួយម្តាយរបស់អ្នកស្រី ដែលជាជនជាតិវៀតណាម។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រីបានរៀបរាប់ថា បទពិសោធន៍និងការធំលូតលាស់ក្នុងសង្គមអាមេរិក ដែលមានវប្បធម៌ផ្ទុយស្រឡះពីវប្បធម៌របស់ឪពុកម្តាយអ្នកស្រី មុនពេលអ្នកស្រីនិងក្រុមគ្រួសារបានភៀសខ្លួនពីប្រទេសវៀតណាមមករស់នៅសហរដ្ឋអាមេរិក បានជំរុញឲ្យអ្នកស្រីមើលឃើញពីភាពចាំបាច់នៃការចងចាំប្រវត្តិសាស្ត្រស្តីពីអំពើប្រល័យពូជសាសន៍ និងរឿងរ៉ាវតស៊ូជម្នះឧបសគ្គរបស់ជនភៀសខ្លួនខ្មែរ នៅសហរដ្ឋអាមេរិក។
អ្នកស្រី Phung Huynh បានថ្លែងថា៖ «សិល្បៈអាចជួយដល់ការចងចាំ ហើយគោលគំនិតនៃការចងចាំមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ស្កាត់មិនឲ្យមានការកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍បែបនេះ»។
ដូចគ្នានឹងក្រុមគ្រួសាររបស់ជនភៀសខ្លួនខ្មែរ និងជនភៀសខ្លួននៃជាតិសាសន៍ផ្សេងៗទៀតដែរ ក្រុមគ្រួសាររបស់អ្នកស្រី Phung Huynh បានប្រឈមនឹងភាពលំបាកជាច្រើន នៅក្នុងការប្រកបរបរចិញ្ចឹមជីវិត និងកសាងជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិក នៅពេលដែលក្រុមគ្រួសាររបស់អ្នកស្រីបានភៀសខ្លួនទៅជំរំក្នុងប្រទេសថៃ រហូតទទួលសិទ្ធិមករស់នៅជាជនភៀសខ្លួននៅសហរដ្ឋអាមេរិក នាឆ្នាំ ១៩៧៨ នៅរដ្ឋ Michigan មុនពេលគ្រួសាររបស់អ្នកស្រីបានផ្លាស់ទៅរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅឆ្នាំ ១៩៨១។
ក្នុងឋានៈជាជនភៀសខ្លួនដោយសារសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ ជនភៀសខ្លួនខ្មែរជាច្រើននាក់ រួមទាំងគ្រួសាររបស់អ្នកស្រី Phung Huynh ត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ទម្រាំពួកគេខ្លះអាចមានលទ្ធភាពប្រកបមុខរបរសមរម្យ ទទួលបានឱកាសរៀនសូត្រទទួលបានជំនាញ ឬឱកាសបង្កើតអាជីវកម្មនានា ដូចជាហាងលក់នំដូណាត់ជាដើម។ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ានេះ អាជីវកម្មលក់នំដូណាត់ស្ទើរតែ ៩០ ភាគរយជាកម្មសិទ្ធិរបស់អតីតជនភៀសខ្លួនខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ។
អ្នកស្រី Phung Huynh បានថ្លែងប្រាប់វីអូអេក្នុងសម្តីដើមថា៖ «ខ្ញុំចង់ឲ្យប្រអប់ដូណាត់ពណ៌ផ្កាឈូកនេះ តំណាងដល់រឿងរ៉ាវជាច្រើន។ ខ្ញុំមិនចង់ឲ្យរឿងរ៉ាវទាំងអស់នោះ [របស់ជនភៀសខ្លួន] ត្រូវបានបំភ្លេចនោះទេ»។
អ្នកស្រីក៏សង្ឃឹមថា ស្នាដៃសិល្បៈរបស់អ្នកស្រី នឹងជួយចែករំលែករឿងរ៉ាវនៃជីវិតតស៊ូក្នុងរបបខ្មែរក្រហមនិងជីវិតប្រកបដោយការតស៊ូជម្នះឧបសគ្គក្នុងសហរដ្ឋអាមេរិករបស់ជនភៀសខ្លួន ទៅដល់កូនៗរបស់ពួកគេ ក្មេងៗជំនាន់ក្រោយ និងជនភៀសខ្លួនដទៃទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្តាយ ដែលបានឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្តដោយសារសង្គ្រាមនិងអំពើព្រៃផ្សៃ និងកូនចៅរបស់ពួកគេ ដែលមិនដឹងពីប្រវត្តិដើមកំណើតរបស់ឪពុកម្តាយខ្លួន។
ក្នុងនាមជាម្តាយម្នាក់ដែរ អ្នកស្រី Phung Huynh បានថ្លែងថា៖
«ខ្ញុំគិតថា វាជាការលំបាកសម្រាប់ឪពុកម្តាយរបស់ពួកគេ ក្នុងការនិយាយដល់រឿងរ៉ាវជូរចត់ទាំងអស់នោះ ដោយសារតែពួកគេមិនចង់ឲ្យកូនដឹងឮរឿងរ៉ាវដ៏សែនជូរចត់នេះ។ ម្យ៉ាងទៀត នៅពេលដែលពួកគេនិយាយដល់រឿងរ៉ាវទាំងអស់នោះ ពួកគេមានអារម្មណ៍ដូចជាកំពុងរស់នៅក្នុងហេតុការណ៍នោះម្ដងទៀតអ៊ីចឹង។ សម្រាប់ពួកគេ ភាពស្ងៀមស្ងាត់ គឺជាកន្លែងដែលមានសុវត្ថិភាព។ ប៉ុន្តែខ្ញុំគិតថា ភាពស្ងៀមស្ងាត់នោះមានគ្រោះថ្នាក់សម្រាប់កូនៗរបស់ពួកគេ។ វិធីដែលខ្ញុំអាចធ្វើបាន គឺជួយប្រាប់រឿងរ៉ាវរបស់ឪពុកម្ដាយ[ដែលជាជនភៀសខ្លួន] និងជួយកូនៗរបស់ពួកគេឲ្យបានយល់»៕