ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​តម្កល់​ការផ្តន្ទាទោស​លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​ដាក់​ពន្ធនាគារ​១៨​ខែ


រូបឯកសារ៖ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​តម្កល់​សេចក្តី​សម្រេច​ក្នុង​ការកាត់​ទោស​កំបាំង​មុខ​លោក ម៉ម រិទ្ធី​ ប្រធាន​សហព័ន្ធ​សហជីព ​(​CTSWF) ឲ្យជាប់​ពន្ធនាគារ១៨​ខែ​ ចំពោះ​ការ​លើក​ឡើងអំពី​ស្រ្តី​សមាជិក​សហជីព​ម្នាក់នៅ​ក្រុម​ហ៊ុន​កាស៊ីណូ​ជីន​ប៉ី២ ​ក្នុង​ខេត្ត​ព្រះ​សីហនុ រង​ការរើស​អើង​ និង​ឃុំ​ខ្លួន អំឡុង​ខែ​កុម្ភៈ ឆ្នាំ​ ២០២២​។

កាល​ពី​ថ្ងៃ​ទី ​៧ ​ខែ​ឧសភា ឆ្នាំ​ ២០២៤​ ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធន់ ដារិទ្ធ បាន​កាត់​ទោស​កំបាំង​មុខមេដឹក​នាំ​សហ​ជីព​រូបនេះ ឲ្យជាប់​ពន្ធនាគាររយៈពេល​មួយ​ឆ្នាំ​កន្លះ ​និង​ពិន័យជា​ទឹក​ប្រាក់ ​២ ​លាន​រៀល ​ពី​បទ​«ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» និង​«​ធ្វើឱ្យ​បាត់​បង់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​»។

លោកត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន ក្រោយ​ការ​ប្រកាស​សាល​ក្រម​កំបាំង​មុខ​នោះ​។ ហើយ​មេធាវី​ការ​ពារ​ក្តីរបស់​លោក​ ម៉ម រិទ្ធី​ គឺ​លោក សំ ចំរើន ក៏បាន​ប្តឹង​ទាស់​នឹងការកាត់​ទោស​កំបាំង​មុខ​របស់​ចៅ​ក្រម​ជំនុំ​ជម្រះភ្លាមៗ​នោះ។

កាលពី​សប្តាហ៍មុន ​ចៅក្រម​ជំនុំ​ជម្រះ ​លោក​ ធន់ ដារិទ្ធ ​បាន​បញ្ជាក់​នៅក្នុង​អង្គ​សវនាការថា ​ដើម​បណ្ដឹង​បាន​ដក​ពាក្យ​បណ្ដឹង និង​លុប​ចោល​ការ​ទាមទារ​សំណង​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ​អាមេរិក​ពី​លោក ​ម៉ម រិទ្ធី​។ ប៉ុន្តែ​លោក​ ម៉​ម រិទ្ធី ​នៅ​ជាប់បណ្តឹង​អាជ្ញា ​ដែល​ស្ថាប័ន​អយ្យការ​ជា​ម្ចាស់​បណ្តឹងនៅក្នុងរឿង​ព្រហ្ម​ទណ្ឌ​។ នេះ​បើ​តាមបើ​តាម​លោក​ សំ ចំរើន។

នៅ​ថ្ងៃ​ទី​ ៤ ខែ​ធ្នូ ឆ្នាំ​ ២០២៤ ​ចៅ​ក្រម​ជំនុំ​ជម្រះ​លោក ​ធន់ ដារិទ្ធ ​បាន​បន្ត​សវនា​ការ ដោយប្រកាសផ្តន្ទា​ទោស​លោក ម៉ម រិទ្ធី​ ​ដូច​អ្វី​ដែល​តុលាការបាន​កាត់​ទោស​កំបាំង​មុខ​ កាល​ពីថ្ងៃ​ទី​ ៧ ​ខែ​ឧសភា ឆ្នាំ​ ២០២៤​ ដោយមេដឹកនាំ​សហជីព​រូបនេះ​ត្រូវ​ជាប់​ពន្ធ​នាគារ​រយៈពេល​មួយ​ឆ្នាំ​កន្លះ និងរង​ការពិន័យ​ជាទឹកប្រាក់ចំនួន​ ២ ​លាន​រៀល​។ ​នេះ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​ក្រុម​គ្រួសារ​ ដែល​បាន​ចូល​ស្តាប់​ការ​ប្រកាស​សាល​ក្រម​នោះ​។​

អ្នកស្រី គង់ សុដា ភរិយា​របស់​លោក ម៉ម រិទ្ធី ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត នៅ​ក្រៅ​របង​តុលាការ នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី គង់ សុដា ភរិយា​របស់​លោក ម៉ម រិទ្ធី ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត នៅ​ក្រៅ​របង​តុលាការ នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ភរិយា​របស់លោក ម៉ម រិទ្ធី​ គឺ​អ្នកស្រី ​គង់ សុដា ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ ​និង​ស្នើសុំ​ឲ្យតុលាការ​ដោះ​លែង​ស្វាមី​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​។

អ្នកស្រី​ប្រាប់​អ្នកសារ​ព័ត៌​មាន​នៅ​ក្រៅ​របង​តុលាការ​ថា៖ ​«គឺ​ខក​ចិត្ត ហើយ​ក៏​ពិបាក​ចិត្ត​ដែរ​។ យើង​អត់​ដឹង​ថា ​យើង​ត្រូវ​បន្ត​ដល់គម្រប់មួយឆ្នាំ​កន្លះ ឬក៏​គាត់​នឹងសម្រេច​ដោះ​លែង​នៅ​ពេលណ»។

អ្នកស្រីងឿង​ឆ្ងល់​ចំពោះការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី​ ដែល​បាន​និយាយ​ទាមទារ​យុត្តិធម៌​ដល់​កម្មករ ​តែ​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ និងរង​ការចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការទៅវិញ​។​

អ្នកស្រី​បន្ថែម​ថា៖ «ដឹង​តែ​គាត់​ធ្វើ​ការងារ​សង្គម​ជួយ​កម្មករ​ ទាមទារ​យុត្តិធម៌​ដើម្បី​កម្មករ តែ​អត់​ដឹង​ហេតុ​អ្វី​បាន​ជា​រឿង​[ឆ្នាំ​] ២០២២ ​ហ្នឹង រ​ហូត​ដល់​គេ​ចាប់​ខ្លួន​គាត់​នៅឆ្នាំ​នេះ​ទៅ​វិញ។ អ៊ីចឹង​ក៏​បង​អត់​យល់​ថា រឿង​ហ្នឹង​ហេតុអ្វី​បាន​ជា​កើត​ឡើង​ទៅ​ជា​បែប​ហ្នឹង»។

លោក គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត នៅ​ក្រៅ​របង​តុលាការ នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត នៅ​ក្រៅ​របង​តុលាការ នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ចំណែក​លោក​ គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) ដែល​បាន​មក​ឃ្លាំមើល​សវនាការ​លោក ម៉ម រិទ្ធី ​យល់​ថា ​ការផ្តន្ទា​ទោស​នេះ គឺ​ជា​រឿង​អយុត្តិ​ធម៌​សម្រាប់​លោក ម៉ម រិទ្ធី​ និង​ធ្វើ​ឲ្យសហជីព​ដទៃ​ទៀត​លែងហ៊ាន​បញ្ចេញ​មតិ ឬ​មាន​អារម្មណ៍​ភ័យ​ខ្លាច។ ​

លោកបន្ត​ថា៖ ​«ខ្ញុំគិត​ថា ការ​បន្ត​តម្កល់​នេះ​ គឺថា​អត់​មាន​យុត្តិធម៌​សម្រាប់​គាត់ទេ​។ អ៊ីចឹង​ក៏ធ្វើ​ឲ្យ​សហ​ជីព​ផ្សេង​ទៀត គាត់​ភ័យ​ខ្លាច​ដែរ​ គាត់​អត់​ហ៊ាន​ធ្វើការ​ការពារ​សិទ្ធិកម្មក​រ គាត់​អត់​ហ៊ាន​បញ្ចេញ​មតិ​អី​ផ្សេង​ទៀត ​ហើយ​មិន​ផ្តល់​ឱកាស​ឲ្យ​គាត់​កែតម្រូវ​។ មាន​ន័យថា ជា​ធម្មតា​ក្នុងការងារ​វា​តែងតែ​មាន​ខ្វះ​ចន្លោះ ​និង​ខុសខ្លះ»។

លោក គង់ អាទិត្យ យល់ថា នៅក្នុង​ដំណើរការ​ផ្តន្ទា​ទោស​តាម​ផ្លូវ​តុលាការ​លើ​ប្រធាន​សហជីព ​ឬ​ប្រធាន​សហ​ព័ន្ធ​ណាមួយ​ ​តុលាការ​គួរតែពិចារណា​ឲ្យបានស៊ី​ជម្រៅ ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរី​ភាព​សហជីព ដែល​មាន​ធានា​ក្នុង​ច្បាប់​ការងារ​ និង​អនុ​សញ្ញា ​ILO​។ ​

លោក​បន្ថែម​ថា៖ ​«ឧទាហរណ៍​ថា ​ឥឡូវ​បើសិន​ជាមាន​ប្រធាន​សហជីព ឬ​ប្រធាន​សហព័ន្ធ​ ​គាត់​ធ្វើ​បទព្រហ្ម​ទណ្ឌ ​រឿង​ឯក​ជន​គាត់ ​អាហ្នឹង​តុលាការ​អាច​មាន​សិទ្ធិ​ចាត់​ចែង​ទៅ​តាម​ច្បាប់​។ ​ប៉ុន្តែ​នៅ​ពេល​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​សហ​ជីព​ តុលាការ​គួរ​តែ​ធ្វើសេច​ក្តី​សម្រេច​ពោរ​ពេញ​ដោយ​វិជ្ជាជីវៈ​ ហើយ​មើល​ឲ្យ​ជ្រៅ​ទៅលើ​រឿង​ហ្នឹង ​[ថា]តើ​វាជា​រឿងបុគ្គល ឬ​ជារឿង​ការ​ងារ​រួម»។

កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២២ ​លោក ម៉ម រិទ្ធី ​ប្រធាន​សហព័ន្ធ​សហជីព​(CTSWF) ​និង​ជា​អនុ​ប្រធាន​ទី ២ ​នៃ​សហភាព​ការងារ​កម្ពុជា​ ​បាន​អត្ថាធិប្បាយ​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​រយៈ​ពេល​ជិតពីរម៉ោង ដោយ​និយាយ​អំពី​ការ​រើស​អើង​សហជីព ការ​រំលោភ​ច្បាប់​ការងារ ការ​ឃុំ​ខ្លួន​មនុស្ស​ដោយ​អយុត្តិធម៌ និង​ភាព​អយុត្តិ​ធម៌​ដែល​កើត​ឡើង​នៅ​ក្រុម​ហ៊ុន​កាស៊ីណូ​ជីន​ប៉ី២ ​ក្នុង​ខេត្ត​ព្រះ​សីហនុ ជា​ពិសេស​រឿង​ដែល​កាស៊ីណូ​នេះ​បាន​ប្តឹង​បុគ្គលិក​ស្ត្រីម្នាក់​ថា​បាន​គប់គិត​ជាមួយ​ភ្ញៀវ​ ដែល​លេង​ល្បែង​ឈ្នះ​ប្រាក់​ជាង​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​។ បុគ្គលិក​ជា​ស្រ្តី​រូប​នោះត្រូវ​បានគេប្តឹង​ទៅ​តុលាការ ​ហើយឃាត់​ខ្លួននិង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នាគារ។ ហើយលោក ម៉ម រិទ្ធី ​បាន​ចាត់​ទុក​ថា​ហេតុការណ៍​នេះ​ថា​ជា​រឿង​អយុត្តិ​ធម៌​។ ​

នៅ​ក្នុង​វីដេអូ​ដដែល​នោះ​ លោក ​ម៉ម រិទ្ធី ​បាន​ចាត់ទុក​ចំណាត់ការ​របស់​តុលាការ​ថា​ មិនត្រឹមត្រូវទាល់តែសោះ ហើយ​ក៏​បាន​ចោទ​សួរ​អំពី​ចំណាត់​ការ​របស់​តុលាការ​ថា ​តើតុលាការ​យក​ភស្តុតាង​ណា​ខ្លះ​មក​ពិចារណា​ក្នុង​ការ​ដាក់​បន្ទុក​នោះ។​

លោក​ យី សុខសាន្ត ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុកដែល​តាម​ដាន​ករណី​នេះ សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ផ្តន្ទា​ទោស​លើ​លោក ម៉ម រិទ្ធី។ លោក​បន្ថែម​ថា ​តុលាការ​គួរបង្ហាញនិង​ស៊ើប​ឲ្យច្បាស់​ថា​តើ​ពិត​ជា​មានរឿងអយុត្តិ​ធម៌​ ឬការ​ឃុំ​ខ្លួន​សមាជិក​សហជីព​ម្នាក់​ដែល​ជា​ស្ត្រី​នោះ ​នៅ​ក្នុង​ក្រុម​ហ៊ុន​កាស៊ីណូ​ជីន​ប៉ី២ ដូច​ការ​លើក​ឡើង​របស់​លោក​ ម៉ម រិទ្ធី​ ឬយ៉ាងណា ជាជាង​ចោទ​ប្រកាន់​សហជីពដែល​គ្រាន់​តែ​លើក​យក​បញ្ហា​របស់សមាជិក​ ឲ្យភាគី​ពាក់ព័ន្ធ​បាន​ដឹង​ឮ និង​ចូល​រួម​ដោះ​ស្រាយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG