ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Fauci ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ដែល​ចាក់​វ៉ាក់សាំង​ពីរដូស​រួច​ ចាក់​ដូស​ជំរុញ


រូបឯកសារ៖ លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ឆ្លង​និង​អាឡែកស៊ី​របស់​សហរដ្ឋ​អាមេរិក​ថ្លែង​នៅ​ក្លឹប​សេដ្ឋកិច្ច​វ៉ាស៊ីនតោន​អំពី​ជំងឺ​នានា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។ (AP)
រូបឯកសារ៖ លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ឆ្លង​និង​អាឡែកស៊ី​របស់​សហរដ្ឋ​អាមេរិក​ថ្លែង​នៅ​ក្លឹប​សេដ្ឋកិច្ច​វ៉ាស៊ីនតោន​អំពី​ជំងឺ​នានា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។ (AP)

អ្នក​ជំនាញ​ជំងឺ​ឆ្លង​កំពូល​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​២ដូស​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​រួច​ហើយ ចាក់​ដូស​ជំរុញ​ដើម្បី​«ធ្វើ​ឲ្យ​ស្ថានភាពប្រព័ន្ធ​ស៊ាំរបស់​ពួក​គេ​ខ្ពស់​បំផុត»។

រហូត​មក​ទល់​ពេល​នេះ មនុស្ស​៣៤,៥លាន​នាក់​នៃ​អ្នក​ចាក់​វ៉ាក់សាំង​បាន​២ដូស​រួច​ចំនួន​១៩៦​លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ទទួល​ការចាក់​ដូស​ជំរុញ។ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ CDC ​របស់​សហរដ្ឋ​អាមេរិក បើ​ទោះបី​មនុស្ស​ប្រហែល​៦០​លាន​នាក់​នៅ​តែ​មិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ដែល​បណ្តាល​មកពី​វីរុស​កូរ៉ូណា​ក៏ដោយ។

លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ឆ្លង​និង​អាឡែកស៊ី​របស់​សហរដ្ឋ​អាមេរិក​និង​ជា​ទីប្រឹក្សា​កំពូល​ខាង​វេជ្ជសាស្ត្រ​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ប្រាប់​កម្មវិធី «This Week»នៃ​បណ្តាញ​ទូរទស្សន៍ ABC ថា៖ «មិន​មានការ​ស្រពេចស្រពិលអំពី​តម្រូវការ​នៃ​ការ​ចាក់​ដូស​ជំរុញ​ទេ​ ពីព្រោះ​តែ​ការ​ចុះខ្សោយ​បន្តិចម្តងៗ​នៃ​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​លើក​ទីដំបូង​នោះ។

លោក​បាន​និយាយ​ទៀត​ថា ការ​ចាក់​ដូស​ជំរុញ​ផ្តល់​ឲ្យ​មនុស្ស​នូវ​រយៈពេល​ទប់ទល់​នឹង​ជំងឺ​កាន់​តែ​យូរ​ឡើង ថ្វីបើ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួម​ អាច​បន្ត​ត្រូវការ​ចាក់​វ៉ាក់សាំង​ជា​រៀងរាល់​៦​ខែ​ម្តង​ឬ​មួយ​ឆ្នាំ​ម្តង​នៅ​ថ្ងៃ​អនាគត​ក៏ដោយ។

គណៈកម្មការ​ផ្តល់​យោបល់ CDC កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​បោះឆ្នោត​ដោយ​សំឡេង​ឯកឆន្ទ​ដើម្បី​ឲ្យ​ចាក់​វ៉ាក់​សាំង​ ដូស​ជំរុញ​បង្ការ​ជំងឺ​កូវីដ១៩​ ដល់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ទាំង​អស់។

ចំនួន​ករណី​ឆ្លង​កូវីដ​បាន​កើនឡើងជា​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​មាន​ការឆ្លង​ថ្មី​ជាង​៩០.០០០​ករណីបាន​ត្រូវ​កត់ត្រាក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ជា​រៀងរាល់​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត Fauci បាន​និយាយ​ថា ​ការកើន​ឡើងនេះត្រូវ​គេរំពឹង​ទុក​ ដោយ​សារ​ពេលស៊ីតុណ្ហភាពកាន់តែ​ត្រជាក់​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នៃរដូវ​រងា​ ​មនុស្ស​កាន់តែ​ច្រើន​ឡើង​នឹង​ត្រូវ​បង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ៕

XS
SM
MD
LG