ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ ចាប់ខ្លួន​កញ្ញា សេង ធារី មួយ​ស្របក់ រួច​អនុញ្ញាត​ឱ្យ​ចូល​សវនាការ​សំណុំ​រឿងក្បត់​ជាតិ


សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

កង​កម្លាំង​សន្តិសុខ​ចម្រុះ​របស់​ខណ្ឌ​ដូនពេញ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​កញ្ញា​ សេង ធារី ​ប្រមាណ​៣០​នាទី នៅ​ជិត​រូប​សំណាក​សម្តេច​ព្រះ​នរោត្តម​សីហនុ ​លើ​សួន​ច្បារ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​កាស៊ីណូ​ណាហ្គាវើលដ៍​ មុន​ពេល​កញ្ញា​ទៅ​ចូល​រួម​សវនាការ ​ដើម្បី​តតាំង​ក្តី​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​ និង​ញុះញង់។​

ប៉ុន្តែ ​សវនាការ​នេះ ​ត្រូវ​បាន​ពន្យារ​ពេល​សារ​ជាថ្មី ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ​ដោយសារ​មេធាវី​ការពារ​ក្តី​របស់​កញ្ញា​ សេង ធារី​ ត្រូវ​ការ​ពេល​ដើម្បី​សិក្សា​អំពី​សំណុំ​រឿង​ និង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​បន្ថែម។​

នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ កញ្ញា​ សេង ធារី ​ត្រូវ​គេ​ឃើញ​កំពុង​កាន់​ទូរស័ព្ទ​ដៃ​ និង​ស្លៀកពាក់​ជា​អ្នក​ជាប់​ឃុំ​ពណ៌​ទឹក​ក្រូច​ និង​ពាក់​ខ្នោះ​សម័យ ​ប៉ុល ពត ​នៅ​នឹង​ជើង​ទាំងពីរ​ ហើយ​បាន​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ឯ​សួន​ច្បារ​ក្បែរ​កាស៊ីណូ​ណាហ្គារើលដ៍​ដែល​ជា​ទីតាំង​មាន​ការ​ធ្វើ​កូដកម្ម​ជិត​ពីរ​សប្តាហ៍។​

ក្នុង​ការ​ផ្សាយ​ផ្ទាល់​នោះ​ កញ្ញា សេង ធារី​ ជា​មេធាវី​ខ្មែរ​អាមេរិកាំង ​បាន​និយាយ​រៀបរាប់​ពី​ដំណើរ​កញ្ញា​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ប៉ុន្តែ​ កម្លាំង​សន្តិសុខ​ទំនង​ជា​មិន​ពេញ​ចិត្ត​នឹង​ការ​ស្លៀក​ពាក់​របស់​កញ្ញា​ សេង ធារី​ ហើយ​ក្រោយ​ការ​ផ្សាយ​ផ្ទាល់ ​ជាង​១៥​នាទី​នោះ កញ្ញា ​ត្រូវ​បាន​ឃាត់​ខ្លួន។​

កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង លើកដៃឡើងលើជាមួយអ្នកគាំទ្រអ្នកស្រី ខណៈអ្នកស្រីដើរនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង លើកដៃឡើងលើជាមួយអ្នកគាំទ្រអ្នកស្រី ខណៈអ្នកស្រីដើរនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

បើតាម​ការ​ផ្សាយ​ផ្ទាល់​របស់​កញ្ញា​ សេង ធារី​ នោះ ​កម្លាំង​សន្តិសុខ​មួយ​ចំនួន​ក្នុង​ចំណោម​គ្នា​ប្រមាណ​៣០ ​ទៅ​៤០​នាក់ ​បាន​ហៅ​កញ្ញា​ថា​ ជា​មនុស្ស​ឆ្កួត ​និង​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ និង​ដក​ហូត​ទ្រព្យ​សម្បត្តិ ​ទូរស័ព្ទ​ដៃ​ និង​របស់របរ​ផ្សេង​ទៀត។​ ប៉ុន្តែ​ បន្ទាប់​មក​គាត់​ក៏​ត្រូវ​បាន​ដោះលែង​មក​វិញ​ឲ្យ​បាន​ទៅ​ចូលរួម​សវនាការ​សំណុំ​រឿង​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​នៃ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក ​សម រង្ស៊ី​ កាលពី​ថ្ងៃទី​៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​

ពាក់ព័ន្ធ​នឹង​ការ​ស្លៀកពាក់​ជា​អ្នក​ជាប់​ឃុំ ​កញ្ញា សេង ធារី​ និយាយ​ថា​ គាត់​ចង់​បង្ហាញ​ពី​ភាព​អយុត្តិ​ធម៌​នៅ​ក្នុង​សង្គម និងបង្ហាញ​អំពី​និមិត្តរូប​នៃ​ការ​ចាប់​ខ្លួន​សកម្ម​ជន។​

កញ្ញា​ថ្លែង​ថា៖ ​«ខ្ញុំ​ពាក់​ឈុត​អ្នក​ជាប់​គុក​ហ្នឹង​ ទី១​ ជា​និមិត្ត​រូប ​ចុះ​ខ្ញុំ​អាច​ជាប់​គុក។​ ទី​២ ​ជា​ការ​ដាស់​តឿន​អារម្មណ៍​សាធារណជន​ក្នុង​ប្រទេស​ក្តី ​ពួក​អន្តរ​ជាតិ​ក្តី។​ ទី៣​ ចង់​ជួយ​របប​ផ្តាច់ការ​នេះ ប្រសិន​បើ​ដាក់​ខ្ញុំ​ចូល​គុក ពួក​គាត់​អត់​ត្រូវ​ការ​អស់​លុយ​អំពី​សម្លៀក​បំពាក់​របស់​ខ្ញុំ​ទេ។ ​នេះ ​ជា​វិភាគ​ទាន​ ជួយ​ទៅ​របប​ផ្តាច់​ការ​នេះ​ នៅ​ក្នុង​ការ​បង់​ឯក​សណ្ឋាន​អ្នក​ទោស​ [ឬ]​ អ្នក​ជាប់​គុក​ឲ្យ​ ពួក​គាត់​អាច​ចំណេញ​២​ [ឬ]​៣​ដុល្លារ​ដែរ»។​

នៅ​មុន​ការ​ចូលរួម​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ កញ្ញា​ សេង ធារី​ បាន​ចាត់​ទុក​ថា​ សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ​ដែល​ចាប់​ផ្តើម​បន្ត​ជាថ្មី​តាំង​ពី​ចុង​ឆ្នាំ​២០២១​ នោះ​ ជា​ឆាកល្ខោន​នយោបាយ​មួយ​ ដែល​កញ្ញា​ត្រូវ​ចូល​រួម​សម្តែង​ដោយ​មាន​ពាក្យ​ពេចន៍​ខ្លួន​ឯង​ដើម្បី​ប្រាប់​ទៅ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ។​

លោក​ ជួង ជួងី ​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា ​ការ​ពន្យារ​ពេល​សវនាការ​ទៅពេល​ក្រោយ​នេះ​ គឺដើម្បី​ឲ្យ​លោក ​និង​កូន​ក្តី​របស់​លោក ​អាច​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ការពារ​សិទ្ធិ​ស្រប​តាម​នីតិវិធី។​

លោក​ថ្លែង​ថា៖ ​«ទី​១ ​រឿង​ចោទ​ប្រកាន់​ជា​រឿង​ឧក្រិដ្ឋ​ដែល​ត្រូវ​ផ្តន្ទាទោស​ធ្ងន់។​ ទី២ ​កញ្ញា​ សេង ធារី ​អត់​បាន​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​គាត់ អ៊ីចឹង​គាត់​អត់​បាន​តៀម​ដើម្បី​តទល់​ខ្លួន​គាត់​ទេ។​ ទី​៣ ​ខ្ញុំ​ជា​មេធាវី​ ទើប​ទទួល​ការ​ពឹង​ពាក់​ពី​គាត់​ ហើយ​ម្សិលមិញ​នេះ​ ខ្ញុំ​ថត​ចម្លង​ឯកសារ​បាន​មួយ​ចំនួន​ ភាគ​តិច​ពី​តុលាការ​ ហើយ​ខ្ញុំ​អត់​បាន​ជួបគាត់​ដើម្បី​ជជែក ឬ​ត្រៀម​ខ្លួន​ដើម្បី​តតាំង​ការពារ​សិទ្ធិ​គាត់។ ដូច្នេះ​ សុំ​ពន្យារ​ពេល​ទៅ​ពេល​ក្រោយ​ ដើម្បី​យើង​អាច​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ការពារ​សិទ្ធិ​ឲ្យ​គាត់»។​

លោក​មេធាវី​ក៏​បាន​ចាត់​ទុក​ថា​ ​ការ​ចាប់​ខ្លួន​កូន​ក្តី​ដោយ​កងកម្លាំង​សន្តិសុខ​ចម្រុះ​ខណ្ឌ​ដូនពេញ​ជាការ​រំលោភ​សិទ្ធិ​ធ្ងន់​ធ្ងរ​ផង​ដែរ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ​អ៊ីរិន្ទ​ និង​អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក ​សាន សុខសីហា ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

ដោយ​ឡែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នក​ស្រី ​ចក់ សុភាព ​បាន​ប្រាប់​វីអូអេ​ថា​ ការ​ពន្យារ​ពេល​សវនាការ​របស់​កញ្ញា ​សេង ធារី​ គឺ​អាច​ទទួល​យក​បាន​ ដើម្បី​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស​រូប​នោះ​ មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ស្វែង​រក​ភស្តុតាង​ដោះ​បន្ទុក។​

អ្នកស្រី​ថ្លែង​ថា៖ ​«អ៊ីចឹង​ឃើញ​មាន​ការ​ជជែក​ដេញ​ដោល​ច្រើន​ដែរ​ ដែល​ឃើញ​តុលាការ​ លោក​បាន​ថ្លឹង​ថ្លែង​អំពី​ពេល​វេលា​សមស្រប​សម្រាប់​កូន​ក្តី​ហ្នឹង ​ប៉ុន្តែ​ក៏​មាន​ការ​ជជែក​អំពី​ការ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ជាប់​ចោទ​ដទៃ​ទៀត ​ជា​ពិសេស​អ្នក​ជាប់​ឃុំ​ហ្នឹង​ ពី​ព្រោះ​ការ​ពន្យារ​ពេល​វា​ហ្នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​ហ្នឹង​ បន្ត​ឃុំ​ខ្លួន​បន្ត​ទៅ​ទៀត»។​

អ្នកស្រី​បន្ថែម​ថា៖ ​«ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​មាន​ការ​លើក​ឡើង​ថា​ ដំណោះ​ស្រាយ​ដែល​ល្អ​បំផុត​ហ្នឹង​ គឺ​តុលាការ​គួរ​ប្រើ​ឆន្ទានុ​សិទ្ធិ​ក្នុង​ការ​ដោះ​លែង​ឲ្យ​ពួក​គាត់​នៅ​ក្រៅឃុំ​ ដាក់​ឲ្យ​ពួក​គាត់​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ រង់ចាំ​សវនាការ​វិញ​ ជា​ជាង​ការ​បន្ត​ឃុំ​ខ្លួន ​ពី​ព្រោះ​ពួក​គាត់ ​ត្រូវ​បាន​ឃុំ​ខ្លួន​លើស​លប់​មែន​ទែន​រហូត​ដល់​ជាង​១៩​ខែ​ជា​ដើម»។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក​ នី សុខា​ ប្រាប់​វីអូអេ​ថា ​ លោក​ចង់​ឃើញ​សវនាការ​មួយ​ ដែល​បង្ហាញ​នូវ​យុត្តិធម៌​ត្រឹមត្រូវ​ដល់​ជន​ជាប់​ចោទ​ ដើម្បី​ឱ្យ​ពួកគេ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​រក​មេធាវី ការ​ប្រមូល​ព័ត៌មាន​ និង​ការ​ត្រៀម​ខ្លួន ​ឬ​ការ​អនុញ្ញាត​ឱ្យ​ជន​ជាប់​ចោទ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។​

ប៉ុន្តែ​លោក​មើល​ឃើញ​ថា​ តុលាការ​បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​មួយ​ចំនួន​មាន​រយៈពេល​យូរ​ ដែល​វាធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​ពួកគេ។ លោក​ថ្លែង​ថា៖ ​«នៅ​ក្នុង​ប្រទេស ​ដែល​គេ​ប្រកាន់​ប្រជា​ធិបតេយ្យ​សេរី ​គឺ​គេ​មិន​យក​សំណុំ​រឿង​គ្រាន់តែ​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សេរីភាព​ក្នុង​ការ​បញ្ចេញ​ទស្សនៈ ​គំនិត​យោបល់​ហ្នឹង ​យក​មក​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​ធ្វើការ​ប្តឹង​ផ្តល់​គ្នា ​តាម​ផ្លូវ​តុលាការ​អ៊ីចឹង​ទេ»។​

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា​ ​គិត​ចាប់​តាំង​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ​រហូត​ដល់​ខែ​មីនា ​ឆ្នាំ​២០២០ ​យ៉ាង​ហោច​ណាស់​មាន​អ្នក​គាំទ្រ​សកម្ម​ជន​មន្ត្រី​គណបក្ស​តាម​បណ្តា​ខេត្ត ​និង​រាជធានី​ និង​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នេះ​ជិត​១៤០​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ឬ​រង​ការ​ចាប់​ខ្លួន​ទាក់​ទង​នឹង​បទ​«ក្បត់​ជាតិ» ​បទ«រួម​គំនិត​ក្បត់» ​ឬ​បទ​«ញុះ​ញង់​ឲ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ»​ជាដើម។ ​នេះ​បើ​យោង​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា៕​

XS
SM
MD
LG