ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កម្លាំង​ជាតិ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​នយោបាយ​សង្គម


រូបឯកសារ៖ អ្នកគាំទ្រគណបក្សកម្លាំងជាតិ កាន់រូបថត បដា និងស្រែកទាមទារឱ្យដោះលែងសកម្មជននយោបាយ នៅខាងមុខទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ អ្នកគាំទ្រគណបក្សកម្លាំងជាតិ កាន់រូបថត បដា និងស្រែកទាមទារឱ្យដោះលែងសកម្មជននយោបាយ នៅខាងមុខទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​កម្លាំង​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ប្រមូល​ផ្តុំ​គ្នា​សម្តែង​មតិ ​ក្នុង​ការ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​មេ​ដឹកនាំ​គណបក្ស​នយោបាយ ​ សកម្ម​ជន​សង្គម ​និង​សហជីព ​ឱ្យ​មាន​សេរីភាព​វិញ ​និង​ស្នើ​ឱ្យ​បើក​លំហ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស។​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ការ​ទាម​ទារ​របស់​គណបក្ស​កម្លាំង​ជាតិ​គឺ​ជា​សិទ្ធិ ​ប៉ុន្តែ​ពួក​គេ​ត្រូវ​គោរព​ទៅ​តាម​គោល​ការណ៍​នីតិរដ្ឋ ​និង​អំណះ​អំណាង​របស់​តុលាការ។​

សមាជិក ​សកម្ម​ជន​ និង​អ្នក​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់​ការ​បក្ស​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​អំពាវនាវ​ឱ្យ​ដោះ​លែង​សកម្ម​ជន​នយោបាយ ​និង​សង្គម​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ​ព្រម​ទាំង​ជំរុញ​ឱ្យ​បើក​លំហ​សេរីភាព​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ។​

ការ​ប្រមូល​ផ្តុំ​គ្នា​សម្តែង​មតិ​របស់​គណបក្ស​កម្លាំង​ជាតិ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១៦​ ខែ​មិថុនា ​ឆ្នាំ​ ២០២៤ ​ដោយ​មាន​ការ​ចូល​រួម​ពី​មនុស្ស​ប្រមាណ ​៣០០ ​នាក់​ ដែល​ជា​ថ្នាក់​ដឹកនាំ​របស់​គណបក្ស សកម្ម​ជន​បក្ស ​និង​ក្រុម​គ្រួសារ​របស់​បុគ្គល​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។​

គណបក្ស​កម្លាំង​ជាតិ​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក ​ស៊ុន ចន្ធី ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ​លោក​ ថាច់ សេដ្ឋា ​លោក​ អ៊ុំ វីវៈរដ្ឋ ​លោក ​គា វិសាល ​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស ​ព្រមទាំង​មេ​ដឹកនាំ​សហជីព​រួម​មាន​កញ្ញា ​សេង ធារី ​កញ្ញា ​ឈឹម ស៊ីថរ​ លោក ​កើត សារ៉ាយ ​និង​លោក ​ម៉ម រិទ្ធី ​ឱ្យ​មាន​សេរីភាព​វិញ។ ​គណបក្ស​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា៖ ​«គណបក្ស​កម្លាំង​ជាតិ​យល់​ឃើញ​ថា​ អ្នក​ជាប់​ឃុំ​មនសិការ​ខាង​លើ​មិន​មាន​ទោស​កំហុស​ឡើយ។ ​ពួក​គាត់​ប្រើ​ប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ ​សហជីព ​សមាគម​ និង​ការងារ​សង្គម​នានា​ដែល​ជា​សិទ្ធិ​ស្រប​តាម​ច្បាប់ ​និង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ លោក​ រ៉ុង ឈុន ​ប្រាប់​វីអូអេ​ថា​ ការ​ទាមទារ​សម្តែង​មតិ​នៅ​មុខ​ទីស្នាក់​ការ​គណបក្ស​កម្លាំង​ជាតិ​នេះ ​គឺ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ដោះ​លែង​សកម្មជន​នយោបាយ ​និងសង្គម​ឱ្យ​មាន​សេរីភាព​វិញ​ដើម្បី​ត្រឡប់​មក​ជួប​ជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ។ ​លោក​បន្ត​ថា​ គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ ​និង​ពិចារណា​ដោះ​លែង​មេ​ដឹកនាំ​គណបក្ស​នយោបាយ ​សកម្ម​ជន​សង្គម ​និង​មេ​ដឹកនាំ​សហជីព​ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា​ដែល​កម្ពុជា​បាន​បាត់បង់​កាល​ពី​កន្លង​ទៅ។​

លោក​ថ្លែង​ថា៖​ «គណបក្ស​កម្លាំង​ជាតិ​ស្នើ​ធ្វើ​ម៉េច​ឱ្យ​រដ្ឋាភិបាល​ថ្មី​ត្រូវ​តែ​ពិនិត្យ​ពិចារណា​ឡើង​វិញ ​រាល់​ការ​ឃុំ​ខ្លួន​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ ក៏​ដូចជា​សកម្ម​ជន​សង្គម​ សហជីព​ ហើយ​ត្រូវ​តែ​ផ្តល់​សេរីភាព​ឱ្យ​ពួក​គាត់​ឡើង​វិញ ​ដើម្បី​ស្តារ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​បើ​កម្ពុជា​មិន​គិត​ពី​បញ្ហា​ហ្នឹង​ទេ ​វា​នឹង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​មក​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដូចជា ​EBA និង​ GSP។​ កន្លង​មក​យើង​បាត់​អស់​ ២០% ​ហើយ​ EBA ​ហើយ ​GSP សហរដ្ឋ​អាមេរិក​ក៏​មិន​ទាន់​បាន​ទទួល​ត្រឡប់​មក​វិញ»។​

ភរិយា​របស់​លោក ​ស៊ុន ចន្ធី​ អ្នកស្រី ​យ៉ាន ស្រីយាន ​លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន​សា្វមី​អ្នកស្រី​ដាក់​ពន្ធនាគារ​ជា​រឿង​អយុត្តិធម៌​យ៉ាង​ខ្លំាង។​ អ្នកស្រី​អះអាង​ថា​ ការ​ថ្លែង​របស់​ស្វាមី​គឺ​ទៅ​តាម​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ។ ​នៅ​ក្នុង​ការ​ជួប​ជុំ​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ អ្នកស្រី ​យ៉ាន ស្រីយាន ​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​បើក​លំហ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដូច​ដែល​ត្រូវ​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

អ្នកស្រី​ថ្លែង​ថា៖ ​«ចុះ​ហេតុ​អ្វី​រដ្ឋាភិបាល ​ប្រសិន​បើ​ប្តី​ខ្ញុំ​លើក​ឡើង​មតិ​បែប​នេះ ​ហេតុ​អ្វី​មិន​ចាត់​តំណាង​របស់​ខ្លួន​ទៅ​ចុះ​សួរ​នៅ​ថ្នាក់​មូលដ្ឋាន​ថា​ តើ​ប្រជា​ពលរដ្ឋ​ជួប​បញ្ហា​បែប​ហ្នឹង​ដែរ​ឬ​ទេ?​ មិន​មែន​ចាប់​គាត់​ដាក់​ពន្ធនាគារ​បែប​នេះ​ទេ។ ​បង​ប្អូន!​ តើ​វា​យុត្តិធម៌​ដែរ​ឬ​ទេ? ​ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ភរិយា​របស់​គាត់​ដែល​ខណៈ​ពេល​នេះ​គេ​បាន​ចាប់​ប្តី​ខ្ញុំ​ ៣៨ ​ថ្ងៃ ​ស្រប​ពេល​ដែល​ខ្ញុំ​ពរពោះ​បីខែ»។​

រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន ​ប្រាប់​វីអូអេ​ថា ​ការ​ទាម​ទារ ឲ្យ​ដោះលែង​សកម្ម​ជន​នយោបាយ​នេះ​គឺ​ជា​សិទ្ធិ​របស់​គណបក្ស​ ប៉ុន្តែ​តាម​គោល​ការណ៍​ច្បាប់ ​ការ​ទាមទារ​របស់​អ្នក​តវ៉ា​មិន​អាច​ជួយ​ជន​ជាប់​ចោទ​បាន​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «មាន​តែ​ការ​ចូលរួម​នីតិវិធី​របស់​តុលាការ​ ហើយ​បង្ហាញ​ភស្តុតាង ​សក្ខីកម្ម​បាន​រឹងមាំ​និង​ការ​ដោះ​បន្ទុក​ទៅ​នឹង​សមត្ថ​កិច្ច​ដែល​គេ​មាន​ភស្តុតាង​ មាន​មូលដ្ឋាន​រឹងមាំ​ក្នុង​ការ​ចោទ​ប្រកាន់​ ហើយ​ដំណើរ​ការ​នីតិវិធី​តាម​ផ្លូវ​តុលាការ។ ​ហ្នឹង​បាន​ជា​សិទ្ធិ​ដែល​គាត់​ត្រូវ​ប្រើប្រាស់​ផ្អែក​តាម​រដ្ឋ​ធម្មនុញ្ញ ​និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា​ ហើយ​គ្រាន់​តែ​ទាម​ទារ​គឺ​ថា​ មិន​មាន​សម្ពាធ​ អី​ទៅ​លើ​តុលាការ​បាន​នោះ​ទេ​ ហើយ​ក៏​មិន​ស្រប​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​និង​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន​ដែរ»។​

ជុំវិញ​លំហ​សេរីភាព ​ការគោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ​ប៉ែន បូណា ​អះអាង​ថា​ លំហ​សេរីភាព​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​គឺ​មាន​ភាព​ពេញ​លេញ ​ប៉ុន្តែ​បញ្ហា​នោះ​គឺ​បុគ្គល​មួយ​ចំនួន​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​លើស ​និង​បំពាន​អ្នក​ដទៃ។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​ដំណោះ​ស្រាយ​ សូម​ឱ្យ​គ្រប់​គ្នា​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ គោរព​សេចក្តី​ថ្លៃ​ថ្នូរ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​បញ្ចេញ​មតិ។​ បើ​សិន​ជា​ធ្វើ​បាន​តែ​ប៉ុណ្ណឹង​គឺ​សេរីភាព​គ្រប់​បែប​យ៉ាង​នៅ​កម្ពុជា​គឺ​ល្អ​ប្រសើរ​មែន​ទែន»។​

មេ​ដឹក​នាំ​គណ​បក្ស​កម្លាំង​ជាតិ​ លោក​ ស៊ុន ចន្ធី ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​ឧសភា​ ឆ្នាំ​ ២០២៤​ នៅ​ពេល​លោក​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ​ ទី​ដែល​លោក​បាន​ជួប​សំណេះ​សំណាល​ជាមួយ​សកម្ម​ជន​ និង​អ្នក​គាំទ្រ​គណបក្ស។ ​បច្ចុប្បន្ន​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ​ក្រោម​បទ​ចោទ ​«ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

ស្រប​ពេល​ជាមួយ​នោះ ​លោក ​ស៊ុន ចន្ធី ​ត្រូវ​បាន​រាយ​ការណ៍​ថា​ បាន​ចេញ​លិខិត​សុំទោស​មួយ​កាល​ពី​ដើម​ខែ​មិថុនា។​ លិខិត​មួយ​នោះ​ធ្វើ​ចេញ​ពី​ពន្ធនាគារ ​និង​មិន​មាន​បញ្ជាក់​ថ្ងៃ​ខែ​ច្បាស់​លាស់​ឡើយ។​ លិខិត​សុំ​ទោស​នោះ​បញ្ជាក់​ថា ​លោក​ ស៊ុន ចន្ទី ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ​ពិត​ជា​មាន​ការ​សោក​ស្តាយ​ចំពោះ​មតិ​ដែល​បាន​លើក​ឡើង​ក្នុង​កម្មវិធី​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ២០ ​នាក់​ នៅ​ខេត្ត​អ៊ីបារ៉ាគិ ​ក្នុង​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃទី ​៥​ ខែ​ឧសភា ​ឆ្នាំ​ ២០២៤ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ គណបក្ស​កម្លាំង​ជាតិ​បាន​បញ្ជាក់​ថា​ ការ​ដោះលែង​សកម្ម​ជន​នយោបាយ​និង​សង្គម​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​វិញ​គឺ​ដើម្បី​អាច​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​ រួម​មាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP​ របស់​សហ​រដ្ឋ​អាមេរិក​ និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ពី​សហគមន៍​អន្តរជាតិ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG