ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការយល់​ដឹង​អំពី​ជំងឺ​ផ្តាសាយ​បក្សី​គួរតែ​ពង្រឹង


អ្នកលក់​សាច់មាន់​នៅ​ផ្សារ​ច្បារអំពៅ​ ក្នុង​ទីក្រុង​ភ្នំពេញ។ (Robert Carmichael/VOA)
អ្នកលក់​សាច់មាន់​នៅ​ផ្សារ​ច្បារអំពៅ​ ក្នុង​ទីក្រុង​ភ្នំពេញ។ (Robert Carmichael/VOA)
នៅផ្សារ​ច្បារ​អំពៅ​ ដែលជា​ផ្សារ​ធំ​បំផុតមួយ​នៃ​ផ្សារ​ធំៗនៅ​ភ្នំពេញ​ គេ​លក់​មាន់​ដាច់ណាស់។ អ្នកស្រីលី​មៃ​រកស៊ី​ធ្វើមាន់​ច្រើន​ទសវត្សរ៍​មកហើយ​ លក់​មួយថ្ងៃ​បាន​២០​ក្បាល។ ​អ្នកស្រី​ទិញ​មាន់​ពីខេត្ត​ព្រៃវែង ​ដែល​នៅ​ចន្លោះ​ក្រុម​ភ្នំពេញ​និង​ព្រំដែន​វៀតណាម​និង​ជា​កន្លែង​មាន​មេរោគ​ផ្តាសាយបក្សី ​H5N1 ​តែ​អ្នកស្រី​មិនបារម្ភអំពី​ជំងឺ​នេះ​ទេ។​

«មាន់ឈឺ ​មិន​មែន​មើល​មិនដឹង​ទេ គ្រាន់តែ​ឃើញ​មាន់​នឹង​គេដឹង​ថា ​ មាន់​ហ្នឹង​ឈឺ​ហើយ។​ អ្នក​លក់គ្រាន់​តែឃើញ​ដឹង​ហើយ ​មិន​បាច់ចាំ​ពេទ្យសត្វ​ទេ។​ ពេទ្យ​សត្វ​មើល​មិន​ដល់​អ្នកលក់​ផង»។

នៅ​ផ្សារ​ផ្សេង​ទៀត​ក៏​គេគិត​អញ្ចឹង​ដែរ។ អ្នកស្រី​ជុំ សុផល​ដែល​លក់​ជើង​មាន់ ​និងស្លាប​មាន់​១០០​គ.ក្រ.ក្នុងមួយ​ថ្ងៃ​កំពុង​យល់​ខុស​ថា ​មាន់​នៅរស់​មិន​មាន​មេរោគ​H5N1​ទេ។​

«អត់អីទេ ​សុទ្ធតែ​មាន់រស់។​ យើងអត់​លក់​មាន់ងាប់​ទេ។​អត់អី​ទេ ​គេ​អត់​ព្រួយ​បារម្ភ​ទេ»។

លី មៃ អ្នកលក់​មាន់​រើស​មាន់​ដើម្បី​សម្លាប់​ហើយ​លក់​នៅ​តូប​របស់​អ្នកស្រី​ក្នុង​ផ្សារ​ច្បារអំពៅ​នៅ​ទីក្រុង​ភ្នំពេញ។ (Robert Carmichael/VOA)
លី មៃ អ្នកលក់​មាន់​រើស​មាន់​ដើម្បី​សម្លាប់​ហើយ​លក់​នៅ​តូប​របស់​អ្នកស្រី​ក្នុង​ផ្សារ​ច្បារអំពៅ​នៅ​ទីក្រុង​ភ្នំពេញ។ (Robert Carmichael/VOA)
ស្រី្ត​ទាំងពីរនាក់​នេះ​យល់ខុស។​ មាន់​អាចមាន​មេរោគ​H5N1​ ដោយ​មិន​បង្ហាញ​សញ្ញា​អ្វី​ឡើយ។រីឯទាវិញ​គឺគ្មាន​ផ្តល់​សញ្ញា​ឆ្លងរោគ​ទាល់​តែសោះ។​ មនុស្ស​អាច​ឆ្លង​មេរោគ​នេះ​ ពេល​គេ​ប៉ះ ឬ​បរិភោគ​បក្សី​មាន​ជំងឺនេះ​ ដោយ​មិន​បាន​ចម្អិន​ត្រឹមត្រូវ។ ក្នុង​ករណី​ទាំងនេះ​ មនុស្ស​អាចឆ្លង​មេរោគ​ H5N1។មនុស្សប្រហែល​៦០%​ដែល​មាន​មេរោគ H5N1​អាច​នឹង​ស្លាប់។

គ្មាន​អ្វីភ្ញាក់ផ្អើល​ទេ​ដែល​ស្រ្តី​ទាំង​ពីរ​នាក់​មិនដឹង​អំពីគ្រោះថ្នាក់​នេះ។ តាំងពី​អ្នក​ជំនាញ​រក​ឃើញ​បក្សីមាន​មេរោគ​H5N1 នៅទីនេះ​ជាដំបូង​នៅខែមករា​ឆ្នាំ​២០០៤​នោះ ​អាជ្ញាធរ​និង​អង្គការ​ជំនួយ​បាន​ព្យាយាម​ឲ្យ​មនុស្ស​កែប្រែ​របៀប​ប៉ះពាល់​បក្សី។​ ​តែ​ការពន្យល់នោះ​ត្រូវ​ទទួល​បរាជ័យ​ភាគ​ច្រើន។

ហេតុផល​មួយផ្នែក​នៃ​បរាជ័យ​នោះ​គឺ​នៅ​កម្ពុជាមាន​៨០%​នៃ​មាន់ទា​ជិត​២០លាន​ក្បាល​គេ​ចិញ្ចឹម​នៅ​ជិត​មនុស្ស។​
អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អ.ស.ប. FAO​ ជឿថា ​មេរោគH5N1 ​កើត​មាន​មិន​ទូទៅ​ទេ​ក្នុង​ចំណោម​បសុបក្សី​នៅ​កម្ពុជា។​

ទោះ​ជាយ៉ាងណា​ក្តី​ រដ្ឋាភិបាលនឹងមិនចេញ​សំណង​ឲ្យអ្នក​ភូមិ​ដែល​បាត់បង់​មាន់ទា​ដោយ​សារ​ជំងឺនេះ​ទេ។​ ជាលទ្ធផល ពេល​មាន់ទាឈឺ ​អ្នក​ភូមិ​ក្រីក្រ​ត្រូវលក់ ​ឬ​បរិភោគ​មាន់​ទានោះ​គឺ​មិនគេ​រាយ​ការណ៍​អំពី​ជំងឺនេះ​ទេ។​

Lotfi Allal ​នៃ​អង្គការ​ FAO ​និយាយ​ថា ​ការ​ប្រឹងប្រែង​ទប់ស្កាត់​ត្រូវ​ផ្តោត​លើ​វិធានការ​រាយ​ការណ៍​ឲ្យ​បានឆាប់​អំពី​ជំងឺនេះ។​

«មេរោគ​ រាលដាល​នៅ​ទីនេះ។យើង​ត្រូវ​យល់​ដឹង​ តែ​មិន​ត្រូវភ័យ​ស្លន់ស្លោ​ទេ។ យើង​ត្រូវ​បន្ត​ធ្វើ​ការ​ជិតស្និទ្ធជាមួយ​គ្នាថា​ តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ឆ្លង​មក​មនុស្ស ​ ហើយ​ត្រូវ​រក​ព័ត៌មាន​ឲ្យ​បាន​ឆាប់​អំពី ​មេរោគ​ដែល​មាន​ប្រភព​នៅ​ក្នុង​បសុបក្សី»។​

សត្វមាន់​ដែលគេ​ចង​ហើយ​ដឹក​យក​ទៅ​លក់​នៅ​ផ្សារ​ច្បារអំពៅ​នៅ​ទីក្រុង​ភ្នំពេញ។ (Robert Carmichael/VOA)
សត្វមាន់​ដែលគេ​ចង​ហើយ​ដឹក​យក​ទៅ​លក់​នៅ​ផ្សារ​ច្បារអំពៅ​នៅ​ទីក្រុង​ភ្នំពេញ។ (Robert Carmichael/VOA)
​ក្នុង​ពេល​១៥ខែ​កន្លង​មក​នេះ ​ កម្ពុជា​មាន​មនុស្ស​ស្លាប់​ដោយ​សារ​H5N1​ចំនួន​១៨នាក់ ​ដូច្នេះ​កម្ពុជា​មានស្ថិតិ​ជំងឺ​នេះច្រើន​បំផុត​ធៀបនឹង​ប្រទេស​ដទៃ​ក្នុង​ពិភពលោក។​ ​នៅ​កម្ពុជា​មាន​មនុស្ស​៥៦​នាក់ឆ្លង​មេរោគ ​H5N1 ​ ហើយ​ជាង​ពាក់​កណ្តាល​នៃ​ករណី​ទាំង​នេះ​បានកើតមាន​ចាប់​ពី​ដើម​ឆ្នាំមុន​មក។

កង្វល់​ធំ​របស់​អ្នកជំនាញ​ខាង​សុខភាព​គឺ​ការឆ្លង​មេរោគ​ H5N1 ​ពី​មនុស្ស​ទៅ​មនុស្ស។​
ករណី​មេរោគ​ H5N1​ នៅកម្ពុជា​ភាគច្រើន​កើត​នៅភាគ​អាគ្នេយ៍​ប្រទេស​ ដែល​មាន​ព្រំដែន​ជាមួយ​វៀតណាម​ដោយ​គ្មាន​ការគ្រប់គ្រង​រឹងមាំ​ ហើយ​មាន​ការដឹក​មាន់ទា​ឆ្លង​ព្រំដែន​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​តិចតួច។ តាំងពី​ដើម​ឆ្នាំ​២០១៣​មក​ កម្ពុជា​មាន​ករណី​មនុស្ស​កើត​ជំងឺ​ផ្តាសាយ​បក្សី​ជាង​៣០​នាក់ ​រីឯ​វៀតណាម​មាន​តែ​៤​ករណី​ប៉ុណ្ណោះ។

លោក​ Dennis Carroll ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​ការគំរាម​កំហែង​នៃ​ការ​រាលដាល​ជំងឺ​គ្រុន​ផ្តាសាយ​ និង​ជំងឺ​ផ្សេង​ទៀត​នៃ​ទីភ្នាក់ងារ​ស.រ.អា.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​USAID។​ លោក​ Dennis ​បាន​ប្រាប់​វីអូអេ​តាម​រយៈ ​skype ​ថា​ ទិន្នន័យ​នេះ​គួរ​ឲ្យឆ្ងល់ ​ព្រោះ​ថា ​មេរោគ​ផ្តាសាយ ​H5N1​ មាន​សភាព​ដូចគ្នានៅ​ក្នុង​ប្រទេស​ទាំងពីរ។​

ការ​រាតត្បាត ​ និង​ព័ន្ធុ​នៃ​មេរោគ ហើយ​នឹង​វត្តមាន​របស់​មេរោគ​នៅ​ក្នុង​បសុបក្សី​និង​មនុស្ស​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​គឺស្រដៀង​គ្នាណាស់។ តែ​យើង​ឃើញ​ភាព​ខុសគ្នាខ្លាំង​រវាង​ស្ថិតិ​អំពី​មេរោគ​នៅ​កម្ពុជា​និង​តួលេខ​បង្ហាញ​នៅ​វៀតណាម ​ តែ​គ្មាន​ការពន្យល់​ជាក់ស្តែង។​

នៅ​កម្ពុជា​អាចមាន​ករណី​ជំងឺផ្តាសាយ​កើនឡើង។កំណើននេះ​អាច​មកពី​កម្ពុជា​មាន​ការធ្វើ​របាយ​ការណ៍​និង​ការ​តាមដាន​ល្អជាង ​វៀតណាម​ឬ​នៅ​កម្ពុជា​អាច​មាន​ករណីឆ្លង​ជំងឺ​ច្រើន​ ឬ​អាច​មកពី​ហេតុផល​ទាំង​ពីររួមគ្នា។​

ក្នុង​តំណាក់កាល​នេះ អ្នក​ជំនាញ​មិនដឹង​ច្បាស់ទេ ​ ហេតុនេះ​ហើយ​បានជា​ទីភ្នាក់ងារ​ស.រ.អា.​សម្រាប់​អភិវឌ្ឍន៍អន្តរជាតិ​ USAID រៀបចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃច័ន្ទ​ជាមួយ​មន្ត្រី​មកពី​ប្រទេស​វៀតណាម និង​កម្ពុជា ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចែក​រំលែក​ព័ត៌មាននិង​ការ​ទទួល​ខុស​ត្រូវ​ប្រសើរ​ឡើង​អំពី​ការកើត​ជំងឺ​នេះ។​

ប្រទេស​កម្ពុជា​បាន​បង្កើត​កម្មវិធី​ប្រសើរឡើង​ក្នុង​ការ​តាមដាន​និង​ធ្វើ​ពិសោធន៍​រក​មេរោគ​ H5N1​ នេះ។​ តែ​កម្ពុជា​មិនទាន់​មាន​កម្មវិធី​ចាក់ថ្នាំ​បង្កាជំងឺ​ផ្តាសាយ​បក្សីសម្រាប់​បសុបក្សី​ទេ​ ហើយ​ក៏​មិនទាន់​មានផែន​ការ​ផ្តល់សំណង​ដល់​កសិករ​ដែល​សម្លាប់​មាន់ទា​របស់​គេ​ដែល​ឆ្លង​រោគ​នោះដែរ។ អ្នកជំនាញនិយាយ​ថា​ បើ​ស្ថាន​ការណ៍​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ​នោះ​គេ​ត្រូវតែ​ផ្លាស់​ប្តូរ​គោល​នយោបាយ។

លោកពិន ស៊ីសុវណ្ណ​ប្រែសម្រួល៕​
XS
SM
MD
LG