រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានបញ្ជាឲ្យសមាជិកក្រុមប្រឹក្សាភិបាលផ្តល់យោបល់រាប់រយនាក់នៃមន្ទីរបញ្ចកោណ ឬ Pentagon ត្រូវលាឈប់ពីការងារនៅក្នុងខែនេះ ដែលជាផ្នែកមួយនៃការត្រួតពិនិត្យឡើងវិញក្នុងទ្រង់ទ្រាយធំរបស់ក្រុមប្រឹក្សាផ្តល់យោបល់មួយនេះ ជាពិសសដើម្បីដកចេញនូវមន្ត្រីមួយចំនួន ដែលត្រូវបានតែងតាំងក្នុងរយៈពេលចុងក្រោយបំផុត មុនពេលលោក ត្រាំ ចាកចេញពីតំណែង។
នៅក្នុងរយៈពេល ២ ខែចុងក្រោយ នៃការកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្តីទីលោក Christopher Miller បានបញ្ឈប់មន្ត្រីមួយចំនួន ដែលបានបម្រើការងារយូរហើយ នៅក្នុងការិយាល័យគោលនយោបាយការពារជាតិជាច្រើន ដូចជាក្រុមប្រឹក្សាផ្នែកសុខភាពវិទ្យាសាស្រ្តនិងជំនួញជាច្រើននាក់ ហើយដាក់ជំនួសមកវិញ ដោយមន្ត្រីដែលស្មោះត្រង់នឹងអតីតប្រធានាធិបតីDonald Trump។
មន្ត្រីជាង ៣០ រូប ដែលត្រូវបានតែងតាំងនៅពេលនោះ កំពុងត្រូវបានបង្ខំឲ្យលាលែងចេញពីតំណែងក្នុងពេលនេះ ដែលក្នុងនោះរួមមានផងដែរអតីតប្រធានរដ្ឋសភាលោក Newt Gingrich ឧត្តមសេនីយត្រីចូលនិវត្តន៍ Anthony Tata និងអតីតអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំលោក Corey Lewandowski ជាដើម។
ជាសរុប គឺមានសមាជិកជាង ៦០០ នាក់ដែលបម្រើការងារនៅគណៈក្រុមប្រឹក្សាចំនួន ៤២។ មន្ត្រីក្រសួងការពារជាតិបានថ្លែងថា ពួកគេមិនដឹងថាមានសមាជិកប៉ុន្មាននាក់ត្រូវបានស្នើឲ្យលាលែងទេ ក៏ប៉ុន្តែយ៉ាងណាស់ក៏ជាច្រើនរយនាក់ដែរ៕