ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ទទួលទាន​អាហារ​តាមផ្លូវ​កើនឡើង តែ​អាច​មាន​កង្វះ​អនាម័យ


អាជីវកម្មអាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​​នេះ​ ភាគ​ច្រើន​ប្រមូល​ផ្តុំ​នៅ​​ក្បែរ​​សាលារៀន​ ជាពិសេស​វិទ្យាល័យ​ និង​សាកល​វិទ្យា​ល័យ ​និង​នៅ​​តាម​ទី​កម្សាន្ត​​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ។
អាជីវកម្មអាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​​នេះ​ ភាគ​ច្រើន​ប្រមូល​ផ្តុំ​នៅ​​ក្បែរ​​សាលារៀន​ ជាពិសេស​វិទ្យាល័យ​ និង​សាកល​វិទ្យា​ល័យ ​និង​នៅ​​តាម​ទី​កម្សាន្ត​​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ។

សព្វ​ថ្ងៃនេះ​ អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​ចំនួន​បាន​ក្លាយ​ជា​ចំណី​ដ៏​ពេញ​និយម​របស់​ប្រជា​ពល​រដ្ឋ​ក្រុងភ្នំពេញ​ ជាពិសេស​ក្នុង​ចំណោម​ក្រុម​យុវវ័យ។​

អាហារ​តាម​ចិញ្ចើម​ថ្នល់​ដែល​ពេញ​និយម​បំផុត​នោះ​រួម​មានប្រហិត​បំពង ​ ស្លាប​មាន់បំពង ស្លាប​មាន់​អាំង ​ពងមាន់​អាំង​ជា​ដើម។​

អាជីវកម្ម​នេះ​ភាគ​ច្រើន​ប្រមូល​ផ្តុំ​នៅក្បែរសាលារៀន​ ជាពិសេស​វិទ្យាល័យ​ និង​សាកល​វិទ្យា​ល័យ ​និង​នៅតាម​ទី​កម្សាន្តនានា​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ពីព្រោះ​ទីតាំង​ទាំង​នោះជា​ទី​ប្រមូល​ផ្តុំ​របស់​យុវជន ​ដែល​ជាអតិថិជន​គោល​ដៅ​របស់​អាជីវកម្ម​នេះ។​

ក្រៅ​ពី​នោះ​ក៏មានការ​លក់​ដូរ​ចល័ត​តាមរ៉ឺម៉ក​ម៉ូតូនៅ​តាម​ដង​ផ្លូវ​នានា​ និង​នៅ​តាម​តំបន់​ដែល​មាន​រោងចក្រ​ដែលសម្បូរដោយ​កម្មករ​ផង​ដែរ។​

ក្លិន​ឈ្ងុយ​នៃ​ប្រហិត​បំពង​បាន​ទាក់ទាញ​កញ្ញា​សុខ​ មួយ ​និង​ក្រុម​មិត្ត​ភក្តិ​របស់​នាង។​ ពួក​នាង​កំពុង​អង្គុយ​លាយ​ទឹក​ជ្រលក់​ ដែល​មាន​ទឹក​សៀង​អំបិល​ម្រេច​ ក្រូច​ឆ្មារ ​និង​ខ្ទឹមជ្រក់ ​ក្នុង​តូប​លក់​ប្រហិតមួយ​នៅ​ជាប់នឹង​របង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ផ្នែក​ខាងលិច។​ កញ្ញា​លី​ សុខ​មួយ​ អាយុ២២​ឆ្នាំ​ ជា​និស្សិត​ឆ្នាំទី៤​នៅ​ឯ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ ​និង​ជា​អ្នក​ដែល​និយម​ញ៉ាំ​ប្រហិត។​ ​នាង​អង្គុយ​សម្លឹង​ការ​ចំអិន​មុខ​ម្ហូប​របស់​នាង​ដោយ​ទឹក​មុខ​អន្ទះសារ។​

«ការដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ ​(តាម​ចិញ្ចើម​ផ្លូវ) ​អញ្ចឹង​វា​អាស្រ័យ​ទៅលើ​ថវិកា​របស់មិត្ត​ភក្តិ​ដែរ ​អ្នក​ខ្លះ​អត់​ធ្វើ​ការ​ទេ ​លុយ​ក៏គាត់​មិន​សូវ​ជា​មានច្រើន​ដែរ។​ ម្យ៉ាងទៀត ​ញ៉ាំ​អាហារតាម​ផ្លូវ​ វា​ងាយស្រួល​មិន​ចាំ​បាច់​ចំណាយ​អី​ច្រើន ​ហើយ​អាច​ជជែក​គ្នា​លែង​ដោយ​សេរី»។​

ចំណែក​កញ្ញា​ធារី​ មុន្នីរ័ត្ន ​អាយុ​១៨​ឆ្នាំ ​ជា​និស្សិត​ឆ្នាំទី២​នៃ​សាលា​ពាណិជ្ជ​កម្ម​ខែម​អេឌ។ ​នាង​បញ្ជាក់​ថា​ ​នាង​ចូល​ចិត្ត​ទទួល​ទាន​អាហារ​តាម​ផ្លូវ​ទាំង​នោះ​ពីព្រោះ​វាមាន​រសជាតិ​ឆ្ងាញ់។​

«ខ្ញុំ​គិតថា​ វា​ថោក​សមរម្យ​សម្រាប់​សិស្ស​ ណាមួយ​វាឆ្ងាញ់​ផង»។​

កញ្ញា​ទទួលទាន​ប្រ​ហិតស្ទើរតែ​រាល់​ថ្ងៃជា​មួយ​មិត្ត​ភក្តិ​ជាក្រុមៗ​ ដែល​មាន​គ្នា​ប្រមាណ​៤​ ឬ​៥​នាក់​ ហើយ​ចំណាយ​ប្រាក់​អស់​ប្រមាណ​ពី​១​ម៉ឺន​រៀល​ទៅ​ ៣​ម៉ឺន​រៀល​ក្នុង​ការ​ញ៉ាំ​អាហារ​ទាំង​នោះ​ម្តងៗ។​

នៅ​តាមតូបលក់​ប្រហិត​ ដូចជា​ទី​កន្លែង​លក់​អាហារ​ទាន់ចិត្ត​ឬ​ Fast Food​ដូច្នោះ​ដែរ។ មាន​យុវជន​ យុវតី​អង្គុយ​ជជែក​គ្នា​ជាក្រុមៗ ​ហើយ​គ្រប់​តូប​ស្ទើរ​តែ​គ្មានសល់​កន្លែង​អង្គុយ​ទេ។​

អ្នក​ស្រី​គីម ស័ង​ប្រកប​អាជីវកម្មលក់​ប្រហិត​ជាង​១០​ឆ្នាំ​មក​ហើយ។​ អ្នកស្រីកាន់​កូន​កន្សែង​ពោះគោ​ពណ៌​រាង​ក្រមៅ​សើម​តិចៗ​ដើម្បី​ជូត​តុ​ និង​កៅអី​សម្រាប់​ភ្ញៀវ​អង្គុយ។ ​អ្នកស្រី​ឲ្យ​ដឹង​ថា​ មុខរបរ​នេះ​អាចឲ្យ​អ្នកស្រី​រក​ចំណូល​បាន​ជាង​២លាន​រៀល​ក្នុង​មួយ​ថ្ងៃ។​

«ខ្ញុំ​លក់​ទៅ​វា​កើន​ហ្នឹង​ បានតែ​ពីរ​ បី​ឆ្នាំ​ហ្នឹង​ទេ។​ ពីមុន​បាន​ត្រឹមមួយ​ទប់ៗ។ ​តែ​ឥឡូវ​គ្រាន់​បាន​ចំណេញ​ ធូរធា​ ចិញ្ចឹម​គ្រួសារ​បាន​ច្រើន​ សល់​តិច​តួច។​ បើ​ឲ្យ​មាន​ក៏មិន​មាន​ប៉ុន្មាន​ដែរ ​ល្ម​ម​រស់នៅ​សមរម្យ»។​

ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​គីម ស័ង​លក់​ប្រហិតអស់​ជា​មធ្យម​៥០​គីឡូ​ក្រាម។

ចំណែក​ឯ​កញ្ញា​ថាវី​ជា​ម្ចាស់​ហាង​ពង​មាន់អាំង​ក្បែរ​វិទ្យា​ស្ថាន​ភាសា​បរទេស​ IFL។ ​និយាយ​ដោយ​ទឹក​មុខ​ញញឹម​ផង អ្នក​លក់​ពង​មាន់​អាំង​និង​ប្រហិត​បំពងនេះ​បញ្ជាក់​ថា​ ក្នុង​រយៈពេល​៣​ឆ្នាំ ​ចាប់​តាំង​ពី​កញ្ញា​បើក​អាជីវកម្ម​នេះ​ ការ​ញ៉ាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​កើន​ឡើង​ជា​លំដាប់។​

«គាត់​(អតិថិជន)​ញ៉ាំ​ចម្រុះ។​ បើ​មនុស្ស​ប្រុស​ គាត់​ហៅ​ពង​មាន់​អាំង​ញ៉ាំ​៤​ចាន ​ស្លាប​១​ចាន ​ប្រហិត​១​ចាន​ឆ្អែត។​ តែ​បើគ្នា​ច្រើន​មិន​អាច​កំណត់​បាន​ទេ។ ​បើសិន​ជា​ចាប់ពី៥​នាក់​ឡើងគាត់​(អតិថិជន)​អស់​៤​ម៉ឺន​ ឬ​៥ម៉ឺន​ដែរ។​ ​ប្រសិន​បើ​៣នាក់ ​អស់​២​ម៉ឺន​ ឬ​១​ម៉ឺន​ជាង ​ក៏មាន​ដែរ​ តាមគាត់​ញ៉ាំ​តិច​ញ៉ាំ​ច្រើន»។​

កញ្ញា​ថាវី អាច​រក​ចំណូលបាន​ពី ១​លាន ​ទៅ​២​លាន​រៀល​ក្នុង​មួយ​ថ្ងៃ។​

យោង​តាម​ក្រុម​អាជីវករ​ និង​ភ្នាក់ងារ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ថា​ ប្រហិត​ ឬ​សាច់​ដទៃ​ទៀត​ក្នុង​ចំណោមអំបូរ​អាហារ​ដូចគ្នា​នេះ ​ត្រូវ​នាំ​ចូល​ភាគ​ច្រើន​លើសលប់មកពី​ប្រទេស​ថៃ។​ ក្រៅ​ពីនោះ​ក៏​មាន​ការ​នាំចូល​ពី​ប្រទេស​ចិន​ និង​វៀតណាម​ផង​ដែរ។​

ពិត​ណាស់​ថា​ មុខ​របរ​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវនេះ​បាន​បង្កើនប្រាក់​ចំណូលដល់​អាជីវករ​ខ្នាត​តូច​ ដែល​មាន​កម្រិត​ជីវភាព​មធ្យម​មែន​ ​ក៏ប៉ុន្តែ​អ្នក​ជំនាញ​បាន​បង្ហាញ​ពី​ការ​ប្រឈម​ផ្នែក​សុខភាព​មួយ​ចំនួន ​ដូចជាការ​ធ្វើ​ឲ្យ​ងាយ​ឡើង​ទម្ងន់ ឬ ​ឡើង​ធាត់​ ដោយសារ​អាហារ​ទាំង​នោះ​សម្បូរដោយ​សារធាតុ​ខ្លាញ់​ ប្រសិន​បើ​ការ​និយម​បរិភោគ​ចំណី​អាហារ​ទាំង​នេះ​ហួស​កម្រិត។

លោក​វេជ្ជបណ្ឌិត ជ័យវិទ្យា​រិទ្ធី ឯកទេស​ថ្លើម​ ក្រពះ​ ពោះវៀន​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែតបាន​បញ្ជាក់​ថា ​ការប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ចំណី​ទាំង​នេះ​ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​គ្រឿង​ក្នុងសំខាន់ៗ​មួយ​ចំនួន​នៃ​រាង​កាយ។

«កាល​ណា​យើង​ប្រើ​សារធាតុ​គីមី​លក្ខលាយ​ឲ្យ​ពណ៌​ស្អាត​នោះ​ហួស​កម្រិត​ វានឹង​ធ្វើឲ្យ​អ្នក​បរិភោគ​កើត​ជម្ងឺ​មហារី»។​

កន្លង​មក​អង្គភាព​កាំកុងត្រូល​ ដែល​ជា​ភ្នាក់ងារ​ត្រួត​ពិនិត្យ​ចំណី​អាហារ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ ធ្លាប់បាន​ចាប់ឃាត់​ប្រហិត​ខុស​ច្បាប់​មួយ​ចំនួន​ដែល​នាំ​ចូល​ក្នុងប្រទេស​កម្ពុជា​ ពិសេស​តាមច្រក​ព្រំ​ដែន​កម្ពុជាថៃ។ យោង​តាម​លោក​ឌីម​ ថេង​ ប្រធាន​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍​នៃ​សាខា​កាំកុងត្រូល​ បានឲ្យ​ដឹង​ថា ប្រហិត​ និង​សាច់​ដែល​ត្រូវបាន​ឃាត់ ​និង​ដក​ហូត​ទាំងនោះ​ មិន​មាន​គុណភាព​តាម​ស្តង់ដា​បច្ចេក​ទេស​អនាម័យ​ក្នុង​ការ​ផ្ទុក​ និង​ដឹក​ជញ្ជូន​ទេ ​ពោល​មិន​បាន​រក្សា​សាច់​ប្រហិត​ត្រឹម​ត្រូវ​តាម​កម្រិត​សីតុណ្ហភាព ​ដែល​អាច​ធ្វើ​ឲ្យ​ធ្វើ​សាច់​ប្រហិត​ផ្អូម ​ឬ ​ជូរ​ ខូច​គុណភាព។​

«ប្រហិត​នាំ​ចូល​ ឆែក​ទៅ​មិន​ដែល​ឃើញ​បូរ៉ាក់​ទេ ​តែ​សំខាន់​គឺ​ប៉ែក​អនាម័យ​ទេ ​ដែលមិន​បាន​គោរព​ត្រឹម​ត្រូវ​ ហើយ​វា​បណ្តាល​ឲ្យ​មាន​មេរោគ​ច្រើន​ ដោយសារ​តែ​ការ​ដឹក​ជញ្ជូន​មិន​ត្រូវ​លក្ខខណ្ឌ​បច្ចេកទេស ​គ្មាន​ក្លាសេ​ គ្មាន​វេច​ខ្ចប់​ត្រឹម​ត្រូវ»។​

លោក​វេជ្ជបណ្ឌិត ​ជ័យវិទ្យា​រិទ្ធី​បញ្ជាក់​បន្ថែម​ថា ​សាច់​ប្រហិត​ផ្អូម​ ឬ​ ជូរអាច​នឹង​បំលែង​ទៅជា​មេរោគ ​ហើយ​ផល​ប៉ះ​របស់​មេរោគ​ទាំង​អាច​ធ្ងន់ធ្ងរ​រហូត​ដល់ធ្វើ​ឲ្យ​មាន​ជំងឺ​ពិការ។

«ពេល​សាច់​ខូច​ វា​ងាយ​ឲ្យ​មេ​រោគ​ដុះ ​ហើយ​មេរោគ​នោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ ហើយ​វា​អាច​ឲ្យ​ពិការ​ដៃ​ជើង​កម្រើក​លែង​រួច។ ជួន​កាល​ប្រជាជន​យើង​ញ៉ាំ​ភ្លេច​ខ្លួន ​ហើយ​ថ្ងៃក្រោយ​គាត់​នឹង​ប្រឈម​នឹង​ជម្ងឺ​មហារី»។​

អ្នក​ស្រី​បណ្ឌិត​សៀង​ ហ៊ុយ ​អនុប្រធាន​វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​ស្រាវជ្រាវ ​និង​បច្ចេក​វិទ្យា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​២០១០​កន្លង​មក​ គេរក​ឃើញ​សារធាតុ​គីមី​ ដែលហាម​ឃាត់​មួយ​ចំនួន​នៅ​ក្នុង​សាច់​ប្រហិត​ដែល​ផលិត​ក្នុង​ស្រុក​ ដូចជា​សារធាតុ​បូរ៉ាក់​ជាដើម។​

សារធាតុ​បូរ៉ាក់​ត្រូវ​បានគេ​ប្រើ​លាយ​ជាមួយ​សាច់​ប្រហិត​ដើម្បីជាជំនួយ​ឲ្យ​ប្រហិត​ឆ្ងាញ់ ​ស្វិត​ល្អ​ មិន​ឆាប់​ផ្អូម​ ឬ​ដុះ​ផ្សិត។​

អ្នក​ស្រី​បណ្ឌិតសៀង ហ៊ុយ​បានរៀប​រាប់​ពី​ផល​ប៉ះពាល់​លើ​សុខភាព​ដោយ​សារធាតុ​បូរ៉ាក់​នេះ។​

«កាលណា​ជាតិ​បូរ៉ាក់ហ្នឹង​លើស​ច្រើន​វា​អាច​ធ្វើ​ឲ្យ​តម្រងនោម​ និង​ក្រលៀន​យើង​មាន​បញ្ហា​ ឲ្យ​យើង​មាន​អាការៈ​ដូចជា​ឈឺក្បាល ​រមាស់ស្បែក​ រលាក​ប្រដាប់​រំលាយ​អាហារ​ ក្រពះ ​និង​ពោះវៀន។ ​សារធាតុនេះ​នៅក្នុង​ខ្លួន​មនុស្ស​យើង​ធ្វើឲ្យ​មនុស្ស​អាច​ក្អួតឈាម​បាន ​ហើយ​អាច​ស្លាប់​បាន។​ ការប្រើ​ប្រាស់​សារធាតុ​ជា​ប្រចាំ​រយៈពេល​ពី៥​ទៅ​១០​ឆ្នាំ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដូចជា​មហារីក​ថ្លើម»។​

បច្ចុប្បន្ន​ ការ​ត្រួត​ពិនិត្យ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ស្ថិត​ក្រោមការ​គ្រប់​គ្រង​របស់​ក្រសួង​សុខាភិបាល​ អនុវត្ត​ដោយ​ការិយាល័យ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចំណី​អាហារ​នៃ​ក្រសួង។ ​ក៏​ប៉ុន្តែ​ស្ថាប័ន​នេះ​ហាក់​ដូចជា​មិន​បាន​បង្ហាញ​សកម្ម​ភាព​អ្វី​ជាក់​ស្តែង​នោះ​ទេ។ ​នេះ​បើផ្អែក​តាម​ក្រុម​អាជីវករ។​ មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​នេះ​របស់​ក្រសួង​សុខាភិបាល​បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​ទេ។​

នៅ​ឯ​ប្រទេស​ថៃ ការត្រួត​ពិនិត្យ​ចំណី​អាហារ​ដែល​លក់​នៅ​តាម​ដង​ផ្លូវត្រូវ​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០០១​មក ​ដោយមាន​ការ​សហការ​ពី​អង្គការ FAO​ និង​ក្រសួង​សុខាភិបាល​ប្រទេស​ថៃ។ ​គម្រោង ​ដែល​មាន​ឈ្មោះ​ថា ​«អាហារ​ស្អាត​ រស់ជាតិ​ឆ្ងាញ់» ​នៅ​ក្នុង​ប្រទេស​ថៃ​ធ្វើ​ឡើង​ក្នុង​គោលដៅ​កាត់​បន្ថយ​ហានិភ័យ​ដែល​កើត​ឡើង​ពី​ការ​ទទួល​ទាន​អាហារ​តាម​ដង​ផ្លូវ​ ពិសេស​លើក​កម្ពស់​សុវត្ថិភាព​ចំណី​អាហារ​សម្រាប់​វិស័យទេសចរ។​

លោក​វេជ្ជបណ្ឌិត ជ័យវិទ្យា​រិទ្ធី​មាន​ប្រសាសន៍​ថា ​ការ​ធ្វេស​ប្រហែសចំពោះ​ផល​វិបាក​នៃ​ចំណី​អាហារ​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។​

លោក​វេជ្ជបណ្ឌិត​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ក្នុង​រាជ​រដ្ឋាភិបាល​ និង​អង្គការ​ជា​ដៃគូ​នានាសហការ​គ្នាបង្កើន​សកម្មភាព​ការងារ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារលក់តាម​ចិញ្ចើម​ផ្លូវ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ចៀសវាង​ការ​គម្រាម​កំហែង​លើ​សុខ​ភាព​អ្ន​ក​ទទួល​ទាន៕

XS
SM
MD
LG