កាសែតភ្នំពេញប៉ុស្តិ៍ (The Phnom Penh Post) នៅថ្ងៃចន្ទនេះ បានបណ្ដេញនិពន្ធនាយករបស់ខ្លួនដែលជាជនជាតិខ្មែរចេញពីការងារ បន្ទាប់ពីការចេញផ្សាយអត្ថបទមួយ ដែលភ្ជាប់ម្ចាស់ថ្មីរបស់កាសែតនេះ ទៅនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់និពន្ធនាយកដែលត្រូវបានគេបណ្ដេញចេញ និងបុគ្គលិករបស់កាសែតនេះ។
លោក កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ ដែលត្រូវបានគេបញ្ឈប់ បានប្រាប់ VOA ក្រោយការប្រជុំមួយជាមួយក្រុមសហការីរបស់លោកដែលស្ថិតក្នុងកម្រិតដឹកនាំនៃកាសែតនេះថា៖
«តាម owner[ម្ចាស់] ថ្មី គាត់គិតថា បងបានសាងកំហុសដ៏ធំមួយ គឺអនុញ្ញាតឲ្យអត្ថបទមួយចេញនៅទំព័រមុខ គឺអត្ថបទពាក់ព័ន្ធរឿងលក់ភ្នំពេញប៉ុស្តិ៍ ហើយក្នុងនាមជា editor-in-chief [និពន្ធនាយក] គេគិតថា មិនគួរឲ្យចេញអត្ថបទហ្នឹងទេ កាលណាចេញអត្ថបទហ្នឹងគឺ គឺជាការសាងកំហុសដ៏ធំមួយ។អ៊ីចឹងក្រុមហ៊ុនមិនអាចទទួលយកបាន ក្រុមហ៊ុនថ្មីមិនអាចទទួលយកបានទេ»។
កាសែតភ្នំពេញប៉ុស្តិ៍ ដែលមានវត្តមានក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដោយមានលោក Bill Clough សញ្ជាតិអូស្ត្រាលីជាម្ចាស់ ត្រូវបានលក់ទៅឲ្យអ្នកវិនិយោគសញ្ជាតិម៉ាឡេស៊ីឈ្មោះ Sivakumar S.Ganapathy (Siva) ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយឈ្មោះ Asia PR ដែលមានការិយាល័យនៅប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់លោក Bill Clough ប្រធានក្រុមហ៊ុន Post Media Ltd និងសេចក្ដីរាយការណ៍ជាតិ និងអន្តរជាតិនានាដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
សេចក្ដីរាយការណ៍របស់សាជីវកម្មផ្សាយរបស់អូស្ត្រាលី (ABC)បានឱ្យដឹងថា កាសែតភ្នំពេញប៉ុស្តិ៍នេះបានប្រឈមនឹងការកំណត់បង់ពន្ធ ជាទឹកប្រាក់ចំនួន៥លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
សេចក្ដីប្រកាសរបស់លោក Clough បាននិយាយថា បញ្ហាពន្ធដារដែលបានផ្សព្វផ្សាយជាសាធារណៈ នៅពេលកន្លងមកត្រូវបានដោះស្រាយ ហើយការសម្រេចរបស់តុលាការក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់កាសែតនេះ ត្រូវបានលុបចោលរហូតដល់បណ្ដឹងឧទ្ធរណ៍បានបញ្ចប់។
លោកបានអះអាងថា ការលក់នេះគឺដោយសារតែការធ្លាក់ចុះការផ្សាយពាណិជ្ជកម្ម។
ក្រោយការប្រកាសផ្ទេរសិទ្ធរបស់កាសែត ទៅឱ្យអ្នកវិនិយោគសញ្ជាតិម៉ាឡេស៊ី ឈ្មោះ Sivakumar S. Ganapathy អ្នកសារព័ត៌មាននៃកាសែតភ្នំពេញប៉ុស្តិ៍ បានចេញអត្ថបទទំព័រមុខមួយស្តីពីការលក់នេះនៅព្រឹកថ្ងៃចន្ទ ដោយបញ្ជាក់ថា ម្ចាស់ថ្មីរបស់ពួកគេ ធ្លាប់បានជួយដល់ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ឱ្យទទួលបានការគាំទ្រនិងស្ថិតក្នុងអំណាច។
លោក កៃ គឹមសុង ថ្លែងថាការបណ្ដេញរូបលោកចេញពីការងារនៅថ្ងៃចន្ទនេះ គឺការសម្រេចចិត្តរបស់ម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ថ្មី ហើយថាការបណ្ដេញចេញនេះ គឺធ្វើឡើងភ្លាមៗ ដោយគ្មានការជូនដំណឹងជាមុននោះឡើយ។
លោកមានប្រសាសន៍ទៀតថា ពេលវេលាដែលលោកបានបម្រើការជាមួយម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ចាស់ គឺជាដំណើរមានន័យមួយ តែសម្រាប់តែអ្នកថ្មី គឺជាអ្វីដែលលោកមិនអាចពណ៌នាបាន។
លោក កៃ គឹមសុង ដែលជាអតីតអ្នកយកព័ត៌មាន និងការីនិពន្ធព័ត៌មានសេដ្ឋកិច្ចរបស់កាសែត The Cambodia Daily បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកមិនដឹងប្រាកដអំពីអ្វីដែលលោកនឹងធ្វើក្រោយការបណ្ដេញចេញនេះនៅឡើយទេ។
«ហ្នឹងហើយ ព្រោះជំនាញរបស់បងមានខាងសារព័ត៌មានហ្នឹង ព្រោះបងអត់ដឹងថាត្រូវធ្វើអីផ្សេងទៀតទេ។ មានតែពីរ បើមិនទៅធ្វើកាសែត ទៅលក់លតឆា»។
ទស្សនាវីដែអូខ្លីជំុវិញការបណ្តេញលោក កៃ គឹមសុង នាយកនិពន្ធនៃកាសែតឌឺភ្នំពេញបុស្តិ៍
អត្ថបទដែលនាំដល់ការបណ្ដេញលោក កៃ គឹមសុង ត្រូវបានចេញផ្សាយលើទំព័រមុខរបស់កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទនេះ ដោយមានដាក់ចំណងជើងជាភាសាអង់គ្លេសថា PR Firm linked to PM buys The Post ឬជាភាសាខ្មែរថា «ក្រុមហ៊ុន PR មានទំនាក់ទំនងនឹងនាយករដ្ឋមន្ត្រីទិញឌឹ ប៉ុស្តិ៍»។
សេចក្ដីរាយការណ៍នោះ បានបញ្ជាក់ឲ្យដឹងថា កាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានលក់ទៅឲ្យលោក Sivakumar Ganapathy ដែលជាវិនិយោគិនសញ្ជាតិម៉ាឡេស៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយ ដែលកាលពីពេលកន្លងមកបានធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដីរាយការណ៍ដដែល ត្រូវបានសរសេរដោយយោងទៅលើគេហទំព័ររបស់ក្រុមហ៊ុន Asia PR ក្នុងន័យដើមថា អតិថិជនចាស់របស់ក្រុមហ៊ុន Asia PR រួមមាន «ប្រទេសកម្ពុជា និងការចូលទៅកាន់តំណែងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន» ឬជាភាសាអង់គ្លេស ត្រូវបានសរសេរថា «Cambodia and Hun Sen's entry into the Government seat»។
សេចក្ដីរាយការណ៍បានបញ្ជាក់ឲ្យដឹងបន្តថាក្រុមហ៊ុន Asia PR ធ្លាប់បានដំណើរការកាសែតគាំទ្ររដ្ឋាភិបាលមួយឈ្មោះថា The Cambodia Times អស់ រយៈពេលជាច្រើនឆ្នាំ នៅក្នុងប្រទេសកម្ពុជា ក្នុងទសវត្សរ៍១៩៩០។
សេចក្ដីរាយការណ៍ បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា សេចក្ដីរាយការណ៍ដាច់ដោយឡែកបីរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ពីអត្តសញ្ញាណលោក Chen Lip Koeng ដែលជានាយកប្រតិបត្តិកាស៊ីណូ NagaCorp គឺជាម្ចាស់កាសែត The Cambodia Times។
សេចក្តីថ្លែងការរបស់លោក Sivakumar Ganapathy ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញ Twitter
របាយការណ៍បានពណ៌នាថា លោក T Mohan គឺជាការីនិពន្ធគ្រប់គ្រងកាសែត The Cambodia Times ដែលឥឡូវលោកជាម្ចាស់កាសែត Khmer Times ដែលតាមសារបែកធ្លាយដ៏មានសក្ដានុពលមួយបានឲ្យដឹងពីទំនាក់ទំនងរបស់កាសែត Khmer Times ជាមួយក្រុមហ៊ុនកាស៊ីណូ NagaCorp និងសមាជិកគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី។
កាសែតភ្នំពេញប៉ុស្តិ៍ បានលើកឡើងតែឈ្មោះ Manith ដែលបដិសេធមិនផ្ដល់ការអធិប្បាយដល់សេចក្ដីរាយការណ៍របស់ខ្លួន និងលោក Mohan ដែលបានផ្ដល់ការបំភ្លឺថា លោកមិនមានទំនាក់ទំនងជាមួយលោក Sivakumar នោះទេ។
លោក Sivakumar បានទាត់ចោលខ្លឹមសារអត្ថបទទំព័រមុខរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលនិយាយពីការជាប់ទាក់ទងទៅនឹងក្រុមហ៊ុនកាស៊ីណូ NagaCorp និងឈ្មោះ Manith ដែលលោកអះអាងថាលោកមិនស្គាល់នោះឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់លោកSivakumar ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ។ សេចក្ដីប្រកាសនោះ ក៏បានបញ្ជាក់ឲ្យដឹងពីការលុបចោលកុងត្រាអ្នកកាសែតពីរនាក់ទៀត រួមមានលោក Brendan O'Byrne និងលោក Ananth Baliga ដែលសរសេរអត្ថបទព័ត៌មានចុះផ្សាយនៅថ្ងៃនេះផងដែរ។
លោក Ananth បានសរសេរលើគណនីប្រព័ន្ធ Twitter របស់លោកតាមន័យដើមថា៖
«ម្ចាស់កាសែត @phnompenhpost បានបញ្ជាឲ្យពួកយើងទម្លាក់ចោលអត្ថបទនិយាយលម្អិតពីការលក់កាសែត។ ខ្ញុំនឹងមិនត្រឡប់ទៅធ្វើការនៅឌឹប៉ុស្តិ៍វិញទេ។ ខ្ញុំត្រូវបានធ្វើឲ្យកើតទុក្ខជាទីបំផុតដោយការណ៍ដែលមិនអាចបានធ្វើការជារៀងរាល់ថ្ងៃជាមួយអ្នកកាសែតឆ្នើមៗដែលខ្ញុំបានស្គាល់។ ខ្ញុំសូមជូនពរឲ្យពួកគេជួបអ្វីដែលល្អ»។
ចំណែកលោក Chad Williams អតីតនិពន្ធនាយកកាសែតនេះ បានប្រាប់ភ្នាក់ងារព័ត៌មានរបស់ Reuters ថា រដ្ឋាភិបាលប្រហែលជាបង្ខិតបង្ខំឲ្យមានការលក់កាសែតនេះ។ លោកត្រូវបានស្រង់សម្ដីក្នុងន័យដើមថា៖
«មើលពីខាងក្រៅឃើញថា បញ្ហារំខានបំផុតនោះគឺពេលវេលានៃការទូទាត់វិក្កយបត្រពន្ធ និងការលក់កាសែតភ្នំពេញប៉ុស្តិ៍»។
លោក Williams បានមានប្រសាសន៍បន្តថា «នេះជាការរំខានខ្លាំងណាស់ ព្រោះវានាំឲ្យគេអាចយល់បានថារដ្ឋាភិបាលកម្ពុជាអាចប្រើប្រាស់ការគំរាមកំហែងបិទកាសែតនេះដើម្បីបង្ខំឲ្យលក់»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចដ៏យូរមួយរបស់កម្ពុជា យល់ថា ការលក់កាសែតភ្នំពេញប៉ុស្តិ៍នេះ គ្មានទាក់ទងអ្វីជាមួយរដ្ឋាភិបាលទេ។
«ទៅនិយាយចុង អាហ្នឹងគេលក់ដូរ គេធ្វើកិច្ចសន្យាទ្វេភាគី មានរដ្ឋាភិបាលណាទៅលូកដៃចូលហ្នឹង។ អាហ្នឹងអ្នកណា អ្នកនិយាយអាហ្នឹងជាការនិយាយដោយលម្អៀងទៀតហើយបាទ។ អាហ្នឹងមានទៅ គេលក់ដូរមានតែអ្នកទិញមានអ្នកលក់តែប៉ុណ្ណឹងទេ ហើយបើទៅនិយាយគឺថា អ្នកនេះលូកដៃ អ្នកនេះលូកជើង អាហ្នឹងវាមិនត្រឹមត្រូវទេបាទ»។
លោកបានស្នើឲ្យអ្នកចូលចិត្តអានកាសែតភ្នំពេញប៉ុស្តិ៍ ឃ្លាំមើលជំហររបស់កាសែតនេះ ថាកាសែតនេះមានជំហរឬឯករាជ្យទៀតឬយ៉ាងណា ក្រោយការលក់ដូរនេះ។
អ្នកស្រី ឆាយ ច័ន្ទនីដា ប្រធានក្រុមអ្នកយកព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្ត៍ សំដែងការបារម្ភអំពីឯករាជ្យភាពនៃការសរសេរព័ត៌មានសម្រាប់កាសែតដ៏វ័យចំណាស់មួយនេះផងដែរ។
«នេះជាអ្វីដែលពួកយើងបារម្ភ ព្រោះនៅពេលអត្ថបទថ្ងៃដំបូង ដែលមានមេថ្មី ឬក៏ក្រុមហ៊ុនថ្មីមកគឺ គាត់បានមកសុំឲ្យយើងដកអត្ថបទ ដែលយើងសរសេរតាមវិជ្ជាជីវៈសារព័ត៌មានរបស់យើង គាត់សុំឲ្យដកចេញចឹង យើងមានការព្រួយបារម្ភនៅលើចំណុចហ្នឹងថា ថ្ងៃខាងមុខទៅ អត្ថបទកាសែតរបស់យើងនឹងត្រូវបានពួកគាត់គ្រប់គ្រង។ ខ្ញុំមិនចង់និយាយថាទៅថាអ្នកណាជាអ្នកគ្រប់គ្រង គ្រាន់ថា គឺគាត់ដាក់សម្ពាធទៅលើការងារយើងលែងឲ្យមានភាពឯករាជ្យ» ។
តាមសេចក្ដីប្រកាសដដែលរបស់លោក Clough ម្ចាស់មុននៃកាសែតភ្នំពេញប៉ុស្តិ៍ បានថ្លែងថា កាសែតនេះ ស្ថិតនៅក្រោមការពិនិត្យមើល មុនការបោះឆ្នោត ព្រោះជាបណ្ដាញផ្សព្វផ្សាយឯករាជ្យពិតប្រាកដនៅសល់ចុងក្រោយបំផុតនៅកម្ពុជា។
ការលក់កាសែតភ្នំពេញប៉ុស្តិ៍ នេះ បានកើតឡើង ក្រោយការបិទទ្វាររបស់កាសែត The Cambodia Daily។ កាសែត The Cambodia Daily ដែលលោក កៃ គឹមសុង ធ្លាប់បម្រើការឲ្យដែរនោះ ត្រូវបានបិទកាលពីដើមខែកញ្ញាឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលកំណត់ឲ្យកាសែតនេះបង់ពន្ធ៦លាន៣សែនដុល្លារ ជាចំនួនពន្ធដែលម្ចាស់កាសែត The Cambodia Daily បានអះអាងមានជាប់ហេតុផលនយោបាយ នៅពេលដែលកម្ពុជាកំពុងឆ្ពោះទៅរកការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាកដថានឹងឈ្នះការបោះឆ្នោតខែកក្កដា បន្ទាប់ពីគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ កាលពីឆ្នាំមុន តាមសំណើរបស់គណបក្សរបស់លោកហ៊ុន សែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters។
លោក កៃ គឹមសុង បានបដិសេធមិនផ្ដល់ការអធិប្បាយ នៅពេលលោកត្រូវបាន VOA សួរថា តើកាសែត ភ្នំពេញប៉ុស្តិ៍ នឹងមានជំហរឯករាជ្យឬយ៉ាងណានៅពេលមានការប្ដូរម្ចាស់ថ្មីនោះ។ លោកក៏សុំមិនអធិប្បាយថា កាសែតភ្នំពេញប៉ុស្តិ៍ នឹងស្ថិតក្រោមឥទ្ធិពលរបស់បក្សកាន់អំណាចឬយ៉ាងនោះដែរ។
មន្ត្រីសិទ្ធិមនុស្សដែល VOA បានសួរ សម្ដែងការសោកស្ដាយមួយដែលកាសែតភ្នំពេញប៉ុស្តិ៍ បានបាត់បង់អ្នកដឹកនាំ អ្នកហ៊ានផ្ដល់សេចក្ដីរាយការណ៍ពិតដល់ប្រជាជន ដើម្បីជាទុនក្នុងការសម្រេចចិត្តខាងនយោបាយរបស់ពួកគេក្នុងពេលបោះឆ្នោតរើសមេដឹកនាំប្រទេស៕