ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​សូម​ទោស​​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​លើ​មន្ទីរពេទ្យ​


រូបថតឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា និយាយទូរស័ព្ទ​ជាមួយ​ប្រធាន​មជ្ឈមណ្ឌល​ទប់ស្កាត់​និង​គ្រប់គ្រងជំងឺ (CDC)។
រូបថតឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា និយាយទូរស័ព្ទ​ជាមួយ​ប្រធាន​មជ្ឈមណ្ឌល​ទប់ស្កាត់​និង​គ្រប់គ្រងជំងឺ (CDC)។

លោក​ប្រធានាធិបតី​ស.រ.អា. ​បារ៉ាក់ អូបាម៉ា​ បាន​សូមទោសអង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ​មនុស្សធម៌​អន្តរជាតិ ​ដែល​បាន​សម្លាប់​មនុស្ស​អស់​២២​នាក់ កាល​ពី​សប្តាហ៍​មុន នៅ​ទីក្រុង​ Kunduz ​ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នកនាំ​ពាក្យ​សេត​វិមាន ​Josh Earnest​ បាន​ថ្លែង​ថា លោក អូបាម៉ា ​បាន​ទូរស័ព្ទ​ទៅ​កាន់​ប្រធាន​នៃ​អង្គការ​គ្រូពេទ្យគ្មាន​ព្រំដែន​ លោក​ស្រី Joanne Liu ​ដើម្បី​សូមទោស​និង​សម្តែង​នូវ​ការ​រំលែក​ទុក្ខ។

លោក​ Earnest ​បាន​ថ្លែង​ទៀត​ថា «ក្នុង​ករណី​នេះ​ មាន​កំហុស​មួយ​ហើយ​ជា​កំហុសដែល​ស.រ.អា.​ទទួល​ខុស​ត្រូវ»។ លោក​បន្ត​ថា​ លោក​ អូបាម៉ា ចង់​ជីក​ឫស​ជីក​គល់​ឲ្យ​ដឹង​ថា ​«តើ​មាន​រឿង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទី​នោះ​ឲ្យ​ពិត​ប្រាកដ»។

បើ​តាម​សម្តី​របស់​លោក ​Josh Earnest ​លោក ​អូបាម៉ា​ ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ​លោក ​Ashraf Ghani ដើម្បី​សម្តែង​នូវ​ការ​រំលែក​ទុក្ខ​របស់​លោក ​ចំពោះ​ការ​បាត់​បង់​ជីវិត​មនុស្ស​ស្លូត​ត្រង់​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​កាល​ពី​ថ្ងៃ​សៅរ៍ ​និង​ដើម្បី​កោត​សរសើរ​កង​កម្លាំង​អាហ្វហ្គានីស្ថាន ​ចំពោះ​សេចក្តី​ក្លា​ហានរបស់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ដើម្បី​កាន់​កាប់ទី​ក្រុង​ភាគ​ខាងជើង ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​ពួក​តាលីបាន់៕

XS
SM
MD
LG