ប្រទេសហ្វីលីពីនកំពុងងាកទៅសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដើម្បីតាមដានសកម្មភាពចាក់ខ្សាច់របស់ប្រទេសចិនក្នុងប្រជុំកោះដែលមានជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង។
ក្រុមមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរកំពុងពង្រឹងសម្ព័ន្ធភាពជាយុទ្ធសាស្រ្ត ក្នុងអំឡុងពេល២ថ្ងៃនៃកិច្ចពិភាក្សាទ្វេភាគីលើវិស័យពាណិជ្ជកម្មនិងការពារជាតិ ដែលបានបញ្ចប់ទៅនៅថ្ងៃពុធនេះក្នុងទីក្រុងម៉ានីល។
សន្តិសុខដែនសមុទ្រត្រូវបានផ្តោតសំខាន់នៅក្នុងរបៀបវារៈ ក៏ដូចជាការព្រួយបារម្ភអំពីសកម្មភាពចាក់ខ្សាច់លើតំបន់ទឹករាក់និងថ្មប៉ប្រះទឹកដែលកំពុងតែបន្តធ្វើឡើងដោយប្រទេសចិនក្នុងប្រជុំកោះ Spratly ដែលប្រទេសហ្វីលីពីនបានអះអាង។
កាលពីខែមុន មេបញ្ជាការយោធាហ្វីលីពីនបាននិយាយថា យោងតាមព័ត៌មានស៊ើបការណ៍ សកម្មភាពនៅតំបន់ថ្មផុសមួយ ដែលត្រូវបានឱ្យឈ្មោះថា តំបន់ថ្មប៉ប្រះទឹក Fiery Cross អាចនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ។
អនុរដ្ឋលេខាធិការក្រសួងការពារជាតិហ្វីលីពីន លោក Pio Lorenzo Batino បានហៅសកម្មភាពបន្តបន្ទាប់នៅឯតំបន់ថ្មប៉ប្រះទឹក ដែលកាលពីវិច្ឆិកាបានលេចចេញជារូបរាងដូចជាសាងសង់ពង្រីកសម្រាប់ផ្លូវហោះហើរមួយ ថាជា «ការព្រួយបារម្ភដ៏ខ្លាំងមួយ»។ ប៉ុន្តែប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានកញ្ចប់ថវិការតិចតួចបំផុតមួយសម្រាប់វិស័យយោធានៅក្នុងទ្វីបអាស៊ី ហើយគ្មានអំណាចក្នុងការបញ្ឈប់សកម្មភាពនោះទេ។
«យើងត្រូវតែពង្រឹងសមត្ថភាពរបស់ពួកយើង ហើយវាអាចធ្វើទៅរូចតាមរយៈការធ្វើទំនើបរូបនីយកម្ម។ ជាការពិតណាស់ នេះជាការសម្រេចឲ្យបាននូវទំនើបរូបនីយកម្មចាំបាច់ដែលយើងត្រូវអនុវត្តកាលពីដើមឡើយ»។
ឧបការីរដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក David Shear បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា កញ្ចប់ថវិកាឆ្នាំ២០១៥របស់ក្រសួងលោករួមមាន ទឹកប្រាក់៤០លានដុល្លារអាមេរិកសម្រាប់ជាកម្ចីនិងជំនួយយោធាសម្រាប់ប្រទេសហ្វីលីពីន។
ប្រទេសហ្វីលីពីនកំពុងស្ថិតនៅការអនុវត្តផែនការ៥ឆ្នាំនៃទំនើបរូនីយកម្មយោធាដែលមានទឹកប្រាក់ ១.៨ពាន់លានដុល្លារ ប៉ុន្តែប្រទេសនេះនៅតែមានកងនាវានិងអាកាសក្នុងទ្រង់ទ្រាយតូច បើប្រៀបនឹងប្រទេសជិតខាងរបស់ខ្លួន។
ដោយមានការកង្វះខាតផ្នែកយោធា រដ្ឋាភិបាលក្រុងម៉ានីលបានជ្រើសរើសផ្លូវការទូតជំនួសវិញ។ តុលាការអន្តរជាតិកំពុងតែពិនិត្យករណី រឿងក្តីវិនិច្ឆ័យរបស់ខ្លួនប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ដែលចោទសួរនូវអ្វីដែលខ្លួនបានហៅ «ការទាមទារហួសហេតុក្នុងសមុទ្រចិនខាងត្បូង» របស់ប្រទេសចិន។ ប្រទេសចិនបានបដិសេធការវិនិច្ឆ័យនោះនិងមិនដាក់ឯកសារយោងណាមួយទៅកាន់តុលាការវិនិច្ឆ័យអចិន្រ្តៃយ៍នៅទីក្រុងឡាអេនេះទេ។
ប្រទេសចិនបានលើកឡើងដដែលៗថា ខ្លួនមាន «អធិបតេយ្យភាពដែនដីដោយឥតប្រកែកបាន» នៅលើតំបន់សមុទ្រនិងថ្មប៉ប្រះទឹកទាំងអស់នោះ។
ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Daniel Russel បាននិយាយថា សហរដ្ឋអាមេរិកបានអំពាវនាវយ៉ាងជាប់លាប់ឲ្យប្រទេសចិនគោរពតាមសេចក្តីថ្លែងការណ៍មិនជាប់ចំណងច្បាប់មួយដែលខ្លួន (ប្រទេសចិន) បានចុះហត្ថលេខាជាមួយប្រទេសសមាជិកអាស៊ានទាំង១០ ដោយព្យាយាមរក្សាសន្តិភាពនៅខណៈពេលមានបណ្ដឹងប្រឆាំងគ្នាទៅវិញទៅមក និងដើម្បីអនុវត្តតាមច្បាប់អន្ដរជាតិជាមូលដ្ឋានសម្រាប់ការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងតំបន់សមុទ្រដ៏សំបូរធនធានមួយនេះ។
«ឥរិយាបថដែលបង្កើនភាពតានតឹង ឥរិយាបថដែលបង្កឲ្យមានការចោទសួរអំពីគោលបំណងរបស់ប្រទេសចិន និងឥរិយាបថដែលទំនងជាមិនស្របតាមគោលការណ៍ដែលខ្ញុំបានរៀបរាប់ មានលក្ខណៈប្រឆាំងគោលបំណងទាំងនោះ»។
អនុរដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន Evan Garcia បាននិយាយថា រដ្ឋាភិបាលក្រុងម៉ានីលកំពុងស្វែងរក «ដំណោះស្រាយដោយសន្តិវិធី» ហើយសកម្មភាពទាមទាររបស់ចិនលើកោះដែលមានជម្លោះគឺ «មិនមែនជាដំណើរការទៅមុខប្រកបដោយវិជ្ជមាន» ឡើយ៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា