ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បិទ​ជើង​យន្តហោះ​ពី​ប្រទេស​៨​ក្រោយ​អង្គការ​​សុខភាព​ពិភពលោក​​កំណត់​ថា​វីរុស​កូវីដ​បំប្លែង​ថ្មី​«Omicron»​គួរ​ឱ្យ​បារម្ភ


ពលរដ្ឋ​រង់ចាំ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​ផ្សា​រ​ទំនើប​មួយ​កន្លែង​នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​​សុក្រ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
ពលរដ្ឋ​រង់ចាំ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​ផ្សា​រ​ទំនើប​មួយ​កន្លែង​នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​​សុក្រ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រកាស​រឹតត្បិតជើង​យន្តហោះ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ជិត​ខាង​៧​ទៀត ដែល​បម្រាម​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ។ លោក Biden បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រយ៉ាង​ដូច្នេះ​ក្រោយ​ពីលោក​បាន​ពិគ្រោះ​ជាមួយលោក​វេជ្ជបណ្ឌិត Anthony Fauciជានាយក​ទីប្រឹក្សា​ខាង​សុខាភិបាលរបស់​លោក​។

លោក ​Biden បាន​ចាត់​វិធានការ​នេះ​ក្រោយ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ចាត់ទុក​វីរុសបំប្លែង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​នេះ ថា​ជា​វីរុស​ដ៏​គួរ​ឱ្យ​បារម្ភ និង​ដាក់​ឈ្មោះ​វា​ថា Omicron។

ក្រៅ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ប្រទេស​៧​ទៀតនៅ​ភាគ​ខាង​ត្បូង​ទ្វីប​អាហ្វ្រិក​ដែល​ត្រូវ​បិទ​ជើង​ហោះហើរ​រួម​មាន បុតស្វាណា (Botswana) ស៊ីមបាវ៉េ (Zimbabwe) ណាមីប៊ី (Namibia) ឡេសូតូ (Lesotho) Eswatini (អតីត​ស្វាស៊ីឡង់) ម៉ូសំប៊ិក (Mozambique) និង​ម៉ាឡាវី (Malawi)។​

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ លោក Biden ក៏​ថ្លែង​ថា​លោក​មាន​សារ​សំខាន់​ពីរ​ដល់​ពលរដ្ឋ​អាមេរិកាំង គឺ​ទី​១ សម្រាប់​អ្នកចាក់​វ៉ាក់សាំង​គ្រប់​ដូស សូម​ទៅ​ចាក់​ដូស​ជំរុញ ហើយ​ទី​២ សម្រាប់​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​ឱ្យ​គ្រប់​ដូស សូម​ទៅ​ចាក់​វ៉ាក់សាំង។

លោក​ប្រធានាធិបតី​អាមេរិក​ក៏​បានអំពាវនាវ​ដល់ប្រទេស​នានា​ដែល​មាន​លទ្ធភាព​ឱ្យ​បរិច្ចាគ​វ៉ាក់សាំង។​

នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​ប្រញាប់ប្រញាល់​ស្រាវជ្រាវ​ដើម្បី​កំណត់​ឱ្យ​ដឹង​ថា​តើ​វីរុស​បំប្លែង​ថ្មីដែល​គេ​ទើប​បាន​រក​ឃើញ​នេះ​អាច​ឆ្លង​បាន​យ៉ាង​ឆាប់​រហ័ស​ក្នុងកម្រិត​ណា​និងអាច​ស៊ាំ​នឹង​វ៉ាក់សាំង​ក្នុង​កម្រិត​ណា។ ករណីឆ្លង​ជំងឺ​កូវីដ១៩​បានផ្ទុះ​ឡើង​ជា​ថ្មីនៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

ខណៈ​ដែល​មានករណី​ផ្ទុះ​រាលដាល​កូវីដ១៩នៅ​អាហ្វ្រិក​ខាង​ត្បូង​នេះ ការ​បំប្លែង​ជា​ច្រើន​ទម្រង់ (mutations) នៃ​វីរុស Omicron ដែល​មាន​ឈ្មោះ​បច្ចេកទេស​ដើម​ថា B 1.1.529 នេះក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប្រទេស​ជិត​ខាង​បុតស្វាណា ក៏​ដូច​ជា​ក្រុង​ហុងកុង​នៅ​អាស៊ី​ដែរ។

វីរុស​បំប្លែង​ថ្មី​នេះ​បាន​នាំ​ឱ្យ​ចក្រភព​អង់គ្លេសនិង​ប្រទេស​មួយ​ចំនួន​ទៀត​បិទ​ជើង​ហោះហើរ​ឡើងវិញ​ពី​ប្រទេស​មួយ​ចំនួន​៦នៅ​ភាគ​ខាង​ត្បូង​ទ្វីប​អាហ្វ្រិក​។ កាណ៍នេះ​នឹងធ្វើ​ឲ្យប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រទេសទាំងនោះ។

ប៉ុន្តែបើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​មុន​នោះឲ្យដឹងថា​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​បិទ​ជើង​យន្តហោះ​ប្រញាប់ប្រញាល់ពេក​ខណៈ​មិន​ទាន់​មាន​ទិន្នន័យគ្រប់គ្រាន់​អំពី​កម្រិត​គ្រោះថ្នាក់​នៃ​វីរុសបំប្លែង​ថ្មី​នេះ៕

XS
SM
MD
LG