មន្ត្រីសុខាភិបាលប្រទេសហូឡង់បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១៣ នាក់ដែលបានធ្វើដំណើរមកដល់ប្រទេសនេះ កាលពីពេលថ្មីៗនេះ តាមជើងហោះហើរពីប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើតេស្តឃើញថា មានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron)។
អ្នកដំណើរទាំងនេះ ស្ថិតនៅក្នុងក្រុមមនុស្សចំនួន ៦១ នាក់ ដែលបានធ្វើតេស្តឃើញថាមានឆ្លងវីរុសនេះ បន្ទាប់ពីពួកគេ បានធ្វើដំណើរមកដល់ទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ការប្រកាសនេះ បានធ្វើឡើងក្នុងពេលមិនយូរប៉ុន្មាន បន្ទាប់ពីប្រទេសអូស្ត្រាលីបានបញ្ជាក់ថា អ្នកដំណើរពីរនាក់ដែលបានមកដល់ទីក្រុងស៊ីដនីកាលពីពេលថ្មីៗនេះមានផ្ទុកវីរុសនេះ។
ប្រទេសកាណាដាក៏បានរកឃើញករណីឆ្លងវីរុសនេះចំនួន ២ ករណីផងដែរកាលពីថ្ងៃអាទិត្យ។ អ្នកស្រី Christine Elliott ប្រធានមន្ទីរសុខាភិបាលខេត្ត Ontario បាននិយាយថា ពលរដ្ឋនៅរដ្ឋធានីអូតាវ៉ា បានធ្វើដំណើរទៅកាន់ប្រទេសនីហ្សេរីយ៉ាដែលជាប្រទេសមិនស្ថិតនៅក្នុងតំបន់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលជាតំបន់ដែលអាជ្ញាធរថា វីរុសថ្មីនេះ បានលេចឡើង។
ប្រទេសអ៊ីស្រាអែល និងប្រទេសម៉ារ៉ុក បានបិទព្រំដែនរបស់ខ្លួនមិនទទួលទេសចរបរទេសទាំងអស់កាលពីថ្ងៃអាទិត្យ។ រីឯប្រទេសជប៉ុនវិញ បានប្រកាសបិទព្រំដែនដូចគ្នានេះដែរ ដែលនឹងចូលជាធរមាននៅថ្ងៃអង្គារស្អែក បន្ទាប់ពីមានព័ត៌មានអំពីវីរុសថ្មីនេះ។ ចំណែកឯប្រទេសផ្សេងទៀត បានដាក់កំហិតការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរមកពីតំបន់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។
អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ស្របពេលដែលប្រទេសនានា បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីបិទព្រំដែនរបស់ខ្លួន៕