តុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះ បានលើកពេលសវនាការរឿងក្តីសកម្មជននយោបាយជំទាស់២រូប ដែលអាជ្ញាធរថៃបានចាប់បញ្ជូនមកកម្ពុជាវិញ កាលពីអំឡុងខែវិច្ឆិកា ក្រោមបទចោទ «រួមគំនិតក្បត់ និងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ នេះ បើតាមការបញ្ជាក់ពីអ្នកការពារសិទ្ធិមនុស្ស។
សកម្មជនទាំងពីរនាក់នោះ រួមមានលោក វឿន វាសនា ជាសកម្មជនសង្គមដែលគេសង្ស័យថា មាននិន្នាការទៅរកអតីតគណបក្សជំទាស់ និងដែលតែងតែរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយធ្លាប់និពន្ធកំណាព្យមួយក្រោមចំណងជើងថា «ហ៊ុន សែន ក្បត់ជាតិ»។ ចំណែកបុរសម្នាក់ទៀត គឺលោក វឿង សំណាង ដែលជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ។ ពួកគេ បានភៀសខ្លួនទៅប្រទេសថៃ កាលពីឆ្នាំ២០២០ ដោយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន។
ប៉ុន្តែពួកគេទាំងពីរនាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២១ ហើយបានបញ្ជូនមកកម្ពុជា បន្ទាប់ពីចាប់ខ្លួនបានមួយថ្ងៃនៅប្រទេសថៃ ខណៈពួកគេមាន ឋានៈជាជនភៀសខ្លួនទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សវនាការរបស់សកម្មជនទាំង២ ត្រូវបានលើកពេល ដោយសារជនជាប់ចោទទាំងពីរ មិនទាន់ទទួលបានមេធាវីការពារក្តី ក្រោយការចាប់បញ្ជូនខ្លួនពីប្រទេសថៃមកកាន់កម្ពុជា។
បើតាមលោក អំ សំអាត បានឲ្យដឹងថា ការចាប់បញ្ជូនខ្លួនសកម្មជន២រូបនោះ ផ្ទុយនឹងកិច្ចព្រមព្រៀងដែលថៃ ធ្វើសច្ចាប័នជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ ការណ៍នេះ នាំឲ្យមានការរិះគន់យ៉ាងខ្លាំង ហើយក៏បានបង្ហាញថា សកម្មជនផ្សេងទៀតដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មិនមានសុវត្ថិភាពទេ ព្រោះពួកគេអាចប្រឈមមុខនឹងការចាប់ខ្លួនបន្តបន្ទាប់ទៀត។
លោកថ្លែងថា៖ «យើងមើលទៅការចាប់បញ្ជូននេះ ក៏ជាសារមួយដែលធ្វើការគំរាមកំហែង បំភិតបំភ័យឲ្យសកម្មជនដទៃទៀតដែលកំពុងជ្រកកោននៅប្រទេសថៃហ្នឹងមានការបារម្ភ មានការភ័យខ្លាចការចាប់បញ្ជូនត្រឡប់មកវិញផងដែរ»។
លោកបន្ថែមថា៖ «អញ្ចឹងថៃ ត្រូវតែគោរពទៅតាមកិច្ចព្រមព្រៀង និងអនុសញ្ញានៃសិទ្ធិនោះ»។
ចំណែកអ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា បានកត់សម្គាល់ដូចគ្នាដែរ ចំពោះការធ្វើទុក្ខបុកម្នេញ និងបំភិតបំភ័យទៅលើសកម្មជននយោបាយដែលកំពុងភៀសខ្លួនទៅប្រទេសថៃ។
លោកថ្លែងថា៖ «ជាការពិត ទាំងថៃ ទាំងកម្ពុជា គួរបញ្ឈប់ការបន្តធ្វើទុក្ខបុកម្នេញទាំងសកម្មជនថៃនៅកម្ពុជាក្តី ទាំងសកម្មជនកម្ពុជាដែលពាក់ព័ន្ធបញ្ហានយោបាយហ្នឹងក្តី នៅថៃហ្នឹងគួរតែបញ្ឈប់នូវសកម្មភាពធ្វើទុក្ខបុកម្នេញទាំងអស់ហ្នឹង ដើម្បីគោរពទៅលើកិច្ចព្រមព្រៀង ឬការផ្តល់សច្ចាប័ននៃបណ្តាប្រទេសទាំងអស់ហ្នឹង»។
កន្លងមក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូអេថា អ្នកទាំង២ជា«មុខសញ្ញាដែលមានដីកាតាមចាប់»របស់តុលាការកម្ពុជា ដែលចោទពីបទ«រួមគំនិតក្បត់ និងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ក្នុងសំណុំរឿងចាប់ខ្លួនសកម្មជននយោបាយកម្ពុជានៅប្រទេសថៃនេះ មានអតីតសកម្មជន និងអតីតមន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិមួយចំនួនទៀត ក៏ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនជាបន្តបន្ទាប់ឲ្យមកប្រឈមមុខនឹងការកាត់ទោសតាមផ្លូវតុលាការនៅកម្ពុជា ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើន រួមមានបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«រួមគំនិតក្បត់»ដែលជាបទចោទពេញនិយមលើអ្នករិះគន់រដ្ឋាភិបាលកម្ពុជា។
បទចោទប្រកាន់ទាំងអស់នោះ ក៏ត្រូវបានតុលាការយកមកចាត់ការលើសកម្មជន ឬអ្នកគាំទ្របក្សជំទាស់ ក្រោយព្រឹត្តិការណ៍មាតុភូមិនិវត្តន៍មិនជោគជ័យរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ីកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ មិនឆ្លើយតបសំណួររបស់វីអូអេដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃពុធនេះទេ។
ការបញ្ជូនសកម្មជនដែលហ៊ានរិះគន់រដ្ឋាភិបាលកម្ពុជាដែលធ្វើឡើងជាបន្តបន្ទាប់កន្លងមកនេះ កើតមានឡើងក្រោយពីមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ ដែលពេលនោះភាគីទាំងពីរ បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ក្នុងនោះមានការបញ្ជូនអ្នកប្រឆាំងនឹងរដ្ឋាភិបាលទាំងពីរប្រទេសទៅប្រឈមមុខនឹងការកាត់ទោសក្នុងប្រទេសកំណើតរៀងខ្លួនៗ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងកាលពីពេលកន្លងមកដែរថា លោកអាចចាប់ខ្លួនសកម្មជនខ្មែរដែលស្នាក់នៅប្រទេសថៃពេលណាក៏បាន។
ដោយឡែក UNHCR បានជំរុញឲ្យរដ្ឋាភិបាលថៃ កុំបញ្ជូនជនភៀសខ្លួនដែលត្រូវបានទទួលស្គាល់ និងគោរពតាមកាតព្វកិច្ចអន្តរជាតិ។ UNHCR ក៏ជំរុញយ៉ាងខ្លាំងឲ្យអាជ្ញាធរកម្ពុជា គោរពតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនភៀសខ្លួនគ្រប់រូប៕