ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​អរគុណ​ដល់​​អ.ស.ប​និង​អាមេរិក​ពេល​រំឭក​ទិវា​ជនភៀសខ្លួន​ពិភពលោក


រូបឯកសារ៖ ទិដ្ឋភាពនៃជំរំជនភៀសខ្លួនខ្មែរ នៅបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងអំឡុងទសវត្សរ៍ ១៩៨០។ (រូបថតដោយលោក Jack Dunford/មជ្ឈមណ្ឌលឯកសារកម្ពុជា)
រូបឯកសារ៖ ទិដ្ឋភាពនៃជំរំជនភៀសខ្លួនខ្មែរ នៅបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងអំឡុងទសវត្សរ៍ ១៩៨០។ (រូបថតដោយលោក Jack Dunford/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ថ្ងៃ​ទី២០​ ខែមិថុនា​ គឺជា​ទិវា​ជនភៀសខ្លួន​ពិភពលោក ​ដែល​ប្រទេស​ជាច្រើន​ជាពិសេស​ក្រុមជន​ភៀសខ្លូន​ធ្លាប់​ប្រារព្ធ​ពិធីនេះ​ ប៉ុន្តែនៅ​កន្លែង​ជាច្រើន​ត្រូវ​អាក់ខាន​ ដោយសារ​ជំងឺ​កូវីដ​១៩។​

អតីត​ជន​ភៀសខ្លួន​ខ្មែរ​អាមេរិកាំង​នៅតាម​បណ្តា​រដ្ឋនានា​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​ចងចាំពីការ​រំឭក​ទិវាជន​ភៀស​ខ្លួន​ពិភពលោក​នេះ​ បាន​សម្តែង​ការ​អរគុណ​ដល់​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​និង ​សហរដ្ឋ​អាមរិក​ ដែលបាន​ផ្តល់​ជីវិត​ដល់​ពួកគេ​ជាថ្មី​ កាលពី​ដើម​ទសវត្សរ៍​ ១៩៨០​ ក្រោយពេល​ដែលបាន​ភៀសខ្លួន​ពីការ​កាប់​សម្លាប់​នៃ​របប​ខ្មែរក្រហម ​និង​សង្គ្រាម​ក្នុង​ប្រទេស ដែល​បាន​ភៀស​ខ្លួនមករស់​នៅ​សហ​រដ្ឋ​អាមេរិក​ និងប្រទេស​ផ្សេងៗ​ទៀត។

លោក ​ជា មាស ​អាយុ​៥៦ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​រស់នៅ​ក្នុងទីក្រុង​ហ្វីឡាឌែហ្វីយ៉ា​ រដ្ឋ​ភេនស៊ីលវីនៀ​ ចាប់​តាំងពី​មកដល់​ទឹកដី​អាមេរិក​ កាលពី​ដើម​ទសវត្សរ៍​ ១៩៨០ ឆ្លងកាត់​ជំរំ ​ខាវ អ៊ីដាង​ មួយឆ្នាំ។

«ចំពោះ​ខ្ញុំៗ​ថា នេះ​ជាអាយុ​ជីវិត​ទី២​ ខ្ញុំមិន​ដឹង​រកពាក្យ​អ្វី​និយាយ​អរគុណ​ដល់​អង្គការ​សហប្រជាជាតិ​ទេ​ទី​១ ខ្ញុំ​បាត់បង់​អស់​សមាជិក​ក្រុមគ្រួសារ​ បាត់បង់​ឪពុក​ជាជំហរ​ ជាមេ​គ្រួសារ មិនដឹង​ថាទៅលិច​ទៅកើត ​ដូចនៅ​ក្នុង​កណ្តាល​សមុទ្រ​អីចឹង ​បាន​នៅ​ជំរំហ្នឹង​ គេ​តម្រែ​តម្រង់​ទៅ ក៏បាន​ចេះពី​ហ្នឹងមក​បន្តិចៗ​រហូតមក​ដល់​ឥឡូវ​ហ្នឹង»។

លោក​បាន​កសាង​ជីវិត​ថ្មីនិង​គ្រួសារ​លោក​ ក្រោយ​រយ:ពេល​ជាង ​៤០ឆ្នាំ​ លើ​ទឹកដី​អាមេរិក​ ហើយបាន​ថ្លែងថា​ លោក​បាន​ដាក់​ពាក្យ​ទៅកាន់​ប្រទេស​ជាច្រើន​ តែ​ទីបំផុត​អាមេរិក​បាន​យក​លោកមក។

«តែ​អាមេរិក​សម្រេច​ជ្រើស​រើសខ្ញុំ​ អីចឹង​ខ្ញុំក៏​សូមអរគុណ​នូវអាយុ​ទី២​ ដែល​បាន​រស់រាន ​ហើយ​ក៏កើត​ជីវិត​ថ្មីមួយ​ទៀត​ នៅក្នុង​សហរដ្ឋ​អាមេរិក​នេះ»។

ក្រៅពី​ការរៀប​រាប់​អំពីការ​លំបាក​ឆ្លង​កាត់​សង្គ្រាម​ជីវិត​ក្នុង​ជំរំ​ នៅជាយ​ដែន​ថៃ​ផងនោះ​ លោក ជា មាស ​បាន​ព្រាត់ប្រាស់​សាច់ញាតិ​ និង​ចាកចោល​ស្រុក​កំណើត។​ ឆ្លងកាត់​បទ​ពិសោធន៍​នេះ លោកបាន​បួងសួង​ និង​ទទូច​ដល់​អ្នក​នយោបាយ​ខ្មែរ​ប្រកាន់​ការ​ពិភាក្សាគ្នា​ និង​បញ្ចៀស​សង្គ្រាម​ ដែល​នាំមក​នូវការ​បែកបាក់​មនុស្ស​ដែល​ជាទី​ស្រឡាញ់។

«ហើយខ្ញុំ​សូម​បួងសួង​ថា ​កុំឲ្យ​មាន​បញ្ហា​ហ្នឹង​ ពីព្រោះ​ថាការ​ព្រាត់ប្រាស់​ ការ​វិនាស​អាយុ​ជីវិត​ ទ្រព្យសម្បត្តិ​ ការ​បាត់បង់​មិត្តភក្តិ​ នេះ​មិនមែន​ជា​រឿង​លេង​សើច​ នៅក្នុង​ជីវិតទេ​ វាជា​ការបាត់​បង់​រហូត»។

លោក​ សារ៉ាយ យន់ ​អាយុ​៦៥ឆ្នាំ​ ជាជន​ភៀសខ្លួន​ម្នាក់ដែរ​ កំពុង​រស់នៅ​ក្នុង​ ទីក្រុង​តាកូម៉ា​ រដ្ឋវ៉ាស៊ីនតោន ​បាន​រៀបរាប់​ពី​រងការ​ចោទ​ប្រកាន់​ថាជា​ខ្មែរក្រហម​នោះ​ ក៏បាន​បង្ខំឲ្យ​លោក​ត្រូវ​ចាកចេញ​ពីស្រុក​កំណើត​ នៅស្រុក​ស្រីស្នំ​ ខេត្ត​សៀមរាប ​ទៅកាន់​ជំរំ​លំពុក ខេត្ត​សូរិន​ ប្រទេស​ថៃ​ កាលពី​ដើម​ឆ្នាំ​ ១៩៨០។​

លោក​បាន​ចេញមក​សហរដ្ឋ​អាមេរិក​តាមរយ:​ជំរំ​នៅ​ប្រទេស​ហ្វីលីពី​ន ក្រោមការ​គ្រប់គ្រង​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកជន​ភៀស​ខ្លួន​ ដែលបាន​ផ្គត់ផ្គង់​គ្រប់បែប​យ៉ាង​ ទាំង​ទី​ជម្រក​ស្បៀងអាហារ ​សុខភាព​ជាដើម។

«ខ្ញុំអបអរ​ណាស់​អរគុណ​ដល់​អង្គការ​សហ​ប្រជាជាតិ​ ជាពិសេស​សហរដ្ឋ​អាមេរិក​ ដែល​អនុញ្ញាតឲ្យបងប្អូន​ខ្មែរ​យើង​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​ បាន​មក​រស់នៅ​លើ​ទឹកដី​ថ្មី​ អរណាស់ ​មានអំណរ ​មានចិត្តរីករាយ​គឺរីករាយ​ក្នុង​ជីវិត​ ដែល​បាន​មកឃើញ​ប្រទេស​មួយ​ ដែលមាន​ការរីក​ចម្រើន ​ផ្នែកសិក្សា​អប់រំ​ និង​រីក​ចម្រើន​ទាំងអស់»។

លោក​ សារ៉ាយ ​ដែលបាន​រៀបរាប់​ពីការ​លំបាក​ក្នុង​សង្គ្រាម​ និង​ជីវិត​ជាជន​ភៀសខ្លួន​បាន​មក​ដល់​ទឹកដី​អាមេរិក​ ហើយ​ចាប់ផ្តើម​កសាង​គ្រួសារ​ កាលពី​ឆ្នាំ​ ១៩៨១ ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់លោក​ចំនួន​ ៧នាក់​ និង​អ្នកភូមិ​ប្រមាណ​ ២០០នាក់។​ លោក​បាន​ស្នើឲ្យ​អ្នក​នយោបាយ​កម្ពុជា គោរព​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ​ដោះស្រាយ​បញ្ហា​រួមគ្នា​ជាខ្មែរ ​នាំមក​នូវ​សន្តិភាពពិត​ប្រាកដ ​និង​ ចៀសវាង​សង្គ្រាម​ព្រាត់ប្រាស់​ និង​ស្លាប់​ជីវិត​មនុស្ស។

«ការដែល​ប្រាថ្នា​មិនឲ្យ​មាន​សង្គ្រាម​យើងមក​ដល់ឃើញ​ប្រទេស​មួយ​ ឃើញ​មាន​ការរីក​ចម្រើនជាពិសេស​មាន​សន្តិភាព​ មាន​ឯករាជ្យ​សព្វបែប​យ៉ាង ដូចនេះ​យើងមិន​ចង់ឲ្យ​ប្រទេស​យើង​មានសង្គ្រាម​ទេ»។

ជន​ភៀស​ខ្លួន​ខ្មែរ​ជាច្រើន​សែននាក់ ​ដូចជា​ជាតិ​សាសន៍​ផ្សេងៗទៀត​ក្នុង​ពិភពលោក​ដែរ​ បាន​មករស់​នៅក្នុងសហរដ្ឋអាមេរិក​ និង​ប្រទេស​ផ្សេងៗ​ទៀត​ ក្រោយ​ពី​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស ​កាលពីទសវត្សរ៍​ ១៩៨០ ​ដែលនាំ​ឲ្យ​មាន​វិនាសកម្ម ​និងការកាប់​សម្លាប់​ជីវិត​មនុស្ស​ ជាង​ ១លាន ​៧សែននាក់​ ហើយ​ក្រុម​គ្រួសារ​ជាច្រើន​បាន​វិនាស​ព្រាត់ប្រាស់​ក្រុមគ្រួសារ ​ឪពុកម្តាយ ​បងប្អូន​សាច់​ញាតិ​ជាច្រើន។​

បើតាម​របាយការណ៍​ជន​ភៀសខ្លួន​របស់ ​អ.ស.ប ​បាន​ឲ្យដឹង​ថា​ ជន​ភៀសខ្លួន​ក្នុងពិភព​លោក​ថ្មីមាន​ចំនួន​ជិត​ ១០​លាននាក់​ ដែលរត់​ភៀសខ្លួន​ ដោយសារ​ការធ្វើ​ទុក្ខបុកម្នេញ​ និងសង្រ្គាម​កាលពី​ឆ្នាំ២០១៩។​ ចំនួននេះ​បានបង្កើន​ជនភៀស​ខ្លួន​សរុបក្នុង​ពិភពលោក​ដល់​ទៅជិត ៨០​លាននាក់ ​ដែល​ អ.ស.ប​ ទទួល​បន្ទុក​ជនភៀស​ខ្លួន​ចាត់​ទុកថា​ ជាក្តី​បារម្ភ​ដ៏ធំធេង។

នៅក្នុង​សុន្ទរកថា​ កាលពី​ថ្ងៃព្រហស្បតិ៍​ អំពីជន​ភៀស​ខ្លួន​លោក​អគ្គលេខាធិការ អ.ស.ប​ Antonio Guterres ​បាន​ជំរុញឲ្យមាន​ការ​គាំទ្រ​ដល់​ជនភៀសខ្លួន​ ដែល​កំពុង​កើនឡើង​ ជាពិសេស​ក្នុងពេល​មាន​ការឆ្លង​រាតត្បាត​ជំងឺកូវីដ​១៩។​

លោក​បានថ្លែង​តាមខ្លឹមសារ​ដើមថា៖ «នៅក្នុងឱកាស​ប្រារព្ធ​ទិវា​ជនភៀសខ្លួន​ពិភពលោក ​យើងសច្ចាថា ​នឹងធ្វើអ្វី​គ្រប់​យ៉ាង​តាមសមត្ថភាព​របស់​យើង​ ដើម្បី​បញ្ចប់ជម្លោះ ​និងការ​ធ្វើទុក្ខ​បុកម្នេញ​ដែលនាំ​ឲ្យចំនួន​ជន​ភៀសខ្លួនកើនឡើង​យ៉ាង​រន្ធត់​នេះ»។

លោក​អគ្គលេខាធិការ​បាន​សម្តែង​សមាន​ចិត្ត​អរគុណ​ដល់​ប្រទេស​នានា ​និង​សហគមន៍​នានា​ដែលទទួល​ជន​ភៀសខ្លួន​ដោយចិត្ត​សប្បុរសធម៌​ និង​មនុស្សធម៌​ ទោះជា​មានការ​ប្រឈម​មុខនឹង​បញ្ហាសេដ្ឋកិច្ច​ និង​សន្តិសុខ​ក្តី។

លោក ​អ៊ិន សួន​ អាយុ​៦៦ឆ្នាំ ​ខ្មែរអាមេរិកាំង​ក្នុង​ទីក្រុង​អូកលែន​ រដ្ឋកាលីហ្វ័ញ៉ា​ បាន​មក​ដល់សហរដ្ឋ​អាមេរិក ​កាលពី​ចុងឆ្នាំ ១៩៨២ ​ហើយលោក​បាន​រស់នៅ​ក្នុងជំរំ​លំពុក​ ខេត្ត​សូរិន ​មួយរយ:ពេល​ខ្លី។

លោក​បានថ្លែង​ថា ​លោក​បាន​ចាកចេញ​ពីស្រុក​កំណើត​ក្នុងឃុំ​ស្វាយចេក​ ខេត្ត​បន្ទាយ​មានជ័យ​។ លោកថា ​អ.ស.ប​ និង​សហរដ្ឋ​អាមេរិក​ បាន​ជួយយក​ជន​ភៀសខ្លួន​ខ្មែរ​យ៉ាងច្រើន ព្រមទាំង​រូបលោក​ផងពី​ជំរំ​ជនភៀស​ខ្លួនមក ​ដែល​កាលនោះ​មាន​ទុក្ខវេទនា​រស់​នៅ​តាមជាយ​ដែន។

«ខ្ញុំមាន​ការ​អរគុណ​ជាពិសេស អ.ស.ប ​និង​សហរដ្ឋ​អាមេរិក​នេះ​ឯង»។

លោកថ្លែង​យ៉ាងដូច្នេះ​ដោយ​យោងថា​ ទាំង​លោក​និង​ជនភៀសខ្លួនទាំងនោះ គឺពេល​នោះ​សុំតែ​រស់ជីវិត​ទេ ដោយសារ​ការគេច​ពីការ​សម្លាប់​របស់​ខ្មែរក្រហម​ និង​ការរង​ទុក្ខ​វេទនា​ ពេល​វៀតណាម​ចូលឈ្លានពាន​ទឹកដី​កម្ពុជា​ពេលនោះ​ ដើម្បី​វាយ​បន្ត​សង្គ្រាម​បណ្តេញ​ក្រុម​ខ្មែរក្រហម។

«គឺខ្មែរ​ក្នុងពេល​នោះ​សុំតែ​ម៉ារួច​ខ្លួនទេ ​ការពិត​មិនដឹងថា​ អង្គការ​សហប្រជាជាតិ​ប្រទេស​ទី៣ ប្រទេស​អភិវឌ្ឍ​ទាំងឡាយ​ហ្នឹង ​យក​ប្រជាពលរដ្ឋ​ខ្មែរហ្នឹង​ បានមក​រស់នៅ​ប្រទេស​ទី៣ ដូច​សព្វថ្ងៃហ្នឹង​ទេ»។

លោកថា ​ទិវា​ប្រចាំ​ឆ្នាំ​ដែលមាន​ការចូលរួម​ប្រារព្ធ​ពី​ពលរដ្ឋខ្មែ រ​និង​ពលរដ្ឋ​អាស៊ី​ជាច្រើន​ពាន់​នាក់នោះ នៅតំបន់​អូកឡែន​ឆ្នាំនេះ ​អាចនឹង​មិនបាន​ប្រារព្ធ​ជុំគ្នា​ដូច​សព្វមួយ​ដងទេ​ ដោយសារ​ជម្ងឺ​កូវីដ​១៩៕

XS
SM
MD
LG