សមាគមអាស៊ានបានបង្ហាញជំហររួមគ្នាថា នឹងជំរុញឲ្យមានការដោះស្រាយបញ្ហាជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងរវាងសមាជិករបស់ខ្លួននិងប្រទេសចិនក្នុងកិច្ចប្រជុំកំពូលសប្តាហ៍ខាងមុខក្នុងប្រទេសភូមា។ កិច្ចប្រជុំកំពូលអាស៊ានបានបង្ហាញជំហររួមគ្នាថា នឹងធ្វើឲ្យជម្លោះនេះត្រូវដោះស្រាយដោយសន្តិវិធីក្នុងពេលដែលក្រុមអ្នកវិភាគខ្លះអះអាងថា ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងទំនងជាមិនអាចកើតឡើងទេ ដោយសារប្រទេសអាស៊ានមួយចំនួនមិនចង់ប្រឈមមុខជាមួយចិន។
ក្តីបារម្ភអំពីបញ្ហាសន្តិសុខក្នុងតំបន់ធ្វើឲ្យក្រុមមេដឹកនាំសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ហៅកាត់ថា អាស៊ានអំពាវនាវឲ្យប្រទេសជាសមាជិកមួយចំនួន និងប្រទេសចិន ដែលទាមទារកម្មសិទ្ធិនៃសមុទ្រចិនខាងត្បូងនោះ ធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធី។
នៅក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រធានអាស៊ានមួយហៅថា Chairman’s Statement ដែលវីអូអេទទួលបាន ក្រុមមេដឹកនាំអាស៊ាននៅតែបង្ហាញឆន្ទៈចង់ដោះស្រាយបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងដោយគ្មានការប្រើកម្លាំង។
«យើងបន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់អនុវត្តភាពអត់ធ្មត់ មិនប្រើការគំរាមកំហែងឬប្រើកម្លាំងយោធា ហើយចៀសវាងសកម្មភាពទាំងឡាយ ដែលអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានដដែល ដែលចេញដោយប្រទេសភូមា ជាប្រធានអាស៊ានប្តូរវេននោះ បានបញ្ជាក់តាមខ្លឹមសារដើមទៀតថា៖
«យើងសូមបញ្ជាក់ជំហរជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នានៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិនដើម្បីធ្វើឲ្យមានសន្តិភាព ស្ថិរភាព និងសន្តិសុខលើផ្ទៃសមុទ្រ ហើយនឹងគោរពអនុវត្តពេញលេញនិងមានប្រសិទ្ធភាពតាមសេចក្តីថ្លែងការណ៍ទាំងស្រុងនៃក្រមប្រតិបត្តិរបស់ភាគីពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូង ហៅថា DOC ។ យើងបានកត់សម្គាល់ពីការជឿនលឿននៃកិច្ចចរចាគ្នាស្តីពីក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង (COC) និងបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចចរចា ហើយនឹងពន្លឿនកិច្ចការដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្តិ (COC) ឲ្យបានឆាប់ជាងការគ្រោងទុក»។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ ដែលភូមាជាប្រធានប្តូរវេនឆ្នាំនេះ ត្រូវគេគ្រោង នឹងធ្វើនៅក្នុងទីក្រុងណៃភីតោ ( Nay Pyi Taw) ប្រទេសភូមាចាប់ពីថ្ងៃទី៩ វិច្ឆិកាដល់ថ្ងៃ ទី១៣ខែវិច្ឆិកា។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជា និងមេដឹកនាំប្រទេសផ្សេងៗទៀត ត្រូវគេដឹងថា មានគម្រោងទៅចូលរួមក្នុងកិច្ចប្រជុំកំពូលដែលមានការពិភាក្សាបញ្ហាតំបន់ បញ្ហាមជ្ឈឹមបូព៌ា បញ្ហាអន្តរជាតិយ៉ាងច្រើន ដែលប៉ះពាល់ឬអាចនឹងប៉ះទង្គិចដល់អាស៊ាននោះ។
សមាគមអាស៊ាននេះបានសម្តែងការបារម្ភ នៅពេលមានការប៉ះទង្គិចគ្នាកន្លងមករវាងប្រទេសចិន និងវៀតណាម ហើយនឹងហ្វីលីពីន និងចិន។ ហ្វីលីពីន និងវៀតណាមជាប្រទេសដែលមានការតវ៉ាខ្លាំងជាងប្រទេសផ្សេងៗទៀត ដែលទាមទារដែនកោះមានជម្លោះជាមួយប្រទេសចិនដែរនោះ។ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានដដែលបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«យើងសម្តែងក្តីបារម្ភរបស់យើងចំពោះបញ្ហាកើតឡើងថ្មីៗក្នុងសមុទ្រចិនខាងត្បូង ដែលបានធ្វើឲ្យមានភាពតានតឹងក្នុងតំបន់។ យើងសូមបញ្ជាក់ជំហរឡើងវិញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការធានាសន្តិភាព ស្ថិរភាព ធ្វើឲ្យប្រសើរឡើងផ្នែកសន្តិសុខផ្ទៃសមុទ្រ សុវត្ថិភាព សេរីភាពនាវាចរណ៍ រួមទាំងការហោះហើរលើតំបន់សមុទ្រចិនខាងត្បូងផងដែរ»។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យសកលវិទ្យាល័យ Leeds University នៃប្រទេសអង់គ្លេស បានថ្លែងថា ក្រុមប្រទេសអាស៊ានទំនងជាមិនទាន់អាចសម្រេចបាននូវក្រមប្រតិបត្តិនោះទេ ក្នុងរយៈពេល១ឆ្នាំ២ឆ្នាំទៅមុខទៀត ដោយសារថា បញ្ហាសមុទ្រចិនខាងត្បូងជាល្បែងយុទ្ធសាស្ត្ររវាងស.រ.អា.និងចិន។ ឥទ្ធិពលចិនក្នុងតំបន់អាស៊ីអាគ្នេយ៍មានការកើនឡើងខ្ពស់ ហើយប្រទេសអាស៊ានជាច្រើន រួមទាំងប្រទេសខ្លះ ដូចជាវៀតណាម ដែលមានបញ្ហាជាមួយចិន ក៏មិនចង់បង្កអរិភាពជាមួយចិនដែរ ដែលនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយចិន។
«បញ្ហាសមុទ្រចិនខាងត្បូងនេះនៅតែជាប្រធានបទមួយដ៏ស្មុគស្មាញហើយក៏ជា បញ្ហាមួយដ៏រស៊ើបដែរចំពោះបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ដោយសារគេមិនចង់ឃើញមានការប្រេះឆានៅក្នុងទំនាក់ទំនងល្អជាមួយនឹងប្រទេសដែលជាដៃគូពាណិជ្ជកម្ម ក៏ដូចជាដៃគូសេដ្ឋកិច្ចដ៏សំខាន់គឺប្រទេសចិន»។
លោកថ្លែងថា យោងទៅលើកត្តានេះ ប្រទេសអាស៊ានមិនមានការផ្លាស់ប្តូរច្រើន នោះទេ ក្នុងការស្វែងរកដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយគ្រាន់តែអំពាវនាវឲ្យដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ ច្បាប់សមុទ្រឆ្នាំ១៩៨២ ផ្អែកទៅលើកិច្ចចរចាសន្តិភាពដើម្បីសម្រេចបាននូវវិធានការអនុវត្តគឺក្រមប្រតិបត្តិ។
លោកបណ្ឌិតសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ យល់ ស្រដៀងគ្នាដែរថា សមាជិកអាស៊ានពិបាកនឹងដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយសារតែអាស៊ានមាននយោបាយការបរទេសផ្សេងគ្នា ប្រព័ន្ធសន្តិសុខផ្សេងគ្នា សេដ្ឋកិច្ចផ្សេងគ្នា មានការប្រជែងគ្នា មានការប្រទាញប្រទង់គ្នា ខ្លះទៅរកចិន និងខ្លះទៅរកស.រ.អា. ហើយនឹងការគ្រប់គ្រងប្រទេសបែបផ្សេងៗគ្នាដែលធ្វើឲ្យពាក្យស្លោក«អាស៊ានមួយវាសនាតែមួយ»នោះ គ្រាន់តែជាចំរៀងពិរោះស្តាប់តែប៉ុណ្ណោះ។
«ទីមួយអាស៊ានមានប្រព័ន្ធគ្រប់គ្រងរដ្ឋផ្សេងៗគ្នា តាមបែបកុំម្មុយនីស្ត តាមបែប ផ្តាច់ការ តាមបែបប្រជាធិបតេយ្យ ប្រជាធិបតេយ្យមានវិន័យ ប្រជាធិបតេយ្យដើរថយក្រោយ។ ទាំងអស់ហ្នឹងដែលសុទ្ធតែជារនាំងក្នុងការរកចំណុចរួមសម្រាប់ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង»។
បញ្ហាសមុទ្រចិនខាងត្បូងមានភាពស្ងប់ស្ងាត់មួយរយៈពេល ប៉ុន្មានខែចុងក្រោយ នេះ ក្រោយពេលចិនបានដកការដ្ឋានខួងប្រេងចេញពីតំបន់ប្រទាញប្រទង់គ្នា ដែលវៀតណាមធ្វើការតវ៉ាយ៉ាងខ្លាំងនោះ។ តែក្រុមអ្នកវិភាគបានអះអាងថា គ្មានយន្តការ ដ៏គួរឲ្យជឿជាក់ថា បញ្ហាតានតឹងនេះអាចទប់ស្កាត់បានទេ ទៅថ្ងៃអនាគត។ ប្រទេសកម្ពុជាខកខានក្នុងការចេញសេចក្តីប្រកាសរួមកាលពីឆ្នាំ២០១២ ពេលខ្លួនជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ហើយមានការរិតត្បិតក្នុងការពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង។ តែឥឡូវបានប្តូរឥរិយាបទវិញហើយ ដោយទទូចឲ្យមានការពិភាក្សាស៊ីជម្រៅ។
លោកអាច្មាត រីហ្សេល ពឺណាម៉ា (Achmad Rizal Purnama) លេខាទី១នៃស្ថានទូតឥណ្ឌូនេស៊ី ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានអះអាងថា រឿងសំខាន់គឺប្រទេសអាស៊ាននិងចិនបង្កើតបរិយាកាសអំណោយផលក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង នោះគឺការតាក់តែងក្រមប្រតិបត្តិ COC ឲ្យបានឆាប់។
«នៅពេលយើងនិយាយអំពីផ្នែកនយោបាយ យើងពិតជាចង់បញ្ចប់ក្រមប្រតិបត្តិ ឲ្យបានឆាប់កាន់តែល្អ ពីព្រោះការបញ្ចប់អ្វីគេហៅថា ក្រមប្រតិបត្តិនោះនឹងត្រួស ត្រាយផ្លូវដោយខ្លួនឯង ក្នុងការដោះស្រាយបញ្ហានោះតាមទម្រង់សមរម្យមួយ»។
លោកថ្លែងថា កិច្ចប្រជុំកំពូលសមាគមអាស៊ាននិងកិច្ចប្រជុំកំពូលផ្សេងៗទៀត ដែលមានការចូលរួមពីក្រុមមេដឹកនាំកំពូលៗពីប្រទេសនានានេះ នឹងអាចផ្តល់ឱកាសល្អក្នុងការដោះស្រាយបញ្ហាបន្ទាន់ៗ ដែលតំបន់ និងពិភពលោកប្រឈមមុខ ឬការការពារជាមុន ដែលលោកបញ្ជាក់ត្រួសថា ប្រទេសឥណ្ឌូនេស៊ីក៏ដូចជាប្រទេសអាស៊ានដទៃទៀតដែរ បានស្នើឲ្យមានការដោះស្រាយបញ្ហាជាច្រើន។
សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ដែលនឹងចេញដោយប្រទេសភូមានោះ បានបញ្ជាក់ដែរថា អាស៊ានរួមគ្នាថ្កោលទោសពួកក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS នៅអ៊ីរ៉ាក់ និងស៊ីរី ហើយគាំទ្រការប្រឆាំងនឹងអំពើភេរវកម្ម បញ្ហាប្រយុទ្ធប្រឆាំងនឹងជំងឺអ៊ីប៊ូឡា គាំទ្រឲ្យមានការទប់ស្កាត់ជំងឺនេះ បញ្ហាការប្រែប្រួលអាកាសធាតុ ការប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែក្នុងតំបន់ផងដែរ បន្ថែមលើការសម្តែងក្តីបារម្ភរួមគ្នាអំពីបញ្ហាសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ដែលអាស៊ានចាត់ទុកថា រំលោភលើច្បាប់អន្តរជាតិ៕