សមាជិកអាស៊ាននាពេលកន្លងមកតែងចង់ភ្ជាប់សហរដ្ឋអាមេរិកក្នុងជម្លោះសមុទ្រចិនខាងត្បូងរបស់ខ្លួនជាមួយចិន ដើម្បីតុល្យភាពអំណាចសម្រាប់ការចរចា ប៉ុន្តែក្នុងកិច្ចប្រជុំកំពូលមួយនាពេលថ្មីៗនេះ អាស៊ានបានច្រានចោលសំណើមួយរបស់ប្រទេសមហាអំណាចមួយនេះ ដែលសុំឱ្យប្រទេសទាំងអស់ក្នុងសមុទ្រចិនខាងត្បូងបញ្ឈប់រាល់សកម្មភាពវាតទីក្នុងតំបន់ជម្លោះ។
ការបដិសេធនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនៃវេទិកាតំបន់អាស៊ាន (ARF) ដែលបានរៀបចំឡើងនៅប្រទេសភូមា។
អ្នកវិភាគយល់ថាការទាត់ចោលនេះជាសញ្ញាមួយបង្ហាញថាអាស៊ានចង់ដោះស្រាយបញ្ហានេះក្នុងរង្វង់សមាជិកខ្លួននិងចិន ដោយមិនចាំបាច់ពឹងពាក់មហាអំណាចណាមួយមកពីខាងក្រៅ។
ក្នុងកិច្ចប្រជុំកំពូលនៃវេទិកាតំបន់អាស៊ានកាលពីថ្ងៃទី៩ខែសីហា លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Jonh Kerry បានលើកសំណើមួយដោយទទូចឱ្យប្រទេសជម្លោះទាំងអស់ក្នុងសមុទ្រចិនខាងត្បូងបញ្ឈប់រាល់សកម្មភាពវាតទីណាមួយនៅក្នុងតំបន់ជម្លោះ។
ARF ជាវេទិកាសន្តិសុខតំបន់កំពូលរបស់សមាជិកអាស៊ានទាំង១០ប្រទេសនិងមហាអំណាចផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ចិន រុស្សី ជប៉ុន ឥណ្ឌា និងប្រទេសអូស្ត្រាលី។
លោកបណ្ឌិត Termsak Chalermpalanupap អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអំពីអាស៊ីអាគ្នេយ៍ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ថ្លែងនៅក្រោយសិក្ខាសាលាមួយនៅក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍នេះថា៖
«វាមានន័យថាអាស៊ាននិងចិនអាចបន្តធ្វើការជាមួយគ្នាសម្រាប់បញ្ហាសមុទ្រចិនខាងត្បូង។ យើងមិនត្រូវការយោបល់ពីមជ្ឈដ្ឋានខាងក្រៅនោះទេ។ យើងមានសេចក្ដីប្រកាសនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(DOC)ហើយជាយន្តការសម្រាប់កសាងទំនុកចិត្ត។ នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិន ពួកគេក៏បានព្រមព្រៀងពន្លឿនការពិភាក្សាលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមភាគីជម្លោះ ដើម្បីបញ្ចប់ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដូច្នេះខ្ញុំគិតថានេះគឺល្អគ្រប់គ្រាន់ហើយ មិនចាំបាច់មានគំនិតថ្មីចូលនោះទេ»។
លោក Termsak ធ្វើអត្ថាធិប្បាយបន្ថែមថាវាជាការលឿនពេកក្នុងការសន្មត់ថាការសម្រេចចិត្តរបស់អាស៊ាននេះ ជាសញ្ញានៃការធ្លាក់ចុះឥទ្ធិពលរបស់ប្រទេសមហាអំណាចយក្សមួយនេះក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើតាមប្រសាសន៍របស់លោក Le Luong Minh អគ្គលេខាធិការអាស៊ានដែលបានពន្យល់ប្រាប់កាសែតអន្តរជាតិReutersក្រោយពីកិច្ចប្រជុំនេះ មូលហេតុដែលរដ្ឋមន្ត្រីអាស៊ានមិនបានពិភាក្សាលើសំណើរបស់សហរដ្ឋអាមេរិក ពីព្រោះខ្លួនមានផែនការដើម្បីកាត់បន្ថយការឈ្លានពានក្នុងដែនជម្លោះនេះដោយខ្លួនឯងហើយ។
សមុទ្រចិនខាងត្បូងជាទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់មួយរបស់ពិភពលោកនិងជាចំណុចយុទ្ធសាស្ត្រពាណិជ្ជកម្មក្នុងតំបន់។ ទំនិញទំហំ៥លានលានដុល្លារបានឆ្លងកាត់សមុទ្រមួយនេះជារៀងរាល់ឆ្នាំ ហើយសមុទ្រដ៏ធំនេះក៏ជាប្រភពត្រីនិងធនធានរ៉ែនិងឧស្ម័នធម្មជាតិដែលមានតម្លៃមហាសាលផងដែរ។ ប្រទេសអាស៊ានចំនួន៥គឺវៀតណាម ហ្វីលីពីន ប្រ៊ុយណេម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី និងចិន បានដណ្ដើមកាន់កាប់ចំណែករៀងៗនៅសមុទ្រនេះ។
អាស៊ាននិងចិនបានចេញសេចក្តីថ្លែងការណ៍រួមមួយនៅឆ្នាំ២០០២ ដែលគេស្គាល់ថាDOC ដើម្បីបង្ហាញពីឆន្ទៈនយោបាយក្នុងការអត់ធ្មត់និងជៀសវាងសកម្មភាពឈ្លានពានណាមួយនៅដែនសមុទ្រកំពុងមានជម្លោះនេះ។ ប៉ុន្តែចិននិងប្រទេសជម្លោះមួយចំនួនបានបំពានសេចក្តីប្រកាសនេះជាបន្តបន្ទាប់។
កាលពីខែឧសភាថ្មីៗនេះ ក្រុមហ៊ុនរុករកប្រេងចិនបានសង់ការដ្ឋានខួងប្រេងមួយនៅតំបន់ដែលវៀតណាមអះអាងថាជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន ដែលនាំឱ្យមានបាតុកម្មប្រឆាំងចិននៅវៀតណាមនិងជម្លោះការទូតរវាងប្រទេសទាំងពីរ។ ស្ថានភាពបានធូរស្រាលវិញបន្ទាប់ពីក្រុមហ៊ុននោះព្រមដកការដ្ឋានចេញវិញនៅខែកក្កដា។
លោក ពូ សុធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព យល់ថាការទាត់ចោលសំណើរបស់សហរដ្ឋអាមេរិកនេះដោយសារសមាជិកអាស៊ានមិនចង់ធ្វើឱ្យមានការរអាក់រអួលដល់ដំណើរការតាក់តែងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា។ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឬCOCដែលមានលក្ខណៈលម្អិតនិងផ្លូវច្បាប់ជាង DOC។
«ការចរចា ការពិភាក្សាក្នុងការតាក់តែងCOCដែលបានដំណើរការតាំងពីចុងឆ្នាំទៅនោះ អាស៊ានមិនចង់បង្កលក្ខណៈអ្វីនាំឱ្យរអាក់រអួល ជាពិសេសមិនចង់ឱ្យចិនមានអារម្មណ៍តានតឹងថែមទៀតចំពោះដំណើរការកំពុងបន្តទៅមុខ»។
បើតាមលោក ពូ សុធីរៈ ការចរចាផ្លូវការរវាងអាស៊ាននិងចិនក្នុងការតាក់តែងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងធ្វើឡើងចំនួនបីដងហើយចាប់តាំងពីចុងឆ្នាំ២០១៣មកម៉្លេះ ហើយការចរចានេះរំពឹងថានឹងត្រូវការពេលយូរទៀត។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៅសកលវិទ្យាល័យលីដ ប្រទេសអង់គ្លេសនិងជាអ្នកវិភាគម្នាក់ពន្យល់ថាក្នុងស្ថានភាពឥឡូវនេះ អាស៊ានមានការប្រយ័ត្នប្រយែងខ្ពស់សម្រាប់ចំណាត់ការណាមួយរបស់ខ្លួន ជៀសវាងប៉ះពាល់ដល់ការចរចាជាមួយចិន។
«សមាជិកអាស៊ានទាំង១០ហ្នឹងមិនចង់ឃើញមានការប្រឈមមុខគ្នាតឹងតែងខ្លាំងរវាងប្រទេសមហាអំណាចទៅលើជម្លោះសមុទ្រចិនខាងត្បូងហ្នឹងទេ ដូច្នេះយើងមានការប្រយ័ត្នប្រយែងខ្លាំងដើម្បីបន្តពង្រឹងការយល់គ្នាក៏ដូចជាមិត្តភាពរវាងសមាជិកអាស៊ាននិងចិន។ Code of Conduct គឺរវាងអាស៊ាននិងចិន មិនមែនអាស៊ានជាមួយអាមេរិក ឬជាមួយជប៉ុនទេ។ អញ្ចឹងភាគីសំខាន់គឺចិននិងអាស៊ានតែម្តង ហើយយើងមិនចង់ឱ្យមានការប្រឈមដាក់គ្នារវាងសហរដ្ឋអាមេរិកនិងចិនទេ»។
សហរដ្ឋអាមេរិកតែងចង់ឃើញសមុទ្រចិនខាងត្បូងជាដែននាវាចរណ៍អន្តរជាតិប្រកបដោយសន្តិភាព ប៉ុន្តែចិនតែងតែចោទប្រកាន់ថាការលើកឡើងនេះជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អាស៊ាននិងចិន។
លោកស្រី សឿង រ័ត្នឆវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ស្នើមិនធ្វើអត្ថាធិប្បាយណាមួយ ជុំវិញការច្រានចោលរបស់អាស៊ានលើសំណើរបស់សហរដ្ឋអាមេរិកនេះទេ ប៉ុន្តែលោកស្រីបញ្ជាក់ថាកម្ពុជាតែងរក្សាជំហរអព្យាក្រឹត្យនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះ។
«យើងដឹងហើយថានៅក្នុងតំបន់យើងរាល់ថ្ងៃហ្នឹង វាមានសភាពការណ៍ប្រកួតប្រជែងយ៉ាងខ្លាំងរវាងពួកមហាអំណាចពីក្រៅតំបន់និងក្នុងតំបន់។ អញ្ចឹងទេខ្មែរយើងតែងតែដើរតួអព្យាក្រឹត្យ ខ្មែរយើងតែងតែដើរតួសំខាន់នៅក្នុងបញ្ហានយោបាយនិងសន្តិសុខក្នុងតំបន់»។
លោកស្រី សឿង រ័ត្នឆវី អះអាងថាកម្ពុជាចង់ឃើញភាគីជម្លោះទាំងអស់ក្នុងសមុទ្រចិនខាងត្បូងដោះស្រាយបញ្ហានេះដោយសន្តិវិធី ត្បិតការបន្តខ្វែងយោបល់គ្នាធ្វើឱ្យរំខានដល់ស្ថិរភាពក្នុងតំបន់ក៏ដូចជាផលប្រយោជន៍ជាតិរបស់កម្ពុជា៕