កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានទិញដោយវិនិយោគិនម៉ាឡេស៊ីម្នាក់ កាលពីថ្ងៃសៅរ៍ចំពេលមានការព្រួយបារម្ភថា ការលក់នេះអាចជាសញ្ញាបង្ហាញពីការបញ្ចប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសកម្ពុជាមុនការបោះឆ្នោតសភានៅខែកក្កដា។
ព័ត៌មាននេះបានកើតឡើងចំពេលមានការបង្ក្រាបជាបន្តបន្ទាប់ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងសម្ព័ន្ធមិត្តរបស់លោកប្រឆាំងមនុស្ស ដែលរដ្ឋាភិបាលយល់ថា ជាអ្នករិះគន់រួមទាំងអ្នកនយោបាយប្រឆាំង អ្នកសារព័ត៌មានឯករាជ្យនិងក្រុមសិទ្ធិមនុស្ស មុនការបោះឆ្នោត។
លោក Bill Clough ប្រធានក្រុមហ៊ុន Post Media Ltd ដែលជាក្រុមហ៊ុនបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍បានសរសេរក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុននេះត្រូវបានលក់ទៅឱ្យវិនិយោគិនម៉ាឡេស៊ីម្នាក់ឈ្មោះ Sivakumar G. Siva។
លោក Chad Williams អតីតនិពន្ធនាយកកាសែតនេះ បាននិយាយថា រដ្ឋាភិបាលប្រហែលជាបង្ខិតបង្ខំឲ្យមានការលក់កាសែតនេះ។ សេចក្តីរាយការណ៍របស់សាជីវកម្មផ្សាយរបស់់អូស្ត្រាលី(ABC) បានឱ្យដឹងថាកាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ហើយកាសែតនេះបានប្រឈមនឹងការកំណត់បង់ពន្ធមានទឹកប្រាក់៥លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
លោក Williams បានប្រាប់ Reuters ថា «មើលពីខាងក្រៅឃើញថា បញ្ហារំខានបំផុតនោះគឺពេលវេលានៃការទូទាត់វិក្កយបត្រពន្ធ និងការលក់កាសែតភ្នំពេញប៉ុស្តិ៍បន្ត»។ លោក Williams បានមានប្រសាសន៍បន្តថា «នេះជាការរំខានខ្លាំងណាស់ ព្រោះវានាំឲ្យគេអាចយល់បានថារដ្ឋាភិបាលកម្ពុជាអាចប្រើប្រាស់ការគំរាមកំហែងបិទកាសែតនេះដើម្បីបង្ខំឲ្យលក់»។
សេចក្តីថ្លែងរបស់លោក Clough បាននិយាយថា បញ្ហាពន្ធដារត្រូវបានដោះស្រាយហើយការសម្រេចរបស់តុលាការក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់កាសែតត្រូវបានលុបចោលរហូតដល់បណ្តឹងឧទ្ធរណ៍បានបញ្ចប់។ លោកបានអះអាងថា ការលក់នេះគឺដោយសារតែការធ្លាក់ចុះការផ្សាយពាណិជ្ជកម្ម។
ទោះបីជាយ៉ាងណាក៏ដោយលោក Clough បានថ្លែងថា កាសែតនេះស្ថិតនៅក្រោមការពិនិត្យមើល មុនការបោះឆ្នោតព្រោះជាបណ្តាញផ្សព្វផ្សាយឯករាជ្យពិតប្រាកដនៅសល់ចុងក្រោយបំផុតនៅកម្ពុជា។ កាសែត The Cambodia Daily ត្រូវបានបិទកាលពីឆ្នាំមុនបន្ទាប់ពីរដ្ឋាភិបាលកំណត់ការបង់ពន្ធ៦លាន៣សែនដុល្លារក្នុងពេលមួយខែ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនប្រាកដថានឹងឈ្នះការបោះឆ្នោតខែកក្កដាបន្ទាប់ពីគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ កាលពីឆ្នាំមុន តាមសំណើរបស់គណបក្សរបស់លោកហ៊ុន សែន។
លោកហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបដិសេធការចោទប្រកាន់អំពីការបង្ខិតបង្ខំឲ្យលក់កាសែតភ្នំពេញប៉ុស្តិ៍។ លោកបានប្រាប់Reuters ថា «វាជាការរកស៊ីធម្មតាហើយវានៅតែជាកាសែត»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Sivakumar បាននិយាយថា គាត់នឹងបន្តកេរដំណែលនិងឯករាជ្យភាពរបស់កាសែតនេះ៕