ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព​ជាប់​ពន្ធនាគារ ​ក្រោយ​ចេញ​មុខ​ការពារ​កម្មករ​កាស៊ីណូ


លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក ម៉ម រិទ្ធី ​បាន​អភិវឌ្ឍ​បទ​ពិសោធន៍​ការងារ​របស់​លោក​ពី​ត្រឹម​សន្តិសុខ​នៅ​តាម​ភោជនីយដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​រហូត​ដល់​ក្លាយ​ជា​មេ​ដឹកនាំ​សហជីព​មួយ​រូប ​ទទួល​បន្ទុក​ផ្នែក​សេវា​កម្ម​និង​ទេសចរណ៍។​

មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ លោក ​ម៉ម រិទ្ធី ​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​សេវា​កម្ម​កម្ពុជា​(CTSWF)។​

លោក​ ម៉ម រិទ្ធី ​ត្រូវ​បាន​ គេ​មើល​ឃើញ​ថា​ ជា​បុគ្គល​ដែល​មាន​«ឆន្ទៈ​ពិត​ប្រាកដ»​ក្នុង​ការ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ។​

កើត​ក្នុង​ឆ្នាំ​១៩៨២ ​ក្នុង​ភូមិ​ស្តៅ​កន្លែង ​ឃុំ​ដីឥដ្ឋ ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​លោក ​ម៉ម រិទ្ធី​ អាយុ​៣៥​ឆ្នាំ​ មាន​បង​ប្អូន​៥​នាក់ ​ប្រុស​២​នាក់ ​ស្រី​៣​នាក់ ​ហើយ​រូប​លោក​គឺ​ជា​កូន​ទី​បី​នៃ​គ្រួសារ។ ​លោក​ ម៉ម រិទ្ធី ​ជា​កូន​កំព្រា​ឪពុក​ម្តាយ ​ចាប់​តាំង​ពី​លោក​មាន​អាយុ​១១​ឆ្នាំ​មក​ម្ល៉េះ។ ​ឪពុក​ឈ្មោះ​ ម៉ម កុសល ​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ​រីឯ​ម្តាយ​ឈ្មោះ​សុខ ស៊ីយ៉ាន ​បាន​ស្លាប់​ដោយ​សារ​ជំងឺ។​

ក្រោយ​ពី​ឪពុក​ម្តាយ​ស្លាប់ ​លោក​ ម៉ម រិទ្ធី ​និង​បង​ស្រី​របស់​លោក​ពីរ​នាក់​ទៀត​មាន​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ជីវភាព​ក្រុម​គ្រួសារ​មួយ​នេះ។ ​ដោយ​សារ​តែ​ជីវភាព​ខ្វះ​ខាត ​ទើប​ធ្វើ​ឱ្យ​លោក ​ម៉ម រិទ្ធី ​បាន​សិក្សា​ត្រឹម​តែ​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​តែ​ប៉ុណ្ណោះ។ ​លោក​បាន​សិក្សា​ជំនាញ​ផ្នែក​ច្បាប់​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧ ​នៅ​ក្នុង​ឆ្នាំ​១៩៩៨។​ នេះ​បើ​តាម​ប្រវត្តិ​រូប​សង្ខេប​របស់​លោក ​ម៉ម រិទ្ធី ​ដែល​វីអូអេ​ទទួល​បាន​ពី​សហការី​របស់​លោក។​

មុន​នឹង​ប្រឡូក​ចូល​ធ្វើ​ការ​ងារ​ក្នុង​វិស័យ​សហជីព ​លោក ​ម៉ម រិទ្ធី ​ធ្លាប់​ធ្វើ​ជា​សន្តិសុខ ​ហើយ​ក៏​ធ្លាប់​ធ្វើ​ជា​ចុង​ភៅ​ម្ហូប​អាហារ​ផង​ដែរ។​ នៅ​គ្រា​មួយ​ នៅ​ពេល​ឱកាស​មក​ដល់ ​លោក ​ម៉ម រិទ្ធី ​បាន​ក្លាយ​ជា​សហជីព​មូលដ្ឋាន​ម្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប​ ហើយ​ក៏​ឈាន​ទៅ​បង្កើត​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេស​ចរណ៍​សេវា​កម្ម​កម្ពុជា ​ដែល​រូប​លោក​ត្រូវ​បាន​បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​សហជីព​មួយ​នេះ។​ នេះ​បើ​តាម​សហការី​របស់​លោក ​ម៉ម រិទ្ធី។ ​បច្ចុប្បន្ន​នេះ លោក​ក៏​មាន​តួនាទី​ជា​អនុ​ប្រធាន​ទី២​នៃ​សហភាព​ការងារ​កម្ពុជា​ផង​ដែរ។​

អ្នកស្រី ​គង់ សុដា ​អាយុ​៣៩​ឆ្នាំ ​ភរិយា​របស់​លោក ​ម៉ម រិទ្ធី ​ប្រាប់​វីអូអេ​ថា​ អ្នក​ស្រី​បាន​រៀប​ការ​ជា​មួយ​លោក ​ម៉ម រិទ្ធី​ កាល​ពី​ឆ្នាំ​២០១១។ ​បន្ទាប់​ពី​រៀប​អាពាហ៍​ពិពាហ៍​រួច ​អ្នកស្រី​ដែល​មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​បាត់ដំបង​បាន​ផ្លាស់​មក​រស់​នៅ​ក្នុង​ភូមិ​សាលា​កន្សែង ​សង្កាត់​ស្វាយ​ដង្គុំ ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប ​ជាមួយ​លោក ​ម៉ម រិទ្ធី ​ហើយ​កាល​នោះ លោក​ជា​សហជីព​ម្នាក់​ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​សៀមរាប ​ដែល​ជា​តំបន់​ទេសចរណ៍។​

អ្នកស្រី ​គង់ សុដា ​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​ស្វាមី​របស់​ខ្លួន​ចូល​បំពេញ​ការងារ​ក្នុង​វិស័យ​សហជីព​នេះ ​ដោយ​សារ​តែ​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ផង​និង​ថា​ លោក ​ម៉ម រិទ្ធី ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​គោរព ​ស្រឡាញ់ ​និង​ឱ្យ​តម្លៃ​លើ​កម្មករ។​

អ្នក​ស្រី​ថ្លែង​ថា៖​ «បើ​តាម​ដឹង​ ដោយ​សារ​គាត់​ស្រឡាញ់ ​និង​គោរព​ច្បាប់​ការងារ​ ដូច​ជា​ខ្លួន​គាត់​ជា​ដើម​ គាត់​ជា​បុគ្គលិក​ធ្លាប់​ទទួល​រង​អ៊ីចឹង​គាត់​[...] ​គ្រាន់​តែ​ដឹង​ថា​ គាត់​ស្រឡាញ់ ​និង​គោរព​ឱ្យ​តម្លៃ​កម្មករ​កម្មការិនី ​ដូច​ជា​ខ្លួន​គាត់​ផ្ទាល់​គាត់​ធ្លាប់​នៅ​ក្នុង​ហ្នឹង»។​

អ្នកស្រី​ស្នើ​ឱ្យ​ដោះ​លែង​ស្វាមី ​ខណៈ​អ្នក​ស្រី​ថា​ ជីវភាព​គ្រួសារ​របស់​អ្នកស្រី​នឹង​ប្រឈម​ការ​លំបាក​ជា​ខ្លាំង​ នៅ​ពេល​លោក ​ម៉ម រិទ្ធី ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ​មិន​អាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន។​

លោក ម៉ម រិទ្ធី (រាប់ពីស្តាំទី១) នៅទិវាពលកម្មអន្តរជាតិលើកទី១៣៨ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក ម៉ម រិទ្ធី (រាប់ពីស្តាំទី១) នៅទិវាពលកម្មអន្តរជាតិលើកទី១៣៨ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក​ ម៉ម រិទ្ធី ​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​ឧសភា ​នៅ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​ជាង​២​ឆ្នាំ​មុន។​

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កាត់​ទោស​លោក​កំបាំង​មុខ​ ឱ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​កន្លះ ​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​និង«​ធ្វើឱ្យ​បាត់​បង់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ»។​

មុន​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​ លោក ​ម៉ម រិទ្ធី ​បាន​ថ្លែង​ក្នុង​ទិវា​ពលកម្ម​អន្តរ​ជាតិ ​កាល​ពី​ថ្ងៃ​ទី​១ ​ខែ​ឧសភា​ថា​ ថៅកែ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​រំលោភ​ច្បាប់ ​និង​បំពាន​សិទ្ធិ​កម្មករ​ជា​រៀង​រាល់​ថ្ងៃ។​

លោក​ថ្លែង​កាល​នោះ​ថា៖​ «ខ្ញុំ​ហ៊ាន​និយាយ​ថា​ មាន​ថៅ​កែ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​រំលោភ​ច្បាប់​ជា​រៀង​រាល់​ថ្ងៃ ​កំពុង​តែ​រំលោភ​សិទ្ធិ​កម្មករ​ជា​រៀង​រាល់​ថ្ងៃ ​កេង​ប្រវ័ញ្ច​កម្មករ​ជា​រៀង​រាល់​ថ្ងៃ។​ ខ្ញុំ​ហ៊ាន​និយាយ។ ​បើ​ចង់​ដឹង​កុំ​អាល​ប្តឹង​ខ្ញុំ​ទៅ​តុលាការ​ទៀត​ មក​ជួប​ជា​មួយ​ខ្ញុំ​សិន​ ហៅ​ខ្ញុំ​ទៅ​សួរ​សិន​នៅ​កន្លែង​ណា? ​ខ្ញុំ​នឹង​ដឹក​ដៃ​ឱ្យ​ទៅ​មើល​ថា​ មាន​ការ​រំលោភ​សិទ្ធិ​មែន​អត់។​ ខ្ញុំ​និយាយ​នេះ​មិន​មែន​ចោទ​រដ្ឋាភិបាល​ថា​ រំលោភ​សិទ្ធិ​ទេ។ ​ស្តាប់​ពាក្យ​ខ្ញុំ​ឱ្យ​ច្បាស់។ ​ខ្ញុំ​ចោទ​ថា ​ថៅកែ​មួយ​ចំនួន​កំពុង​តែ​រំលោភ​សិទ្ធិ ​កំពុង​តែ​រំលោភ​ច្បាប់ ​កំពុង​តែ​ជិះ​ជាន់​កម្មករ។​ ស្តាប់​ពាក្យ​ខ្ញុំ​ឱ្យ​ច្បាស់»។​

លោក​ ឡេង ប៊ុនឈែរ ​មន្រ្តី​សម្រប​សម្រួល​ផ្នែក​រដ្ឋបាល​និង​ធនធាន​មនុស្ស​របស់​សហភាព​ការងារ​កម្ពុជា​ដែល​ធ្វើ​ការងារ​ស្និទ្ធ​ជា​មួយ​លោក​ ម៉ម រិទ្ធី ​ជិត​១០​ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រាប់​វីអូអេ​ថា​ លោក​ ម៉ម រិទ្ធី ​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​ដែល​ល្អ និង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​ដល់​កម្មករ។​

លោក​បញ្ជាក់​ថា៖ ​«លោក ​ម៉ម រិទ្ធី ​អ្វី​ដែល​ខ្ញុំ​បាន​មើល​ឃើញ​គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​បេ្តជ្ញា​ខ្ពស់ ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​ការងារ​សង្គម ​ក៏​ដូច​ជា​កម្មករ​និយោជិត​ ហើយ​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់ ​គឺ​គាត់​ជា​អ្នក​ដែល​ឯករាជ្យ​ ធ្វើ​ការ​ឯករាជ្យ​ អត់​នៅ​ក្រោម​រណប​គណបក្ស​នយោបាយ ​ឬ​ក៏​ជន​បង្គោល​មាន​សិទ្ធិ​អំណាច​ណា​មួយ​ទេ។​ មាន​ន័យ​ថា​ គាត់​គឺ​ជា​មនុស្ស​ឯករាជ្យ»។​

លោក ​ឡេង ប៊ុនឈែរ ​បន្ថែម​ថា​ ការ​កាត់​ទោស​លោក ​ម៉ម រិទ្ធី​ គឺ​ជា​រឿង​អយុត្តិធម៌​មួយ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា ​អ្វី​ដែល​ជា​ការ​សម្រេច​ក្នុង​សាលក្រម​កាត់​ទោស​គាត់​នេះ ​គឺ​ជា​រឿង​អយុត្តិធម៌​បំផុត ​ហើយ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ ដោយសារ​គាត់​[លោក ម៉ម រិទ្ធី]​មិន​មាន​ទោស​ដល់​ថ្នាក់​ត្រូវ​តែ​ឃុំ​ខ្លួន ​ឬ​ក៏​កាត់​ទោស​ដល់​ថ្នាក់​ប៉ុណ្ណឹង​ទេ ​ព្រោះ​អ្វី​ដែល​គាត់​ធ្វើ​គ្រាន់​តែ​ជា​ការ​សម្តែង​មតិ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ ​ក៏​ដូច​ជា​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​សហជីព​ អ្នក​ការពារ​ប្រយោជន៍​របស់​កម្មករ​ហើយ​អ្វី​ដែល​គាត់​និយាយ​គឺ​ជា​ការណ៍​ពិត»។​

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ថ្លែងក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ថ្លែងក្នុងទិវាពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ លោក ​ម៉ម រិទ្ធី ​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​កិច្ច​ការងារ​ជា​សហ​ជីព​ជាង​១០​ឆ្នាំ​ហើយ ​ហើយ​លោក​ធ្វើការ​ជាមួយ​សហភាព​ការងារ​កម្ពុជា​បាន​ប្រមាណ​៨​ឆ្នាំ​មក​ហើយ។​ លោក​ចាត់​ទុក​លោក ​ម៉ម រិទ្ធី ​ជា​មនុស្ស​ដែល​សកម្ម​ក្នុង​ការ​ការពារ​ប្រយោជន៍​របស់​កម្មករ។ ​លោក​ចាត់​ទុក​ការ​ឃាត់​ខ្លួន​លោក ​ម៉ម រិទ្ធី​ជា​ការ​យាយី​ទៅ​លើ​សហជីព​ឯករាជ្យ។​

លោក​ថ្លែង​ថា៖​ «ការ​ចាប់​ដាក់​ពន្ធនាគារ​លើ​គាត់ ​ ខ្ញុំ​គិត​ថា​ វា​ជា​សកម្មភាព​មួយ​ជ្រៀតជ្រែង​ ជា​សកម្មភាព​មួយ​យាយី​ទៅ​លើ​ចលនា​សហជីព​នៅ​កម្ពុជា​ហើយ ​ដោយ​សារ​តែ​គាត់​ជា​ថ្នាក់​ដឹកនាំ​សហជីព​ គាត់​គ្រាន់​តែ​ការពារ​ឬ​ក៏​[ផ្តល់]​មតិ​យោបល់​នៅ​ពេល​ដែល​គេ​ធ្វើ​បាប​កូន​ចៅ​គាត់​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​បែប​នោះ​បាទ»។​

តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​និង​កាត់​ទោស ​លោក ​ម៉ម រិទ្ធី ​ដោយ​យោង​ទៅ​តាម​ការ​អត្ថាធិប្បាយ​របស់​លោក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​ឆ្នាំ​២០២២។ ​កាល​នោះ ​លោក​បាន​ថ្លែង​ជា​វីដេអូ​ផ្សព្វផ្សាយ​ផ្ទាល់ ​រយៈ​ពេល​ជិត​២​ម៉ោង ​ដោយ​ក្នុង​នោះ​ លោក​បាន​និយាយ​អំពី​ការរើស​អើង​សហជីព ​ការ​រំលោភ​ច្បាប់​ការងារ​ ការ​ឃុំ​ខ្លួន​មនុស្ស​ដោយ​អយុត្តិធម៌​ និង​ភាព​អយុត្តិ​ធម៌​ដែល​កើត​ឡើង​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ជីនប៉ី​២ ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ជា​ពិសេស​រឿង​ដែល​កាស៊ីណូ​នេះ​បាន​ប្តឹង​បុគ្គលិក​ស្ត្រី​ម្នាក់​ថា​ បាន​គប់​គិត​ជាមួយ​ភ្ញៀវ​ដែល​លេង​ល្បែង​ឈ្នះ​ប្រាក់​ជាង​មួយ​ម៉ឺន​ដុល្លារ​អាមេរិក។ ​បុគ្គលិក​ជា​ស្រ្តី​នោះ​ត្រូវ​បាន​ប្តឹង​ទៅ​តុលាការ​ ហើយ​ត្រូវ​ឃាត់​ខ្លួន​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ ​ដែល​លោក ​ម៉ម រិទ្ធី ​ចាត់​ទុក​ថា​ ជា​រឿង​អយុត្តិធម៌​មួយ។​

លោក ​ម៉ម រិទ្ធី ​បញ្ជាក់​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នោះ​ថា៖​ «នៅ​ថ្ងៃ​ទី​៣ ​ក្រុមហ៊ុន​យក​រឿង​ [ថ្ងៃ​ទី​៣]​យក​មក​ធ្វើ​អង្គ​ហេតុ​ ដោយ​ក្រុមហ៊ុន​ចោទ​ប្អូន​ស្រី​ម្នាក់​នោះ​ថា​ បាន​គប់គិត​ជាមួយ​ភ្ញៀវ។ ​ភ្ញៀវ​លេង​ឈ្នះ​លុយ​១​ម៉ឺន​ដុល្លារ​ជាង​ ដូចជា​១៨០០០​ដុល្លារ ...​ហើយ​បាត់​ភ្ញៀវ​ហ្នឹង​អត់​មក​លេង​ទៀត។​ នៅ​ថ្ងៃ​ទី​២០​ជាង ​ក្រុមហ៊ុន​ក៏​ហៅ​ប្អូន​ស្រី​ទៅ​សួរ​ហើយ​ចោទ​ប្រកាន់​ប្អូន​ស្រី​ថា ​បាន​ឃុប​ឃិត​ជាមួយ​ភ្ញៀវ»។​

បើ​តាម​លោក ​ម៉ម រិទ្ធី ​ក្រុមហ៊ុន​បាន​បង្ខំ​ឱ្យ​បុគ្គលិក​នេះ​ដែល​ជា​សមាជិក​សហជីព​ទទួល​ស្គាល់​កំហុស ​និង​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ។

ក្នុង​វីដេអូ​ដដែល​នោះ​ លោក ​ម៉ម រិទ្ធី ​ក៏​បាន​ចោទ​សួរ​អំពី​ចំណាត់​ការ​របស់​តុលាការ​ថា​ តុលាការ​យក​ភស្តុតាង​ណា​ខ្លះ​មក​ពិចារណា​ក្នុង​ការ​ដាក់​បន្ទុក​នោះ ​ដែល​លោក​ថា​ មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។​

សព្វ​ថ្ងៃ​នេះ ​លោក ​ម៉ម រិទ្ធី​ មាន​កូន​៤​នាក់​ ស្រី​២​នាក់ ​និង​ប្រុស​២​នាក់ ​ហើយ​ភរិយា​របស់​លោក​ជា​អាជីវករ​លក់​ដូរ​ខោអាវ​បន្តិច​បន្តួច​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​ខេត្ត​សៀមរាប។​

ខណៈ​កំពុង​ព្រួយ​បារម្ភ​អំពី​ស្វាមី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ អ្វី​ដែល​ភរិយា​របស់​លោក ​ម៉ម រិទ្ធី ​កំពុង​ព្រួយ​បារម្ភ​ដែរ ​គឺ​ការ​សិក្សា​របស់​កូន​ទាំង​៤​នាក់ ​ដោយ​សារ​ពួក​គេ​កំពុង​សិក្សា​ថ្នាក់​ទី​១​ ទី​៦​ ទី​១១ ​និង​ម្នាក់​ទើប​តែ​បញ្ចប់​ថ្នាក់​ទី​១២។

អ្នកស្រី ​គង់ សុដា ​សុំ​ឱ្យ «ខាង​រាជ​រដ្ឋាភិបាល ​និង​ខាង​អង្គការ​ជំនួយ​ជួយ​ឱ្យ​គាត់​បាន​នៅ​ខាង​ក្រៅ​ឃុំ​វិញ ​ព្រោះ​គាត់​គឺ​ជា​បង្គោល​ក្នុង​គ្រួសារ។ ​នៅ​ពេល​ដែល​អត់​មាន​គាត់ ​ពួក​ខ្ញុំ​គឺ​ពិបាក​ខ្លាំង​មែន​ទែន»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG