ថ្ងៃច័ន្ទគឺជាថ្ងៃឱសានវាទសម្រាប់ប្រទេសចិនក្នុងការដាក់ពាក្យប្តឹងជំទាស់របស់ខ្លួនក្នុងសំណុំរឿងប្តឹងផ្តល់ដោយប្រទេសហ្វីលីពីនទៅកាន់តុលាការវិនិច្ឆ័យក្តីមួយ ដែលត្រូវសួរនាំចំពោះការទាមទាររបស់ចិនយកដែនសមុទ្រចិនខាងត្បូងជាកម្មសិទ្ធិផ្តាច់មុខ។ តែចិនមិនបានដាក់ពាក្យទៅកាន់តុលាការវិនិច្ឆ័យនោះទេ ហើយក៏មិនឆ្លើយតបដែរ នៅខណៈពេលដែលការប្រទាញប្រទង់បន្តកើនឡើងប្រឆាំងនឹងជំហរចិននោះ។
មួយថ្ងៃមុនថ្ងៃចុងក្រោយគឺថ្ងៃទី១៥ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសប្រទេសវៀតណាម Le Hai Bin និយាយថា រដ្ឋាភិបាលរបស់លោកបានប្រាប់តុលាការវិនិច្ឆ័យក្តីអន្តរជាតិមួយ (The Permanent Court of Arbitration ឬ PCA) ថា វៀតណាមបានច្រានចោលពេញទំហឹងចំពោះការទាមទាររបស់ចិនលើប្រជុំ កោះ ហុងស្សា (Hoang Sa) ហៅកោះប៉ារ៉ាស្ស៊ែល (Paracel) និងប្រជុំកោះ Truong Sa ឬ ស្ព្រាតលី ( Spratly) និងដែនទឹកជាប់គ្នានោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រទេសហ្វីលីពីនបានហៅថា ជំហរប្រទេស វៀតណាមជាការជួយដល់ការធ្វើឲ្យប្រសើរឡើងផ្នែកការអនុវត្តច្បាប់ និងការ ស្វែងរកដំណោះស្រាយ ដោយសន្តិវិធី និងអហិង្សាចំពោះការទាមទារដែនទឹកសមុទ្រចិនខាងត្បូង។
តែក្រសួងការបរទេសចិនបានជំរុញដល់វៀតណាមឲ្យគោរពបូរណភាពដែន អធិបតេយ្យរបស់ចិនឲ្យបានម៉ឺងម៉ាត់និងសិទ្ធិនាវាចរណ៍ ហើយនឹងផល ប្រយោជន៍ចិននានា។ ក្រសួងការបរទេសចិនបានបញ្ជាក់ពីជំហរចិនទៀតថា សាលាក្តីវិនិច្ឆ័យនេះគ្មានយុត្តាធិការចំពោះសំណុំរឿងនេះទេ។
ក្នុងឯកសារមួយដែលប្រទេសចិនបានបញ្ចេញកាលពីសប្តាហ៍កន្លងទៅ ប្រទេស ចិនបានតវ៉ាថា ប្រទេសហ្វីលីពីននាំវិវាទអំពីដែនអធិបតេយ្យដ៏មានសារៈសំខាន់នេះទៅកាន់តុលាការ តែបញ្ហាបូរណភាពដែនអធិបតេយ្យមិនមែនជាអ្វីដែលត្រូវដោះស្រាយដោយសន្និបាតរបស់អ.ស.ប.ស្តីពីច្បាប់សមុទ្រទេ។
លោក Charles Jose អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន និយាយថា រដ្ឋាភិបាលរបស់លោកបានកត់សម្គាល់អំពីគោលជំហររបស់ចិនក្នុងឯកសារនោះហើយ។
«ជាការណ៍ពិត ទទ្ស្ហីករណ៍នានាដែលលើកឡើងដោយប្រទេសចិនមិនមែន ជារឿងថ្មីនោះទេ។ យើងដឹងអំពីរឿងទាំងនោះហើយ ហើយយើងបានឆ្លើយតបចំពោះទឡ្ហីករណ៍ទាំងនោះក្នុងកំណត់ហេតុដែលយើងបានដាក់ទៅតុលាការនោះហើយដែរ»។
ចិននិយាយថា សមុទ្រចិនខាងត្បូងនេះគឺជារបស់ចិនតាំងពី២០០០ឆ្នាំកន្លងទៅ ហើយថា ចិនជាអ្នករកឃើញមុនគេនិងដាក់ឈ្មោះនិងស្រាវជ្រាវទីប្រជុំកោះទាំងនោះ ដែលទាមទារដោយប្រទេសប៊្រុយនេ ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម។ ក្រុងប៉េកាំងក៏បានបញ្ជាក់ផងដែរថា ខ្លួនមានសិទ្ធិមិនចាំបាច់ចូលរួមការកាត់សេចក្តីរបស់តុលាការអាជ្ញាកណ្តាល ស្តីពីបញ្ហាទាក់ទងនឹងព្រំដែនសមុទ្រនេះ។
ឯកសារចិនក៏បានសង្កត់ធ្ងន់លើឧទាហរណ៍ជាច្រើនទាក់ទងនឹងរយៈពេលជា ច្រើនឆ្នាំ ដែលចិននិងហ្វីលីពីនបានព្រមព្រៀងគ្នាដើម្បីដោះស្រាយការទាមទារដ៏ ចម្រូងចម្រាសរបស់ខ្លួនតាមរយៈការចរចាទ្វេភាគី។ ហើយចិននិយាយថា ហ្វីលីពីនបានរំលោភកាតព្វកិច្ចរបស់ខ្លួនចំពោះច្បាប់អន្តរជាតិ ដោយសារតែការ ដែលហ្វីលីពីនបានប្តឹងជំទាស់ទៅកាន់តុលាការវិនិច្ឆ័យក្តីអន្តរជាតិក្នុងប្រទេសហូឡង់នោះ។
ប្រទេសហ្វីលីពីនបានដាក់ពាក្យប្តឹងរបស់ខ្លួនដែលមានឯកសារដោយសង្ខេបចំនួន៤ពាន់សន្លឹកអំពីវត្ថុតាងគាំទ្រសំណុំរឿងរបស់ខ្លួន ដែលចោទសួរអំពីមូលដ្ឋានច្បាប់ចំពោះការទាមទារដែនអធិបតេយ្យតាមផែនទីរបស់ប្រទេសចិន ដែលមានខ្សែបន្ទាត់៩ ហើយមានរាងដូចជាអណ្តាត ដោយគ្របដណ្តប់លើផ្ទៃសមុទ្រប្រមាណ៨០ភាគរយ។ កំណត់ហេតុហ្វីលីពីនបានស្នើសុំផងដែរដល់តុលាការឲ្យធានាថា អ្វីដែលហ្វីលីពីនកំពុងទាមទារជាផ្នែកមួយនៃខ្ពង់រាបបាតុសមុទ្ររបស់ខ្លួន ហើយថា នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ៣៧០គីឡូម៉ែត្ររបស់ខ្លួន។
លោក Carl Thayer អ្នកវិភាគសន្តិសុខអាស៊ីនៃបណ្ឌិតសភាកងទ័ពអូស្ត្រាលី បានថ្លែងថា ខណៈដែលចិនកំពុងគេចវេសពីតុលាការនោះ ចិនបានអំពាវនាវទៅតុលាការ ដោយបញ្ចេញឯកសារគោលជំហររបស់ខ្លួន។
«យ៉ាងហោចណាស់ជំហរចិនមួយផ្នែកនឹងត្រូវស្វាគមន៍ដោយចៅក្រមខ្លះ ព្រោះយ៉ាងហោចណាស់ពួកគេមានព័ត៌មាន ពួកគេឥឡូវដឹងបន្តិចបន្តួចថែមទៀត អំពីអ្វីដែលចិនទាមទារ»។
លោក Carl Thayer បានថ្លែងថា ក្រុមចៅក្រមនឹងពិនិត្យមើលអំពីការសិក្សា ស្រាវជ្រាវរបស់ក្រសួងការបរទេសស.រ.អា. ដែលបានបញ្ចេញពីរបីថ្ងៃមុនឯកសារគោលជំហរចិន។ ខណៈដែលស.រ.អា.នៅបន្តរក្សាអព្យាក្រិត្យភាពរបស់ខ្លួនចំពោះបញ្ហាជម្លោះនេះ ការស្រាវជ្រាវនេះបានព្យាយាមដៅចំណាំអ្វីទៅដែលគេហៅថា ជាមូលដ្ឋានមិនច្បាស់លាស់នៃផែនទីរបស់ចិនដែលមានខ្សែបន្ទាត់៩នោះ។ ដោយបានបង្ហាញឲ្យដឹងពីការបកស្រាយ ដែលទំនងជាមានបីចំណុចអំពីការទាមទាររបស់ចិននោះ ឯកសារសិក្សាស្រាវជ្រាវរបស់ស.រ.អា.បានសន្និដ្ឋានបញ្ចប់ថា ឯកសារគោលជំហររបស់ចិនមិនឈរលើមូលដ្ឋានច្បាប់អន្តរជាតិទេ៕
ប្រែសម្រួលដោយ សុខ ខេមរា