អ្នកស្រី រើន រៀម អាយុ៤១ឆ្នាំមិនបានជួបស្វាមីជាង២ឆ្នាំមកហើយក្រោយលោករត់ភៀសខ្លួននយោបាយទៅជ្រកកោនក្នុងប្រទេសថៃ។ ស្វាមីរបស់អ្នកស្រី គឺលោក រុន ចន្ធី អាយុ៣៧ឆ្នាំបានរត់ចេញពីប្រទេសភ្លាមៗ ក្រោយដឹងថាលោកមានឈ្មោះត្រូវចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៩ គឺនៅពេលដែលលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ប្រកាសគម្រោងវិលចូលប្រទេសវិញ។
អ្នកស្រី រើន រៀម ដែលមានកូន៣នាក់ ប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗថា៖ «ខ្ញុំយំភ័យ ខ្លាចគេចាប់ប្តីបានតាមផ្លូវអីចឹង ខ្លាចគេធ្វើបាប…ដល់ពេលឮថាគាត់ទៅដល់ថៃផុតទៅ រៀងធូរបន្តិច»។
អវត្តមានស្វាមីបណ្តាលឲ្យអ្នកស្រី រើន រៀម ប្រឈមបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងដោយត្រូវមើលថែកូន៣នាក់ ដែលក្នុងនោះមានកូនស្រីពៅម្នាក់ អាយុ៩ឆ្នាំ មានបញ្ហាសតិស្មារតីដែលអ្នកស្រីត្រូវថែទាំដិតដល់។
អ្នកស្រីបញ្ជាក់ថា៖ «បើមិនមើលទេ វាដើរចូលរទេះភ្លើងវាអត់ដឹងអីទេ»។ ការណ៍នេះជាហេតុធ្វើឲ្យអ្នកស្រីមិនអាចចេញទៅរកស៊ីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដូច្នេះជីវិតគ្រួសារពឹងផ្អែកលើម្តាយបង្កើតរបស់អ្នកស្រី ដែលរកស៊ីលក់បន្លែ។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់សំណូមពរឲ្យថ្នាក់ដឹកនាំឲ្យលើកការដេញចាប់ដេញអីហ្នឹងទៅឲ្យគាត់បានចូលស្រុកវិញ ឲ្យគាត់បានមកជួយរកស៊ីខ្ញុំវិញ ខ្ញុំពិបាកណាស់។ ចិញ្ចឹមកូនម្នាក់ឯង ហើយណាមួយកូនពិការទៀតអត់មានអ្នកណាមើលរាល់ថ្ងៃបានម៉ែ លក់បន្លែចិញ្ចឹម។ បើខ្ញុំទៅលក់ក៏បានដែរ ប៉ុន្តែអត់មានអ្នកណាមើលកូនខ្ញុំមីនោះ ដែលអត់គ្រប់។ ដល់អញ្ចឹងខ្ញុំនៅមើលតែមីមួយ[កូនស្រី]ហ្នឹងឯងអត់បានទៅរកអីទេ បានម៉ែរកចិញ្ចឹមតិកតក់ៗហ្នឹងឯង»។
លោក រុន ចន្ធី អាយុ៣៧ឆ្នាំជាអតីតប្រធានយុវជនរបស់គណបក្សសង្គ្រោះជាតិប្រចាំសង្កាត់អូរចារក្នុងខេត្តបាត់ដំបង។ សកម្មជនដែលចូលរួមនយោបាយជាមួយគណបក្សសង្រ្គោះជាតិតែងតែរិះគន់រដ្ឋាភិបាលតាមរយៈហ្វេសប៊ុករបស់លោក។លោកក៏ត្រូវបានកាត់ទោសកំបាំងមុខក្នុងប្រទេសកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២១ ឲ្យជាប់ពន្ធនាគារ១៨ខែ ក្រោមបទចោទ«ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយរិះគន់វិធានការទប់ស្កាត់ជំងឺកូវីដ១៩របស់រដ្ឋាភិបាល។
ពេលជ្រកកោនក្នុងប្រទេសថៃ លោក រុន ចន្ធី តែងតែសកម្មនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយរិះគន់រដ្ឋាភិបាលលើបញ្ហាផ្សេងៗ។
លោកប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «ច្បាស់ណាស់ អ្វីដែលរដ្ឋាភិបាលគេដាក់គំនាប ហើយគេរំលាយយើង គឺគេចង់បំបែកកម្លាំងអ្នកប្រជាធិបតេយ្យកម្លាំងសង្រ្គោះជាតិ ដែលគេដឹងថាអ្នកដែលត្រូវទៅដឹកនាំប្រទេសនៅថ្ងៃខាងមុខហ្នឹង។ អញ្ចឹងគេបារម្ភអំពីសំឡេងអ្នកប្រជាធិបតេយ្យ និងបារម្ភអំពីគណបក្សសង្រ្គោះជាតិ ដែលនឹងអាចទៅដណ្តើមតួនាទីអំណាចរបស់គេ»។
លោក ចន្ធីបន្ថែមថាដោយសារការចាប់បញ្ជូនសកម្មជនភៀសខ្លួនមួយចំនួនដែលជ្រកកោនក្នុងប្រទេសថៃមកប្រទេសកម្ពុជាវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ សកម្មជនភៀសខ្លួនផ្សេងទៀតមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។
លោកបន្ថែមថា៖ «នេះជារូបភាពគំរាមកំហែងផ្នែកនយោបាយមួយយ៉ាងធ្ងន់សម្រាប់ពួកយើងដែលជាសកម្មជននយោបាយដែលមានសិទ្ធិពេញលេញ [ហើយត្រូវ]ទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅតែគេរំលោភបំពានបាន»។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងវេទិកាសាធារណៈមួយដោយព្រមានចាប់ខ្លួនអ្នកណាដែលហ៊ាន«ជេរ»រូបលោក ដែលលោកថាមានចរិតញុះញង់។
លោកថ្លែងថា៖ «ជេរខុសរឿងហើយជេរមានលក្ខណៈជាការញុះញង់ បង្កចលាចលអាហ្នឹងគឺវាត្រូវតែនៅមួយកន្លែងព្រោះគេបង្កើតគុកមកគេមិនដែលយកអ្នកល្អទៅដាក់ទេគេយកអាអ្នកខូច»។
ភរិយារបស់លោករុន ចន្ធី គឺអ្នកស្រី រើន រៀមថ្លែងថាអ្នកគាំទ្រគណបក្សប្រឆាំងតែងតែប្រឈមនឹងការធ្វើទុក្ខបុកម្នេញ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំថាប្រឈមហើយនិយាយទៅឲ្យតែឈ្មោះគណបក្សសង្គ្រោះជាតិគឺគេអត់ពេញចិត្តបណ្តោយគេស្អប់។ ខាងដែលគេស្អប់គេអត់ចូលចិត្តខាងគណបក្សសង្គ្រោះជាតិហ្នឹងបណ្តោយ។ អញ្ចឹងខ្ញុំទៅរកស៊ីអីចេះតែភ័យហើយរាល់ថ្ងៃ[អត់]មានទៅណាទេរាល់ថ្ងៃនៅតែផ្ទះ ហើយជួនកាលមានប៉ូលិសមានប៉េអឹមជិះកាត់មុខផ្ទះខ្ញុំហ្នឹងរហូតទៅមកៗ មួយអាទិត្យក៏ពីរដងដែរ»។
អ្នកស្រីក៏បានអំពាវនាវឲ្យមានការអនុញ្ញាតស្វាមីអាចចូលប្រទេសវិញ ដោយមិនមានការចាប់ខ្លួន ដើម្បីអាចជួយមើលថែគ្រួសារ ខណៈអ្នកស្រីមិនអាចចេញទៅរកស៊ីបាន។
អ្នកស្រីថ្លែងថា៖ «ការដែលអត់មានប្តីនៅ ពិបាកវេទនាណាស់ រកស៊ីម្នាក់ឯង។ តាំងពីគាត់ទៅ ខ្ញុំវេទនាចង់ងាប់។ បាននៅជាមួយម៉ែ ម៉ែចិញ្ចឹមហ្នឹង។ ហើយគាត់ទៅនោះ ក៏គាត់គ្មានលុយផ្ញើមកដែរ។ គាត់អត់មានធ្វើអី»៕