ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden គ្រោង​ជួប​ពិភាក្សា​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​អំពី​ជំនួយ​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​របៀបវារៈ​សមធម៌​ជាតិ​សាសន៍​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​របៀបវារៈ​សមធម៌​ជាតិ​សាសន៍​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន ១០ នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ អំពី​ជំនួយ​ជុំ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩។

ជំនួប​នៅ​សេតវិមាន​នេះ​នឹង​ធ្វើ​ឡើង បន្ទាប់ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក Biden កាលពី​ថ្ងៃ​អាទិត្យ ដោយ​ជំរុញ​ឲ្យ​លោក​ធ្វើ​ការ​ចរចា​លើ​កញ្ចប់​ថវិកា​ដែល​លោក​បាន​ស្នើ​ឡើង​ចំនួន ១,៩ លាន​លាន​ដុល្លារ។

គណបក្ស​សាធារណរដ្ឋ​ចង់​បាន​កញ្ចប់​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​តូច​ជាង​នេះ​ច្រើន។

ក្រុម​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​សរសេរ​នៅ​ក្នុង​លិខិត​នោះ​ថា៖ «ក្នុង​ស្មារតី​នៃ​គណបក្ស​ទាំង​ពីរ​និង​ការ​ឯកភាព យើង​បាន​បង្កើត​គម្រោង​ជំនួយ​វិបត្តិ​កូវីដ១៩ ដោយ​ផ្អែក​លើ​ច្បាប់​ពី​មុន​ស្ដីពី​ជំនួយ​ឧបត្ថម្ភ​កូវីដ ដែល​ច្បាប់​ទាំងអស់​នេះ​ ត្រូវ​បាន​អនុម័ត​ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ។ សំណើ​របស់​យើង​ឆ្លុះ​បញ្ចាំង​អំពី​អាទិភាព​ជា​ច្រើន​របស់​លោក ហើយ​ដោយ​មាន​ការ​គាំទ្រ​ពី​លោក យើង​ជឿ​ថា គម្រោង​នេះ​ អាច​ទទួល​បាន​ការ​អនុម័ត​ពី​សភា​ដ៏​ឆាប់​រហ័ស ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ»។

លោក​សមាជិក​ព្រឹទ្ធសភា Bill Cassidy បាន​បញ្ជាក់​ក្នុង​កម្មវិធី «Fox News Sunday» របស់​ទូរទស្សន៍ Fox News ថា គម្រោង​របស់​គណបក្ស​សាធារណរដ្ឋ ​នឹង​មាន​តម្លៃ​ទឹក​ប្រាក់​ប្រហែល ៦០០ ពាន់​លាន​ដុល្លារ។

អ្នកស្រី Jen Psaki អ្នក​នាំពាក្យ​សេតវិមាន បាន​និយាយ​ថា លោក​ប្រធានាធិបតី Biden បាន​អញ្ជើញ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ទាំង​នោះ «ដើម្បី​ផ្លាស់ប្តូរ​យោបល់​ឲ្យ​បាន​ពេញលេញ​អំពី​បញ្ហា​នេះ»៕

XS
SM
MD
LG