មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលបង្ហាញថា សហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំង។ ពួកគេទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិត និងសហជីព។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថា របាយការណ៍នេះធ្វើឡើងដើម្បីដាក់បន្ទុកមកលើរដ្ឋាភិបាលតែប៉ុណ្ណោះ។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា សង់ត្រាល់ធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន ១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO)។ ក្នុងចំណោមសហជីពចំនួន ១៤ នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។
នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករលោក មឿន តុលា ប្រាប់វីអូអេថា ការចេញរបាយការណ៍នេះ ដោយសារតែមួយរយៈចុងក្រោយនេះមានឧបសគ្គច្រើនកើតឡើងចំពោះកម្មករ និយោជិត។ កម្មករក្នុងវិស័យនានាតែងតែមានការប្រឈមដូចគ្នានិងស្រដៀងគ្នា ពាក់ព័ន្ធនឹងសេរីភាពសហជីព។
លោកថ្លែងថា៖ «ដំណាក់កាលចុងក្រោយនេះ យើងឃើញកម្មករគាត់មានផលលំបាកច្រើនក្នុងការអនុវត្តនូវសិទ្ធិសេរីភាពសហជីពនេះ ដូចជាសិទ្ធិក្នុងការបង្កើតសហជីពត្រូវបានទទួលឧបសគ្គរាំងខ្ទប់ដោយសារការអនុវត្តច្បាប់សហជីពហ្នឹង។ ដូចរឿងពេលដែល គាត់ចងក្រងសហជីពទៅត្រូវបានគេបញ្ឈប់ ត្រូវបានគេបណ្តេញចេញឬក៏មិនបន្តកិច្ចសន្យាការងារឱ្យគាត់»។
លោកបន្ថែមទៀតថា ភាគីពាក់ព័ន្ធទាំងអស់គួរតែពិនិត្យមើលករណីទាំងនោះឡើងវិញ ជាជាងបកស្រាយថា ករណីទាំងនោះគ្រាន់តែជាវិវាទបុគ្គល។
លោកថា៖ «យើង launch [ដាក់ចេញ]អាហ្នឹងមួយដើម្បីឱ្យភាគីពាក់ព័ន្ធលោកចាប់ផ្តើមពិនិត្យមើលឡើងវិញ ព្រោះកម្ពុជាយើង មានកាតព្វកិច្ចក្នុងការគោរពនិងលើកកម្ពស់នូវសេរីភាពសហជីពនេះ មានទាំងអនុសញ្ញាពលកម្មអន្តរជាតិ (ILO) លេខ ៨៧ លេខ ៩៨ ហ្នឹងផង មានចែងក្នុងធម្មនុញ្ញផង ហើយមាននៅក្នុងច្បាប់វិស័យហ្នឹងផងបាទ»។
លោកបញ្ជាក់ថា បើសិនរដ្ឋនៅតែមិនអើពើ បណ្តោយឱ្យមានការរំលោភសិទ្ធិសេរីភាពសហជីព ឬសមាគម វាមានន័យថា រដ្ឋក៏ចូលរួមចំណែករំលោភសិទ្ធិរបស់ពួកគេផងដែរ។
ជាមួយគ្នានេះដែរ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ ប្រាប់វីអូអេថា «របាយការណ៍ឧបសគ្គរារាំងភាពជាតំណាងស្តីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា» នេះ ជារបាយការណ៍ដែលមានការផ្ទៀងផ្ទាត់ទៅនឹង «របាយការណ៍ទិន្នន័យតម្លាភាពរបស់អង្គការពលកម្មអន្តរជាតិផ្នែកការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា»។
លោក ឃុន ថារ៉ូ ថា បើគ្រប់ភាគីពាក់ព័ន្ធមិនចូលរួមក្នុងការដោះស្រាយឧបសគ្គទាំងអស់នោះទេ វានឹងជះឥទ្ធិពលលើសិទ្ធិសេរីភាពរបស់កម្មករ និយោជិត។
លោកថា៖ «វាទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់នោះត្រូវតែចូលរួមធ្វើយ៉ាងណាបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ចូលរួមឱ្យមានការជំរុញ ឱ្យមានការអភិវឌ្ឍភាពអនុលោកស្របទៅតាមគោលការណ៍ច្បាប់។ បើមិនដូច្នោះទេ វានឹងជះឥទ្ធិពលដល់កម្មករ និយោជិត ដែលពួកគាត់ត្រូវប្រើប្រាស់សិទ្ធិជាមូលដ្ឋាននៅក្នុងការបង្កើតរៀបចំការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈ ធានាដើម្បីជំរុញឱ្យមាននូវការអនុវត្តច្បាប់ ការលើកកម្ពស់សិទ្ធិការងារ ជំរុញឱ្យមាននូវការអនុលោមទៅនឹងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធក៏ដូចជារាជរដ្ឋាភិបាលទៅដល់ភាគីនិយោជក និងក្រុមហ៊ុនអ្នកបញ្ជាទិញ»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា សហជីពនៅកម្ពុជាមានចំនួនច្រើនណាស់ រហូតដល់ជាង៦ពាន់អង្គភាព ដែលបង្ហាញពីការបើកឱ្យមានសិទ្ធិសេរីភាពរបស់សហជីព។
លោកថ្លែងថា៖ «និយាយឱ្យចំ គឺសហជីពបានចុះបញ្ជីនៅក្រសួងការងាររហូតដល់ជាង ៦.៣០០ សហជីព...គ្រប់បែបយ៉ាងទាំងអស់ជាង ៦ ពាន់ដែលធ្វើសកម្មភាពនៅកម្ពុជា។ ចុះសហជីពច្រើនម្លឹងៗត្រង់ណាដែលនិយាយថា កម្ពុជាអត់មានសិទ្ធិសេរីភាពរបស់សហជីព។ សព្វថ្ងៃនេះ អ្វីដែលយើងព្រួយបារម្ភខ្លាចក្រែងសហជីពទាំងអស់ហ្នឹងគាត់ដើរជាន់ជើងគ្នា ហើយឈ្លោះគ្នា បែរជាមកដាក់បន្ទុកលើរដ្ឋាភិបាលទៅវិញ។ នេះជាបញ្ហា»។
លោកថា អង្គការសង់ត្រាល់គួរតែពិនិត្យមើលឡើងវិញចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់សហជីព។
លោកបញ្ជាក់ថា៖ «សុំកុំយកករណីសហជីពមួយឬពីរដែលខ្លួនគាត់ឬក៏ប្រធានសហជីពរបស់គាត់ហ្នឹងមានបញ្ហាផ្លូវច្បាប់ ហើយយកមកវាយតម្លៃសហជីពទូទាំងប្រទេសកម្ពុជា ព្រោះសហជីពគេមានច្រើនណាស់ ជាង៦ពាន់អង្គភាព មិនអាចក្លាយជាចំណាប់ខ្មាំងរបស់សហជីពមួយឬពីរបានទេ»។
ទោះជាយ៉ាងណានាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ លោក មឿន តុលា លើកឡើងថា៖ «ការគោរពសិទ្ធិសេរីភាពសហជីពនេះ គេអត់សំដៅទៅលើចំនួនសហជីពមានប៉ុន្មានទេ។ គេសំដៅទៅលើ តើគុណភាពនៃការអនុវត្តសិទ្ធិចងក្រងគ្នាជាសហជីព ការចរចាគ្នាជាសមូហភាព សិទ្ធិក្នុងការសម្តែងមតិ ដើម្បីឱ្យមានការកែសម្រួលនូវលក្ខខណ្ឌសុខភាព លក្ខខណ្ឌអនាម័យ លក្ខខណ្ឌការងារនៅកន្លែងធ្វើការហ្នឹង គុណភាពនៃការអនុវត្តហ្នឹងបានប៉ុណ្ណា? តើមានការបញ្ឈប់មានការភ័យខ្លាចដែរអត់ អាហ្នឹង»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ចាត់ទុកថា របាយការណ៍របស់សង់ត្រាល់ជារបាយការណ៍ប្រតិកម្មទៅលើវិធីសាស្រ្ត និងក្បួនខ្នាតធ្វើការសិក្សាស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិ (ILO) ក្នុងការវាយតម្លៃលើកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា BFC តែប៉ុណ្ណោះ។ លោកថា ក្រសួងការងារក៏នៅតែបន្តទទួលស្វាគមន៍ចូលរួមចំណែកជួយដោះស្រាយរាល់បញ្ហាផ្សេងៗរបស់សហជីព។
លោកថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់សហជីពទាំងអស់ថា ក្រសួងបើកទ្វារចំហចាំទទួលស្វាគមន៍ក្នុងការដោះស្រាយរាល់ករណីណាមួយដែលសហជីពយល់ឃើញថា មិនត្រឹមត្រូវ សហជីពអាចយកករណីនេះជជែកគ្នា ដើម្បីដោះស្រាយក្នុងផលប្រយោជន៍សហជីពក៏ដូចជាផលប្រយោជន៍កម្មករនិយោជិត ជាជាងការយកករណីនេះទៅធ្វើការប្រកាសនៅក្រៅឆាកក្នុងរបៀបវារៈផ្សេងៗ ដែលមិនមែនជាផលប្រយោជន៍ពិតប្រាកដរបស់សហជីព និងកម្មករ និយោជិត»។
តាមរបាយការណ៍សង់ត្រាល់ សហជីពឯករាជ្យជាប្រភពដែលសង់ត្រាល់បានសម្ភាស បានបញ្ជាក់ថា ពួកគេត្រូវបានតាមដាននិងត្រួតពិនិត្យ ជាប្រចាំពីសំណាក់ក្រុមសហជីពដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន ឬនិយោជក។ ជាក់ស្តែង រោងចក្រមួយចំនួនមានក្រុមសហជីពពណ៌លឿងដើរយាយី និងបំភិតបំភ័យសហជីពឯករាជ្យតាមរយៈការព្រមានដាក់ក្នុងបញ្ជីខ្មៅ និងមិនអាចឲ្យពួកគេរកការងារធ្វើបាន។
អង្គការសង់ត្រាល់បានលើកជាអនុសាសន៍ចំនួន ១១ ចំណុច សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាលកម្ពុជា ថៅកែក្រុមហ៊ុន អ្នកបញ្ជាទិញ និងអង្គការអន្តរជាតិ។ អនុសាសន៍នេះធ្វើឡើងដើម្បីឲ្យមានគណនេយ្យភាពតាមស្តង់ដារគោរពតាមសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ខណៈស្ថានភាពសេរីភាពសហជីពមានការតែរឹតត្បិត។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានករណីចាប់ខ្លួនលោក ម៉ម រិទ្ធី ប្រធានសហជីពសហព័ន្ធសហជីពកម្មករវិស័យទេសចរណ៍សេវាកម្មកម្ពុជា និងករណីចាប់ខ្លួនលោក ជា ចាន់ ប្រធានសហជីពរោងក្រវីងស្ដារស៊ូ។ មិនតែប៉ុណ្ណោះ ករណីវិវាទការងារដ៏រ៉ាំរ៉ៃនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ នៅតែបន្តការជាប់គាំង ហើយថែមទាំងមានការចាប់ខ្លួនមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ដាក់ក្នុងពន្ធនាគារទៀតផង៕
វេទិកាបញ្ចេញមតិ