កងយោធាស.រ.អា.បានដាក់ទណ្ឌកម្មទាហានស.រ.អា.១៦នាក់ចំពោះមុខនាទីរបស់ពួកគេក្នុងការវាយប្រហារតាមអាកាសដ៏ប្រល័យនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន កាលពីឆ្នាំទៅមិញដែលបានបណ្តាលឱ្យមនុស្ស៤២នាក់ស្លាប់និងបានបំផ្លាញមន្ទីរពេទ្យមួយដែលធ្វើកិច្ចការអង្គការសប្បុរសធម៌អន្តរជាតិរបស់អង្គការវេជ្ជបណ្ឌិតគ្មានព្រំដែន។
កងយោធាអាមេរិកាំងបានសន្និដ្ឋានថាឧប្បត្តិហេតុនេះមិនមែនជាឧក្រិដ្ឋកម្មសង្គ្រាមទេ។
លោកឧត្តមសេនីយ៍ Joseph Votel អគ្គមេបញ្ជាការនៃទីបញ្ជាការកណ្តាលស.រ.អា.បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅឯក្រសួងការពារប្រទេសស.រ.អា.កាលពីថ្ងៃសុក្រថា ការស៊ើបអង្កេតអំពីឧប្បត្តិហេតុនេះបានរកឃើញថាសោកនាដកម្មនេះជាលទ្ធផលមួយនៃ«ស្ថានការណ៍តឹងតែងខ្លាំង»ដែលមានរួមបញ្ចូលទាំងការខូចគ្រឿងឧបករណ៍ច្រើនផងដែរ។
លោក Votel បានថ្លែងថាការវាយប្រហារតាមអាកាសនេះមិនអាចត្រូវចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមបានទេ ពីព្រោះ«ពួកបុគ្គលិកយោធាដែលមានទាក់ទិនទាំងនេះមិនបានដឹងទេថា ពួកគេបានយកអាគារពេទ្យជាទីដៅនៃកាវាយប្រហារឡើយ»។
លោក Votel បានគូសបញ្ជាក់ថា «ពួកទាហានទាំងនេះបានខិតខំព្យាយាមគាំទ្រពួកដៃគូអាហ្វហ្គានីស្ថានរបស់យើង។ ពួកគេគ្មានបំណងធ្វើអ្វីតាមផ្លូវកាត់ឬរំលោភលើបទបញ្ញត្តិណាមួយដែលមានចែងសម្រាប់ពួកគេទេ»។
ការរកឃើញនេះមានភាពស៊ីសង្វាក់ជាមួយការស៊ើបអង្កេតដំបូងមួយដែលបានត្រូវចេញផ្សាយដោយកងយោធាស.រ.អា.កាលពីខែវិច្ឆិកា ដែលនៅពេលនោះពួកមេបញ្ជាការយល់ថា កងកម្លាំងស.រ.អា.ទាំងនៅលើដីនិងទាំងនៅក្នុងអាកាសមិនបានយកមន្ទីរពេទ្យនេះជាទីដៅនៃការវាយប្រហារដោយចេតនាទេ។
បើតាមលោក Votel ការដាក់ទណ្ឌកម្មយោធាមានរួមបញ្ចូលលិខិតស្តីបន្ទោសដែលអាចនាំឱ្យមាន«ការមិនឱ្យឡើងឋានន្តរស័ក្តិ»និង«លទ្ធភាពនៃការការដកចេញពីសេវាកម្មយោធាផងដែរ»។ សមាជិក១៦នាក់នៃក្រុមយោធាអាមេរិកាំងដែលបានត្រូវរកឃើញថាមានកំហុស មានរួមបញ្ចូលឧត្តមសេនីយ៍ផ្កាយពីរម្នាក់ផងដែរ៕