មន្ត្រីជាន់ខ្ពស់ស.រ.អា.និងហ្វីលីពីនបានពង្រឹងសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្ររបស់គេ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាទ្វេរភាគីចំនួនពីរថ្ងៃស្តីពីពាណិជ្ជកម្មនិងវិស័យការពារជាតិដែលបានបញ្ចប់កាលពីថ្ងៃពុធក្នុងទីក្រុងម៉ានីល។
កម្មវិធីកិច្ចពិភាក្សានេះផ្តោតជាសំខាន់ទៅលើបញ្ហាសន្តិសុខផ្ទៃសមុទ្រ ក៏ដូចជាក្តីបារម្ភនានាអំពីការទន្រ្ទានរបស់ប្រទេសចិនដែលកំពុងធ្វើបន្តលើថ្មប៉ប្រះទឹកនៅឯទីប្រជុំកោះស្ព្រាតលី (Spratly) ដែលប្រទេសហ្វីលីពីនទាមទារជាកម្មសិទ្ធិនោះ។
កាលពីខែមុន អគ្គសេនាធិការយោធាហ្វីលីពិនបានថ្លែងថា បើផ្អែកទៅលើព័ត៌មានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានឲ្យដឹងថា ការដ្ឋានសំណង់សង់លើតំបន់ថ្មប៉ប្រ៉ះទឹកដ៏ធំនៃផ្ទៃសមុទ្រ អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗ។
អនុរដ្ឋមន្ត្រីការពារជាតិហ្វីលីពិន Pio Lorenzo Batino បានហៅការសាងសង់កោះលើថ្មប៉ប្រះទឹកនោះ ដែលកើតឡើងកាលពីខែវិច្ឆកាថា ទំនងជាការពង្រីកទីតាំងដើម្បីធ្វើជាព្រលានយន្តហោះ ហើយជាក្តីបារម្ភយ៉ាងខ្លាំងរបស់ហ្វីលីពិន។
លោក David Shear អនុរដ្ឋមន្ត្រីការពារប្រទេសអាមេរិកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំថា ក្រសួងរបស់លោកបានដាក់បញ្ចូលប្រាក់កម្ចីនិងជំនួយឥតសំណងចំនួន៤០លានសម្រាប់ផ្តល់ជូនប្រទេសហ្វីលីពិនក្នុងឆ្នាំ២០១៥៕