ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ បង្ហាញ​ភស្តុតាង​ការសន្ទនា​តាម​ទូរស័ព្ទ​ក្នុង​សំណុំរឿង​ញុះញង់​របស់​សកម្មជន​បក្ស​ជំទាស់


រូបឯកសារ៖ អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថត​នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថត​នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

តុលាការ​ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​បាន​បន្ថែម​ភស្តុតាង​ជាង​១០​ ក្នុង​នោះ​មាន​ទាំង​ឃ្លីប​វីដេអូ​ចំនួន​៣ ​ការ​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ​និង​ការ​បង្ហោះ​សារ​នានា​របស់​សកម្ម​ជន​បក្ស​ជំទាស់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

ភស្តុតាង​ទាំង​នេះ ​ត្រូវ​បាន​បង្ហាញ​ក្នុង​សវនាការ​មួយ​ នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ចំនួន​១១​នាក់​ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ​និង​រួម​គំនិត​ក្បត់​ ដែល​មាន​ទំនាក់​ទំនង​នឹង​ព្រឹត្តិ​ការណ៍​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​លោក សម រង្ស៊ី ​កាល​ពីឆ្នាំ​២០១៩។​

សំណុំ​រឿង​ញុះញង់​នេះ​ មាន​ជន​ជាប់​ចោទ​សរុប​ចំនួន​២១​នាក់​ ក៏​ប៉ុន្តែ​ មាន​ជន​ជាប់​ចោទ​តែ​១៣​នាក់​ប៉ុណ្ណោះ​ ដែល​ស្ថិត​ក្នុង​ពន្ធនាគារ។​ បទ​ចោទ​លើ​អ្នក​ទាំង​២១​នោះ​ ក៏​ជាប់​ទាក់​ទង​នឹង​ការ​បញ្ចេញ​យោបល់​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ទូរ​គមនាគមន៍ ​និង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​អំពី​ស្ថាន​ភាព​ជំងឺ​កូវីដ១៩​ ការ​ជេរ​ប្រមាថ​មេ​ដឹកនាំ​កម្ពុជា ​និង​ចលនា​សង្គ្រោះ​ជាតិ​ផ្តួចផ្តើម​ដោយ​លោក​ សម រង្ស៊ី។​

ក្នុង​សាល​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ជន​ជាប់​ចំនួន​១១​នាក់​ បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក្តី ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​ អន្តរជាតិ ​និង​តំណាង​អង្គទូត​មួយ​ចំនួន ​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ជន​ជាប់ចោទ។ ​ជន​ជាប់ចោទ​ពីរ​នាក់ ​បាន​សុំ​ការ​អនុញ្ញាត​ពី​មន្ត្រី​ពន្ធនាគារ​មិន​ចូល​រួម​សវនាការ​ដោយសារ​បញ្ហា​សុខភាព។​

ភស្តុតាង​ដំបូង​ដែល​ចៅក្រម​លោក​ អ៊ឹម វណ្ណៈ​ ឱ្យ​ចាក់​បង្ហាញ​តាម​ប្រព័ន្ធ​កំព្យូទ័រ​នោះ​ គឺ​បទ​សម្ភាសន៍​ជា​វីដេអូ​មួយ​ដែល​គេ​ឃើញ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​លោក ​ជុន ច័ន្ទបុត្រ ​បាន​សួរ​លោក​ សម រង្ស៊ី​ អំពី​ហេតុផល​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ចុង​ខែ​មករា​ ឆ្នាំ​២០១៨​ ក្រោយ​តុលាការ​នៅ​ប្រទេស​កម្ពុជា​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​

យោង​តាម​បទ​សម្ភាសន៍​មាន​រយៈ​ពេល​ជាង​១០​នាទី​នោះ ​លោក​ សម រង្ស៊ី​ លើក​ឡើង​ថា​ ការ​បង្កើត​ចលនា​សង្គ្រោះជាតិ​ គឺ​ជា​រូប​មន្ត​ល្អ​បំផុត​មួយ​ដើម្បី​ជំរុញ​ឱ្យ​មាន​ចលនា​មហាជន​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្រោក​ឈរ​ ប្រឆាំង​ជន​ផ្តាច់​ការ​ និង​ធានា​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​វិល​មក​ចូល​រួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​មួយដែល​មាន​ភាព​សេរី ​យុត្តិធម៌​ និង​ត្រឹម​ត្រូវ ​និង​ចំហ​សម្រាប់​គ្រប់​និន្នាការ​នយោបាយ។​

មេ​ដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះ​បន្ថែម​ទៀត​ថា​ ចលនា​សង្គ្រោះ​ជាតិ​ជា​ឧបករណ៍​ដើម្បី​ទប់ទល់​នឹង​ការ​គាប​សង្កត់​របស់​អាជ្ញាធរ​នៅ​ប្រទេស​កម្ពុជា​ ក្រោយ​មេ​បក្ស​ប្រឆាំង​លោក​ កឹម សុខា​ ត្រូវ​ចាប់​ខ្លួន​ និង​បក្ស​ត្រូវ​រំលាយ ​និង​ថា​ ចលនា​នេះ ​អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មន្ត្រី​សង្គមស៊ីវិល​ អង្គការ​សិទ្ធិ​មនុស្ស ​អ្នក​មាន​វិវាទ​ដីធ្លី​ និង​អ្នក​សារ​ព័ត៌មាន។​

លោក​ សម រង្ស៊ី​ និយាយ​ថា​ ចលនា​សង្គ្រោះ​ជាតិ​ដែល​គ្មាន​នរណា​អាច​រំលាយ​បាន​នោះ​ មាន​គោល​ដៅ​ទាមទារ​ឱ្យ​លោក​ កឹម សុខា​ និង​អ្នក​ទោស​មនសិការ​មាន​សេរីភាព​ឡើង​វិញ​ផង​ដែរ​ ហើយ​ក៏​ជា​ជម្រើស​នយោបាយ​មួយ​ដែល​អាច​ចៀស​ចេញ​ពី​ល្បែង​នយោបាយ​ ដែល​លោក​ចោទ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ថា​ ចង់​ឃើញ​ការ​បង្កើត​បក្ស​ជំទាស់​ផ្សេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ សម រង្ស៊ី​ ថ្លែង​ក្នុង​ឃ្លីប​បទ​សម្ភាសន៍​ជា​វីដេអូ​ដដែល​នោះ​ថា៖​ «គោល​ដៅ​តែ​មួយ​គត់​ គឺ​ឱ្យ​ដោះលែង​លោក​កឹម សុខា ​និង​អ្នក​ទោស​មនសិការ​ និង​ប្រគល់​សោរ​សេរីភាព​ធ្វើ​បាតុកម្ម​ ​បោះឆ្នោត​ទូលំទូលាយ​សម្រាប់​គ្រប់​ភាគី​ និង​មាន​គណបក្ស​សង្គ្រោះ​ជាតិ»។​

បន្ទាប់ពី​ការ​បង្ហាញ​ឃ្លីប​វីដេអូ​នេះ​ និង​ឃ្លីប​វីដេអូ​ពីរ​ផ្សេង​ទៀត​ ដែល​គេ​ឃើញ​លោក​សម រង្ស៊ី ​ពន្យល់​ពី​ការ​រៀបចំ​ឱ្យ​មាន​ចលនា​សង្គ្រោះ​ជាតិ​ នៅ​ពេល​រចនា​សម្ព័ន្ធ​បក្ស​សង្គ្រោះ​ជាតិ​បែក​ខ្ញែក​ ដោយ​មាន​ថ្នាក់​ដឹកនាំ​ និង​សកម្ម​ជន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នោះ​ ​តុលាការ​ បាន​បញ្ចេញ​ភស្តុតាង​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ និង​សកម្ម​ជន​ផ្សេង​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ទាក់​ទិន​ស្ថាន​ភាព​ឆ្លង​ជំងឺ​កូវីដ១៩ ការ​ប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ​លើ​លោក​ ហ៊ុន សែន ​និង​ការ​បាត់​បង់​២០%​នៃ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ ហៅ​កាត់​ថា​ EBA។​

មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់​ចោទ​លោក ​សំ សុគង់​ ប្រាប់​វីអូអេ​ថា​ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​នេះ​ គ្មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ ​

«អ្វីដែល​តុលាការ​យក​មក​បង្ហាញ​ពី​ព្រឹកមិញ​នេះ​ គឺ​ពាក់​ព័ន្ធ​នឹង​ការ​ដែល​គាត់​និយាយ​សន្ទនា​គ្នា​ជាមួយ​គ្រួសារ​គាត់​ ជាមួយ​មិត្ត​ភក្តិ​គាត់​ ហើយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជំងឺ​កូវីដ​ ភាគច្រើន ​គឺ​បញ្ហា​កូវីដ។ ​អ៊ីចឹង​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិរបស់​ថ្នាក់​ដឹកនាំ​នៅ​ក្រៅ​ប្រទេស​ ហើយ​នឹង​ការ​បង្ហោះ​ហ្វេសប៊ុក​គាត់​ទាក់​ទង​នឹង​កូវីដ​ដូច​អត់​មាន​ការ​ពាក់​ព័ន្ធ​គ្នា​ទេ»។ ​

លោក​បន្ថែមថា​ ការ​យក​សារ​សន្ទនា​តាម​ទូរស័ព្ទ​មក​ធ្វើ​ជា​ភស្តុតាង​នោះ​ ជា​ការរំ​លោភ​សិទ្ធិ​ឯកជន​ និង​ប៉ះពាល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស។​

លោក ​ស៊ឹង សែនករុណា​ អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ យល់​ឃើញថា​ ​ រឿង​ក្តីក្តាំ​របស់​សកម្ម​ជន​បក្ស​ជំទាស់​ដែល​កំពុង​បន្ត​នៅ​តុលាការ​នេះ​ មិន​អាច​បំបែក​បាន​ឆាប់​ទេ​ បើ​គ្មាន​ដំណោះស្រាយ​ខាង​នយោបាយ​នោះ។​

«អ៊ីចឹង​ការ​យក​បញ្ហា​ជម្លោះ​នយោបាយ​ ទំនាស់​នយោបាយ​យក​មក​កាត់​សេចក្តី​ដោយ​តុលាការ​ខ្ញុំ​គិត​ថា ​វា​មិន​អាច​ធ្វើ​ឱ្យ​មាន​ជំនឿ​ចិត្ត​ពី​សាធារណ​ជន​ សាធារណ​មតិ​ជាតិ​អន្តរជាតិ​បាន​ទេ»។​

គួរ​រំឭក​ផង​ដែរ​ថា ​ជន​ជាប់ចោទ​១៣​នាក់​ ដែល​ត្រូវ​បាន​ចាប់​មក​ដាក់​ក្នុង​ពន្ធនាគារ​នោះ ​រួម​មាន​លោក ​ឆុន ប៊ុនឆាត​ លោក យឹម សារ៉េត ​លោក ជុំ​ ចាន់ ​លោក​ កែវ ថៃ​ លោក​ ស៊ុន ធន់​ លោក​ ឡុង ផារី​ លោក​ ពៀត ម៉ាប់​ លោក​ សុខ ចាន់ថា ​លោក​ ឃឹម ភាណា​ លោក ​ឃុត ច្រឹក ​លោក ​ញ៉ែម វ៉ាន​ លោក ​ថៃ គន្ធា​ និង​លោក ងិន ឃាន។​

ក្រោយ​ការ​បង្ហាញ​ភស្តុតាង ​កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ​លោក ​រស់​ ពិសិដ្ឋ​ ប្រកាស​លើក​សវនាការ​ទៅ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ​ខែ​មករា​ ឆ្នាំ​២០២២៕​

XS
SM
MD
LG