លោក អូន ភាព អតីតអ្នកយកព័ត៌មានឲ្យកាសែតThe Cambodia Daily ដែលត្រូវបានបង្ខំឲ្យបិទទ្វារកាលពីខែកញ្ញា ឆ្នាំមុន បានភៀសខ្លួនទៅសហរដ្ឋអាមេរិក ខណៈលោកប្រឈមនឹងការចោទប្រកាន់របស់តុលាការខេត្តរតនគិរីថា លោកបានប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងការធ្វើសេចក្ដីរាយការណ៍អំពីការបោះឆ្នោត។
លោក អូន ភាព អាយុ៥៤ឆ្នាំ បានបម្រើការឲ្យកាសែតThe Cambodia Daily ជាង៧ឆ្នាំ និងបានបំពេញការងារជាអ្នកកាសែតជិត៣០ឆ្នាំមកហើយ។ នៅមុនការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧ លោក អូន ភាព និងអ្នកកាសែតបរទេសម្នាក់ដែលជាសហការីរបស់លោក បានចុះទៅខេត្តរតនគិរី និងបានសាកសួរប្រជាពលរដ្ឋអំពីការបោះឆ្នោត។
លោក អូន ភាព បានថ្លែងប្រាប់VOAពីសហរដ្ឋអាមេរិកថា លោកនិងសហការីរបស់លោក ត្រូវបានប្ដឹងដោយអតីតមេឃុំប៉ាតេ ក្នុងស្រុកអូរយ៉ាដាវ មកពីគណបក្ស សម រង្ស៊ី គឺលោក រម៉ាម យួត ដែលមានភាពចម្រូងចម្រាសជាមួយគណបក្សប្រឆាំង និងប្ដឹងដោយប្រជាពលរដ្ឋពីរនាក់ទៀត។ ដើមបណ្ដឹងទាំងនោះ ប្ដឹងលោក អូន ភាព និងអ្នកកាសែតជាជនជាតិកាណាដាម្នាក់ទៀត ថាចុះយកព័ត៌មាន «មានបំណងមិនល្អ» និងញុះញង់ប្រជាពលរដ្ឋ តាមរយៈការសួរសំណួរអំពីការបោះឆ្នោត ក្នុងនោះមានសំណួរថាតើប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សណាមួយ។
បើតាមលោក អូន ភាព លោកត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ ដែលលោកអាចប្រឈមនឹងការជាប់ទោសពី៦ខែដល់២ឆ្នាំ ប្រសិនបើរកឃើញកំហុស។
លោកចាត់ទុកការប្ដឹងផ្ដល់នេះថាមិនសមហេតុផល និងថាមានមន្ត្រីនៅពីលើ ដែលលោកថាជំរុញឲ្យមានសំណុំរឿងនេះកើតឡើង។
លោកបានថ្លែងប្រាប់VOAពីសហរដ្ឋអាមេរិកថា៖«ខ្ញុំយល់ថាវាជារឿងអយុត្តិធម៌ ពីព្រោះខ្ញុំអត់មានបានប្រព្រឹត្តអីណា ញុះញង់ប្រជាពលរដ្ឋអី ឲ្យបោះឆ្នោតឲ្យបក្សប្រឆាំងអីទេ។ ខ្ញុំអត់មានបានធ្វើ ដូចការចោទប្រកាន់អីទេ។ នេះគ្រាន់ជាលេសមួយ ដើម្បីធ្វើបាបពួកខ្ញុំតែប៉ុណ្ណឹង»។
លោកបានបញ្ជាក់បន្ថែមថា៖«តាមពិតទៅ គេយករឿងខឹងសម្បារឿងផ្សេងៗ ដូចជាកន្លែងមកហ្នឹង ខ្ញុំនិងមិត្តភ័ក្ដិខ្ញុំម្នាក់ទៀត ដែលគាត់ឈ្មោះ Zsombor Peter ជនជាតិកាណាដាហ្នឹង។ យើងតែងតែសរសេររឿងការកាប់បំផ្លាញព្រៃឈើនៅហ្នឹងខេត្តរតនគិរីហ្នឹង ដូចជាវីរៈជ័យ ដូចជាលំផាត់អីអញ្ចឹងទៅ គឺយើងសរសេរច្រើន ពាក់ព័ន្ធទៅនឹងមន្ត្រីខេត្តដែលមិនអើពើចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើ»។
កន្លងទៅ លោក អូន ភាព ធ្លាប់បានរាយការណ៍អំពីបញ្ហាកាប់បំផ្លាញព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងអំពើពុករលួយរបស់រដ្ឋាភិបាល។
បច្ចុប្បន្ននេះ លោក អូន ភាព កំពុងរង់ចាំពីការផ្ដល់សិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកជាផ្លូវការ។
លោក អូន ភាព បានចាកចេញពីប្រទេសកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៧។ លោកបានស្នាក់នៅប្រទេសថៃមួយរយៈ ក្នុងឋានៈជាអ្នកសុំសិទ្ធិជ្រកកោន។ ខណៈដែលលោកជាប់ពាក្យបណ្ដឹងនៅតុលាការ លោក និងអ្នកកាសែតបរទេស Zsombor Peter ក៏បានទទួលពានរង្វាន់នៃការធ្វើសេចក្ដីរាយការណ៍ព័ត៌មានស៊ើបអង្កេតពីស្ថាប័នមួយឈ្មោះថា Society of Publishers in Asia (SOPA Award) ដែលត្រូវបានធ្វើឡើងនៅទីក្រុងហុងកុង កាលពីខែតុលា ឆ្នាំ២០១៧។
ជាមួយការចាកចេញពីប្រទេសកំណើត លោក អូន ភាព បានសម្ដែងការសោកស្ដាយមួយ ដែលលោកមិនបានបំពេញការងារជាអ្នកកាសែតបន្តទៀត ហើយត្រូវរស់នៅឆ្ងាយពីក្រុមគ្រួសារ។
លោកមានប្រសាសន៍ថា៖«បាទខ្ញុំមានការសោកស្ដាយណាស់ ដោយសារតែយើងខំធ្វើអ្នកកាសែត សរសេរការពិតជួយប្រជាពលរដ្ឋ ជួយបំភ្លឺឲ្យប្រជាពលរដ្ឋដើរទៅរកផ្លូវត្រូវ ក៏ប៉ុន្តែដល់ទៅពេលយើងសរសេរអ្វីដែលជាការពិតទៅធ្វើឲ្យគេមិនសប្បាយចិត្ត អញ្ចឹងគេរកវិធី កម្ចាត់យើង គំរាមយើងយកទៅដាក់គុកអីអញ្ចឹង។ អញ្ចឹងវាធ្វើឲ្យខ្ញុំមានការសោកស្ដាយដែលខ្ញុំបាត់បង់ការងារ ហើយត្រូវបានរស់នៅនិរទេសខ្លួនអញ្ចឹងទៀត បែកព្រាត់ប្រាសប្រពន្ធ ព្រាត់ប្រាសកូន»។
មេធាវីការពារក្ដីឲ្យលោក អូន ភាព គឺលោក សេក សោភ័ណ មានប្រសាសន៍ថា កូនក្ដីរបស់លោក មិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់នោះទេ។ លោកបានបញ្ជាក់ថា៖«ជាផ្នែកមួយនៃវិជ្ជាជីវៈអ្នកសារព័ត៌មាន។ វាជាការប្រតិបត្តិវិជ្ជាជីវៈតាមច្បាប់»។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យតុលាការខេត្តរតនគិរី មានប្រសាសន៍ថា សំណុំរឿងនេះ ស្ថិតនៅក្នុងដៃរបស់ចៅក្រមស៊ើបសួរនៅឡើយទេ។ លោកមិនអាចបញ្ជាក់លម្អិតនៃសំណុំរឿងបានទេ។
ក្នុងឆ្នាំ២០១៧ នៅពេលកម្ពុជាមានស្ថានភាពនយោបាយតានតឹង ក្នុងនោះមានការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងការរំលាយគណបក្សប្រឆាំងដ៏ធំ ក៏មានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងពេលជាមួយគ្នា ដូចជាកាសែតឌឹ ខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី។ ក្រោយមកមានការចាប់ខ្លួនអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីពីរនាក់ ដែលពួកគេរងការចោទប្រកាន់ពីការផ្ដល់ព័ត៌មានឲ្យបរទេស និងបន្ទាប់មករងការចោទប្រកាន់មួយទៀតពីការផលិតវីដេអូអាសអាភាស។ នេះបើតាមមេធាវីរបស់ពួកគេ។
របាយការណ៍ថ្មីរបស់អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន(Reporters Without Borders) ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះ បង្ហាញថា ប្រទេសកម្ពុជាត្រូវបានដាក់ក្នុងលំដាប់លេខ១៤២ក្នុងចំណោម១៨០ប្រទេស ដែលសេរីភាពសារព័ត៌មានស្ថិតក្នុងការធ្លាក់ចុះមួយយ៉ាងខ្លាំង គឺធ្លាក់ចុះ១០ថ្នាក់ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕