គណបក្សសង្គ្រោះជាតិគ្រោងនឹងជួបជុំថ្នាក់ដឹកនាំ សមាជិក និងមហាជនរាប់រយនាក់នៅទីស្នាក់ការរបស់ខ្លួន ស្របពេលតុលាការបើកសវនាការករណីលោកកឹម សុខា នៅព្រឹកថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។
គណបក្សប្រឆាំងបានដាក់លិខិតទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ជូនដំណឹងអំពីការរៀបចំពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ ជាមួយរចនាសម្ព័ន្ធ និងមហាជនរាប់រយនាក់ នៅទីស្នាក់ការកណ្តាលគណបក្សនៅសង្កាត់ចាក់អង្រែលើ។ ការជួបប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ដើម្បីផ្តល់ព័ត៌មានអំពីការវិវត្តនៃស្ថានការណ៍នយោបាយ ផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោត ជាពិសេសដើម្បីឲ្យអ្នកចូលរួមអាចឃ្លាំមើលចំណាត់ការរបស់តុលាការលើការកាត់ក្តីលោកកឹម សុខា ដែលជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ នេះបើតាមការឲ្យដឹងពីមន្រ្តីរបស់គណបក្សសង្គ្រោះជាតិ។
លោកម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ បានលើកឡើងថា លិខិតដែលដាក់ទៅសាលារាជធានីគ្រាន់តែជាការជូនដំណឹងប៉ុណ្ណោះ ដោយលោកពន្យល់ថា គណបក្សសង្គ្រោះជាតិនឹងជួបប្រជុំទៅតាមការគ្រោងទុក បើទោះជាសាលារាជធានីមិនអនុញ្ញាតក៏ដោយ។
លោកបន្ថែមថា៖
«ខ្ញុំអត់មានការព្រួយបារម្ភអីទេ ព្រោះនេះវាជាសកម្មភាពធម្មតាដែលយើងធ្លាប់បានធ្វើកន្លងមកហើយ ដែលថ្នាក់ដឹកនាំជាតិរបស់យើងជួបសំណេះសំណាលផ្ទាល់ជាមួយរចនាសម្ព័ន្ធទូទាំងរាជធានី ក៏ដូចជាតាមបណ្តាខេត្ត»។
លោកមាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ VOA ថា សាលារាជធានីបានទទួលលិខិតរបស់គណបក្សសង្គ្រោះជាតិរួចហើយ។ លោកឲ្យដឹងថា សាលារាជធានីបានជូនដំណឹងត្រឡប់ទៅគណបក្សប្រឆាំងអំពីគម្រោងនៃការជួបគ្នាផ្ទាល់នៅរសៀលថ្ងៃទី៧កញ្ញានេះ ដើម្បីពិភាក្សាលើការស្នើសុំ និងបញ្ជាក់ឲ្យបានច្បាស់អំពីចំនួនអ្នកចូលរួម ដើម្បីចៀសវាងការជួបជុំមនុស្សច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងចរាចរណ៍ក្នុងទីក្រុង។
លោកបញ្ជាក់ថា៖
«ចំនួនរាប់រយនាក់ដែលពួកគាត់ស្នើហ្នឹងបានន័យថាម៉េច? ពួកគាត់អាចជួបប្រជុំគ្នាបានតែក្នុងបរិវេណស្នាក់ការគណបក្សតែប៉ុណ្ណោះ មិនអាចហួសចេញមកលើចិញ្ចើមផ្លូវនោះទេ»។
ទោះជាយ៉ាងណា លោកមាន ចាន់យ៉ាដាមិនបានបញ្ជាក់ពីវិធានការទេ ប្រសិនគណបក្សប្រឆាំងប្រជុំលើសចំនួនកំណត់នោះ។
សាលាដំបូងរាជធានីនឹងបើកសវនាការនៅថ្ងៃទី៩ ខែកញ្ញាដើម្បីជំនុំជម្រះក្តីលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិពីបទ «មិនព្រមចូលខ្លួនតាមដីកាកោះហៅរបស់តុលាការ» ដោយគ្មានមូលហេតុត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំប្តឹងពីបទសញ្ចារកម្ម។
កាលពីថ្ងៃទី៥ កញ្ញានេះ រដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចរាប់រយនាក់ និងដាក់របាំងបិទផ្លូវការហែញត្តិរបស់គណបក្សជំទាស់ ដែលគ្រោងដង្ហែទៅកាន់ស្ថានទូតដែលជាប្រទេសហត្ថលេខីសន្ធិសញ្ញាទីក្រុងប៉ារីស ដើម្បីសុំឲ្យជួយការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕