ចិនបានច្រានចោលរបាយការណ៍មួយរបស់រដ្ឋាភិបាលអាមេរិក ដែលរៀបរាប់ពិស្តារអំពីការទាមទារដែនសមុទ្ររបស់រដ្ឋាភិបាលទីក្រុង ប៉េកាំងនៅសមុទ្រចិនខាងត្បូង ដោយអះអាងថា របាយការណ៍នេះបំពានការសន្យារបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ថាខ្លួននឹងឈរលើគោលការណ៍អព្យាក្រឹត្យនៅក្នុងជម្លោះនេះ។ លោកស្រី Shaកិច្ចខំប្រឹងប្រែងដ៏ចម្រូងចម្រាស់នេះ ក្នុងការកំណត់ឲ្យច្បាស់អំពីដែនទឹកជាក់លាក់របស់ចិននៅសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍កាលពីសប្តាហ៍មុន ដែលសង្កត់ធ្ងន់លើជម្លោះដ៏យូរមកហើយ ស្តីអំពីកម្មសិទ្ធិកាន់កាប់ថ្មប៉ប្រះទឹក តំបន់ដីកោះតូចៗ និងតំបន់ទឹកដែលសម្បូរទៅដោយធនធាននៅសមុទ្រចិនខាងត្បូង។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានពិនិត្យមើលលើមូលដ្ឋានខាងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងខាងច្បាប់ ដែលចិនបានអះអាងកាន់កាប់តំបន់ដ៏យុទ្ធសាស្ត្រនេះ ដោយសន្និដ្ឋានថា ការអះអាងរបស់ចិនមិនស្របនឹងច្បាប់អន្តរជាតិស្តីអំពីដែនសមុទ្រទេ បើយោងតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ដែលចិនបានចុះហត្ថលេខា។
ការសន្និដ្ឋាននេះបានធ្វើឲ្យក្រសួងការបរទេសចិនឆ្លើយតបមកវិញដោយខ្លាំងៗ។
លោក Hong Lei អ្នកនាំពាក្យក្រសួងការបរទេសចិន ឲ្យដឹងថា សិទ្ធិ និងការអះអាងរបស់ចិនក្នុងការកាន់កាប់សមុទ្រចិនខាងត្បូង ត្រូវបានរៀបរៀងឡើង ដោយផ្អែកតាមអំណះអំណាងប្រវត្តិសាស្ត្រ ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលចិន។ លោក បាននិយាយថា របាយការណ៍របស់អាមេរិក រំលោភបំពានកិច្ចសន្យារបស់អាមេរិក ក្នុងការមិនគាំទ្រភាគីណាមួយ ដែលពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូងនេះ។
ការទាមទាររបស់ចិនក្នុងការកាន់កាប់ដែនទឹកនៅសមុទ្រចិនខាងត្បូង ត្រូវបានបង្ហាញនៅក្នុងផែនទី ដែលមានជាខ្សែគំនូសព្រំដែនចំនួន៩។ ខ្សែគំនូសនេះ ត្រូវបានចាត់ទុកជាខ្សែបន្ទាត់បែងចែក បង្ហាញពីផ្ទៃទឹក កោះ និងរូបភាពផ្សេងៗនៃធនធានដ៏សម្បូរបែបនៅសមុទ្រនេះ។ ខ្សែបន្ទាត់បែងចែកនេះ រួមមានដែនទឹកដែលប្រទេសដទៃទៀត ក្នុងនោះរួមមានវៀតណាម និងហ្វីលីពីន អះអាងថាជាកម្មសិទ្ធិរបស់ខ្លួដែរ។ ប្រទេសហ្វីលីពីន បានអំពាវនាវឲ្យមានជាការវិនិច្ឆ័យជាអន្តរជាតិដើម្បីដោះស្រាយជម្លោះនេះ ដោយយោងតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីអំពីច្បាប់ដែនសមុទ្រ ហៅថា (UNCLOS)។ នៅថ្ងៃទី១៥ ខែធ្នូនេះ ចិនត្រូវតែឡើងការពារគោលជំហររបស់ខ្លួន ប៉ុន្តែ រដ្ឋាភិបាលទីក្រុង ប៉េកាំង បានបង្ហាញឲ្យឃើញថាខ្លួននឹងមិនចូលរួមក្នុងដំណើរការវិនិច្ឆ័យនេះទេ។
បើតាមរបាយការណ៍របស់រដ្ឋាភិបាលចិនកាលពីអាទិត្យមុននេះ ឲ្យដឹងថា ចិនបានអះអាងថា ក្នុងដំណាក់កាលដំបូង ជម្លោះព្រំដែននេះ ត្រូវតែដោះស្រាយដោយប្រទេសពាក់ព័ន្ធ មុននឹងមានការឈានទៅដល់ការវិនិច្ឆ័យជាអន្តរជាតិ។ ជាយូរណាស់មកហើយ ចិនបានបដិសេធការធ្វើអន្តរាគមន៍របស់អង្គការសហប្រជាជាតិ និងអង្គភាពអន្តរជាតិផ្សេងៗទៀត ក្នុងការកាត់សេចក្តីក្នុងរឿងជម្លោះនេះ ដោយចង់បានការដោះស្រាយនៃការខ្វែងគំនិតគ្នានេះដោយមួយទល់មួយជាមួយនឹងប្រទេសដែលពាក់ព័ន្ធ។
ការស្រាវជ្រាវនៃការិយាល័យសមុទ្រ និងបរិស្ថានអន្តរជាតិ និងការិយាល័យកិច្ចការវិទ្យាសាស្ត្ររបស់ក្រសួងការបរទេសអាមេរិក ឲ្យដឹងថា ផែនទីរបស់ចិនតាំងពីឆ្នាំ១៩៤៧ ដែលត្រូវបានប្រើដើម្បីអះអាងការទាមទាររបស់ចិននោះ «ខ្វះភាពជាក់លាក់» ហើយមិនស៊ីសង្វាក់គ្នា ក្នុងការបង្កើតជាមូលដ្ឋានសម្រាប់ការទាមទារជាប្រវត្តិសាស្ត្ររបស់ខ្លួនខាងផ្លូវសមុទ្របានទេ។
សំណុំឯកសារនេះ ក៏ឲ្យដឹងថា គ្មាន«ច្បាប់ សេចក្តីប្រកាស សារាចរ ឬសេចក្តីថ្លែងការជាផ្លូវការផ្សេងៗរបស់ចិន ដែលរៀបរាប់ និងដាក់ឲ្យសហគមន៍អន្តរជាតិសម្គាល់អំពីអំណះអំណាងប្រវត្តិសាស្ត្រខាងផ្លូវទឹករបស់ចិន ដែលឋិតនៅក្នុងខ្សែបន្ទាត់បែងចែកទាំងនោះទេ»។
បន្ថែមលើនេះ សំណុំឯកសារនេះ ឲ្យដឹងថា ការអះអាងជាប្រវត្តិសាស្ត្ររបស់ចិន មិនគោរពទៅតាមការសាកល្បងតាមផ្លូវច្បាប់ ដែលត្រូវបានប្រើនៅក្នុងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះដែនសមុទ្រប្រភេទនេះទេ។
លោក Carl Thayer សាស្ត្រាចារ្យនៃបណ្ឌិតសភាកងកម្លាំងការពារជាតិរបស់អូស្ត្រាលី និយាយថា ខណៈដែលសំណុំឯកសាររបស់ចិន ព្យាយាមជះឥទ្ធិពលមកលើចៅក្រមនៃការវិនិច្ឆ័យនេះ បើទោះបីជាគ្មានទំនាក់ទំនងផ្ទាល់ជាមួយនឹងចៅក្រមទាំងនោះក៏ដោយនោះ សំណុំឯកសាររបស់អាមេរិក ដាក់សម្ពាធទាំងបង្ខំឲ្យចិនធ្វើការគូសបញ្ជាក់លើការអះអាងដែនទឹករបស់ខ្លួន។ លោក ឲ្យដឹងថា៖
«ចិនអាចនឹងដកខ្សែបន្ទាត់បែងចែកទាំងនោះចេញ ហើយក៏អាចបញ្ចូលខ្សែបន្ទាត់ទាំងនោះ ឲ្យដូចគ្នានឹងខ្សែបន្ទាត់ព្រំដែនជុំវិញកោះតៃវ៉ាន់ ដែលជាខ្សែបន្ទាត់ទី១០។ ដូច្នេះ ខ្សែបន្ទាត់ទាំងអស់នេះ គឺមិនឋិតឋេរ ដូចអ្វីដែលចិនចង់ឲ្យយើងជឿនោះទេ។ ដូច្នេះ សហរដ្ឋអាមេរិក បានកំណត់គោលជំហររបស់ខ្លួន ដើម្បីជំរុញឲ្យមានជាការបង្កើតអំណះអំណាងខាងផ្លូវច្បាប់បន្ថែមទៀត»។
សំណុំឯកសាររបស់អាមេរិក ក៏បានអះអាងថា ការអះអាងរបស់ចិន គឺផ្ទុយពីមាត្រាស្តីអំពីភូមិភាគដែនសមុទ្រនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីអំពីច្បាប់ដែនសមុទ្រ ឬ UNCLOS ដែលអនុសញ្ញានេះត្រូវបានទទួលស្គាល់ដោយចិន ក្នុងនាមចិនជាហត្ថលេខីលើអនុសញ្ញានោះ។ មាត្រាទាំងនោះ ផ្តល់សិទ្ធិស្តីអំពីអធិបតេយ្យភាពទៅឲ្យរដ្ឋដែលជាឆ្នេរសមុទ្រ ជាជាងការអះអាងជាប្រវត្តិសាស្ត្រ។
ការស្រាវជ្រាវរបស់អាមេរិក សន្និដ្ឋានសង្ខេបថា ចិនមិនអាចប្រើខ្សែបន្ទាត់បែងចែកទាំងនោះ ដើម្បីបង្កើតជាព្រំដែនកំណត់ដែនសមុទ្រជាឯកតោភាគីជាមួយនឹងប្រទេសផ្សេងទៀតបានទេ ហើយថា ចិនត្រូវតែ«បញ្ជាក់ការអះអាងរបស់ខ្លួនឲ្យច្បាស់លាស់»។
លោក Wang Dong សាស្ត្រាចារ្យខាងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ ប៉េកាំង ឲ្យដឹងថា សំណុំឯកសាររបស់អាមេរិក និងគំនិតផ្តួចផ្តើមរបស់ប្រទេសហ្វីលីពីនក្នុងការស្នើឲ្យមានគណៈវិនិច្ឆ័យជាអន្តរជាតិនោះ មិនចូលរួមជាប្រយោជន៍ក្នុងការដោះស្រាយជម្លោះនេះទេ។ លោក និយាយថា៖
«វាមិនជួយធ្វើឲ្យជម្លោះនៅតំបន់អាស៊ីអាគ្នេយ៍នេះស្ងប់ស្ងាត់ទៅវិញទេ។ ផ្ទុយទៅវិញ វាអាចបង្ករជាបញ្ហាមិនចាំបាច់ ហើយលើកទឹកចិត្តប្រទេសមួយចំនួន មិនឲ្យចូលរួមក្នុងកិច្ចចរចាគ្នាដោយស្មោះស័្មគ្រ ហើយបែរជាយកវិធីសាស្ត្រតទល់គ្នាមកអនុវត្តក្នុងជម្លោះនេះទៅវិញទេ»។
សមុទ្រចិនខាងត្បូង ត្រូវបានតវ៉ាកាន់កាប់ដោយប្រទេសជាច្រើន។ សមុទ្រនេះ គឺជាផ្លូវនាវាចរណ៍ដ៏រវល់មមាញឹកបំផុតនៅក្នុងពិភពលោក ហើយសំបូរទៅដោយធនធានសមុទ្រ ប្រេងកាត និងឧស្ម័ន។ ចិន ថា លទ្ធផលនៃការវិនិច្ឆ័យជាអន្តរជាតិនេះ នឹងមិន«ផ្លាស់ប្តូរគោលជំហរ និងការបេ្តជ្ញាចិត្តរបស់ចិន ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន និងសិទ្ធិ និងប្រយោជន៍ដែនសមុទ្ររបស់ខ្លួនដាច់ខាត។
ប្រែសម្រួលដោយ ទែន សុខស្រីនិត