ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​រាជធានី​ភ្នំពេញ​ផ្លាស់​ប្តូរ​ឲ្យ​បើក​ដំណើរ​ការ​អាជីវ​កម្ម​ខារ៉ាអូខេ​វិញ​ ខណៈ​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​ថ្មី​នៅ​តែ​មាន


ខារ៉ាអូខេកំពុងបើកដំណើរការអាជីវកម្មជាធម្មតានៅរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (ធីតា វីន/VOA)
ខារ៉ាអូខេកំពុងបើកដំណើរការអាជីវកម្មជាធម្មតានៅរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (ធីតា វីន/VOA)

សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឲ្យ​បើក​ដំណើរ​ការ​អាជីវកម្ម​ខារ៉ាអូខេ ​ រង្គសាល ​និង​ឌីស្កូតែក​ឡើង​វិញ​ មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​សេចក្តី​ប្រកាស​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ហើយ​ដែល​រង​ផល​ប៉ះពាល់​ជាង​មួយ​ឆ្នាំ​មក​ហើយ។​

សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ចំពោះ​អាជីវកម្ម​ខារ៉ាអូខេ ​រង្គសាល​ និង​ឌីស្កូតែក ​នៅ​រាជធានី​ភ្នំពេញ​ ចាប់​ថ្ងៃទី​៣០ ​ខែ​វិច្ឆិកា ​ត​ទៅ​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ​ដោយ​តម្រូវ​ឲ្យ​មាន​ការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា ​និង​វិធានការ​សុខាភិបាល។​

អាជីវកម្ម​ខារ៉ាអូខេ​ រង្គសាល​ និង​ឌីស្កូតែក​ ត្រូវ​បាន​លើក​មក​បញ្ជាក់​នៅ​ក្នុង​ប្រការ​២​នៃ​សេចក្តី​សម្រេច​ថ្ងៃ​ទី២៩ ​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ដែល​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​សកម្មភាព​ការងារ​មុខ​របរ ​ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។​

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​អំពី​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​សេចក្តី​សម្រេច​ឲ្យ​បើក​ដំណើរ​ការ​មុខ​របរ​ទាំង​នេះ​ឡើង​វិញ ក្រោយ​ត្រូវ​បាន​បិទ​ទ្វារ​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ។ ​ កាល​ពី​កន្លង​ទៅ ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ធ្លាប់​បាន​ប្រកាស​ថា​ សូម​ឲ្យ​រង់​ចាំ​ការ​បើក​អាជីវ​កម្ម​ខារ៉ាអូខេ ​នៅ​ក្រោយ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ ​ ខណៈ​កម្ពុជា​បាន​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ ​ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា។​

អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​លោក ​ម៉េត មាសភក្តី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​សម្រេច​ចិត្ត​ឲ្យ​បើក​ដំណើរ​ការ​អាជីវកម្ម​ខារ៉ាអូខេ ​រង្គសាល ​និង​ឌីស្កូតែក​ឡើង​វិញ ​គឺ​ដោយសារ​សាលា​រាជធានី​ភ្នំពេញ​សង្កេត​ឃើញ​ស្ថានភាព​ប្រសើរ​ឡើង​វិញ​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ​ ខណៈ​លោក​លើក​ឡើង​ថា​ ប្រជា​ពលរដ្ឋ​អាច​សម្រប​តាម​របៀប​របប​នៃ​ការ​រស់​នៅ​ថ្មី ​ ការ​គោរព​វិធានការ​របស់​ក្រសួង​សុខាភិបាល ​និង​ការ​ទទួល​បាន​វ៉ាក់សាំង​របស់​ពលរដ្ឋ​មួយ​ភាគ​ធំ។​

លោក​បន្ថែម​ថា​ ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​កូវីដ១៩ ​នៅ​តាម​ខារ៉ាអូខេ​ រង្គសាល ​ឌីស្កូតែក ​គឺ​មាន​ទាប ស្រប​ពេល​អតិថិជន​ភាគច្រើន​នៅ​ក្នុង​អាជីវកម្ម​នេះ​ជា​យុវវ័យ។​

លោក​ថ្លែង​ថា៖ «ភាគ​ច្រើន​នៃ​អ្នក​ដែល​ទទួល​សេវា​ហ្នឹង​ជា​យុវវ័យ ​ជា​ជន​ដែល​មាន​កម្លាំង​ពលំ​ល្អ ​មិន​មែន​ជា​អ្នក​នៅ​ក្នុង​វ័យ​ចាស់​ជរា​អី​ទេ។ ​ អ៊ីចឹង​ទេ​ពួក​គេ​ធៀប​ជាមួយ​នឹង​ការ​ទទួល​បាន​វ៉ាក់សាំង​ផង​ធៀប​ជាមួយ​នឹង​កត្តា​អាយុ ​សុខភាព​អី​ និង​វិធាន​ការ​ដែល​យើង​ដាក់​ឲ្យ​អនុវត្ត​ស្រប​ពេល​ទទួល​សេវា​ហ្នឹង​ផង​នោះ​ គឺ​យើង​អាច​វាយ​តម្លៃ​បាន​ថា ​យើង​អាច​ធ្វើ​ឲ្យ​ការ​បើក​អាជីវកម្ម​របស់​យើង​នេះ​មាន​ហានិភ័យ​ទាប​មែន​ទែន»។​

ក្លឹប​កំសាន្ត​នៅទីក្រុងភ្នំពេញ​បើក​ដំណើរការ​ប្រកប​អាជីវកម្ម​ជា​ធម្មតានៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (ធីតា វីន/VOA)
ក្លឹប​កំសាន្ត​នៅទីក្រុងភ្នំពេញ​បើក​ដំណើរការ​ប្រកប​អាជីវកម្ម​ជា​ធម្មតានៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (ធីតា វីន/VOA)

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បន្ត​ថា​ គោល​បំណង​មួយ​ទៀត​ជុំវិញ​ការ​បើក​ឡើង​វិញ​នូវ​អាជីវ​កម្ម​ខារ៉ាអូខេ ​រង្គសាល ​និង​ឌីស្កូតែក​គឺ​ដើម្បី​ជួយ​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ​និង​ជំរុញ​សេដ្ឋកិច្ច​ឡើង​វិញ។ ​

លោក​បញ្ជាក់​ថា​ ស្រប​ពេល​ឲ្យ​មាន​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​ក៏​ដោយ​ អាជ្ញាធរ​នឹង​បន្ត​ត្រួត​ពិនិត្យ​តឹង​រ៉ឹង ​និង​ដក​ហូត​អាជ្ញាបណ្ណ​អាជីវកម្ម​ណា​ដែល​មិន​គោរព​តាម​លក្ខខណ្ឌ​វិធានការ​សុខាភិបាល​ក្នុង​ការ​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។​

នៅ​ក្នុង​សេចក្តី​សម្រេច​ដំបូង​ កាល​ពី​ថ្ងៃ​ច័ន្ទ​ សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​វិធានការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ​ មុខ​របរ​ ឬ​អាជីវកម្ម​ ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​និង​ការ​ជួប​ជុំ​ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ ដែល​មាន​មនុស្ស​លើស​ពី​៥០​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ រយៈ​ពេល​៧​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី៥ ​ខែ​ធ្នូ។​

យ៉ាង​ណាក្តី ​ វិធាន​ការ​រដ្ឋបាល​ថ្មី​នៅ​តែ​ដាក់​បម្រាម​ជា​បណ្តោះ​អាសន្ន​លើ​ការ​ជួបជុំ ​ឬ​ការ​ប្រមូល​ផ្តុំ​ជា​លក្ខណៈ​ឯកជន​ ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី​៥០​នាក់ ​ លើកលែង​ការ​ជួបជុំ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍ ​ពិធី​បុណ្យ​ប្រពៃណី ​ការ​ជួបជុំ ​ឬ​កម្មវិធី​ផ្សេងៗ​តាម​បែប​សាសនា ​ តែ​តម្រូវ​ឲ្យ​គោរព​តាម​វិធាន​ការ​សុខាភិបាល ​និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ។​ ​

ក្លឹប​កំសាន្ត​នៅទីក្រុងភ្នំពេញ​បើក​ដំណើរការ​ប្រកប​អាជីវកម្ម​ជា​ធម្មតានៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (ធីតា វីន/VOA)
ក្លឹប​កំសាន្ត​នៅទីក្រុងភ្នំពេញ​បើក​ដំណើរការ​ប្រកប​អាជីវកម្ម​ជា​ធម្មតានៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (ធីតា វីន/VOA)

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ យល់​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រហែល​មិន​មាន​ព័ត៌មាន​ច្បាស់លាស់​មុន​នឹង​ធ្វើ​ការ​សម្រេច ​ឬ​ទទួល​បាន​បញ្ជា​ពី​ថ្នាក់​លើ​ នៅ​ពេល​មាន​ការ​ផ្លាស់ប្តូរ​សេចក្តី​សម្រេច​យ៉ាង​ឆាប់​រហ័ស​ដូច​នេះ។​

លោក​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ជុំវិញ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ ជា​ពិសេស​វីរុស​ប្រភេទ​បំប្លែង​ថ្មី​អូមីក្រុង​(Omicron) ​នៅ​ពេល​មាន​ការ​បើក​ដំណើរការ​អាជីវកម្ម​ ដែល​មាន​ហានិភ័យ​ខ្ពស់។​

លោក​ថ្លែង​ថា៖​ «យ៉ាង​ណា ​ ខ្ញុំ​យល់​ថា​ នៅ​ក្នុង​ការ​ឲ្យ​បើក​ដំណើរការ​ខារ៉ាអូខេ ​ឬ​ក៏​ហាង​ផឹក​ស៊ី​អី​ជា​ដើម​ហ្នឹង​ ឬ​ក៏​បៀរហ្គាឌិន​អី​ហូរហែរ​ហ្នឹង​ទាំងអស់​ហ្នឹង​ ខ្ញុំ​ថា​ វា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ណាស់ ។ ​ ប្រសិន​ជា​ការ​ចម្លង​នៃ​វីរុស​កូវីដ១៩ ​ប្រភេទ​ថ្មី ​បើ​សិន​ជា​ វា​អាច​នឹង​ឆ្លង​រាលដាល​ដល់​កម្ពុជា​ហ្នឹង​គឺ ​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះថ្នាក់​ធំដែរ»។​

សេចក្តី​សម្រេច​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​ខារ៉ាអូខេ​ រង្គសាល​ និង​ឌីស្កូតែក​នេះ​ គឺ​ស្រប​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​វីរុស​កូវីដ១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង (Omicron)​ ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​ហើយ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​កំពុង​រក​ឃើញ​ករណី​ឆ្លង​វីរុស​ប្រភេទ​នេះ​ជា​បន្តបន្ទាប់។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី​វីរុស​កូវីដ១៩ ​ប្រភេទ​បំប្លែង​ថ្មី​អូមីក្រុង​នេះ​ផង​ដែរ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា ​ អ្នកស្រី ​ Li Ailan ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​(WHO) ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​ជា​ភាសា​អង់គ្លេស ​ថា៖​ «កម្ពុជា​គួរ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​កូវីដ១៩ ​ទើប​រក​ឃើញ​ ប្រភេទ​បំប្លែង​ថ្មី​ អូមីក្រុង​(Omicron)​ បើ​ទោះ​ជា​មាន​ការ​ចាក់​វ៉ាក់សាំង​បាន​ក្នុង​កម្រិត​ខ្ពស់​ក៏ដោយ។ ​ មនុស្ស​គ្រប់គ្នា​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​លទ្ធភាព​នៃ​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​សាជា​ថ្មី​ ហើយ​យើង​ត្រូវ​បន្ត​រៀន​និង​រៀបចំ​កែ​សម្រួល​វិធាន​ការ​ឆ្លើយ​តប​របស់​យើង»៕

XS
SM
MD
LG