រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ស្នើឲ្យកងទ័ពនិងក្រុមគ្រូពេទ្យទាហាន បង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ១៩ ក្រោយរកឃើញមន្ត្រីយោធាមួយចំនួនដែលទទួលបានវ៉ាក់សាំងលើកទីមួយនិងលើកទីពីររួចហើយ ប៉ុន្តែត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះ។
ក្នុងខ្សែអាត់សំឡេងមួយ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធទាំងអស់និងក្រុមមន្ត្រីសុខាភិបាលត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ច នៅពេលសម្ភាសអ្នកចាក់វ៉ាក់សាំង ឬក៏ប្រាស្រ័យទាក់ទងជាមួយអ្នកចាក់វ៉ាក់សាំងរួចហើយ។
លោកមានប្រសាសន៍ថា៖ «ឥឡូវហ្នឹងគឺយើងឃើញច្បាស់ហើយ ដោយសារវារាលដាលរបៀបហ្នឹងវាមិនរើសមុខទេ អ្នកដែលទទួលវ៉ាក់សាំងហើយ ក៏វានៅតែចូលមកបានដែរ។ ដូច្នេះនៅតែចូលមករាតត្បាតបានដែរ ដូច្នេះគឺយើងត្រូវប្រុងប្រយ័ត្ន»។
លោកបន្ថែមថា៖ «ពេទ្យរបស់យើងគឺត្រូវការពារខ្លួន ព្រោះឥឡូវហ្នឹងគឺវាអ្នកដែលមកចាក់មកជុំទីមួយហ្នឹង គឺក៏វាមាននៅតែមាន។ ហើយអ្នកមកចាក់ជុំទីពីរនេះ ក៏វាមានឆ្លងដែរ ហើយឥឡូវហ្នឹងឥឡូវហ្នឹង គឺមានឆ្លងអ្នកចាក់ជុំទីពីរហើយមានឆ្លងដែរ។ ដូច្នេះគឺត្រូវប្រុងប្រយ័ត្ន មិនអាចធ្វេសប្រហែសបានទេ គឺត្រូវតែប្រុងប្រយ័ត្នក្នុងដំណើរការពារចាប់តាំងពីសម្ភាសន៍ រហូតដល់ការចាក់ ហើយពេទ្យរបស់យើងត្រូវតែប្រុងប្រយ័ត្នមែនទែន»។
វីអូអេ មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ជាធម្មតា មុនពេលចាក់វ៉ាក់សាំង ប្រជាពលរដ្ឋកម្ពុជាត្រូវបានសួរនាំអំពីបញ្ហាសុខភាពរបស់ពួកគេថាមិនមានជំងឺធ្ងន់ធ្ងរ និងរ៉ាំរៃនោះទេ។ ប៉ុន្តែពួកគេមិនត្រូវបានយកសំណាកពិនិត្យជាមុនថា តើមានវីរុសជំងឺកូវីដ១៩ មុនពេលចាក់ឬយ៉ាងណានោះទេ។
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃច័ន្ទ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា អ្នកមានផ្ទុកវីរុសជំងឺកូវីដ១៩ ហើយ មិនចាំបាច់ចាក់វ៉ាក់សាំងនោះទេ។
លោកស្រីបញ្ជាក់ថា៖ «ចុះបើមានកូវីដហើយទៅចាក់ធ្វើអី? ព្រោះអាហ្នឹងចាក់ ដើម្បីការពារកូវីដ។ ហើយចុះបើកំពុងមានកូវីដទៅចាក់ធ្វើអី? វាត្រូវតែព្យាបាលកូវីដហ្នឹងដើម្បីឲ្យជាសះស្បើយ វាត្រូវតែព្យាបាលកូវីដហ្នឹង ដើម្បីឲ្យជាសះស្បើយ»។
លោកស្រីបន្ថែមថា បើតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) អ្នកព្យាបាលជំងឺកូវីដរួចហើយ អាចទៅចាក់វ៉ាក់សាំងបានក្នុងរយៈពេល ៤ ទៅ ៦ ខែ។
បើតាមលោកស្រី ឱ វណ្ឌឌីន វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន មានប្រសិទ្ធភាពក្នុងអត្រា ៧៩%។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព លើកឡើងថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលគួរផ្តល់ការពន្យល់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ដែលបានផ្តល់ជូនមន្ត្រីយោធា។
«បើសិនជាមានព័ត៌មានចែកចាយក្នុងបណ្តាញសង្គមអ៊ីចឹង ខ្ញុំគិតថា ស្ថាប័នពាក់ព័ន្ធហ្នឹងគួរតែមានពេលវេលានៅក្នុងការបកស្រាយ ដើម្បីកុំឲ្យមានការភាន់ច្រឡំនៅក្នុងសហគមន៍»។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានទេ នៅថ្ងៃព្រហស្បតិ៍នេះ ទាំងតាមប្រព័ន្ធទំនាក់ទំនង Telegram និងទូរស័ព្ទ។
ចាប់តាំងពីខែកុម្ភៈ កម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិន ចំនួន ៦០ ម៉ឺនដូស ដែលអាចចាក់មនុស្សចំនួន ៣០ ម៉ឺននាក់។ កម្ពុជាក៏កំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca ចំនួន ៣២ ម៉ឺន ៤ ពាន់ដូស ក្រោមក្របខណ្ឌកូវ៉ាក់(Covax) ដែលជាយន្តការរបស់អង្គការសុខភាពពិភពលោក។
គិតត្រឹមថ្ងៃទី ១៧ ខែមីនា ក្រសួងការពារជាតិកម្ពុជាបានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនដល់កងកម្លាំងកម្ពុជាប្រមាណ ១១ ម៉ឺននាក់ ដែលជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំង៕