វ៉ាស៊ីនតោន — រដ្ឋបាលលោកប្រធានាធិបតី Joe Biden ថ្មីៗនេះបានដកលោក Michael Pack នាយកនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល ហៅកាត់ថា USAGM ចេញពីតំណែង ហើយលោក Biden បានតែងតាំងលោកស្រី Kelu Chao ដែលជាបុគ្គលិកវីអូអេជើងចាស់ ដែលទទួលបានគោរពយ៉ាងខ្លាំង ឱ្យធ្វើជានាយកស្តីទីនៃទីភ្នាក់ងារ USAGM ដែលជាស្ថាប័នមេរបស់វីអូអេ។
ក្នុងវិធានការភ្លាមៗ នៅថ្ងៃទី១ នៃការចូលកាន់តំណែងជានាយកស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល ហៅកាត់ថា USAGM អ្នកសារព័ត៌មានអាជីពអ្នកស្រី Kelu Chao បានដកថ្នាក់ដឹកនាំនៅសំឡេងសហរដ្ឋអាមេរិកវីអូអេ។
នេះជាចំណាត់ការប្រែក្រឡាស់នូវការតែងតាំងពីមុនមក ដែលរងការរិះគន់យ៉ាងខ្លាំង របស់នាយកមុនគឺលោក Michael Pack ដែលត្រូវតែងតាំងដោយអតីតប្រធានាធិបតី Donald Trump។
លោក Robert Reilly ដែលត្រូវលោក Pack តែងតាំងជានាយកវីអូអេកាលពីខែធ្នូ ត្រូវបានដកចេញជាមួយនឹងអនុប្រធានរបស់លោកគឺអ្នកស្រី Elizabeth Robbins។ អ្នកស្រី Yolanda Lopez អតីតនាយិកាមជ្ឈមណ្ឌលព័ត៌មានរបស់វីអូអេ ដែលត្រូវលោក Reilly ប្តូរតួនាទីកាលពីពាក់កណ្តាលខែមករា ត្រូវបានតែងតាំងជានាយកស្តីទីនៃវីអូអេ។
ការចាកចេញរបស់លោក Reilly ធ្វើឱ្យលោកក្លាយជានាយកវីអូអេដំបូងបំផុត ដែលបានចុះចេញពីតំណែងពីរដង។ កាលពីឆ្នាំ ២០០១ លោកបានកាន់តំណែងជានាយកវីអូអេលើកទី១ ដែលមានរយៈពេលជិតមួយឆ្នាំ ។ កាលពីខែធ្នូ ឆ្នាំ ២០២០ នេះ លោកបានឡើងកាន់តំណែងជាលើកទី២ ដែលមានរយៈពេលប្រហែលមួយខែ។
ទីភ្នាក់ងារ USAGM បានផ្ញើសារអ៊ីមែលទៅកាន់បុគ្គលិកអំពីការផ្លាស់ប្តូរនានានេះ កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមករា។
សារនោះក៏បានបញ្ជាក់ថាប្រធានាធិបតី Joe Biden បានជ្រើសរើសអ្នកស្រី Kelu Chao ដែលជាបុគ្គលិកវីអូអេជើងចាស់ដែលទទួលបានគោរពយ៉ាងខ្លាំង ឱ្យធ្វើជានាយកស្តីទីនៃទីភ្នាក់ងារ USAGMដែលជាស្ថាប័នមេរបស់វីអូអេ។
លោក Pack បានលាលែងពីតំណែង កាលពីថ្ងៃពុធ ទី២០ ខែមករា ក្រោយពីរដ្ឋបាលថ្មីរបស់គណបក្សប្រជាធិបតេយ្យបានជូនដំណឹងទៅលោកថា លោកនឹងត្រូវដកពីតំណែង។ លោក Brian Conniff អតីតប្រធាននៃបណ្តាញផ្សាយមជ្ឈិមបូព៌ា (Middle East Broadcasting Networks) ហៅកាត់ថា MBN បានត្រូវតែងតាំងជានាយករងរបស់អ្នកស្រី Chao។
សេចក្តីប្រកាសនោះក៏បានបន្ថែមថា លោក Jeffrey Shapiro បានលាលែងពីតំណែងជាប្រធានការិយាល័យផ្សព្វផ្សាយគុយបា (Office of Cuba Broadcasting)។
អ្នកស្រី Chao ដែលជាអ្នកសារព័ត៌មានផ្នែកផ្សព្វផ្សាយជើងចាស់មួយរូប ដែលបានបម្រើការនៅវីអូអនិងទីភ្នាក់ងារ USAGM អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ជាស្ត្រីដំបូងដែលបានកាន់តំណែងកំពូលនេះនៅទីភ្នាក់ងារ USAGM។
ក្នុងតួនាទីជានាយកស្តីទីនេះ អ្នកស្រី Chao នឹងទទួលខុសត្រូវគ្រប់គ្រងលើបណ្តាញផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានដែលទទួលការឧបត្ថម្ភថវិកាពី USAGM ដែលក្នុងនោះរួមមានវីអូអេ វិទ្យុអាស៊ីសេរី (Radio Free Asia) វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាព (Radio Free Europe/Radio Liberty) ការិយាល័យផ្សព្វផ្សាយគុយបា បណ្តាញផ្សាយមជ្ឈិមបូព៌ា និងអង្គការមិនរកកម្រៃដែលជំរុញសេរីភាពតាមអ៊ីនធឺណិតឈ្មោះ Open Technology Fund។
សេចក្តីប្រកាសនោះក៏បាននិយាយថា លោក Biden នឹងគ្រោងតែងតាំងនាយកអចិន្ត្រៃយ៍ម្នាក់នៃទីភ្នាក់ងារ USAGM នៅពេលឆាប់ៗខាងមុខ។
ការតែងតាំងលោក Reilly ជានាយកវីអូអេបាននាំឱ្យមានការរិះគន់និងការព្រួយបារម្ភក្នុងចំណោមអ្នកតាក់តែងច្បាប់អាមេរិក។
យ៉ាងតិចណាស់ មានអ្នកសារព័ត៌មានបច្ចុប្បន្ននិងពីមុនចំនួនសរុប ៤៨ នាក់ បានទាមទារឱ្យលោក Reilly និងអ្នកស្រី Robbins ចុះចេញពីតំណែងកាលពីពាក់កណ្តាលខែមករា ដោយអ្នកសារព័ត៌មានទាំងនោះបានចោទប្រកាន់អ្នកទាំងពីរថា បានរំលោភលើច្បាប់សារព័ត៌មានរបស់ស្ថាប័នវីអូអេ ដោយបានផ្តល់ឱ្យដល់មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក នូវ «វេទិកាដ៏សេរីដើម្បីថ្លែងតាមការផ្សាយផ្ទាល់លើបណ្តាញផ្សាយរបស់យើងខ្ញុំ»។
ពួកគេក៏បានលើកឡើងផងដែរអំពីការប្តូរការងារភ្លាមៗរបស់អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានម្នាក់ គឺអ្នកស្រី Patsy Widakuswara។
អ្នកស្រី Widakuswara ត្រូវបានប្តូរការងារទៅកាន់ក្រុមផ្សាយជាភាសាឥណ្ឌូណេស៊ីវិញ ដែលជាកន្លែងអ្នកស្រីបានចាប់ផ្តើមការងារដំបូងនៅវីអូអេ ក្រោយពីអ្នកស្រីព្យាយាមសួរអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo អំពីព្រឹត្តិការណ៍ព័ត៌មានថ្មីៗនេះ នៅក្រោយពេលលោក Pompeo បានថ្លែងសុន្ទរកថាផ្សាយផ្ទាល់នៅសាលប្រជុំនៃទីស្នាក់ការវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកស្រី Widakuswara បានសួរលោក Reilly ថាតើហេតុអ្វីលោកមិនបានប្រើប្រាស់វគ្គសំណួរចម្លើយក្រោយសុន្ទរកថានោះ ដើម្បីសួរសំណួររបស់អ្នកយកព័ត៌មានវីអូអេអំពីបញ្ហារសើបមួយចំនួន។
រូបភាពវីដេអូនៃការជជែកជាមួយលោក Reilly នេះបង្ហាញថា ប្រធានវីអូអេរូបនោះបានប្រាប់អ្នកស្រីWidakuswara ថា អ្នកស្រី «មិនត្រូវបានអនុញ្ញាត» ឱ្យសួរសំណួរទេ ហើយបានស្តីបន្ទោសថាអ្នកស្រីមិនបានធ្វើអាកប្បកិរិយាត្រឹមត្រូវ។ អ្នក Widakuswara បានតាមលោក Pompeo ចេញពីអគារវីអូអេទៀត ដោយស្រែកសួរសំណួរ។
អ្នកតាក់តែងច្បាប់និងអតីតមន្ត្រីទីភ្នាក់ងារ USAGM បាននិយាយកាលពីខែធ្នូថា មតិជាសាធារណៈរបស់លោក Reilly និងសៀវភៅដែលលោកបោះពុម្ពដែលបង្ហាញទស្សនៈចម្រូងចម្រាសអំពីអ្នកស្រឡាញ់ភេទដូចគ្នា និងជនមូស្លីម អាចធ្វើឱ្យខូតខាតមិនអាចកែប្រែវិញបានចំពោះកេរ្តិ៍ឈ្មោះនិងភាពអាចជឿទុកចិត្តបានរបស់ស្ថាប័នព័ត៌មានវីអូអេ។
នៅពេលលោកបានចូលកាន់តំណែងជានាយកវីអូអេ កាលពីខែធ្នូ លោក Reilly បានប្រាប់បុគ្គលិកថា ការសរសេររបស់លោកពីមុនៗមក «មិនទាក់ទងអ្វីទាំងអស់» ទៅនឹងការងារផ្លូវការរបស់លោក។
លោក Eliot Engel ដែលពេលនោះជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា មិនយល់ស្របទេ ហើយបានពណ៌នាការតែងតាំងរបស់លោក Reilly ថាជា «ការខូចកិត្តិយសនិងរឿងអាម៉ាស់មួយ»។
លោក Engel ដែលជាតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New York បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីខែធ្នូថា៖ «អ្នកសារព័ត៌មានវីអូអេមិនគួរត្រូវរងការខូតខាតដល់កេរ្តិ៍ឈ្មោះ ដោយសារត្រូវធ្វើការឱ្យអ្នកណាម្នាក់ដែលមានទស្សនៈយ៉ាងចាស់គំរិលនិងយ៉ាងខុសពីគុណតម្លៃអាមេរិកនេះទេ»។
ទីភ្នាក់ងារ USAGM មិនបានផ្តល់ការពន្យល់អំពីមូលហេតុនៃការបណ្តេញលោក Reilly ចេញពីតំណែងទេ។
អាណត្តិរបស់លោក Michael Pack ជានាយកប្រតិបត្តិដំបូងនៃទីភ្នាក់ងារ USAGM មានភាពច្របូកច្របល់ ហើយបានបណ្តាលឱ្យមានការប្តឹងពីក្រុមអ្នករាយការណ៍អំពីសកម្មភាពខុសច្បាប់ បទបញ្ជាមួយពីការិយាល័យរដ្ឋអាជ្ញាពិសេសឱ្យស៊ើបអង្កេតការចោទប្រកាន់អំពីការគ្រប់គ្រងមិនត្រឹមត្រូវ ហើយដីកាតុលាការផ្សេងៗគ្នាបានហាមឃាត់លោក Pack និងជំនួយការរបស់លោក មិនឲ្យជ្រៀតជ្រែកក្នុងសេចក្តីសម្រេចអំពីខ្លឹមសារព័ត៌មានរបស់វីអូអ ឬ ក្នុងការតែងតាំងតំណែងនៅមូលនិធិ Open Technology Fund។
អតីតនាយក USAGM រូបនេះបានថ្លែងនៅក្នុងបទសម្ភាសន៍នានាថា លោកបានព្យាយាមដោះស្រាយបញ្ហាសន្តិសុខផ្ទៃក្នុងធូររលុងជាយូរមកហើយ និងបញ្ហានៃខ្លឹមសារព័ត៌មានលម្អៀង។
លោក David Seide មេធាវីជាន់ខ្ពស់នៃអង្គការ គម្រោងត្រួតពិនិត្យការទទួលខុសត្រូវរបស់រដ្ឋាភិបាល (Government Accountability Project) ដែលតំណាងឱ្យអ្នករាយការណ៍អំពីសកម្មភាពខុសច្បាប់នៅវីអូអេចំនួន ២០ នាក់ បានស្វាគមន៍ការផ្លាស់ប្តូរថ្នាក់ដឹកនាំនេះ។
លោកថា ស្ថាប័នព័ត៌មាននេះគួរចាត់វិធានការប្រគល់តួនាទីការងាររបស់អ្នកស្រី Widakuswara វិញ ក៏ដូចជារាល់បុគ្គលិកផ្សេងទៀតដែលត្រូវគេព្យួរការងារ ឬដកពីការងារដោយមិនត្រឹមត្រូវ ក៏ដូចជាស៊ើបអង្កេតការចោទប្រកាន់អំពីការគ្រប់គ្រងស្ថាប័នមិនត្រឹមត្រូវ។
លោក Seide ថ្លែងថា៖ «គេត្រូវតែមានការទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ ត្រូវតែមានតម្លាភាព។ ការគាំទ្រពីថ្នាក់ដឹកនាំថ្មីជាការចាំបាច់។ ខ្ញុំជឿជាក់ថា ពួកគេនឹងផ្តល់ការគាំទ្រដល់ដំណើរការនេះ។»
ក្នុងអំឡុងការកាន់តំណែងរបស់លោក Pack កាលពីឆ្នាំមុន អ្នកតាក់តែងច្បាប់បន្ថយអំណាចរបស់តំណែងនាយកប្រតិបត្តិ USAGM តាមរយៈការបន្ថែមយន្តការត្រួតពិនិត្យ (checks and balances) ទៅក្នុងច្បាប់ចាយវាយថវិការបស់សហរដ្ឋអាមេរិក ក្នុងវិស័យការពារប្រទេស National Defense Authorization Act។
ការផ្លាស់ប្តូរទាំងនោះនឹងរារាំងនាយកប្រតិបត្តិ ឬបុគ្គលិករដ្ឋាភិបាលសហព័ន្ធណាម្នាក់មិនឱ្យកាន់តួនាទីក្នុងក្រុមប្រឹក្សាភិបាលនៃស្ថាប័នព័ត៌មានដែលទទួលថវិកាពី USAGM ទេ។ ម្យ៉ាងទៀតការផ្លាស់ប្តូរនេះក៏ផ្តល់អំណាចឱ្យក្រុមប្រឹក្សាភិបាលអាចស្នើដល់នាយក USAGM ឱ្យគោរពនូវបូរណភាពនិងឯករាជ្យភាពរបស់ស្ថាប័នផ្សាយព័ត៌មានទាំងនោះ។
ក្រុមប្រឹក្សាភិបាលនេះក៏ត្រូវអនុម័តការតែងតាំង ឬការបណ្តេញចេញនាយកនៃស្ថាប័នព័ត៌មានក្រោមការគ្រប់គ្រងរបស់ USAGM ដែរ។
ក្រុមប្រឹក្សាភិបាលទាំងនេះក៏ត្រូវមានសមាជិកមកពីគណបក្សនយោបាយធំៗទាំងពីររបស់សហរដ្ឋអាមេរិក ហើយសមាជិកនៃក្រុមប្រឹក្សាភិបាលទាំងឡាយត្រូវមានជំនាញផ្នែកសារព័ត៌មាន បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ឬការទូតផងដែរ។
កាលពីសប្តាហ៍មុន អ្នកស្រី Chao បានប្រកាសឈ្មោះនាយកក្រុមប្រឹក្សានៃវិទ្យុអាស៊ីសេរី វិទ្យុអឺរ៉ុបសេរីនិងវិទ្យុសេរីភាព និងបណ្តាញផ្សាយមជ្ឈិមបូព៌ា ដែលជំនួសនាយកក្រុមប្រឹក្សា ដែលលោក Michael Pack បានតែងតាំង មុនលោកចាកចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក សឹង សុផាត