ស្រ្តីខ្មែរម្នាក់នៅថ្ងៃសុក្រនេះបានស្លាប់ ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃសុក្រ ដែលមិនបញ្ជាក់ឈ្មោះ ដោយទំនងជាយោងទៅលើការរក្សាសិទ្ធិឯកជន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺម្នាក់ អាយុ ៦២ ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី ១៩ ខែមីនា ដោយសារជំងឺកូវីដ១៩។ ជំងឺនេះបានប៉ះពាល់សួតទាំងសងខាងធ្ងន់ធ្ងររបស់អ្នកជំងឺ ហើយអ្នកជំងឺស្ទះសរសៃឈាមបេះដូង មានជំងឺទឹកនោមផ្អែម លើសឈាម និងធាត់ខ្លាំង។
បើតាមក្រសួងសុខាភិបាល អ្នកជំងឺបានចូលសម្រាកនៅមជ្ឈមណ្ឌលជាតិកំចាត់របេង កាលពីថ្ងៃទី ១០ ខែមីនា ក្រោយរកឃើញមានផ្ទុកវីរុសជំងឺកូវីដ១៩ នៅថ្ងៃដដែល។ ប៉ុន្តែដោយសារស្រ្តីខាងលើមានស្ថានភាពហត់ខ្លាំង គួបផ្សំទៅនឹងគាត់មានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ អ្នកជំងឺត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខ្មែរសូវៀត កាលពីថ្ងៃទី ១៧ ខែមីនា។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រុមគ្រូពេទ្យបានដាក់ម៉ាស៊ីនជំនួយដង្ហើមដល់អ្នកជំងឺ ប៉ុន្តែនៅតែមិនអាចជួយសង្រ្គោះជីវិតបាន។
គួរបញ្ជាក់ថា នេះជាករណីស្លាប់ទីពីរ បន្ទាប់ពីបុរសខ្មែរម្នាក់ អាយុ ៥០ ឆ្នាំ បានស្លាប់កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១។ អ្នកស្លាប់ទាំងពីរនាក់ ស្ថិតក្នុងករណីឆ្លងសហគមន៍ទ្រង់ទ្រាយធំ ដែលរកឃើញមនុស្សជាង ១ ពាន់នាក់ហើយឆ្លងជំងឺនេះ គិតចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈ៕